ទំនុកតម្កើង 106:13-26

ទំនុកតម្កើង 106:13-26 គខប

ប៉ុន្តែ ក្រោយ​មក ពួក​គេ​ឆាប់​ភ្លេច​ពី​កិច្ចការ ដែល​ព្រះអង្គ​បាន​ធ្វើ ពួក​គេ​ពុំ​បាន​រង់‌ចាំ​ឲ្យ​ព្រះអង្គ សម្រេច​តាម​គម្រោង‌ការ​របស់​ព្រះអង្គ​ឡើយ។ នៅ​វាល​រហោ‌ស្ថាន​ពួក​គេ​មាន​ចិត្ត​លោភ‌លន់ ហើយ​នាំ​គ្នា​ល្បង‌ល​ព្រះអង្គ នៅ​វាល​ដ៏​ហួត‌ហែង​នោះ។ ព្រះអង្គ​បាន​ប្រទាន​ឲ្យ​គេ​នូវ​អាហារ ដែល​គេ​ទាម‌ទារ គឺ​ព្រះអង្គ​ធ្វើ​ឲ្យ​ពួក​គេ​បាន​ឆ្អែត រហូត​ដល់​ធុញ‌ទ្រាន់។ នៅ​ក្នុង​ជំរំ ពួក​គេ​នាំ​គ្នា​ច្រណែន​នឹង​លោក​ម៉ូសេ ហើយ​ច្រណែន​នឹង​លោក​អើរ៉ុន ដែល​ជា​អ្នក​បម្រើ​ដ៏វិសុទ្ធ​របស់​ព្រះ‌អម្ចាស់ ពេល​នោះ ដី​ក៏​ប្រេះ​លេប​លោក​ដាថាន ព្រម​ទាំង​ស្រូប​បក្ស​ពួក របស់​លោក​អប៊ី‌រ៉ាម​ទៀត​ផង។ មាន​ភ្លើង​មក​ឆេះ​បក្ស​ពួក​របស់​គេ ហើយ​អណ្ដាត​ភ្លើង​ឆាប‌ឆេះ​មនុស្ស អាក្រក់​ទាំង​នោះ​អស់​គ្មាន​សល់។ ក្រោយ​មក ពួក​គេ​ឆ្លាក់​រូប​កូន​គោ​មួយ នៅ​ភ្នំ​ហោរែប ហើយ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​រូប ដែល​ធ្វើ​ពី​លង្ហិន​នោះ។ ពួក​គេ​បែរ​ជា​យក​រូប​សត្វ​ដែល​ស៊ី​ស្មៅ មក​ថ្វាយ‌បង្គំ​ជំនួស​ព្រះ‌ជាម្ចាស់ ប្រកប​ដោយ​សិរី‌រុងរឿង​វិញ។ ពួក​គេ​ភ្លេច​ថា​ព្រះ‌ជាម្ចាស់​បាន​សង្គ្រោះ​ពួក​គេ ដោយ​ស្នា‌ព្រះ‌ហស្ដ​ដ៏​ឧត្តុង្គ‌ឧត្ដម​នៅ​ស្រុក​អេស៊ីប គឺ​ការ​អស្ចារ្យ​ផ្សេងៗ​នៅ​ស្រុក របស់​កូន​ចៅ​លោក​ហាំ និង​ដោយ​ស្នា​ព្រះ‌ហស្ដ​ដ៏​គួរ​ឲ្យ ស្ញែង​ខ្លាច​នៅ​សមុទ្រ​កក់។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា នឹង​កម្ទេច​ប្រជា‌រាស្ត្រ​នេះ ប៉ុន្តែ លោក​ម៉ូសេ​ដែល​ព្រះអង្គ​ជ្រើស​រើស បាន​ឃាត់​ព្រះអង្គ​មិន​ឲ្យ​លុប​បំបាត់​ពួក​គេ តាម​ព្រះ‌ពិរោធ​របស់​ព្រះអង្គ​ឡើយ។ បន្ទាប់​មក​ទៀត ពួក​គេ​ចង់​បដិសេធ មិន​ចូល​ទៅ​ក្នុង​ទឹក​ដី​ដ៏​សម្បូណ៌​សប្បាយ ពួក​គេ​ពុំ​ព្រម​ជឿ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ទេ ពួក​គេ​នាំ​គ្នា​រអ៊ូ‌រទាំ​នៅ​ក្នុង​ជំរំ​រៀងៗ​ខ្លួន មិន​ព្រម​ស្ដាប់​ព្រះ‌សូរសៀង របស់​ព្រះ‌អម្ចាស់​ឡើយ។ ដូច្នេះ ព្រះអង្គ​ក៏​ប្រកាស​យ៉ាង​ដាច់​ខាត​ថា នឹង​ទុក​ពួក​គេ​ឲ្យ​វិនាស នៅ​ក្នុង​វាល​រហោ‌ស្ថាន