ទំនុកតម្កើង 135:13-21

ទំនុកតម្កើង 135:13-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌នាម​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ​កិត្តិ​នាមរបស់​ព្រះ‌អង្គ ក៏​ស្ថិត‌ស្ថេរជា​អង្វែង​តរៀង​ទៅ។ ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​វិនិច្ឆ័យ ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ ដល់​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ ៙ ព្រះ​របស់​សាសន៍​ដទៃ​សុទ្ធ​តែ​ជា​រូប ធ្វើ​ពី​ប្រាក់ និង​មាស ដែល​ជា​ស្នា​ដៃ​របស់​មនុស្ស។ រូប​ទាំង​នោះ​មាន​មាត់ តែ​មិន​ចេះ​និយាយ មាន​ភ្នែក តែ​មើល​មិន​ឃើញ មាន​ត្រចៀក តែ​ស្តាប់​មិន​ឮ ក៏​គ្មាន​ខ្យល់​ដង្ហើម​នៅ​ក្នុង​មាត់​ដែរ។ អស់​អ្នក​ដែល​ធ្វើ​រូប​ទាំង​នោះ នឹង​ត្រឡប់​ដូច​ជា​រូប​នោះ​ឯង ហើយ​អស់​អ្នក​ដែល​ទុក​ចិត្ត​នឹង​រូបទាំង​នោះ ក៏​នឹង​ត្រឡប់​ដូច​ជា​រូប​ទាំង​នោះ​ដែរ។ ៙ ឱ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា! ឱ​ពូជ​ពង្ស​អើរ៉ុន​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា! ឱ​ពូជ​ពង្ស​លេវី​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា! អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌យេហូវ៉ា​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា! សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ‌ពរ ពី​ក្រុង​ស៊ីយ៉ូន គឺ​ព្រះ‌អង្គ​ដែល​គង់​នៅ​ក្រុង​យេរូ‌សាឡិម! ហាលេលូយ៉ា !

ទំនុកតម្កើង 135:13-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌នាម​របស់​ព្រះអង្គ នៅ​គង់‌វង្ស​រហូត​ត​ទៅ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌កិត្តិនាម​របស់​ព្រះអង្គ ល្បី‌ល្បាញ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ ដ្បិត​ព្រះអង្គ​រក​យុត្តិធម៌​ឲ្យ ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​អាណិត​អាសូរ​អ្នក​បម្រើ របស់​ព្រះអង្គ។ ព្រះ​របស់​ប្រជា‌ជាតិ​នានា សុទ្ធ​តែ​ជា​ព្រះ​ក្លែងក្លាយ​ធ្វើ​ពី​មាស ពី​ប្រាក់ ដែល​ជា​ស្នា‌ដៃ​របស់​មនុស្ស។ ព្រះ​ទាំង​នោះ​មាន​មាត់ តែ​មិន​ចេះ​និយាយ មាន​ភ្នែក តែ​មើល​មិន​ឃើញ មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮ ព្រះ​ទាំង​នោះ​គ្មាន​ដង្ហើម​ចេញ​ចូល​ទេ។ សូម​ឲ្យ​អស់​អ្នក​ដែល​បាន​សូន ធ្វើ​រូប​ព្រះ​ក្លែងក្លាយ ហើយ​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ​ទាំង​នោះ បាន​ដូច​រូប​ព្រះ​ទាំង​នោះ​ដែរ។ ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ក្រុម​គ្រួសារ​របស់​លោក​អើរ៉ុន​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ក្រុម​គ្រួសារ​របស់​លោក​លេវី​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ! ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​ដែល​គង់​នៅ​ភ្នំ​ស៊ីយ៉ូន គឺ​ព្រះអង្គ​ដែល​គង់​នៅ​ក្រុង​យេរូ‌សាឡឹម! ហាលេ‌លូយ៉ា!

ទំនុកតម្កើង 135:13-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌នាម​ទ្រង់​ស្ថិត‌ស្ថេរ នៅ​ជា​ដរាប ឱ​ព្រះ‌យេហូវ៉ា​អើយ សេចក្ដី​នឹក​ចាំ​ពី​ទ្រង់​ក៏​ស្ថិត‌ស្ថេរ​នៅ ដរាប​ដល់​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វិនិច្ឆ័យ​រាស្ត្រ​ទ្រង់ ហើយ​នឹង​ប្រែ​ព្រះ‌ហឫទ័យ​ចំពោះ​ពួក​អ្នក​បំរើ​ទ្រង់។ ៙ អស់​ទាំង​ព្រះ​របស់​សាសន៍​ដទៃ​សុទ្ធ​តែ​ជា​រូប ធ្វើ​ពី​ប្រាក់នឹង​មាស​ប៉ុណ្ណោះ ជា​របស់​ដែល​ដៃ​មនុស្ស​បាន​ធ្វើ​មក រូប​ទាំង​នោះ​មាន​មាត់ តែ​មិន​ចេះ​និយាយ មាន​ភ្នែក តែ​មើល​មិន​ឃើញ មាន​ត្រចៀក តែ​ស្តាប់​មិន​ឮ ក៏​គ្មាន​ខ្យល់​ដង្ហើម​នៅ​ក្នុង​មាត់​ផង ពួក​ជាង​ដែល​ធ្វើ​រូប​ទាំង​នោះ​ក៏​ដូច​ជា​រូប​នោះ​ឯង ព្រម​ទាំង​ពួក​អ្នក​ដែល​ទុក​ចិត្ត​នឹង​រូប​នោះ​ផង។ ៙ ឱ​ពូជ‌ពង្ស​អ៊ីស្រាអែល​អើយ ចូរ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា បាន​ប្រកប​ដោយ​ព្រះ‌ពរ ឱ​វង្ស​អើរ៉ុន​អើយ ចូរ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា បាន​ប្រកប​ដោយ​ព្រះ‌ពរ ឱ​វង្ស​លេវី​អើយ ចូរ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា បាន​ប្រកប​ដោយ​ព្រះ‌ពរ ហើយ​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​អើយ ចូរ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ‌ពរ​ចុះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ‌ពរ ពី​ក្រុង​ស៊ីយ៉ូន​មក ជា​ព្រះ​ដែល​ទ្រង់​គង់​នៅ​ក្រុង​យេរូ‌សាឡិម ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។