ទំនុកតម្កើង 106:13-26

ទំនុកតម្កើង 106:13-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

៙ ប៉ុន្ដែ មិន​យូរ​ប៉ុន្មាន គេ​ក៏​ភ្លេច​ពី​កិច្ច‌ការ​របស់​ព្រះ‌អង្គ ហើយ​មិន​បាន​រង់‌ចាំ​ស្តាប់​ដំ‌បូន្មាន របស់​ព្រះ‌អង្គ​ឡើយ។ គឺ​គេ​មាន​ចិត្ត​ខ្មួល‌ខ្មាញ់​នៅ​ទី​រហោ‌ស្ថាន ហើយ​ល្បង‌ល​ព្រះ​នៅ​ទី​ហួត‌ហែង ព្រះ‌អង្គ​ក៏បាន​ប្រទាន​តាម​សំណូម​របស់​គេ តែ​ក៏​ចាត់​ឲ្យ​មាន​សេចក្ដី​ក្រៀម​ស្ងួត នៅ​ក្នុង​ចិត្ត​គេ​វិញ។ ៙ កាល​មនុស្ស​ក្នុង​ជំរំ​ច្រណែន​នឹងលោក​ម៉ូសេ ហើយ​នឹង​លោក​អើរ៉ុន ជា​អ្នក​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា នោះ​ផែនដី​ក៏​ប្រេះ​ហា ហើយ​ស្រូប​យក​ដាថាន រួច​គ្រប​លើ​បក្ស​ពួក​របស់​អ័ប៊ីរ៉ាម​ទៀត​ផង។ មាន​ភ្លើង​ឆេះ​ឡើង​ក្នុង​បក្ស​ពួក​របស់​គេ អណ្ដាត​ភ្លើង​ក៏​ឆាប​ឆេះ មនុស្ស​អាក្រក់​ទាំង​នោះទៅ។ ៙ គេ​បាន​ធ្វើ​រូប​កូន​គោ​នៅ​ភ្នំ​ហោរែប ហើយ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​រូប ដែល​ធ្វើ​ពី​លោហធាតុ។ គេ​បាន​ប្តូរ​យក​រូប​ដូច​គោ​ដែល​ស៊ី​ស្មៅ ជំនួស​ព្រះ​ដែល​ប្រកប​ដោយ​សិរី‌ល្អ​វិញ ។ គេ​បាន​ភ្លេច​ព្រះ​ដែល​សង្គ្រោះ​គេ ជា​ព្រះ​ដែល​បាន​ធ្វើ​ការ​យ៉ាង​ធំ​សម្បើម នៅ​ស្រុក​អេស៊ីព្ទ គឺ​ជា​ការ​យ៉ាង​អស្ចារ្យ​នៅ​ស្រុក​ហាំ និង​ការ​គួរ​ស្ញែង​ខ្លាច​នៅ​សមុទ្រ​ក្រហម។ ដូច្នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា​នឹង​បំផ្លាញ​គេ ប៉ុន្តែ លោក​ម៉ូសេជា​អ្នក ដែល​ព្រះ‌អង្គបាន​ជ្រើស​រើស លោក​បាន​ឈរ​ក្នុង​ទីបែក​បាក់ នៅ​ចំពោះ​ព្រះ‌អង្គ ដើម្បី​បង្វែរ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​ចេញ ក្រែង​ព្រះ‌អង្គ​បំផ្លាញ​គេ។ ៙ បន្ទាប់មក គេ​បាន​មើល‌ងាយ ស្រុក​ដ៏​សប្បាយ​នោះ គេ​មិន​បាន​ជឿ​ព្រះ‌បន្ទូលរបស់​ព្រះ‌អង្គ​ទេ។ គេនាំ​គ្នា​រទូ‌រទាំ​នៅ​ក្នុង​ជំរំ​រៀងៗ​ខ្លួន ហើយមិន​ស្តាប់​តាម​ព្រះ‌សូរ‌សៀង របស់​ព្រះ‌យេហូវ៉ា​ឡើយ។ ដូច្នេះ ព្រះ‌អង្គ​ក៏​លើក​ព្រះ‌ហស្ត​ឡើង ស្បថ​នឹង​គេ​ថា ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​គេ​ដួល​ស្លាប់ នៅ​ក្នុង​ទី​រហោ‌ស្ថាន

ទំនុកតម្កើង 106:13-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប៉ុន្តែ ក្រោយ​មក ពួក​គេ​ឆាប់​ភ្លេច​ពី​កិច្ចការ ដែល​ព្រះអង្គ​បាន​ធ្វើ ពួក​គេ​ពុំ​បាន​រង់‌ចាំ​ឲ្យ​ព្រះអង្គ សម្រេច​តាម​គម្រោង‌ការ​របស់​ព្រះអង្គ​ឡើយ។ នៅ​វាល​រហោ‌ស្ថាន​ពួក​គេ​មាន​ចិត្ត​លោភ‌លន់ ហើយ​នាំ​គ្នា​ល្បង‌ល​ព្រះអង្គ នៅ​វាល​ដ៏​ហួត‌ហែង​នោះ។ ព្រះអង្គ​បាន​ប្រទាន​ឲ្យ​គេ​នូវ​អាហារ ដែល​គេ​ទាម‌ទារ គឺ​ព្រះអង្គ​ធ្វើ​ឲ្យ​ពួក​គេ​បាន​ឆ្អែត រហូត​ដល់​ធុញ‌ទ្រាន់។ នៅ​ក្នុង​ជំរំ ពួក​គេ​នាំ​គ្នា​ច្រណែន​នឹង​លោក​ម៉ូសេ ហើយ​ច្រណែន​នឹង​លោក​អើរ៉ុន ដែល​ជា​អ្នក​បម្រើ​ដ៏វិសុទ្ធ​របស់​ព្រះ‌អម្ចាស់ ពេល​នោះ ដី​ក៏​ប្រេះ​លេប​លោក​ដាថាន ព្រម​ទាំង​ស្រូប​បក្ស​ពួក របស់​លោក​អប៊ី‌រ៉ាម​ទៀត​ផង។ មាន​ភ្លើង​មក​ឆេះ​បក្ស​ពួក​របស់​គេ ហើយ​អណ្ដាត​ភ្លើង​ឆាប‌ឆេះ​មនុស្ស អាក្រក់​ទាំង​នោះ​អស់​គ្មាន​សល់។ ក្រោយ​មក ពួក​គេ​ឆ្លាក់​រូប​កូន​គោ​មួយ នៅ​ភ្នំ​ហោរែប ហើយ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​រូប ដែល​ធ្វើ​ពី​លង្ហិន​នោះ។ ពួក​គេ​បែរ​ជា​យក​រូប​សត្វ​ដែល​ស៊ី​ស្មៅ មក​ថ្វាយ‌បង្គំ​ជំនួស​ព្រះ‌ជាម្ចាស់ ប្រកប​ដោយ​សិរី‌រុងរឿង​វិញ។ ពួក​គេ​ភ្លេច​ថា​ព្រះ‌ជាម្ចាស់​បាន​សង្គ្រោះ​ពួក​គេ ដោយ​ស្នា‌ព្រះ‌ហស្ដ​ដ៏​ឧត្តុង្គ‌ឧត្ដម​នៅ​ស្រុក​អេស៊ីប គឺ​ការ​អស្ចារ្យ​ផ្សេងៗ​នៅ​ស្រុក របស់​កូន​ចៅ​លោក​ហាំ និង​ដោយ​ស្នា​ព្រះ‌ហស្ដ​ដ៏​គួរ​ឲ្យ ស្ញែង​ខ្លាច​នៅ​សមុទ្រ​កក់។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា នឹង​កម្ទេច​ប្រជា‌រាស្ត្រ​នេះ ប៉ុន្តែ លោក​ម៉ូសេ​ដែល​ព្រះអង្គ​ជ្រើស​រើស បាន​ឃាត់​ព្រះអង្គ​មិន​ឲ្យ​លុប​បំបាត់​ពួក​គេ តាម​ព្រះ‌ពិរោធ​របស់​ព្រះអង្គ​ឡើយ។ បន្ទាប់​មក​ទៀត ពួក​គេ​ចង់​បដិសេធ មិន​ចូល​ទៅ​ក្នុង​ទឹក​ដី​ដ៏​សម្បូណ៌​សប្បាយ ពួក​គេ​ពុំ​ព្រម​ជឿ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ទេ ពួក​គេ​នាំ​គ្នា​រអ៊ូ‌រទាំ​នៅ​ក្នុង​ជំរំ​រៀងៗ​ខ្លួន មិន​ព្រម​ស្ដាប់​ព្រះ‌សូរសៀង របស់​ព្រះ‌អម្ចាស់​ឡើយ។ ដូច្នេះ ព្រះអង្គ​ក៏​ប្រកាស​យ៉ាង​ដាច់​ខាត​ថា នឹង​ទុក​ពួក​គេ​ឲ្យ​វិនាស នៅ​ក្នុង​វាល​រហោ‌ស្ថាន

ទំនុកតម្កើង 106:13-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

៙ តែ​មិន​យូរ​ប៉ុន្មាន ក៏​ភ្លេច​កិច្ច‌ការ​របស់​ទ្រង់​ទៅ ហើយ​មិន​បាន​រង់‌ចាំ​ស្តាប់​សេចក្ដី​ដំបូន្មាន​របស់​ទ្រង់​ទេ គឺ​គេ​មាន​ចិត្ត​ខ្មួល‌ខ្មាញ់​នៅ​ទី​រហោ‌ស្ថាន ក៏​ល្បង‌ល​ព្រះ​នៅ​ទី​ហួត‌ហែង​វិញ ទ្រង់​ក៏​ព្រម​ប្រទាន​តាម​សេចក្ដី​សំណូម​របស់​គេ តែ​ទ្រង់​ឲ្យ​មាន​សេចក្ដី​ក្រៀម​ស្ងួត​នៅ​ក្នុង​ចិត្ត​គេ​វិញ គេ​ក៏​មាន​សេចក្ដី​ច្រណែន​នឹង​ម៉ូសេ នៅ​ក្នុង​ទី​ដំឡើង​ត្រសាល ហើយ​នឹង​អើរ៉ុន ដែល​ជា​អ្នក​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា​ដែរ នោះ​ផែនដី​ក៏​ប្រេះ​ហា ស្រូប​យក​ដាថាន​ទៅ ហើយ​គ្រប​លើ​អ័ប៊ីរ៉ាម នឹង​ពួក​គាត់ មាន​ភ្លើង​ឆេះ​ឡើង​ក្នុង​ពួក​គេ អណ្តាត​ភ្លើង​នោះ​ក៏​បញ្ឆេះ​មនុស្ស​អាក្រក់​ទៅ។ ៙ គេ​បាន​ធ្វើ​រូប​កូន​គោ​នៅ​ត្រង់​ភ្នំ​ហោរែប ហើយ​បាន​ក្រាប​ថ្វាយ‌បង្គំ​ចំពោះ​រូប​សិត​នោះ គឺ​យ៉ាង​នោះ​ដែល​គេ​បាន​ប្តូរ​ព្រះ​ដ៏​ជា​សិរី‌ល្អ​នៃ​គេ ឲ្យ​បាន​ជា​រូប​ដូច​គោ​ដែល​ស៊ី​ស្មៅ​វិញ គេ​បាន​ភ្លេច​ព្រះ​ដែល​ជួយ​សង្គ្រោះ​គេ ជា​ព្រះ​ដែល​បាន​ធ្វើ​ការ​យ៉ាង​ធំ​សំបើម​នៅ​ស្រុក​អេស៊ីព្ទ គឺ​ជា​ការ​យ៉ាង​អស្ចារ្យ​នៅ​ស្រុក​ហាំ នឹង​ការ​គួរ​ស្ញែង​ខ្លាច​នៅ​ត្រង់​សមុទ្រ​ក្រហម ដូច្នេះ ទ្រង់​បាន​មាន​បន្ទូល​ថា​នឹង​បំផ្លាញ​គេ​បង់ ប៉ុន្តែម៉ូសេ ជា​អ្នក​រើស​តាំង​របស់​ទ្រង់ លោក​បាន​ឈរ​នៅ​ចំពោះ​ទ្រង់ ក្នុង​ដំណើរ​រំលង​នោះ ដើម្បី​នឹង​បង្វែរ​សេចក្ដី​ក្រោធ​របស់​ទ្រង់​ចេញ ក្រែង​ទ្រង់​បំផ្លាញ​គេ​មែន។ ៙ អើ គេ​បាន​មើល‌ងាយ​ស្រុក​ដ៏​សប្បាយ​នោះ គេ​មិន​បាន​ជឿ​ព្រះ‌បន្ទូល​ទ្រង់​ទេ គឺ​បាន​រទូ‌រទាំ​នៅ​ក្នុង​ត្រសាល​គេ​វិញ ឥត​ស្តាប់​តាម​ព្រះ‌សូរ‌សៀង​នៃ​ព្រះ‌យេហូវ៉ា​ឡើយ ដូច្នេះ ទ្រង់​ក៏​លើក​ព្រះ‌ហស្ត​ឡើង​ស្បថ​នឹង​គេ​ថា ទ្រង់​នឹង​ឲ្យ​គេ​ដួល​នៅ​ក្នុង​ទី​រហោ‌ស្ថាន