ទំនុកតម្កើង 135:13-21

ទំនុកតម្កើង 135:13-21 គខប

ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌នាម​របស់​ព្រះអង្គ នៅ​គង់‌វង្ស​រហូត​ត​ទៅ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌កិត្តិនាម​របស់​ព្រះអង្គ ល្បី‌ល្បាញ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ ដ្បិត​ព្រះអង្គ​រក​យុត្តិធម៌​ឲ្យ ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​អាណិត​អាសូរ​អ្នក​បម្រើ របស់​ព្រះអង្គ។ ព្រះ​របស់​ប្រជា‌ជាតិ​នានា សុទ្ធ​តែ​ជា​ព្រះ​ក្លែងក្លាយ​ធ្វើ​ពី​មាស ពី​ប្រាក់ ដែល​ជា​ស្នា‌ដៃ​របស់​មនុស្ស។ ព្រះ​ទាំង​នោះ​មាន​មាត់ តែ​មិន​ចេះ​និយាយ មាន​ភ្នែក តែ​មើល​មិន​ឃើញ មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮ ព្រះ​ទាំង​នោះ​គ្មាន​ដង្ហើម​ចេញ​ចូល​ទេ។ សូម​ឲ្យ​អស់​អ្នក​ដែល​បាន​សូន ធ្វើ​រូប​ព្រះ​ក្លែងក្លាយ ហើយ​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ​ទាំង​នោះ បាន​ដូច​រូប​ព្រះ​ទាំង​នោះ​ដែរ។ ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ក្រុម​គ្រួសារ​របស់​លោក​អើរ៉ុន​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ក្រុម​គ្រួសារ​របស់​លោក​លេវី​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ! ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​ដែល​គង់​នៅ​ភ្នំ​ស៊ីយ៉ូន គឺ​ព្រះអង្គ​ដែល​គង់​នៅ​ក្រុង​យេរូ‌សាឡឹម! ហាលេ‌លូយ៉ា!