ទំនុកតម្កើង 11:1-7

ទំនុកតម្កើង 11:1-7 គខប

ខ្ញុំ​មក​ជ្រក​កោន​ជា​មួយ​ព្រះ‌អម្ចាស់​ហើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រាប់​ខ្ញុំ ឲ្យ​រត់​ទៅ​ជ្រក​នៅ​តាម​ភ្នំ ដូច​សត្វ​ស្លាប​ទៅ​វិញ​ដូច្នេះ? -ពួក​ជន​ពាល​បាន​យឹត​ធ្នូ ភ្ជាប់​ព្រួញ​ទៅ​នឹង​ខ្សែ បម្រុង​នឹង​បាញ់​ចេញ​ពី​ទី​ងងឹត សំដៅ​ទៅ​លើ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់។ ប្រសិន​បើ​អ្វីៗ​ដែល​ជា​មូល​ដ្ឋាន​នៃ​សង្គម​ត្រូវ​រលំ​អស់ តើ​មនុស្ស​សុចរិត​នឹង​ធ្វើ​អ្វី​កើត? -ព្រះ‌អម្ចាស់​គង់​នៅ​ក្នុង​ព្រះ‌វិហារ​ដ៏វិសុទ្ធ* របស់​ព្រះអង្គ បល្ល័ង្ក​របស់​ព្រះអង្គ​ស្ថិត​នៅ​ក្នុង​ស្ថាន​បរម‌សុខ ព្រះអង្គ​ទត​មើល ហើយ​ឈ្វេង​យល់​អ្វីៗ​ទាំង​អស់ ដែល​មនុស្ស​លោក​ធ្វើ។ ព្រះ‌អម្ចាស់​ឈ្វេង​យល់​ចិត្ត​មនុស្ស​សុចរិត តែ​ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​មនុស្ស​ពាល ព្រម​ទាំង​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​ទេ។ សូម​ព្រះអង្គ​ដាក់​ទោស​មនុស្ស​ពាល ដោយ​ធ្វើ​ឲ្យ​មាន​រងើក​ភ្លើង និង​ស្ពាន់‌ធ័រ បង្អុរ​ចុះ​មក​លើ​ពួក​គេ​ដូច​ជា​ភ្លៀង ហើយ​សូម​ឲ្យ​ខ្យល់​ក្ដៅ បក់​បោក​មក​លើ​ពួក​គេ​ដែរ។ ដ្បិត​ព្រះ‌អម្ចាស់​ទ្រង់​សុចរិត ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​នឹង​កិច្ចការ​ណា ដែល​សុចរិត។ មនុស្ស​មាន​ចិត្ត​ទៀង​ត្រង់ មុខ​ជា​បាន​ឃើញ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ។