ទំនុកតម្កើង 12:1-8

ទំនុកតម្កើង 12:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​ជួយ​ផង! ដ្បិត​មនុស្ស​ដែល​កោត​ខ្លាច​ព្រះ គេ​កំពុង​តែ​រួញ​ថយ​ទៅ ហើយ​មនុស្ស​ស្មោះ‌ត្រង់​ក៏​កាន់​តែ​សូន្យ​បាត់ ពី​ចំណោម​មនុស្ស​លោកដែរ។ គ្រប់​គ្នា​ពោល​តែ​ពាក្យ​ភូត‌ភរ ដល់​អ្នក​ជិត​ខាង​របស់​ខ្លួន គេ​ពោល​ដោយ​បបូរ​មាត់​បញ្ចើចបញ្ចើ និង​ដោយ​មាន​ចិត្ត​ពីរ។ ព្រះ‌យេហូវ៉ា​នឹង​កាត់​អស់​ទាំង​បបូរ​មាត់ បញ្ចើច​បញ្ចើ​ចេញ ព្រម​ទាំង​អណ្ដាត​ដែល​អួត​អាងយ៉ាងសម្បើម ជា​អស់​អ្នក​ដែល​ពោល​ថា «ដោយ​សារ​អណ្ដាតរបស់​យើង យើង​នឹង​ឈ្នះ បបូរ​មាត់របស់​យើង ស្រេច​លើ​យើង តើ​អ្នក​ណា​ជា​ចៅ‌ហ្វាយ​លើ​យើង?» ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ក្រោក​ឡើង​ឥឡូវ ព្រោះ​មាន​គេ​សង្កត់‌សង្កិន​មនុស្ស​ក្រីក្រ ហើយ​ព្រោះ​តែ​សម្រែក​របស់​មនុស្ស​កម្សត់​ទុគ៌ត យើង​នឹង​ដាក់​ពួក‌គេ​ឲ្យ​នៅ​ទី​សុវត្ថិភាព ដែល​គេ​ដង្ហក់​រក​នោះ»។ ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​បន្ទូល​ដ៏​សុទ្ធ​ស្អាត ដូច​ប្រាក់​ដែល​គេ​បន្សុទ្ធ​ក្នុង​ឡ​នៅ​លើ​ដី ហើយ​បាន​សម្រង់​អស់​ប្រាំពីរ​ដង។ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​នឹង​ថែ​គេ ព្រះ‌អង្គ​នឹង​ការពារ​យើង ចាប់​តាំង​ពី​មនុស្ស​ជំនាន់នេះ​តរៀង​ទៅ។ កាល​ណា​មនុស្ស​លើក​តម្កើង សេចក្ដី​លាមក​អាក្រក់​ឡើង មនុស្ស​អាក្រក់​ដើរ​ក្រវែល​គ្រប់​កន្លែង។

ទំនុកតម្កើង 12:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌អម្ចាស់​អើយ សូម​ជួយ​សង្គ្រោះ​ផង! ដ្បិត​លែង​មាន​មនុស្ស​ទៀង​ត្រង់​ទៀត​ហើយ រីឯ​មនុស្ស​មាន​ចិត្ត​ស្មោះ​ត្រង់​ក្នុង​ចំណោម មនុស្ស​លោក ក៏​បាត់​បង់​អស់​ដែរ។ ម្នាក់ៗ​គិត​តែ​និយាយ​មួល​បង្កាច់​គ្នា​ទៅ​វិញ​ទៅ​មក គេ​និយាយ​សុទ្ធ​តែ​ពាក្យ​បញ្ចើច‌បញ្ចើ​ដាក់​គ្នា តែ​មាន​ចិត្ត​មិន​ទៀង។ សូម​ព្រះ‌អម្ចាស់​បំបិទ​មាត់​ដែល​ចេះ​តែ​ពោល ពាក្យ​បញ្ចើច‌បញ្ចើ និង​កាត់​អណ្ដាត ដែល​ចេះ​តែ​និយាយ​យ៉ាង​ព្រហើន​នោះ​ទៅ។ ពួក​គេ​ពោល​ថា «ដោយ‌សារ​អណ្ដាត​របស់​យើង យើង​ធ្វើ​អ្វី ក៏​បាន​ជោគ​ជ័យ​ដែរ! យើង​និយាយ​យ៉ាង​ណា​ក៏​បាន​ដែរ គ្មាន​នរណា​ត្រួត‌ត្រា​លើ​យើង​ទេ»។ ដោយ​ព្រះអង្គ​ទត​ឃើញ​មនុស្ស​ទុគ៌ត ត្រូវ​គេ​ជិះ‌ជាន់ និង​ឮ​សម្រែក​របស់​ជន​ក្រីក្រ​ដែល​រង​ទុក្ខ​លំបាក ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ យើង​ត្រូវ​តែ​ក្រោក​ឡើង យើង​មក​សង្គ្រោះ​អស់​អ្នក​ដែល​ត្រូវ​គេ មើល‌ងាយ​បន្ទាប​បន្ថោក»។ ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ជា​ព្រះ‌បន្ទូល​ដ៏​បរិសុទ្ធ* គឺ​បរិសុទ្ធ​ជាង​ប្រាក់​ដែល​គេ​យក​ទៅ​ដុត ក្នុង​ឡ​ប្រាំ‌ពីរ​ដង​ទៅ​ទៀត។ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ធ្វើ​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ជានិច្ច ព្រះអង្គ​នឹង​ការពារ​យើង​ខ្ញុំ​ឲ្យ​រួច ពី​កណ្ដាប់​ដៃ​របស់​អ្នក​ទាំង​នោះ​រហូត​ត​ទៅ ទោះ​បី​មាន​ជន​ពាល​ដើរ​ក្រឡឹង​ជុំ‌វិញ​យើង​ខ្ញុំ ឬ​ទោះ​បី​មនុស្ស​លោក​ចេះ​តែ​ប្រព្រឹត្ត​អំពើ​ទុយ៌ស កាន់​តែ​ច្រើន​ឡើងៗ​ក៏​ដោយ។

ទំនុកតម្កើង 12:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ជួយ​ផង ដ្បិត​មនុស្ស​ដែល​កោត‌ខ្លាច​ដល់​ព្រះ គេ​កំពុង​តែ​រួញ​ថយ​ទៅ ហើយ​ពួក​មនុស្ស​ស្មោះ‌ត្រង់​ក៏​កាន់​តែ​សូន្យ​បាត់ ពី​ចំណោម​មនុស្ស​ដែរ គ្រប់​គ្នា​ពោល​តែ​សេចក្ដី​ភូត‌ភរ ដល់​អ្នក​ជិត​ខាង​ខ្លួន គេ​ពោល​ដោយ​បបូរ​មាត់​បញ្ចើច ហើយ​ដោយ​មាន​ចិត្ត​២ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​កាត់​អស់​ទាំង​បបូរ​មាត់​បញ្ចើច​ចេញ ព្រម​ទាំង​អណ្តាត ដែល​ពោល​ពាក្យ​ធំ​នោះ​ផង ជា​ពួក​មនុស្ស​ដែល​បាន​ថា យើង​នឹង​ឈ្នះ​ដោយ​អណ្តាត បបូរ​មាត់​យើង​ស្រេច​នៅ​យើង​ទេ​តើ តើ​អ្នក​ណា​ជា​ចៅហ្វាយ​លើ​យើង ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​ក្រោក​ឡើង​ឥឡូវ ដោយ​ព្រោះ​មាន​ការ​សង្កត់‌សង្កិន​ដល់​មនុស្ស​ក្រ​លំបាក ហើយ​ដោយ​ព្រោះ​ដំងូរ​របស់​មនុស្ស​កំសត់​ទុគ៌ត អញ​នឹង​ដាក់​គេ​ឲ្យ​នៅ​ទី​សាន្ត‌ត្រាណ ដែល​គេ​ដង្ហក់​រក​នោះ ឯ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា នោះ​សុទ្ធ​ស្អាត​ទាំង​អស់ គឺ​ដូច​ប្រាក់​ដែល​គេ​សាក​ក្នុង​បាវ​ធ្វើ​ពី​ដី ហើយ​បាន​សំរង​អស់​៧​ដង​ផង ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​នឹង​ថែ​រក្សា​អ្នក​ទាំង​នោះ ទ្រង់​នឹង​ជួយ​ទំនុក​បំរុង​គេ ចាប់​តាំង​ពី​ដំណ​នេះ​ជា​រៀង​រាប​ត​ទៅ កាល​ណា​មនុស្ស​លើក​ដំកើង​សេចក្ដី​លាមក​អាក្រក់​ឡើង នោះ​មនុស្ស​អាក្រក់​ក៏​ដើរ​តែ‌ពាស​គ្រប់​កន្លែង។