ទំនុកតម្កើង 119:57-72

ទំនុកតម្កើង 119:57-72 គខប

ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​សូម​ទូល​ព្រះអង្គ​ថា ការ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​ព្រះអង្គ ជា​ចំណែក​មត៌ក​របស់​ទូលបង្គំ។ ទូលបង្គំ​សូម​អង្វរ‌ករ​ព្រះអង្គ​យ៉ាង​អស់​ពី​ចិត្ត​ថា សូម​ប្រណី​សន្ដោស​ទូលបង្គំ តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ​ផង! ទូលបង្គំ​រិះគិត​អំពី​កិរិយា​មារយាទ​របស់​ទូលបង្គំ ហើយ​ទូលបង្គំ​ក៏​បោះ​ជំហាន​មក​រក​ដំបូន្មាន របស់​ព្រះអង្គ​វិញ។ ទូលបង្គំ​ប្រញាប់‌ប្រញាល់​ប្រតិបត្តិ តាម​បទ‌បញ្ជា​របស់​ព្រះអង្គ ឥត​ធ្វេស‌ប្រហែស​សោះ​ឡើយ។ មនុស្ស​អាក្រក់​បាន​ធ្វើ​ឲ្យ​ទូលបង្គំ ជាប់​អន្ទាក់​របស់​គេ តែ​ទូលបង្គំ​ឥត​ភ្លេច​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ​ទេ។ នៅ​ពាក់​កណ្ដាល​អធ្រាត្រ ទូលបង្គំ​ក្រោក​ឡើង ដើម្បី​លើក​តម្កើង​ព្រះអង្គ ព្រោះ​តែ​វិន័យ​ដ៏​ត្រឹម​ត្រូវ​របស់​ព្រះអង្គ។ ទូលបង្គំ​ជា​មិត្ត​របស់​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ និង​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម ព្រះ‌ឱវាទ​របស់​ព្រះអង្គ។ ឱ​ព្រះ‌អម្ចាស់​អើយ ផែនដី​ពេញ​ទៅ​ដោយ ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ សូម​បង្រៀន​ឲ្យ​ទូលបង្គំ​ស្គាល់​ច្បាប់ របស់​ព្រះអង្គ! ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រណី​សន្ដោស​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ផង។ សូម​បង្រៀន​ទូលបង្គំ​ឲ្យ​ដឹង​ខុស​ត្រូវ មាន​ប្រាជ្ញា ដ្បិត​ទូលបង្គំ​ទុក​ចិត្ត​លើ​បទ‌បញ្ជា​របស់​ព្រះអង្គ។ ពី​មុន​ទូលបង្គំ​បាន​វង្វេង ហើយ​រង​ទុក្ខ​វេទនា ឥឡូវ​នេះ ទូលបង្គំ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល របស់​ព្រះអង្គ​ហើយ។ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ល្អ​សប្បុរស សូម​បង្រៀន​ឲ្យ​ទូលបង្គំ​ស្គាល់​ច្បាប់ របស់​ព្រះអង្គ! មនុស្ស​អួត​បំប៉ោង​នាំ​គ្នា​បង្ខូច​កេរ្តិ៍​ឈ្មោះ​ទូលបង្គំ តែ​ទូលបង្គំ​នៅ​តែ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម ព្រះ‌ឱវាទ​របស់​ព្រះអង្គ​ជានិច្ច។ អ្នក​ទាំង​នោះ​ជា​មនុស្ស​អត់​ចិត្ត រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​ពេញ​ចិត្ត​នឹង​ក្រឹត្យ‌វិន័យ របស់​ព្រះអង្គ​ណាស់។ ទូលបង្គំ​រង​ទុក្ខ​វេទនា​ដូច្នេះ ក៏​ប្រពៃ​ម្យ៉ាង​ដែរ ព្រោះ​ទូលបង្គំ​អាច​រៀន​ច្បាប់​របស់​ព្រះអង្គ។ ចំពោះ​ទូលបង្គំ ទោះ​បី​មាស​ប្រាក់ ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​គ្មាន​តម្លៃ​ស្មើ​នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ​ដែរ។