ទំនុកតម្កើង 141:1-10
ទំនុកតម្កើង 141:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានអំពាវនាវរកព្រះអង្គ សូមប្រញាប់យាងមករកទូលបង្គំ ពេលទូលបង្គំអំពាវនាវរកព្រះអង្គ សូមផ្ទៀងព្រះកាណ៌ស្តាប់សំឡេងទូលបង្គំផង! សូមឲ្យពាក្យអធិស្ឋានរបស់ទូលបង្គំ បានដូចជាគ្រឿងក្រអូបនៅចំពោះព្រះអង្គ ហើយការលើកដៃប្រណម្យរបស់ទូលបង្គំ បានដូចជាយញ្ញបូជានៅពេលល្ងាច! ៙ ឱព្រះយេហូវ៉ាអើយ សូមការពារមាត់ទូលបង្គំ សូមថែរក្សាទ្វារបបូរមាត់របស់ទូលបង្គំផង! សូមកុំឲ្យចិត្តទូលបង្គំ ល្អៀងទៅខាងសេចក្ដីអាក្រក់ណា ដើម្បីប្រព្រឹត្តអំពើអាក្រក់ជាមួយមនុស្ស ដែលប្រព្រឹត្តអំពើទុច្ចរិត ហើយសូមកុំឲ្យទូលបង្គំទទួលទាន ចំណីឆ្ងាញ់របស់គេឡើយ! ៙ សូមឲ្យមនុស្សសុចរិតវាយទូលបង្គំចុះ នោះនឹងបានជាគុណ សូមឲ្យគេប្រដៅទូលបង្គំ នោះនឹងបានដូចជា ប្រេងលាបលើក្បាលទូលបង្គំ សូមកុំឲ្យក្បាលទូលបង្គំប្រកែកឡើយ។ ក៏ប៉ុន្តែ ទូលបង្គំនៅតែបន្ដអធិស្ឋាន ទាស់នឹងអំពើអាក្រក់របស់មនុស្សទុច្ចរិត។ កាលពួកចៅក្រមរបស់គេ ត្រូវបោះទម្លាក់ទៅក្នុងក្រហែងថ្ម នោះគេនឹងឮពាក្យរបស់ទូលបង្គំ ដ្បិតពាក្យទាំងនោះគួរឲ្យរីករាយចិត្ត។ កាលគេភ្ជួរ ហើយបំបែកដីយ៉ាងណា នោះឆ្អឹងយើងខ្ញុំក៏នឹងត្រូវខ្ចាត់ខ្ចាយ នៅមាត់នៃស្ថានឃុំព្រលឹងមនុស្សស្លាប់ យ៉ាងនោះដែរ។ ៙ ប៉ុន្ដែ ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ ភ្នែកទូលបង្គំសម្លឹងទៅរកព្រះអង្គ ទូលបង្គំស្វែងរកទីពឹងជ្រកនៅក្នុងព្រះអង្គ សូមកុំទុកឲ្យទូលបង្គំនៅតែលតោលឡើយ! សូមការពារទូលបង្គំឲ្យរួចពីអន្ទាក់ ដែលគេបានដាក់សម្រាប់ចាប់ទូលបង្គំ និងពីអង្គប់របស់ពួកអ្នក ដែលប្រព្រឹត្តអំពើអាក្រក់ផង! សូមឲ្យមនុស្សអាក្រក់ ធ្លាក់ទៅក្នុងអន្ទាក់របស់ខ្លួនគេ តែឲ្យទូលបង្គំវិញនឹងបានរួចផុត។
ទំនុកតម្កើង 141:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ ទូលបង្គំសូមអង្វរព្រះអង្គ មេត្តាយាងមកជួយទូលបង្គំជាប្រញាប់ ពេលទូលបង្គំអង្វរព្រះអង្គ សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យទូលបង្គំផង! សូមឲ្យពាក្យអធិស្ឋានរបស់ទូលបង្គំ ឡើងទៅដល់ព្រះអង្គ ដូចផ្សែងគ្រឿងក្រអូប សូមទទួលពាក្យសរសើរតម្កើងរបស់ទូលបង្គំ ដូចតង្វាយនៅពេលល្ងាច! ឱព្រះអម្ចាស់អើយ សូមរក្សាមាត់ទូលបង្គំ កុំឲ្យទូលបង្គំពោលពាក្យអាក្រក់សោះឡើយ។ សូមកុំបណ្តោយឲ្យចិត្តទូលបង្គំ មានលម្អៀងទៅរកអំពើអាក្រក់ ហើយប្រព្រឹត្តអំពើអាក្រក់ រួមជាមួយមនុស្សទុច្ចរិត សូមកុំឲ្យទូលបង្គំចូលរួមជប់លៀង ជាមួយពួកគេឡើយ។ បើមនុស្សសុចរិតវាយប្រដៅ និងស្ដីបន្ទោសទូលបង្គំដោយចិត្តស្មោះត្រង់ ទូលបង្គំមិនប្រកែកទេ ព្រោះជាការល្អចំពោះទូលបង្គំ ប្រៀបដូចជាទឹកអប់ហូរលើក្បាលទូលបង្គំ។ ក៏ប៉ុន្តែ ទូលបង្គំនៅតែបន្តអធិស្ឋាន តបនឹងអំពើឃោរឃៅរបស់មនុស្សទុច្ចរិត។ សូមឲ្យចៅក្រមរបស់ពួកនោះ ត្រូវគេច្រានទម្លាក់ទៅក្នុងក្រហែងថ្ម ហើយសូមឲ្យបច្ចាមិត្តស្ដាប់សេចក្ដី ដែលទូលបង្គំនិយាយដោយសុទ្ធចិត្ត។ ដីប្រេះចេញពីគ្នាយ៉ាងណា សូមឲ្យស្ថានមនុស្សស្លាប់បើកចំហ លេបឆ្អឹងរបស់គេដែលនៅរាយប៉ាយ គ្រប់ទីកន្លែងយ៉ាងនោះដែរ។ ឱព្រះជាអម្ចាស់អើយ ទូលបង្គំសម្លឹងទៅរកព្រះអង្គជានិច្ច ទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ សូមកុំបណ្តោយឲ្យទូលបង្គំបាត់បង់ជីវិត។ សូមការពារទូលបង្គំឲ្យរួចផុតពីអន្ទាក់ ដែលគេដាក់ចាំចាប់ទូលបង្គំ សូមកុំឲ្យទូលបង្គំធ្លាក់ទៅក្នុងរណ្ដៅ របស់មនុស្សទុច្ចរិតឡើយ តែសូមឲ្យពួកគេជាប់អន្ទាក់ ដែលខ្លួនបានដាក់នោះវិញ! រីឯទូលបង្គំ ទូលបង្គំនឹងបានរួចខ្លួន។
ទំនុកតម្កើង 141:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានអំពាវនាវដល់ទ្រង់ហើយ សូមប្រញាប់នឹងយាងមកឯទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្តាប់សំឡេងទូលបង្គំ ក្នុងកាលដែលទូលបង្គំអំពាវនាវផង សូមឲ្យសេចក្ដីអធិស្ឋានរបស់ទូលបង្គំបានផ្សាយឡើង ដូចជាគ្រឿងក្រអូបនៅចំពោះទ្រង់ នឹងការលើកដៃប្រណម្យរបស់ទូលបង្គំ បានដូចជាយញ្ញបូជាពេលល្ងាច ឱព្រះយេហូវ៉ាអើយ សូមទ្រង់ដាក់ការយាម នៅមាត់ទូលបង្គំ ហើយថែរក្សាទ្វារបបូរមាត់របស់ទូលបង្គំផង សូមកុំឲ្យចិត្តទូលបង្គំល្អៀងទៅខាងសេចក្ដីអាក្រក់ណា ដើម្បីប្រព្រឹត្តការអាក្រក់ជាមួយនឹងមនុស្ស ដែលតែងតែធ្វើការទុច្ចរិតឡើយ ហើយកុំឲ្យទូលបង្គំទទួលទានចំណីឆ្ងាញ់របស់គេ ឲ្យសោះ សូមឲ្យមនុស្សសុចរិតវាយទូលបង្គំចុះ នោះនឹងបានជាគុណ ហើយឲ្យគេប្រដៅទូលបង្គំផង នោះនឹងបានដូចជាប្រេងចាក់លាបលើក្បាល ឯក្បាលរបស់ទូលបង្គំនឹងមិនប្រកែកទេ ដ្បិតទូលបង្គំនឹងនៅតែអធិស្ឋាន ក្នុងកាលដែលកើតមានសេចក្ដីអាក្រក់ផង ពួកចៅក្រមរបស់គេបានត្រូវបោះចុះទៅ ដល់ជើងថ្មដាហើយ គេនឹងឮពាក្យសំដីរបស់ទូលបង្គំ ដ្បិតពាក្យទាំងនោះផ្អែមល្ហែម អស់ទាំងឆ្អឹងរបស់យើងរាល់គ្នាបានខ្ចាត់ខ្ចាយ នៅមាត់ទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់ ដូចជាកាលគេកាប់ ហើយពុះឱសនៅលើដី ដ្បិត ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ ភ្នែកទូលបង្គំមើលចំទៅឯទ្រង់ ទូលបង្គំពឹងជ្រកនៅក្នុងទ្រង់ សូមកុំបោះបង់ចោលព្រលឹងនៃទូលបង្គំឡើយ សូមរក្សាទូលបង្គំឲ្យរួចពីអន្ទាក់ ដែលគេបានដាក់សំរាប់ចាប់ទូលបង្គំ ហើយពីអស់ទាំងអង្គប់របស់ពួកអ្នក ដែលប្រព្រឹត្តអំពើទុច្ចរិតផង សូមឲ្យមនុស្សអាក្រក់ធ្លាក់ទៅក្នុងមងរបស់ខ្លួនគេ តែឲ្យទូលបង្គំបានរួចវិញ។