ទំនុកតម្កើង 27:7-14

ទំនុកតម្កើង 27:7-14 គខប

ឱ​ព្រះ‌អម្ចាស់​អើយ! សូម​ទ្រង់​ព្រះ‌សណ្ដាប់​ស្នូរ​សម្រែក​របស់​ទូលបង្គំ សូម​មេត្តា​ប្រណី​សន្ដោស​ទូលបង្គំ និង​ឆ្លើយ​តប​មក​ទូលបង្គំ​វិញ​ផង!។ ចិត្ត​ទូលបង្គំ​នឹក​ដល់​ព្រះ‌បន្ទូល ដែល​ព្រះអង្គ​ថ្លែង​ថា «ចូរ​ស្វែង​រក​យើង» នោះ​ទូលបង្គំ​ឆ្លើយ​ថា ឱ​ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​ស្វែង​រក​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​ហើយ! សូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​ទូលបង្គំ សូម​កុំ​ព្រះ‌ពិរោធ ហើយ​បណ្តេញ​អ្នក​បម្រើ​របស់​ព្រះអង្គ! ព្រះអង្គ​បាន​សង្គ្រោះ​ទូលបង្គំ សូម​កុំ​លះ‌បង់​ទូលបង្គំ! ឱ​ព្រះ‌សង្គ្រោះ​ទូលបង្គំ​អើយ សូម​កុំ​បោះ​បង់​ចោល​ទូលបង្គំ​ឡើយ!។ ទោះ​បី​ឪពុក‌ម្ដាយ​របស់​ទូលបង្គំ បាន​បោះ​បង់​ទូលបង្គំ​ចោល​ក៏​ដោយ ក៏​ព្រះ‌អម្ចាស់​នៅ​តែ​ទទួល​ទូលបង្គំ​ជានិច្ច!។ ឱ​ព្រះ‌អម្ចាស់​អើយ! សូម​បង្រៀន​ទូលបង្គំ ឲ្យ​ស្គាល់​មាគ៌ា​របស់​ព្រះអង្គ សូម​ណែ‌នាំ​ទូលបង្គំ​ឲ្យ​ដើរ​តាម​ផ្លូវ​ត្រង់ ព្រោះ​ទូលបង្គំ​មាន​សត្រូវ​ជា​ច្រើន។ សូម​កុំ​បណ្តោយ​ឲ្យ​ទូលបង្គំ​ធ្លាក់ ទៅ​ក្នុង​កណ្ដាប់​ដៃ​បច្ចា‌មិត្ត​របស់​ទូលបង្គំ​ឡើយ ដ្បិត​មាន​សាក្សី​ក្លែងក្លាយ មក​និយាយ​មួល​បង្កាច់​ទូលបង្គំ អ្នក​ទាំង​នោះ​ពោល​សុទ្ធ​តែ​ពាក្យ​ឃោរ‌ឃៅ។ ខ្ញុំ​ជឿ​ជាក់​ថា​នៅ​ក្នុង​លោក​នេះ ខ្ញុំ​នឹង​ឃើញ​សុភមង្គល​មក​ពី​ព្រះ‌អម្ចាស់ ជា​មិន​ខាន!។ ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់! ចូរ​មាន​កម្លាំង និង​មាន​ចិត្ត​រឹង‌ប៉ឹង​ឡើង! ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់​ចុះ!។