ទំនុកតម្កើង 135:1-21

ទំនុកតម្កើង 135:1-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា ! ចូរ​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ឱ​ពួក​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា​អើយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង អ្នក​រាល់​គ្នា​ដែល​ឈរ​នៅ​ក្នុង​ដំណាក់ របស់​ព្រះ‌យេហូវ៉ា គឺ​នៅ​ក្នុង​ទី​ព្រះ‌លាន​នៃ​ព្រះ​ដំណាក់ របស់​ព្រះ​នៃ​យើង​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌យេហូវ៉ា​ល្អ ចូរ​ច្រៀង​ថ្វាយ​ព្រះ‌នាម​ព្រះ‌អង្គ ដ្បិត​នេះ​ជា​ទី​ដ៏​សប្បាយ​រីក​រាយ! ដ្បិត​ព្រះ‌យេហូវ៉ា បាន​ជ្រើស​រើស​យ៉ាកុប សម្រាប់​ព្រះ‌អង្គ គឺ​អ៊ីស្រា‌អែល ទុក​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អង្គ​ផ្ទាល់។ ៙ ដ្បិត​ខ្ញុំ​ដឹង​ថា ព្រះ‌យេហូវ៉ា​ធំ​អស្ចារ្យ ហើយ​ថា ព្រះ‌អម្ចាស់​របស់​យើង ព្រះ‌អង្គ​ខ្ពស់​លើស​អស់​ទាំង​ព្រះ។ ព្រះ‌យេហូវ៉ា​ធ្វើ​ការ​អ្វី ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ នៅ​លើ​មេឃ និង​នៅ​ផែនដី នៅ​ក្នុង​សមុទ្រ និង​អស់ទាំង​ទី​ជម្រៅ។ ព្រះ‌អង្គ​ហើយ​ដែល​ធ្វើ​ឲ្យ​ពពក​ឡើង​ពី​ចុង​ផែនដី ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ផ្លេក‌បន្ទោរ​សម្រាប់​ភ្លៀង ក៏​បញ្ចេញ​ខ្យល់​ពី​ឃ្លាំង​របស់​ព្រះ‌អង្គ​មក​ដែរ។ ៙ ព្រះ‌អង្គ​ហើយ​ដែល​បាន​ប្រហារ អស់​ទាំង​កូន​ច្បងរបស់​សាសន៍​អេស៊ីព្ទ ទាំង​មនុស្ស ទាំង​សត្វ។ ឱ​អេស៊ីព្ទ​អើយ ព្រះ‌អង្គ​បាន​ចាត់​ទី​សម្គាល់ និង​ការ​អស្ចារ្យ ឲ្យចូល​ទៅ​កណ្ដាល​ឯង គឺ​ឲ្យទាស់​នឹង​ផារ៉ោន និង​មហា​តលិក​ទាំង​ប៉ុន្មាន​របស់​ទ្រង់។ ព្រះ‌អង្គ​បាន​ប្រហារ​ជាតិ​សាសន៍​ជា​ច្រើន ហើយ​សម្លាប់​ពួក​ស្តេច​ដ៏​ខ្លាំង​ពូកែ គឺ​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី និង​អុក ជា​ស្តេច​ស្រុក​បាសាន ហើយ​អស់​ទាំង​នគរ​នៅ​ស្រុក​កាណាន ព្រះ‌អង្គ​បាន​ប្រគល់​ស្រុក​របស់​គេ​ទុក​ជា​មត៌ក គឺ​ជា​មត៌ក​ដល់​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។ ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌នាម​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ​កិត្តិ​នាមរបស់​ព្រះ‌អង្គ ក៏​ស្ថិត‌ស្ថេរជា​អង្វែង​តរៀង​ទៅ។ ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​វិនិច្ឆ័យ ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ ដល់​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ ៙ ព្រះ​របស់​សាសន៍​ដទៃ​សុទ្ធ​តែ​ជា​រូប ធ្វើ​ពី​ប្រាក់ និង​មាស ដែល​ជា​ស្នា​ដៃ​របស់​មនុស្ស។ រូប​ទាំង​នោះ​មាន​មាត់ តែ​មិន​ចេះ​និយាយ មាន​ភ្នែក តែ​មើល​មិន​ឃើញ មាន​ត្រចៀក តែ​ស្តាប់​មិន​ឮ ក៏​គ្មាន​ខ្យល់​ដង្ហើម​នៅ​ក្នុង​មាត់​ដែរ។ អស់​អ្នក​ដែល​ធ្វើ​រូប​ទាំង​នោះ នឹង​ត្រឡប់​ដូច​ជា​រូប​នោះ​ឯង ហើយ​អស់​អ្នក​ដែល​ទុក​ចិត្ត​នឹង​រូបទាំង​នោះ ក៏​នឹង​ត្រឡប់​ដូច​ជា​រូប​ទាំង​នោះ​ដែរ។ ៙ ឱ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា! ឱ​ពូជ​ពង្ស​អើរ៉ុន​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា! ឱ​ពូជ​ពង្ស​លេវី​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា! អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌យេហូវ៉ា​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា! សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ‌ពរ ពី​ក្រុង​ស៊ីយ៉ូន គឺ​ព្រះ‌អង្គ​ដែល​គង់​នៅ​ក្រុង​យេរូ‌សាឡិម! ហាលេលូយ៉ា !

ទំនុកតម្កើង 135:1-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ហាលេ‌លូយ៉ា! ចូរ​សរសើរ​តម្កើង ព្រះ‌នាម​ព្រះ‌អម្ចាស់! អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់​អើយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ! អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ក្នុង ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង​អើយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​សប្បុរស ចូរ​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះ‌នាម​ព្រះអង្គ ដ្បិត​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​យើង។ ព្រះ‌អម្ចាស់​បាន​ជ្រើស​រើស​ពូជ‌ពង្ស​លោក​យ៉ាកុប ហើយ​ព្រះអង្គ​យក​ជន‌ជាតិ​អ៊ីស្រា‌អែល ធ្វើ​ជា​ប្រជា‌ជន​ផ្ទាល់​របស់​ព្រះអង្គ។ ខ្ញុំ​ដឹង​ច្បាស់​ថា ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ឧត្ដុង្គ‌ឧត្ដម ព្រះ‌អម្ចាស់​របស់​យើង ទ្រង់​ប្រសើរ​លើស​ព្រះ​ទាំង​ប៉ុន្មាន។ បើ​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ធ្វើ​ការ​អ្វី ព្រះអង្គ​នឹង​សម្រេច​ការ​នោះ នៅ​លើ​ផ្ទៃ​មេឃ និង​ផែនដី នៅ​ក្នុង​សមុទ្រ និង​នៅ​ក្នុង​ទី​ជម្រៅ​នៃ​បាត​សមុទ្រ។ ព្រះអង្គ​នាំ​ពពក​ចេញ​ពី​ជើង​មេឃ ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ផ្លេក​បន្ទោរ ដើម្បី​ឲ្យ​ភ្លៀង​ធ្លាក់ ហើយ​ព្រះអង្គ​ក៏​បាន​បញ្ចេញ​ខ្យល់ ឲ្យ​បក់​បោក​មក​ដែរ។ ព្រះអង្គ​បាន​ប្រហារ​កូន​ច្បង​ទាំង‌ឡាយ នៅ​ស្រុក​អេស៊ីប គឺ​ចាប់​តាំង​ពី​មនុស្ស រហូត​ដល់​សត្វ​ពាហនៈ។ ព្រះអង្គ​សម្តែង​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​ផ្សេងៗ នៅ​ស្រុក​អេស៊ីប ដើម្បី​ដាក់​ទោស​ព្រះ‌ចៅ​ផារ៉ោន និង​មន្ត្រី​ទាំង​ប៉ុន្មាន​របស់​ស្ដេច។ ព្រះអង្គ​បាន​វាយ​ប្រហារ​ប្រជា‌ជាតិ​ជា​ច្រើន ព្រះអង្គ​បាន​ប្រហារ​ជីវិត​ស្ដេច​ដ៏​ខ្លាំង​ពូកែ គឺ​ព្រះ‌បាទ​ស៊ីហុន​ជា​ស្ដេច​ស្រុក​អា‌ម៉ូរី ព្រះ‌បាទ​អុក​ជា​ស្ដេច​ស្រុក​បាសាន និង​ស្ដេច​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​កាណាន ហើយ​ព្រះអង្គ​ប្រគល់​ទឹក​ដី​របស់​ពួក​គេ ឲ្យ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ទុក​ជា​មត៌ក។ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌នាម​របស់​ព្រះអង្គ នៅ​គង់‌វង្ស​រហូត​ត​ទៅ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌កិត្តិនាម​របស់​ព្រះអង្គ ល្បី‌ល្បាញ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ ដ្បិត​ព្រះអង្គ​រក​យុត្តិធម៌​ឲ្យ ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​អាណិត​អាសូរ​អ្នក​បម្រើ របស់​ព្រះអង្គ។ ព្រះ​របស់​ប្រជា‌ជាតិ​នានា សុទ្ធ​តែ​ជា​ព្រះ​ក្លែងក្លាយ​ធ្វើ​ពី​មាស ពី​ប្រាក់ ដែល​ជា​ស្នា‌ដៃ​របស់​មនុស្ស។ ព្រះ​ទាំង​នោះ​មាន​មាត់ តែ​មិន​ចេះ​និយាយ មាន​ភ្នែក តែ​មើល​មិន​ឃើញ មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮ ព្រះ​ទាំង​នោះ​គ្មាន​ដង្ហើម​ចេញ​ចូល​ទេ។ សូម​ឲ្យ​អស់​អ្នក​ដែល​បាន​សូន ធ្វើ​រូប​ព្រះ​ក្លែងក្លាយ ហើយ​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ​ទាំង​នោះ បាន​ដូច​រូប​ព្រះ​ទាំង​នោះ​ដែរ។ ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ក្រុម​គ្រួសារ​របស់​លោក​អើរ៉ុន​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ក្រុម​គ្រួសារ​របស់​លោក​លេវី​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ! ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​ដែល​គង់​នៅ​ភ្នំ​ស៊ីយ៉ូន គឺ​ព្រះអង្គ​ដែល​គង់​នៅ​ក្រុង​យេរូ‌សាឡឹម! ហាលេ‌លូយ៉ា!

ទំនុកតម្កើង 135:1-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ចូរ​សរសើរ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ឱ​ពួក​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា​អើយ ចូរ​សរសើរ​ទ្រង់​ចុះ ពួក​អ្នក​រាល់​គ្នា​ដែល​ឈរ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា គឺ​ក្នុង​ទី​ព្រះ‌លាន​នៃ​ដំណាក់​របស់​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ ចូរ​ច្រៀង​សរសើរ​ដល់​ព្រះ‌នាម​ទ្រង់ ដ្បិត​នោះ​ពីរោះ​ហើយ ព្រោះ​ព្រះ‌យេហូវ៉ា​បាន​រើស​យ៉ាកុប ទុក​សំរាប់​ទ្រង់ គឺ​អ៊ីស្រាអែល ឲ្យ​បាន​ដាច់​ជា​របស់​ផង​ទ្រង់ ពី​ព្រោះ​ខ្ញុំ​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ធំ ហើយ​ថា ព្រះ‌អម្ចាស់​នៃ​យើង​ខ្ញុំ ទ្រង់​ខ្ពស់​លើស​ជាង​អស់​ទាំង​ព្រះ ការ​អ្វី​ក៏​ដោយ ដែល​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫទ័យ​ចង់​ធ្វើ នោះ​ក៏​បាន​ធ្វើ​ទៅ ទាំង​នៅ​លើ​មេឃ នៅ​ផែនដី នៅ​ក្នុង​សមុទ្រ ហើយ​នៅ​ទី​ជំរៅ​ទាំង​ប៉ុន្មាន​ផង ទ្រង់​បណ្តាល​ឲ្យ​ចំហាយ​ទឹក​ឡើង​ពី​ចុង​ផែនដី​មក ទ្រង់​ធ្វើ​ឲ្យ​មាន​ផ្លេក‌បន្ទោរ​សំរាប់​ភ្លៀង ក៏​បញ្ចេញ​ខ្យល់​ពី​ឃ្លាំង​ទ្រង់​មក​ដែរ គឺ​ទ្រង់​ដែល​បាន​ប្រហារ​អស់​ទាំង​កូន​ច្បង របស់​សាសន៍​អេស៊ីព្ទ ទាំង​មនុស្ស ហើយ​នឹង​សត្វ​ផង។ ៙ ឱ​ស្រុក​អេស៊ីព្ទ​អើយ ទ្រង់​បាន​ចាត់​ប្រើ​ទី​សំគាល់ នឹង​ការ​អស្ចារ្យ ទៅ​កណ្តាល​ឯង​ហើយ គឺ​ឲ្យ​កើត​ដល់​ផារ៉ោន នឹង​ពួក​មហា‌តលិក​ទាំង​អស់​គ្នា ទ្រង់​ក៏​បាន​ប្រហារ​សាសន៍​ដទៃ​ជា​ច្រើន ព្រម​ទាំង​សំឡាប់​ស្តេច​ជា​ច្រើន​អង្គ ដែល​មាន​អានុ‌ភាព​ខ្លាំង​ផង គឺ​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី នឹង​អុក ជា​ស្តេច​ស្រុក​បាសាន ហើយ​អស់​ទាំង​នគរ​នៅ​ស្រុក​កាណាន​ទៀត ទ្រង់​ក៏​ប្រទាន​ស្រុក​របស់​គេ ទុក​ជា​មរដក គឺ​ជា​មរដក​ដល់​អ៊ីស្រាអែល ជា​រាស្ត្រ​របស់​ទ្រង់។ ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌នាម​ទ្រង់​ស្ថិត‌ស្ថេរ នៅ​ជា​ដរាប ឱ​ព្រះ‌យេហូវ៉ា​អើយ សេចក្ដី​នឹក​ចាំ​ពី​ទ្រង់​ក៏​ស្ថិត‌ស្ថេរ​នៅ ដរាប​ដល់​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វិនិច្ឆ័យ​រាស្ត្រ​ទ្រង់ ហើយ​នឹង​ប្រែ​ព្រះ‌ហឫទ័យ​ចំពោះ​ពួក​អ្នក​បំរើ​ទ្រង់។ ៙ អស់​ទាំង​ព្រះ​របស់​សាសន៍​ដទៃ​សុទ្ធ​តែ​ជា​រូប ធ្វើ​ពី​ប្រាក់នឹង​មាស​ប៉ុណ្ណោះ ជា​របស់​ដែល​ដៃ​មនុស្ស​បាន​ធ្វើ​មក រូប​ទាំង​នោះ​មាន​មាត់ តែ​មិន​ចេះ​និយាយ មាន​ភ្នែក តែ​មើល​មិន​ឃើញ មាន​ត្រចៀក តែ​ស្តាប់​មិន​ឮ ក៏​គ្មាន​ខ្យល់​ដង្ហើម​នៅ​ក្នុង​មាត់​ផង ពួក​ជាង​ដែល​ធ្វើ​រូប​ទាំង​នោះ​ក៏​ដូច​ជា​រូប​នោះ​ឯង ព្រម​ទាំង​ពួក​អ្នក​ដែល​ទុក​ចិត្ត​នឹង​រូប​នោះ​ផង។ ៙ ឱ​ពូជ‌ពង្ស​អ៊ីស្រាអែល​អើយ ចូរ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា បាន​ប្រកប​ដោយ​ព្រះ‌ពរ ឱ​វង្ស​អើរ៉ុន​អើយ ចូរ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា បាន​ប្រកប​ដោយ​ព្រះ‌ពរ ឱ​វង្ស​លេវី​អើយ ចូរ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា បាន​ប្រកប​ដោយ​ព្រះ‌ពរ ហើយ​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​អើយ ចូរ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ‌ពរ​ចុះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ‌ពរ ពី​ក្រុង​ស៊ីយ៉ូន​មក ជា​ព្រះ​ដែល​ទ្រង់​គង់​នៅ​ក្រុង​យេរូ‌សាឡិម ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។