ទំនុកតម្កើង 27:7-14
ទំនុកតម្កើង 27:7-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពេលទូលបង្គំអំពាវនាវ សូមប្រណីសន្ដោសទូលបង្គំ និងឆ្លើយតបមកទូលបង្គំផង! កាលព្រះអង្គមានព្រះបន្ទូលថា «ចូរស្វែងរកមុខយើង!» នោះចិត្តទូលបង្គំបានទូលតបថា «ឱព្រះយេហូវ៉ាអើយ ទូលបង្គំស្វែងរកព្រះភក្ត្រព្រះអង្គហើយ»។ សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំ ហើយកុំផាត់អ្នកបម្រើព្រះអង្គ ចេញដោយខ្ញាល់ឡើយ ព្រះអង្គហើយដែលជួយទូលបង្គំ។ ឱព្រះដ៏ជួយសង្គ្រោះរបស់ទូលបង្គំអើយ សូមកុំផាត់ទូលបង្គំចេញ សូមកុំបោះបង់ចោលទូលបង្គំឡើយ! ប្រសិនបើឪពុកម្តាយ បានបោះបង់ចោលទូលបង្គំ ព្រះយេហូវ៉ានឹងទទួលទូលបង្គំទុក។ ឱព្រះយេហូវ៉ាអើយ សូមបង្រៀនទូលបង្គំឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ សូមនាំទូលបង្គំទៅតាមផ្លូវរាបស្មើ ព្រោះតែខ្មាំងសត្រូវរបស់ទូលបង្គំ។ សូមកុំប្រគល់ទូលបង្គំទៅតាមបំណងចិត្ត បច្ចាមិត្តរបស់ទូលបង្គំឡើយ ដ្បិតមានស្មរបន្ទាល់ក្លែងក្លាយ បានលើកគ្នាទាស់នឹងទូលបង្គំ ហើយគេដកដង្ហើមចេញជាពាក្យឃោរឃៅ។ ប្រសិនបើទូលបង្គំមិនបានជឿថា នឹងឃើញសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា នៅក្នុងទឹកដីរបស់មនុស្សរស់នេះ នោះតើទូលបង្គំនឹងទៅជាយ៉ាងណា? ចូររង់ចាំព្រះយេហូវ៉ា ចូរមានកម្លាំង ហើយឲ្យចិត្តក្លាហានឡើង ចូររង់ចាំព្រះយេហូវ៉ាទៅ។
ទំនុកតម្កើង 27:7-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ! សូមទ្រង់ព្រះសណ្ដាប់ស្នូរសម្រែករបស់ទូលបង្គំ សូមមេត្តាប្រណីសន្ដោសទូលបង្គំ និងឆ្លើយតបមកទូលបង្គំវិញផង!។ ចិត្តទូលបង្គំនឹកដល់ព្រះបន្ទូល ដែលព្រះអង្គថ្លែងថា «ចូរស្វែងរកយើង» នោះទូលបង្គំឆ្លើយថា ឱព្រះអម្ចាស់អើយ! ទូលបង្គំស្វែងរកព្រះភ័ក្ត្រព្រះអង្គហើយ! សូមកុំលាក់ព្រះភ័ក្ត្រនឹងទូលបង្គំ សូមកុំព្រះពិរោធ ហើយបណ្តេញអ្នកបម្រើរបស់ព្រះអង្គ! ព្រះអង្គបានសង្គ្រោះទូលបង្គំ សូមកុំលះបង់ទូលបង្គំ! ឱព្រះសង្គ្រោះទូលបង្គំអើយ សូមកុំបោះបង់ចោលទូលបង្គំឡើយ!។ ទោះបីឪពុកម្ដាយរបស់ទូលបង្គំ បានបោះបង់ទូលបង្គំចោលក៏ដោយ ក៏ព្រះអម្ចាស់នៅតែទទួលទូលបង្គំជានិច្ច!។ ឱព្រះអម្ចាស់អើយ! សូមបង្រៀនទូលបង្គំ ឲ្យស្គាល់មាគ៌ារបស់ព្រះអង្គ សូមណែនាំទូលបង្គំឲ្យដើរតាមផ្លូវត្រង់ ព្រោះទូលបង្គំមានសត្រូវជាច្រើន។ សូមកុំបណ្តោយឲ្យទូលបង្គំធ្លាក់ ទៅក្នុងកណ្ដាប់ដៃបច្ចាមិត្តរបស់ទូលបង្គំឡើយ ដ្បិតមានសាក្សីក្លែងក្លាយ មកនិយាយមួលបង្កាច់ទូលបង្គំ អ្នកទាំងនោះពោលសុទ្ធតែពាក្យឃោរឃៅ។ ខ្ញុំជឿជាក់ថានៅក្នុងលោកនេះ ខ្ញុំនឹងឃើញសុភមង្គលមកពីព្រះអម្ចាស់ ជាមិនខាន!។ ចូរសង្ឃឹមទុកចិត្តលើព្រះអម្ចាស់! ចូរមានកម្លាំង និងមានចិត្តរឹងប៉ឹងឡើង! ចូរសង្ឃឹមទុកចិត្តលើព្រះអម្ចាស់ចុះ!។
ទំនុកតម្កើង 27:7-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ ឱព្រះយេហូវ៉ាអើយ សូមស្តាប់កាលទូលបង្គំអំពាវនាវ សូមអាណិតមេត្តាឆ្លើយតបមកទូលបង្គំផង កាលទ្រង់បានមានបន្ទូលថា ចូរស្វែងរកមុខអញ នោះ ឱព្រះយេហូវ៉ាអើយ ចិត្តទូលបង្គំបានទូលតបថា ទូលបង្គំនឹងស្វែងរកព្រះភក្ត្រទ្រង់ពិត សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំ ហើយកុំផាត់អ្នកបំរើទ្រង់ចេញដោយខ្ញាល់ឡើយ ទ្រង់បានតែងធ្វើជាជំនួយរបស់ទូលបង្គំ ឱព្រះដ៏ជួយសង្គ្រោះទូលបង្គំអើយ សូមកុំប្រាសចេញ ឬបោះបង់ចោលទូលបង្គំឡើយ បើកាលណាឪពុកម្តាយលះចោលទូលបង្គំ នោះព្រះយេហូវ៉ាទ្រង់នឹងទទួលទូលបង្គំទុកវិញ ឱព្រះយេហូវ៉ាអើយ សូមបង្រៀនផ្លូវទ្រង់ដល់ទូលបង្គំ ហើយដោយព្រោះមានពួកខ្មាំងសត្រូវ នោះសូមនាំទូលបង្គំទៅតាមផ្លូវរាបស្មើ សូមកុំប្រគល់ទូលបង្គំទៅតាមបំណងចិត្តនៃពួកអ្នក ដែលតតាំងនឹងទូលបង្គំឡើយ ដ្បិតមានស្មរបន្ទាល់ក្លែងបានលើកគ្នាទាស់នឹងទូលបង្គំ ព្រមទាំងមានមនុស្សដែលដកដង្ហើមចេញជាសេចក្ដី ច្រឡោតទទេផង បើសិនជាទូលបង្គំមិនបានជឿ ថា នឹងឃើញសេចក្ដីសប្បុរសនៃព្រះយេហូវ៉ា នៅស្ថានរបស់មនុស្សរស់នេះ នោះតើយ៉ាងណាទៅ ចូររង់ចាំព្រះយេហូវ៉ាចុះ ចូរមានកំឡាំង ហើយឲ្យចិត្តក្លាហានឡើង អើ គួររង់ចាំព្រះយេហូវ៉ាទៅ។