ទំនុកតម្កើង 11:1-7 - Compare All Versions
ទំនុកតម្កើង 11:1-7 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ខ្ញុំយកព្រះយេហូវ៉ាជាទីពឹងជ្រក តើអ្នកអាចនិយាយមកខ្ញុំដូចម្ដេចបានថា «ចូររត់ទៅឯភ្នំរបស់ឯង ដូចជាសត្វហើរចុះ ? ដ្បិតមើល៍ ពួកមនុស្សអាក្រក់គេយឹតធ្នូ គេដំឡើងព្រួញនៅជាប់នឹងខ្សែ ដើម្បីបាញ់ពីទីងងឹត ចំអស់អ្នកដែលមានចិត្តទៀងត្រង់ ប្រសិនបើគ្រឹះត្រូវបំផ្លាញ នោះតើមនុស្សសុចរិតនឹងអាចធ្វើអ្វីបាន?» ព្រះយេហូវ៉ាគង់ក្នុងព្រះវិហារបរិសុទ្ធ របស់ព្រះអង្គ ឯបល្ល័ង្ករបស់ព្រះយេហូវ៉ា ស្ថិតនៅស្ថានសួគ៌ ព្រះនេត្រព្រះអង្គទតមើល ត្របកព្រះនេត្រព្រះអង្គពិចារណា មើលមនុស្សជាតិទាំងឡាយ។ ព្រះយេហូវ៉ាល្បងលមនុស្សសុចរិត តែព្រះអង្គមានព្រះហឫទ័យស្អប់មនុស្សអាក្រក់ និងអស់អ្នកដែលចូលចិត្តអំពើឃៅរឃៅ។ សូមព្រះអង្គបង្អុរភ្លៀងជាអន្ទាក់ មកលើមនុស្សអាក្រក់ គឺជាភ្លើងឆេះ និងស្ពាន់ធ័រ ហើយខ្យល់ក្តៅក្រហាយ នឹងបានជាចំណែកក្នុងពែងរបស់គេ។ ដ្បិតព្រះយេហូវ៉ាសុចរិត ព្រះអង្គស្រឡាញ់អំពើសុចរិត មនុស្សទៀងត្រង់នឹងបានឃើញ ព្រះភក្ត្រព្រះអង្គ។
ទំនុកតម្កើង 11:1-7 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ខ្ញុំមកជ្រកកោនជាមួយព្រះអម្ចាស់ហើយ ហេតុអ្វីបានជាអ្នករាល់គ្នាប្រាប់ខ្ញុំ ឲ្យរត់ទៅជ្រកនៅតាមភ្នំ ដូចសត្វស្លាបទៅវិញដូច្នេះ? -ពួកជនពាលបានយឹតធ្នូ ភ្ជាប់ព្រួញទៅនឹងខ្សែ បម្រុងនឹងបាញ់ចេញពីទីងងឹត សំដៅទៅលើអស់អ្នកដែលមានចិត្តទៀងត្រង់។ ប្រសិនបើអ្វីៗដែលជាមូលដ្ឋាននៃសង្គមត្រូវរលំអស់ តើមនុស្សសុចរិតនឹងធ្វើអ្វីកើត? -ព្រះអម្ចាស់គង់នៅក្នុងព្រះវិហារដ៏វិសុទ្ធ* របស់ព្រះអង្គ បល្ល័ង្ករបស់ព្រះអង្គស្ថិតនៅក្នុងស្ថានបរមសុខ ព្រះអង្គទតមើល ហើយឈ្វេងយល់អ្វីៗទាំងអស់ ដែលមនុស្សលោកធ្វើ។ ព្រះអម្ចាស់ឈ្វេងយល់ចិត្តមនុស្សសុចរិត តែព្រះអង្គមិនសព្វព្រះហឫទ័យនឹងមនុស្សពាល ព្រមទាំងអ្នកដែលប្រព្រឹត្តអំពើឃោរឃៅទេ។ សូមព្រះអង្គដាក់ទោសមនុស្សពាល ដោយធ្វើឲ្យមានរងើកភ្លើង និងស្ពាន់ធ័រ បង្អុរចុះមកលើពួកគេដូចជាភ្លៀង ហើយសូមឲ្យខ្យល់ក្ដៅ បក់បោកមកលើពួកគេដែរ។ ដ្បិតព្រះអម្ចាស់ទ្រង់សុចរិត ព្រះអង្គសព្វព្រះហឫទ័យនឹងកិច្ចការណា ដែលសុចរិត។ មនុស្សមានចិត្តទៀងត្រង់ មុខជាបានឃើញព្រះភ័ក្ត្ររបស់ព្រះអង្គ។
ទំនុកតម្កើង 11:1-7 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ខ្ញុំយកព្រះយេហូវ៉ាជាទីពឹងជ្រក ធ្វើដូចម្តេចឲ្យអ្នកបាននិយាយនឹងខ្ញុំថា ចូររត់ទៅឯភ្នំរបស់ឯង ដូចជាសត្វហើរចុះ ដ្បិតមើល ពួកមនុស្សអាក្រក់គេយឹតធ្នូ គេដំឡើងព្រួញនៅជាប់នឹងខ្សែ ដើម្បីបាញ់ពីទីងងឹត ចំអស់អ្នកដែលមានចិត្តទៀងត្រង់ បើសិនជាគោលប្រធានត្រូវបំផ្លាញ នោះតើមនុស្សសុចរិតនឹងអាចធ្វើអ្វីបាន ព្រះយេហូវ៉ាទ្រង់គង់ក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ ឯបល្ល័ង្កនៃព្រះយេហូវ៉ា នោះនៅលើស្ថានសួគ៌ ព្រះនេត្រទ្រង់ទតមើល ត្របកព្រះនេត្រទ្រង់ពិចារណា មើលមនុស្សជាតិទាំងឡាយ ព្រះយេហូវ៉ាទ្រង់ល្បងលមនុស្សសុចរិត តែទ្រង់មានព្រះហឫទ័យស្អប់ដល់មនុស្សអាក្រក់ នឹងពួកអ្នកដែលចូលចិត្តខាងសេចក្ដីច្រឡោតវិញ ទ្រង់នឹងបង្អុរឲ្យភ្លៀងជាអន្ទាក់មកលើមនុស្សអាក្រក់ គឺជាភ្លើងឆេះ នឹងស្ពាន់ធ័រ ហើយខ្យល់ក្តៅក្រហាយ នោះនឹងបានជាចំណែកក្នុងពែងរបស់គេ ដ្បិតព្រះយេហូវ៉ាទ្រង់សុចរិត ទ្រង់ក៏ស្រឡាញ់សេចក្ដីសុចរិតដែរ មនុស្សទៀងត្រង់នឹងបានឃើញព្រះភក្ត្រទ្រង់។