ទំនុកតម្កើង 137:1-6
ទំនុកតម្កើង 137:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យើងបានអង្គុយចុះ នៅមាត់ទន្លេស្រុកបាប៊ីឡូន យើងបានយំ ដោយនឹករឭកដល់ក្រុងស៊ីយ៉ូន។ នៅទីនោះ យើងបានព្យួរស៊ុងរបស់យើង នៅដើមចាក ដ្បិតនៅទីនោះ ពួកអ្នកដែលនាំយើង ទៅជាឈ្លើយ បានសុំឲ្យយើងច្រៀង គឺពួកអ្នកដែលធ្វើទុក្ខយើង គេបានសុំឲ្យយើងលេង ឲ្យគេបានអរសប្បាយ គេពោលថា «ចូរច្រៀងបទមួយរបស់ក្រុងស៊ីយ៉ូន ឲ្យយើងស្តាប់ផង!» ៙ តើឲ្យយើងច្រៀងបទរបស់ព្រះយេហូវ៉ា នៅក្នុងប្រទេសដទៃដូចម្តេចកើត? ឱក្រុងយេរូសាឡិមអើយ ប្រសិនបើខ្ញុំភ្លេចអ្នក សូមឲ្យដៃស្តាំរបស់ខ្ញុំភ្លេចជំនាញរបស់វាទៅចុះ! ប្រសិនបើខ្ញុំមិននឹកដល់អ្នកទេ ប្រសិនបើខ្ញុំមិនដាក់ក្រុងយេរូសាឡិម ឲ្យខ្ពស់លើសជាងអំណរដ៏ខ្ពស់បំផុតរបស់ខ្ញុំទេ នោះសូមឲ្យអណ្ដាតខ្ញុំ ស្អិតជាប់នឹងក្រអូមមាត់ខ្ញុំទៅចុះ!
ទំនុកតម្កើង 137:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងអង្គុយនៅមាត់ទន្លេ ស្រុកបាប៊ីឡូន ហើយយើងនាំគ្នាយំស្រណោះក្រុងស៊ីយ៉ូន។ យើងព្យួរពិណរបស់យើងនឹងដើមឈើ នៅជិតមាត់ទន្លេ។ ពេលនោះ ពួកអ្នកដែលចាប់យើងមកជាឈ្លើយ សឹកបានសុំឲ្យយើងច្រៀង ពួកអ្នកធ្វើទោសយើង បានសុំឲ្យយើង ច្រៀងបទសប្បាយ គេពោលថា: «ចូរនាំគ្នាច្រៀងបទខ្លះពីក្រុងស៊ីយ៉ូន ឲ្យយើងស្ដាប់ផង!»។ តើឲ្យយើងយកបទតម្កើងព្រះអម្ចាស់ មកច្រៀងនៅលើទឹកដីបរទេសដូចម្ដេចកើត? ឱក្រុងយេរូសាឡឹមអើយ បើខ្ញុំភ្លេចអ្នក សូមឲ្យដៃស្ដាំរបស់ខ្ញុំស្ពឹកចុះ! ប្រសិនបើខ្ញុំមិននឹកដល់អ្នកទេ ហើយប្រសិនបើខ្ញុំមិនចាត់ទុកអ្នកជាអំណរ ដ៏ខ្លាំងក្លាបំផុតរបស់ខ្ញុំទេនោះ សូមឲ្យអណ្ដាតខ្ញុំរឹងទៅចុះ!
ទំនុកតម្កើង 137:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យើងបានអង្គុយចុះ នៅមាត់ទន្លេស្រុកបាប៊ីឡូន អើ យើងបានយំ ដោយនឹករឭកដល់ក្រុងស៊ីយ៉ូន យើងបានពាក់ព្យួរស៊ុងរបស់យើងនៅដើមចាក នាកណ្តាលស្រុកនោះ ដ្បិតនៅទីនោះ ពួកអ្នកដែលនាំយើងទៅជាឈ្លើយ គេបង្ខំឲ្យយើងច្រៀងបទ គឺពួកអ្នកដែលបំផ្លាញយើង គេឲ្យយើងលេង ឲ្យគេបានអរសប្បាយ ដោយពាក្យថា ចូរច្រៀងបទ១របស់ក្រុងស៊ីយ៉ូនមក ឲ្យយើងស្តាប់មើល តែយើងនឹងច្រៀងបទនៃព្រះយេហូវ៉ា នៅក្នុងប្រទេសដទៃដូចម្តេចបាន ឱក្រុងយេរូសាឡិមអើយ បើសិនជាខ្ញុំភ្លេចឯង នោះសូមឲ្យដៃស្តាំខ្ញុំភ្លេចថ្វីដៃទៅផង បើសិនជាខ្ញុំមិនរឭកដល់ឯង គឺបើខ្ញុំមិនចូលចិត្តនឹងក្រុងយេរូសាឡិម ជាជាងសេចក្ដីអំណរយ៉ាងសំខាន់របស់ខ្ញុំ នោះសូមឲ្យអណ្តាតខ្ញុំជាប់នៅក្រអូមមាត់ចុះ