ទំនុកតម្កើង 19:1-9

ទំនុកតម្កើង 19:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ផ្ទៃ​មេឃ​ថ្លែង​ពី​សិរី‌ល្អ​នៃ​ព្រះ ហើយ​លំហ​អាកាស​ប្រកាស​ពី ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ។ ថ្ងៃ​មួយ​តំណាល​ប្រាប់​ថ្ងៃ​មួយ​ទៀត ហើយ​យប់​មួយ​ក៏​សម្ដែង​ប្រាប់​យប់​មួយ​ទៀត ឲ្យ​បាន​ដឹង។ មិន​មែន​ដោយ​ភាសា ឬ​ពាក្យ​សម្ដី ឬដោយ​ឮ​សំឡេង​នៃ​របស់​ទាំង​នោះ​ឡើយ។ ប៉ុន្តែ សំឡេង នៃ​របស់​ទាំង​នោះ ចេញ​ទៅ​ពាស​ពេញ​លើ​ផែន​ដី ហើយ​ពាក្យ​នៃ​របស់​ទាំង​នោះ លាន់​ឮ​ទៅ​ដល់​ជើង​មេឃ។ នៅ​លើ​មេឃ ព្រះ‌អង្គ​បាន​ដំឡើង​ពន្លា សម្រាប់​ព្រះ‌អាទិត្យ ព្រះ​អាទិត្យ​ក៏​ចេញ​មក​ដូច​ជា​កូន​កំលោះ ចេញ​ពី​ក្រឡា​បន្ទំ ក៏​ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ យាត្រា​តាម​ផ្លូវ​របស់​ខ្លួន​ដោយ​អំណរ។ ព្រះ‌អាទិត្យ​រះ​ពី​ជើង​មេឃ​ម្ខាង ហើយ​ត្រាច់​ចរវង់​ទៅ​ដល់​ជើង​មេឃ​ម្ខាង គ្មាន​អ្វី​កំបាំង​ពី​កម្ដៅ​ព្រះ‌អាទិត្យ​បាន​ឡើយ។ ៙ ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា​ល្អ​គ្រប់​លក្ខណ៍ ក៏​កែ​ព្រលឹង​ឡើង​វិញ បន្ទាល់​របស់​ព្រះ‌យេហូវ៉ានោះ​ពិត​ប្រាកដ ក៏​ធ្វើ​ឲ្យ​មនុស្ស​ខ្លៅ​ល្ងង់​មាន​ប្រាជ្ញា ព្រះ‌ឱវាទ​របស់​ព្រះ‌យេហូវ៉ា​សុទ្ធ​តែ​ត្រឹម​ត្រូវ ក៏ធ្វើ​ឲ្យ​ចិត្ត​រីក‌រាយ​សប្បាយ បទ‌បញ្ជា​របស់​ព្រះ‌យេហូវ៉ា​ស្អាត​បរិសុទ្ធ ក៏​បំភ្លឺ​ភ្នែក ការ​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ស្អាត​បរិសុទ្ធ ក៏​ស្ថិត​ស្ថេរ​នៅ​ជា​ដរាប។ វិន័យ​របស់​ព្រះ‌យេហូវ៉ា​សុទ្ធ​តែ​ពិត​ត្រង់ ហើយ​សុចរិត​គ្រប់​ជំពូក។

ទំនុកតម្កើង 19:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ផ្ទៃ​មេឃ​ថ្លែង​អំពី​សិរី‌រុងរឿង របស់​ព្រះ‌ជាម្ចាស់ អាកាស‌វេហាស៍​ប្រកាស​អំពី​ស្នា​ព្រះ‌ហស្ដ របស់​ព្រះអង្គ។ ថ្ងៃ​មួយ​តំណាល​ប្រាប់​ថ្ងៃ​មួយ​ទៀត យប់​មួយ​ប្រាប់​យប់​មួយ​ទៀត​ឲ្យ​បាន​ដឹង តែ​មិន​មែន​ដោយ​ប្រើ​ភាសា ឬ​ពាក្យ​សម្ដី​ទេ ហើយ​ក៏​មិន​ឮ​សូរ‌ស័ព្ទ​អ្វី​ដែរ។ ប៉ុន្តែ សេចក្ដី​ថ្លា​ថ្លែង​របស់​វា ត្រាច់‌ចរ​លើ​ផែនដី​ទាំង​មូល ហើយ​សំឡេង​របស់​វា​លាន់​ឮ​រហូត​ដល់​ជើង​មេឃ ជា​កន្លែង​ដែល​ព្រះ‌ជាម្ចាស់​បាន​ដំឡើង​ពន្លា សម្រាប់​ព្រះ‌អាទិត្យ។ រីឯ​ព្រះ‌អាទិត្យ​ក៏​រះ​ឡើង ប្រៀប​បី​ដូច​ជា​កូន​កំលោះ​ចេញ​មក​សំពះ​ផ្ទឹម និង​ប្រៀប​បី​ដូច​ជា​វីរ‌បុរស​ដ៏​ខ្លាំង​ពូកែ​មួយ​រូប ចេញ​មក​រត់​ប្រណាំង​ដោយ​អរ‌សប្បាយ។ ព្រះ‌អាទិត្យ​ចរ​យាត្រា​ពី​ជើង​មេឃ​ម្ខាង ឆ្ពោះ​ទៅ​ជើង​មេឃ​ម្ខាង​ទៀត គ្មាន​នរណា​អាច​បំបាំង​កម្ដៅ របស់​ព្រះ‌អាទិត្យ​បាន​ឡើយ។ ក្រឹត្យ‌វិន័យ*​របស់​ព្រះ‌អម្ចាស់​ល្អ​ឥត​ខ្ចោះ ធ្វើ​ឲ្យ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ ដំបូន្មាន​របស់​ព្រះ‌អម្ចាស់​គួរ​ជា​ទី​ទុក​ចិត្ត ធ្វើ​ឲ្យ​មនុស្ស​ល្ងិត‌ល្ងង់​បែរ​ទៅ​ជា​មាន​ប្រាជ្ញា ព្រះ‌ឱវាទ​របស់​ព្រះ‌អម្ចាស់​សុទ្ធ​តែ​ត្រឹម​ត្រូវ ធ្វើ​ឲ្យ​ចិត្ត​មាន​អំណរ​សប្បាយ បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ល្អ​ត្រចះ‌ត្រចង់ បំភ្លឺ​ចិត្ត​គំនិត​ឲ្យ​បាន​យល់។ ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ជា​អំពើ​មួយ ល្អ​បរិសុទ្ធ​ណាស់ ហើយ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។ វិន័យ​របស់​ព្រះ‌អម្ចាស់ សុទ្ធ​តែ​ត្រឹម​ត្រូវ និង​សុចរិត​ទាំង​អស់

ទំនុកតម្កើង 19:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ផ្ទៃ​មេឃ​សំដែង​ពី​សិរី‌ល្អ​នៃ​ព្រះ ហើយ​លំហ​អាកាស​ក៏​បង្ហាញ​ការ ដែល​ព្រះ‌ហស្ត​ទ្រង់​ធ្វើ ថ្ងៃ​១​ពោល​ប្រាប់​ត​ដល់​ថ្ងៃ​១​ទៀត ហើយ​យប់​១​ក៏​សំដែង​ចំណេះ​ដល់​យប់​១​ទៀត​ដែរ ឯ​ពាក្យ​សំដី ឬ​ភាសា នោះ​គ្មាន​ឮ​ឡើយ គ្មាន​អ្នក​ណា​ដែល​ឮ​សំឡេង​នៃ​របស់​ទាំង​នោះ​ទេ ប៉ុន្តែដំណឹង​ដែល​របស់​ទាំង​នោះ​ផ្សាយ​មក ក៏​បាន​ចេញ​ទៅ​គ្រប់​លើ​ផែនដី ហើយ​សេចក្ដី​នោះ​បាន​ឮ​ទៅ​ដល់​ទី​បំផុត​លោកីយ នៅ​លើ​មេឃ ទ្រង់​បាន​ដំឡើង​ត្រសាល​សំរាប់​ព្រះ‌អាទិត្យ ដែល​ទុក​ដូចជា​ប្ដី​ថ្មោង‌ថ្មី​កំពុង​តែ​ចេញ​ពី​បន្ទប់​ដេក ទាំង​មាន​សេចក្ដី​អំណរ​នឹង​រត់​តាម​ផ្លូវ​ខ្លួន ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ ព្រះ‌អាទិត្យ​ក៏​រះ​ពី​ជើង​មេឃ​ម្ខាង ហើយ​ដើរ​វង់​ទៅ​ដល់​ជើង​មេឃ​ម្ខាង គ្មាន​របស់​អ្វី​លាក់​កំបាំង​ពី​កំដៅ​នៃ​ព្រះ‌អាទិត្យ​ទេ។ ៙ ឯ​ក្រិត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា​នោះ​គ្រប់​លក្ខណ៍ ក៏​កែ​ព្រលឹង​ឡើង​វិញ សេចក្ដី​បន្ទាល់​នៃ​ព្រះ‌យេហូវ៉ា​ជា​ពិត ក៏​ធ្វើ​ឲ្យ​មនុស្ស​ខ្លៅ​ល្ងង់​មាន​ប្រាជ្ញា សេចក្ដី​បញ្ញត្ត​របស់​ព្រះ‌យេហូវ៉ា​សុទ្ធ​តែ​ទៀង​ត្រង់ ក៏​បណ្តាល​ឲ្យ​ចិត្ត​រីក‌រាយ​សប្បាយ ក្រិត្យ‌ក្រម​នៃ​ព្រះ‌យេហូវ៉ា​ជា​សុទ្ធ‌សាធ ក៏​បំភ្លឺ​ភ្នែក សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ជា​បរិសុទ្ធ ក៏​នៅ​ជាប់​ជា​រៀង​រាប​ដរាប អស់​ទាំង​ខ​ច្បាប់​របស់​ព្រះ‌យេហូវ៉ា​សុទ្ធ​តែ​ពិត​ត្រង់ ហើយ​សុចរិត​គ្រប់​ជំពូក

ទំនុកតម្កើង 19:1-9

ទំនុកតម្កើង 19:1-9 គខបទំនុកតម្កើង 19:1-9 គខប