ទំនុកតម្កើង 19:1-9

ទំនុកតម្កើង 19:1-9 គខប

ផ្ទៃ​មេឃ​ថ្លែង​អំពី​សិរី‌រុងរឿង របស់​ព្រះ‌ជាម្ចាស់ អាកាស‌វេហាស៍​ប្រកាស​អំពី​ស្នា​ព្រះ‌ហស្ដ របស់​ព្រះអង្គ។ ថ្ងៃ​មួយ​តំណាល​ប្រាប់​ថ្ងៃ​មួយ​ទៀត យប់​មួយ​ប្រាប់​យប់​មួយ​ទៀត​ឲ្យ​បាន​ដឹង តែ​មិន​មែន​ដោយ​ប្រើ​ភាសា ឬ​ពាក្យ​សម្ដី​ទេ ហើយ​ក៏​មិន​ឮ​សូរ‌ស័ព្ទ​អ្វី​ដែរ។ ប៉ុន្តែ សេចក្ដី​ថ្លា​ថ្លែង​របស់​វា ត្រាច់‌ចរ​លើ​ផែនដី​ទាំង​មូល ហើយ​សំឡេង​របស់​វា​លាន់​ឮ​រហូត​ដល់​ជើង​មេឃ ជា​កន្លែង​ដែល​ព្រះ‌ជាម្ចាស់​បាន​ដំឡើង​ពន្លា សម្រាប់​ព្រះ‌អាទិត្យ។ រីឯ​ព្រះ‌អាទិត្យ​ក៏​រះ​ឡើង ប្រៀប​បី​ដូច​ជា​កូន​កំលោះ​ចេញ​មក​សំពះ​ផ្ទឹម និង​ប្រៀប​បី​ដូច​ជា​វីរ‌បុរស​ដ៏​ខ្លាំង​ពូកែ​មួយ​រូប ចេញ​មក​រត់​ប្រណាំង​ដោយ​អរ‌សប្បាយ។ ព្រះ‌អាទិត្យ​ចរ​យាត្រា​ពី​ជើង​មេឃ​ម្ខាង ឆ្ពោះ​ទៅ​ជើង​មេឃ​ម្ខាង​ទៀត គ្មាន​នរណា​អាច​បំបាំង​កម្ដៅ របស់​ព្រះ‌អាទិត្យ​បាន​ឡើយ។ ក្រឹត្យ‌វិន័យ*​របស់​ព្រះ‌អម្ចាស់​ល្អ​ឥត​ខ្ចោះ ធ្វើ​ឲ្យ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ ដំបូន្មាន​របស់​ព្រះ‌អម្ចាស់​គួរ​ជា​ទី​ទុក​ចិត្ត ធ្វើ​ឲ្យ​មនុស្ស​ល្ងិត‌ល្ងង់​បែរ​ទៅ​ជា​មាន​ប្រាជ្ញា ព្រះ‌ឱវាទ​របស់​ព្រះ‌អម្ចាស់​សុទ្ធ​តែ​ត្រឹម​ត្រូវ ធ្វើ​ឲ្យ​ចិត្ត​មាន​អំណរ​សប្បាយ បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ល្អ​ត្រចះ‌ត្រចង់ បំភ្លឺ​ចិត្ត​គំនិត​ឲ្យ​បាន​យល់។ ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ជា​អំពើ​មួយ ល្អ​បរិសុទ្ធ​ណាស់ ហើយ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។ វិន័យ​របស់​ព្រះ‌អម្ចាស់ សុទ្ធ​តែ​ត្រឹម​ត្រូវ និង​សុចរិត​ទាំង​អស់