ទំនុកតម្កើង 137:1-6

ទំនុកតម្កើង 137:1-6 គខប

យើង​អង្គុយ​នៅ​មាត់​ទន្លេ ស្រុក​បាប៊ី‌ឡូន ហើយ​យើង​នាំ​គ្នា​យំ​ស្រណោះ​ក្រុង​ស៊ីយ៉ូន។ យើង​ព្យួរ​ពិណ​របស់​យើង​នឹង​ដើម​ឈើ នៅ​ជិត​មាត់​ទន្លេ។ ពេល​នោះ ពួក​អ្នក​ដែល​ចាប់​យើង​មក​ជា​ឈ្លើយ សឹក​បាន​សុំ​ឲ្យ​យើង​ច្រៀង ពួក​អ្នក​ធ្វើ​ទោស​យើង បាន​សុំ​ឲ្យ​យើង ច្រៀង​បទ​សប្បាយ គេ​ពោល​ថា: «ចូរ​នាំ​គ្នា​ច្រៀង​បទ​ខ្លះ​ពី​ក្រុង​ស៊ីយ៉ូន ឲ្យ​យើង​ស្ដាប់​ផង!»។ តើ​ឲ្យ​យើង​យក​បទ​តម្កើង​ព្រះ‌អម្ចាស់ មក​ច្រៀង​នៅ​លើ​ទឹក​ដី​បរទេស​ដូច​ម្ដេច​កើត? ឱ​ក្រុង​យេរូ‌សាឡឹម​អើយ បើ​ខ្ញុំ​ភ្លេច​អ្នក សូម​ឲ្យ​ដៃ​ស្ដាំ​របស់​ខ្ញុំ​ស្ពឹក​ចុះ! ប្រសិន​បើ​ខ្ញុំ​មិន​នឹក​ដល់​អ្នក​ទេ ហើយ​ប្រសិន​បើ​ខ្ញុំ​មិន​ចាត់​ទុក​អ្នក​ជា​អំណរ ដ៏​ខ្លាំង​ក្លា​បំផុត​របស់​ខ្ញុំ​ទេ​នោះ សូម​ឲ្យ​អណ្ដាត​ខ្ញុំ​រឹង​ទៅ​ចុះ!