ទំនុកតម្កើង 106:1-48
ទំនុកតម្កើង 106:1-48 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហាលេលូយ៉ា ! ឱចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរស របស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ តើអ្នកណាអាចរៀបរាប់អំពីស្នាព្រះហស្ដ ដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា ឬប្រកាសអំពីការទាំងប៉ុន្មាន ដើម្បីសរសើរតម្កើងព្រះអង្គបាន? មានពរហើយ អស់អ្នកដែលរក្សាសេចក្ដីយុត្តិធម៌ ជាអ្នកដែលប្រព្រឹត្តតាមសេចក្ដីសុចរិត គ្រប់ពេលវេលា។ ៙ ឱព្រះយេហូវ៉ាអើយ ពេលព្រះអង្គសម្ដែងព្រះហឫទ័យ ប្រោសប្រណីដល់ប្រជារាស្ត្រព្រះអង្គ សូមនឹកចាំពីទូលបង្គំផង! ពេលព្រះអង្គសង្គ្រោះគេ សូមជួយទូលបង្គំ ដើម្បីឲ្យទូលបង្គំបានឃើញភាពចម្រុងចម្រើន របស់ពួកអ្នកដែលព្រះអង្គបានជ្រើសរើស ហើយឲ្យទូលបង្គំបានសប្បាយរីករាយ រួមជាមួយជាតិសាសន៍របស់ព្រះអង្គ ដើម្បីឲ្យទូលបង្គំបានខ្ពស់មុខ រួមជាមួយមត៌ករបស់ព្រះអង្គ។ ៙ ទាំងយើងខ្ញុំ និងបុព្វបុរសរបស់យើងខ្ញុំ បានប្រព្រឹត្តអំពើបាប យើងខ្ញុំបានប្រព្រឹត្តអំពើទុច្ចរិត គឺយើងបានប្រព្រឹត្តអំពើអាក្រក់។ កាលនៅស្រុកអេស៊ីព្ទ បុព្វបុរសរបស់យើងខ្ញុំ មិនបានពិចារណាអំពីការដ៏អស្ចារ្យ របស់ព្រះអង្គទេ ក៏មិនបាននឹកចាំពីព្រះហឫទ័យសប្បុរស ដ៏បរិបូររបស់ព្រះអង្គដែរ គឺគេបានបះបោរនៅមាត់សមុទ្រ គឺនៅសមុទ្រក្រហម ។ ក៏ប៉ុន្ដែ ព្រះអង្គបានសង្គ្រោះគេ ដោយយល់ដល់ព្រះនាមព្រះអង្គ ដើម្បីឲ្យគេស្គាល់ព្រះចេស្តា ដ៏ខ្លាំងពូកែរបស់ព្រះអង្គ។ ព្រះអង្គបានបន្ទោសសមុទ្រក្រហម សមុទ្រនោះក៏រីងទៅ ហើយព្រះអង្គបាននាំគេដើរកាត់ទីជម្រៅ ដូចដើរកាត់វាលខ្សាច់។ ព្រះអង្គបានសង្គ្រោះគេ ពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ក៏រំដោះគេឲ្យរួចពីអំណាចរបស់ខ្មាំងសត្រូវ។ ទឹកសមុទ្របានហូរគ្របលើបច្ចាមិត្តរបស់គេ គ្មានសល់អ្នកណាម្នាក់ឡើយ។ ពេលនោះ គេក៏ជឿព្រះបន្ទូលរបស់ព្រះអង្គ ហើយនាំគ្នាច្រៀងសរសើរតម្កើងព្រះអង្គ។ ៙ ប៉ុន្ដែ មិនយូរប៉ុន្មាន គេក៏ភ្លេចពីកិច្ចការរបស់ព្រះអង្គ ហើយមិនបានរង់ចាំស្តាប់ដំបូន្មាន របស់ព្រះអង្គឡើយ។ គឺគេមានចិត្តខ្មួលខ្មាញ់នៅទីរហោស្ថាន ហើយល្បងលព្រះនៅទីហួតហែង ព្រះអង្គក៏បានប្រទានតាមសំណូមរបស់គេ តែក៏ចាត់ឲ្យមានសេចក្ដីក្រៀមស្ងួត នៅក្នុងចិត្តគេវិញ។ ៙ កាលមនុស្សក្នុងជំរំច្រណែននឹងលោកម៉ូសេ ហើយនឹងលោកអើរ៉ុន ជាអ្នកបរិសុទ្ធរបស់ព្រះយេហូវ៉ា នោះផែនដីក៏ប្រេះហា ហើយស្រូបយកដាថាន រួចគ្របលើបក្សពួករបស់អ័ប៊ីរ៉ាមទៀតផង។ មានភ្លើងឆេះឡើងក្នុងបក្សពួករបស់គេ អណ្ដាតភ្លើងក៏ឆាបឆេះ មនុស្សអាក្រក់ទាំងនោះទៅ។ ៙ គេបានធ្វើរូបកូនគោនៅភ្នំហោរែប ហើយនាំគ្នាក្រាបថ្វាយបង្គំរូប ដែលធ្វើពីលោហធាតុ។ គេបានប្តូរយករូបដូចគោដែលស៊ីស្មៅ ជំនួសព្រះដែលប្រកបដោយសិរីល្អវិញ ។ គេបានភ្លេចព្រះដែលសង្គ្រោះគេ ជាព្រះដែលបានធ្វើការយ៉ាងធំសម្បើម នៅស្រុកអេស៊ីព្ទ គឺជាការយ៉ាងអស្ចារ្យនៅស្រុកហាំ និងការគួរស្ញែងខ្លាចនៅសមុទ្រក្រហម។ ដូច្នេះ ព្រះអង្គមានព្រះបន្ទូលថានឹងបំផ្លាញគេ ប៉ុន្តែ លោកម៉ូសេជាអ្នក ដែលព្រះអង្គបានជ្រើសរើស លោកបានឈរក្នុងទីបែកបាក់ នៅចំពោះព្រះអង្គ ដើម្បីបង្វែរសេចក្ដីក្រោធរបស់ព្រះអង្គចេញ ក្រែងព្រះអង្គបំផ្លាញគេ។ ៙ បន្ទាប់មក គេបានមើលងាយ ស្រុកដ៏សប្បាយនោះ គេមិនបានជឿព្រះបន្ទូលរបស់ព្រះអង្គទេ។ គេនាំគ្នារទូរទាំនៅក្នុងជំរំរៀងៗខ្លួន ហើយមិនស្តាប់តាមព្រះសូរសៀង របស់ព្រះយេហូវ៉ាឡើយ។ ដូច្នេះ ព្រះអង្គក៏លើកព្រះហស្តឡើង ស្បថនឹងគេថា ព្រះអង្គនឹងធ្វើឲ្យគេដួលស្លាប់ នៅក្នុងទីរហោស្ថាន ហើយឲ្យពូជពង្សរបស់គេដួលស្លាប់ នៅកណ្ដាលជាតិសាសន៍នានា ព្រមទាំងកម្ចាត់កម្ចាយគេ ឲ្យទៅនៅពាសពេញស្រុករបស់សាសន៍ដទៃ។ ៙ បន្ទាប់មក គេទៅភ្ជាប់ខ្លួន នឹងព្រះបាល-ពេអរ ហើយបានបរិភោគសំណែន ដែលបានថ្វាយទៅព្រះដែលគ្មានជីវិត គេបានធ្វើឲ្យព្រះយេហូវ៉ាខ្ញាល់ ដោយសារអំពើរបស់គេ ហើយគ្រោះកាចក៏កើតឡើង ក្នុងចំណោមពួកគេ។ ពេលនោះ ភីនេហាសក៏ឈរឡើង ហើយធ្វើអន្តរាគមន៍ រួចគ្រោះកាចនោះក៏ស្ងប់ទៅវិញ។ ការនោះបានរាប់ជាសុចរិតដល់ភីនេហាស ជារៀងរហូត ដល់មនុស្សគ្រប់ជំនាន់តរៀងទៅ។ ៙ ពួកគេបានធ្វើឲ្យព្រះអង្គខ្ញាល់ នៅត្រង់ទឹកមេរីបាទៀត ហើយការនោះជាហេតុនាំឲ្យលោកម៉ូសេ មានទោសដោយសារតែពួកគេ ដ្បិតគេធ្វើឲ្យចិត្តលោកជូរល្វីង ហើយបបូរមាត់លោកក៏និយាយចេញមក ដោយមិនបានគិត។ ៙ គេមិនបានបំផ្លាញប្រជាជនទាំងប៉ុន្មាន ដូចព្រះយេហូវ៉ាបានបង្គាប់ទេ តែគេបែរជាប្រព្រឹត្តច្របូកច្របល់ ជាមួយជាតិសាសន៍ដទៃ ហើយរៀនប្រព្រឹត្តដូចជាសាសន៍ ទាំងនោះទៅវិញ។ គេគោរពប្រតិបត្តិរូបព្រះ របស់សាសន៍ទាំងនោះ ជាការដែលត្រឡប់ជាអន្ទាក់ដល់គេ។ គេបានយកកូនប្រុសកូនស្រីរបស់គេ ទៅធ្វើយញ្ញបូជាឲ្យអារក្ស គេកម្ចាយឈាមមនុស្សដែលគ្មានទោស គឺជាឈាមកូនប្រុសកូនស្រីរបស់ខ្លួន ដែលគេយកទៅធ្វើយញ្ញបូជា ឲ្យរូបព្រះនៅស្រុកកាណាន ហើយស្រុកនោះក៏ត្រឡប់ជាស្មោកគ្រោក ដោយសារឈាម។ ដូច្នេះ គេបានធ្វើឲ្យខ្លួនមានសៅហ្មង ដោយសារអំពើដែលប្រព្រឹត្ត ហើយបានក្បត់ព្រះដោយសារអំពើរបស់គេ។ ៙ ពេលនោះ សេចក្ដីក្រោធរបស់ព្រះយេហូវ៉ា បានឆួលឡើងទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះអង្គក៏ស្អប់ខ្ពើមមត៌ករបស់ព្រះអង្គ។ ព្រះអង្គបានប្រគល់គេទៅក្នុងកណ្ដាប់ដៃ ជាតិសាសន៍ដទៃ ដើម្បីឲ្យអស់អ្នកដែលស្អប់គេ បានគ្រប់គ្រងលើគេ។ ខ្មាំងសត្រូវរបស់គេបានសង្កត់សង្កិនគេ ហើយបង្ក្រាបគេ ឲ្យនៅក្រោមអំណាចរបស់ខ្លួន។ ព្រះអង្គបានរំដោះគេជាច្រើនលើកច្រើនគ្រា ប៉ុន្តែ គេនៅតែតាំងចិត្តបះបោរ ហើយគេបានធ្វើឲ្យខ្លួនឯងទាបថោក ដោយសារអំពើទុច្ចរិតរបស់ខ្លួន។ ទោះជាដូច្នេះក្ដី ក៏ព្រះអង្គនៅតែយោគយល់ ពីទុក្ខព្រួយរបស់គេ នៅពេលព្រះអង្គឮសម្រែករបស់គេ។ ដោយយល់ដល់ពួកគេ ព្រះអង្គនឹកចាំពីសេចក្ដីសញ្ញារបស់ព្រះអង្គ ហើយសម្ដែងព្រះហឫទ័យអាណិតអាសូរ ដោយព្រោះព្រះហឫទ័យសប្បុរស ដ៏បរិបូររបស់ព្រះអង្គ។ ព្រះអង្គធ្វើឲ្យពួកអ្នកដែលចាប់ពួកគេយកទៅ ជាឈ្លើយ មានចិត្តអាណិតអាសូរដល់គេ។ ៙ ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំអើយ សូមសង្គ្រោះយើងខ្ញុំផង សូមប្រមូលយើងខ្ញុំពីកណ្ដាល ជាតិសាសន៍ដទៃមកវិញ ដើម្បីឲ្យយើងខ្ញុំបានអរព្រះគុណ ដល់ព្រះនាមដ៏បរិសុទ្ធរបស់ព្រះអង្គ ហើយបានខ្ពស់មុខ ដោយសរសើរតម្កើងព្រះអង្គ។ ៙ សូមលើកតម្កើងព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ចាប់តាំងពីអស់កល្ប រហូតដល់អស់កល្បជានិច្ច! ត្រូវឲ្យមនុស្សទាំងអស់ពោលថា អាម៉ែន! ហាលេលូយ៉ា !
ទំនុកតម្កើង 106:1-48 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហាលេលូយ៉ា! ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ! តើនរណាអាចរៀបរាប់អំពីស្នាព្រះហស្ដ ដ៏អស្ចារ្យរបស់ព្រះអង្គបាន? តើនរណាអាចថ្លែងពីការអស្ចារ្យទាំងប៉ុន្មាន ដើម្បីសរសើរតម្កើងព្រះអង្គបាន? អ្នកណាប្រព្រឹត្តដោយយុត្តិធម៌ ហើយប្រតិបត្តិតាមសេចក្ដីសុចរិតគ្រប់ពេលវេលា អ្នកនោះមានសុភមង្គលហើយ។ ឱព្រះអម្ចាស់អើយ ពេលណាព្រះអង្គគាប់ព្រះហឫទ័យ នឹងប្រជារាស្ដ្ររបស់ព្រះអង្គ សូមនឹកដល់ទូលបង្គំផង! ពេលណាព្រះអង្គសង្គ្រោះពួកគេ សូមជួយទូលបង្គំ ដើម្បីឲ្យទូលបង្គំឃើញសុភមង្គល របស់ប្រជាជនដែលព្រះអង្គបានជ្រើសរើស ឲ្យទូលបង្គំមានអំណររួមជាមួយ ប្រជាជាតិរបស់ព្រះអង្គ ហើយឲ្យទូលបង្គំបានខ្ពស់មុខ រួមជាមួយប្រជារាស្ដ្ររបស់ព្រះអង្គ។ យើងខ្ញុំបានប្រព្រឹត្តអំពើបាប ដូចបុព្វបុរសរបស់យើងខ្ញុំ យើងខ្ញុំបានប្រព្រឹត្តខុស និងប្រព្រឹត្តអំពើអាក្រក់! កាលនៅស្រុកអេស៊ីប បុព្វបុរសរបស់យើងខ្ញុំ ពុំបានយល់អំពីការអស្ចារ្យរបស់ព្រះអង្គទេ ពួកគេបំភ្លេចកិច្ចការជាច្រើន ដែលព្រះអង្គបានធ្វើចំពោះពួកគេ ដោយព្រះហឫទ័យមេត្តាករុណា ពួកគេបានបះបោរប្រឆាំងនឹងព្រះអង្គ នៅក្បែរសមុទ្រកក់។ ក៏ប៉ុន្តែ ព្រះអង្គបានសង្គ្រោះពួកគេ ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ ដើម្បីបង្ហាញឫទ្ធានុភាពរបស់ព្រះអង្គ។ ព្រះអង្គបានគំរាមសមុទ្រកក់ សមុទ្រក៏រីង ព្រះអង្គបានឲ្យគេដើរកាត់បាតសមុទ្រ ដូចដើរនៅវាលរហោស្ថាន។ ព្រះអង្គបានសង្គ្រោះពួកគេឲ្យរួច ពីកណ្ដាប់ដៃរបស់អ្នកដែលស្អប់ពួកគេ ព្រះអង្គបានរំដោះពួកគេពីកណ្ដាប់ដៃ របស់ខ្មាំងសត្រូវ។ ទឹកសមុទ្របានគ្របពីលើបច្ចាមិត្ត គ្មាននរណាម្នាក់បានរួចជីវិតសោះឡើយ។ ពួកបុព្វបុរសក៏នាំគ្នាជឿព្រះបន្ទូលរបស់ព្រះអង្គ ហើយនាំគ្នាច្រៀងសរសើរតម្កើងព្រះអង្គ។ ប៉ុន្តែ ក្រោយមក ពួកគេឆាប់ភ្លេចពីកិច្ចការ ដែលព្រះអង្គបានធ្វើ ពួកគេពុំបានរង់ចាំឲ្យព្រះអង្គ សម្រេចតាមគម្រោងការរបស់ព្រះអង្គឡើយ។ នៅវាលរហោស្ថានពួកគេមានចិត្តលោភលន់ ហើយនាំគ្នាល្បងលព្រះអង្គ នៅវាលដ៏ហួតហែងនោះ។ ព្រះអង្គបានប្រទានឲ្យគេនូវអាហារ ដែលគេទាមទារ គឺព្រះអង្គធ្វើឲ្យពួកគេបានឆ្អែត រហូតដល់ធុញទ្រាន់។ នៅក្នុងជំរំ ពួកគេនាំគ្នាច្រណែននឹងលោកម៉ូសេ ហើយច្រណែននឹងលោកអើរ៉ុន ដែលជាអ្នកបម្រើដ៏វិសុទ្ធរបស់ព្រះអម្ចាស់ ពេលនោះ ដីក៏ប្រេះលេបលោកដាថាន ព្រមទាំងស្រូបបក្សពួក របស់លោកអប៊ីរ៉ាមទៀតផង។ មានភ្លើងមកឆេះបក្សពួករបស់គេ ហើយអណ្ដាតភ្លើងឆាបឆេះមនុស្ស អាក្រក់ទាំងនោះអស់គ្មានសល់។ ក្រោយមក ពួកគេឆ្លាក់រូបកូនគោមួយ នៅភ្នំហោរែប ហើយនាំគ្នាក្រាបថ្វាយបង្គំរូប ដែលធ្វើពីលង្ហិននោះ។ ពួកគេបែរជាយករូបសត្វដែលស៊ីស្មៅ មកថ្វាយបង្គំជំនួសព្រះជាម្ចាស់ ប្រកបដោយសិរីរុងរឿងវិញ។ ពួកគេភ្លេចថាព្រះជាម្ចាស់បានសង្គ្រោះពួកគេ ដោយស្នាព្រះហស្ដដ៏ឧត្តុង្គឧត្ដមនៅស្រុកអេស៊ីប គឺការអស្ចារ្យផ្សេងៗនៅស្រុក របស់កូនចៅលោកហាំ និងដោយស្នាព្រះហស្ដដ៏គួរឲ្យ ស្ញែងខ្លាចនៅសមុទ្រកក់។ ព្រះអង្គមានព្រះបន្ទូលថា នឹងកម្ទេចប្រជារាស្ត្រនេះ ប៉ុន្តែ លោកម៉ូសេដែលព្រះអង្គជ្រើសរើស បានឃាត់ព្រះអង្គមិនឲ្យលុបបំបាត់ពួកគេ តាមព្រះពិរោធរបស់ព្រះអង្គឡើយ។ បន្ទាប់មកទៀត ពួកគេចង់បដិសេធ មិនចូលទៅក្នុងទឹកដីដ៏សម្បូណ៌សប្បាយ ពួកគេពុំព្រមជឿព្រះបន្ទូលរបស់ព្រះអម្ចាស់ទេ ពួកគេនាំគ្នារអ៊ូរទាំនៅក្នុងជំរំរៀងៗខ្លួន មិនព្រមស្ដាប់ព្រះសូរសៀង របស់ព្រះអម្ចាស់ឡើយ។ ដូច្នេះ ព្រះអង្គក៏ប្រកាសយ៉ាងដាច់ខាតថា នឹងទុកពួកគេឲ្យវិនាស នៅក្នុងវាលរហោស្ថាន ព្រមទាំងកម្ចាត់កម្ចាយពូជពង្សរបស់ពួកគេ ទៅនៅពាសពេញ ក្នុងចំណោមប្រជាជាតិនានា ហើយឲ្យគេស្លាប់នៅលើទឹកដី របស់សាសន៍ដទៃ។ នៅពេអ៊រ ពួកគេបាននាំគ្នាបែរទៅ ថ្វាយបង្គំព្រះបាល ព្រមទាំងបរិភោគម្ហូបអាហារដែលគេបានសែន ទៅព្រះដែលគ្មានជីវិតទាំងនោះទៀតផង។ ពួកគេបានប្រព្រឹត្តអំពើដែលធ្វើ ឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធ បណ្ដាលឲ្យកើតមានគ្រោះកាច ក្នុងចំណោមពួកគេ។ ពេលនេះ លោកភីនេហាសបានក្រោកឡើង ដាក់ទោសពួកគេ ហើយគ្រោះកាចនោះក៏ស្ងប់ទៅវិញ។ ព្រោះតែការនេះ ព្រះអម្ចាស់បានប្រោសលោកឲ្យបានសុចរិត អស់កល្បជាអង្វែងតរៀងទៅ។ នៅប្រភពទឹកមេរីបា ពួកគេបាននាំគ្នា ធ្វើឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធ ហើយលោកម៉ូសេទទួលទោស ព្រោះតែពួកគេ គឺពួកគេធ្វើឲ្យលោកឆ្អែតចិត្ត ហើយមានប្រសាសន៍ចេញមក ដោយពុំបានគិត។ ពួកគេពុំបានប្រហារប្រជាជាតិនានា តាមព្រះបញ្ជារបស់ព្រះអម្ចាស់ទេ។ ពួកគេបែរជាទៅពាក់ព័ន្ធជាមួយ ប្រជាជាតិទាំងនោះ ហើយនាំគ្នាប្រព្រឹត្តតាមសាសន៍ទាំងនោះ គឺថ្វាយបង្គំព្រះក្លែងក្លាយរបស់សាសន៍ដទៃ ដែលជាអន្ទាក់នាំឲ្យពួកគេវិនាស។ ពួកគេបានយកកូនប្រុស កូនស្រីទៅធ្វើយញ្ញបូជាឲ្យអារក្ស។ ពួកគេប្រហារជីវិតកូនប្រុសកូនស្រីរបស់ខ្លួន ដែលគ្មានកំហុស ដើម្បីធ្វើយញ្ញបូជាឲ្យព្រះក្លែងក្លាយ នៅស្រុកកាណាន ឃាតកម្មទាំងនោះបណ្ដាលឲ្យទឹកដី របស់ពួកគេលែងវិសុទ្ធទៀត។ អំពើដែលពួកគេប្រព្រឹត្តបានធ្វើឲ្យខ្លួនគេ ទៅជាសៅហ្មង ពួកគេបានក្បត់ព្រះជាម្ចាស់ ដោយសារអំពើរបស់ខ្លួន។ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងប្រជារាស្ត្រ របស់ព្រះអង្គយ៉ាងខ្លាំង ព្រះអង្គទាស់ព្រះហឫទ័យនឹងប្រជាជន ផ្ទាល់របស់ព្រះអង្គ។ ព្រះអង្គប្រគល់ពួកគេទៅក្នុងកណ្ដាប់ ដៃរបស់ប្រជាជាតិនានា ព្រះអង្គឲ្យបច្ចាមិត្តគ្រប់គ្រងលើពួកគេ។ ខ្មាំងសត្រូវជិះជាន់សង្កត់សង្កិនពួកគេ ព្រមទាំងបង្ក្រាបពួកគេឲ្យចុះចូល ក្រោមអំណាចរបស់ខ្លួនទៀតផង។ ព្រះអង្គបានរំដោះពួកគេច្រើនលើកច្រើនគ្រា ក៏ប៉ុន្តែ ពួកគេនៅតែនាំគ្នាបះបោរ ប្រឆាំងនឹងព្រះអង្គ ហើយប្រព្រឹត្តអំពើបាបកាន់តែខ្លាំងឡើងៗ។ ពេលព្រះអង្គឮពួកគេស្រែកអង្វរ ព្រះអង្គក៏មានព្រះហឫទ័យអាណិតពួកគេ ដែលកំពុងរងទុក្ខលំបាក ព្រះអង្គប្រោសប្រណីពួកគេ ដោយនឹកដល់សម្ពន្ធមេត្រីរបស់ព្រះអង្គ ព្រះអង្គដូរព្រះហឫទ័យ ព្រោះព្រះអង្គមានមេត្តាករុណាធម៌ដ៏លើសលុប។ ព្រះអង្គធ្វើឲ្យអស់អ្នកដែលចាប់ពួកគេ យកទៅធ្វើជាឈ្លើយ មានចិត្តអាណិតមេត្តាពួកគេ។ ឱព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយ សូមសង្គ្រោះយើងខ្ញុំផង! សូមប្រមែប្រមូលយើងខ្ញុំពីចំណោម ប្រជាជាតិនានាមកវិញ ដើម្បីឲ្យយើងខ្ញុំលើកតម្កើង ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ ហើយបានខ្ពស់មុខ ដោយសរសើរតម្កើងព្រះអង្គ! សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល តាំងពីដើមរៀងមក ហើយអស់កល្បតរៀងទៅ! សូមឲ្យប្រជារាស្ត្រពោលទាំងអស់គ្នាថា: អាម៉ែន! ហាលេលូយ៉ា!
ទំនុកតម្កើង 106:1-48 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរសរសើរដល់ព្រះយេហូវ៉ា ឱសូមអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ សេចក្ដីសប្បុរសនៃទ្រង់ស្ថិតស្ថេរនៅជានិច្ច តើមានអ្នកណាអាចនឹងពណ៌នាពីការខ្លាំងពូកែរបស់ ព្រះយេហូវ៉ា ឬសំដែងពីសេចក្ដីសរសើររបស់ទ្រង់ទាំងអស់បាន មានពរហើយ អស់អ្នកដែលរក្សាសេចក្ដីយុត្តិធម៌ ហើយអ្នកដែលប្រព្រឹត្តតាមសេចក្ដីសុចរិត គ្រប់ពេលគ្រប់វេលា ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំនឹងប្រោសទូលបង្គំ ដោយសេចក្ដីសប្បុរស ដែលទ្រង់ផ្តល់ដល់រាស្ត្រទ្រង់ ឱសូមប្រោសទូលបង្គំ ដោយសេចក្ដីសង្រ្គោះនៃទ្រង់ផង ដើម្បីឲ្យទូលបង្គំបានឃើញសេចក្ដីចំរើន នៃពួករើសតាំងរបស់ទ្រង់ ឲ្យទូលបង្គំបានរីករាយ ដោយសេចក្ដីអំណនៃរាស្ត្រទ្រង់ ហើយឲ្យបានអរព្រឺព្រួច ជាមួយនឹងមរដករបស់ទ្រង់។ ៙ យើងខ្ញុំរាល់គ្នាបានធ្វើបាប ដូចជាពួកឰយុកោយើងខ្ញុំដែរ ក៏បានប្រព្រឹត្តអំពើទុច្ចរិត ហើយធ្វើការអាក្រក់ផង ពួកឰយុកោយើងខ្ញុំមិនបានពិចារណាយល់ ពីការអស្ចារ្យរបស់ទ្រង់នៅស្រុកអេស៊ីព្ទទេ ក៏មិនបាននឹកចាំពីសេចក្ដីសប្បុរសដ៏បរិបូររបស់ទ្រង់ដែរ គេបានបះបោរនៅត្រង់មាត់សមុទ្រវិញ គឺជាសមុទ្រក្រហម ទោះបើយ៉ាងនោះ គង់តែទ្រង់បានជួយសង្គ្រោះគេដែរ ដោយយល់ដល់ព្រះនាមទ្រង់ ដើម្បីនឹងធ្វើឲ្យព្រះចេស្តាដ៏ខ្លាំងពូកែរបស់ទ្រង់ បានប្រាកដច្បាស់ ទ្រង់បានបង្គាប់ដល់សមុទ្រក្រហម សមុទ្រនោះក៏រីងទៅ យ៉ាងនោះ ទ្រង់បាននាំគេដើរកាត់ទីជំរៅ ដូចជាដើរនៅទីគោក ទ្រង់បានជួយឲ្យរួចពីកណ្តាប់ដៃនៃពួកអ្នកដែលស្អប់គេ ក៏លោះគេឲ្យរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ ទឹកសមុទ្របានហូរគ្របលើពួកតតាំងនឹងគេ ឥតមាននៅសល់ដល់មួយឡើយ នោះទើបគេបានជឿព្រះបន្ទូលទ្រង់ ហើយច្រៀងសរសើរដល់ទ្រង់។ ៙ តែមិនយូរប៉ុន្មាន ក៏ភ្លេចកិច្ចការរបស់ទ្រង់ទៅ ហើយមិនបានរង់ចាំស្តាប់សេចក្ដីដំបូន្មានរបស់ទ្រង់ទេ គឺគេមានចិត្តខ្មួលខ្មាញ់នៅទីរហោស្ថាន ក៏ល្បងលព្រះនៅទីហួតហែងវិញ ទ្រង់ក៏ព្រមប្រទានតាមសេចក្ដីសំណូមរបស់គេ តែទ្រង់ឲ្យមានសេចក្ដីក្រៀមស្ងួតនៅក្នុងចិត្តគេវិញ គេក៏មានសេចក្ដីច្រណែននឹងម៉ូសេ នៅក្នុងទីដំឡើងត្រសាល ហើយនឹងអើរ៉ុន ដែលជាអ្នកបរិសុទ្ធរបស់ព្រះយេហូវ៉ាដែរ នោះផែនដីក៏ប្រេះហា ស្រូបយកដាថានទៅ ហើយគ្របលើអ័ប៊ីរ៉ាម នឹងពួកគាត់ មានភ្លើងឆេះឡើងក្នុងពួកគេ អណ្តាតភ្លើងនោះក៏បញ្ឆេះមនុស្សអាក្រក់ទៅ។ ៙ គេបានធ្វើរូបកូនគោនៅត្រង់ភ្នំហោរែប ហើយបានក្រាបថ្វាយបង្គំចំពោះរូបសិតនោះ គឺយ៉ាងនោះដែលគេបានប្តូរព្រះដ៏ជាសិរីល្អនៃគេ ឲ្យបានជារូបដូចគោដែលស៊ីស្មៅវិញ គេបានភ្លេចព្រះដែលជួយសង្គ្រោះគេ ជាព្រះដែលបានធ្វើការយ៉ាងធំសំបើមនៅស្រុកអេស៊ីព្ទ គឺជាការយ៉ាងអស្ចារ្យនៅស្រុកហាំ នឹងការគួរស្ញែងខ្លាចនៅត្រង់សមុទ្រក្រហម ដូច្នេះ ទ្រង់បានមានបន្ទូលថានឹងបំផ្លាញគេបង់ ប៉ុន្តែម៉ូសេ ជាអ្នករើសតាំងរបស់ទ្រង់ លោកបានឈរនៅចំពោះទ្រង់ ក្នុងដំណើររំលងនោះ ដើម្បីនឹងបង្វែរសេចក្ដីក្រោធរបស់ទ្រង់ចេញ ក្រែងទ្រង់បំផ្លាញគេមែន។ ៙ អើ គេបានមើលងាយស្រុកដ៏សប្បាយនោះ គេមិនបានជឿព្រះបន្ទូលទ្រង់ទេ គឺបានរទូរទាំនៅក្នុងត្រសាលគេវិញ ឥតស្តាប់តាមព្រះសូរសៀងនៃព្រះយេហូវ៉ាឡើយ ដូច្នេះ ទ្រង់ក៏លើកព្រះហស្តឡើងស្បថនឹងគេថា ទ្រង់នឹងឲ្យគេដួលនៅក្នុងទីរហោស្ថាន ហើយថា នឹងឲ្យពូជពង្សគេដួលនៅកណ្តាល អស់ទាំងសាសន៍ ព្រមទាំងកំចាត់កំចាយគេ ឲ្យទៅនៅពេញពាសក្នុងប្រទេសដទៃទាំងប៉ុន្មាន។ ៙ គេក៏បានទៅភ្ជាប់ខ្លួននឹងព្រះបាល-ពេអរ ហើយបានបរិភោគអស់ទាំងគ្រឿងបូជា ដែលថ្វាយដល់រូបព្រះឥតជីវិត គឺយ៉ាងនោះដែលគេបានបណ្តាលឲ្យទ្រង់ខ្ញាល់ ដោយសារអំពើរបស់គេ ហើយមានការប្រហារជីវិតកើតឡើងនៅក្នុងពួកគេ គ្រានោះ ភីនេហាសក៏ក្រោកឡើងសំរេចទោសដល់គេ រួចការប្រហារជីវិតនោះក៏អាក់ខានទៅ ការនោះបានរាប់ជាសេចក្ដីសុចរិតដល់ភីនេហាស ដរាបដល់គ្រប់ទាំងដំណមនុស្ស ជារៀងរាបតទៅ។ ៙ គេក៏បណ្តាលឲ្យទ្រង់ខ្ញាល់ នៅត្រង់ទឹកមេរីបាទៀត ការនោះជាហេតុនាំឲ្យម៉ូសេកើតមានទោសដែរ ដោយព្រោះគេ ដ្បិតគេបានរំអុកដល់ចិត្តលោក ហើយបបូរមាត់លោកបាននិយាយឥតបើគិត។ ៙ គេក៏មិនបានបំផ្លាញសាសន៍ដទៃទាំងប៉ុន្មាន ដូចជាព្រះយេហូវ៉ាបានបង្គាប់ដែរ គឺគេបានទៅប្រព្រឹត្តច្របូកច្របល់ជាមួយ ព្រមទាំងរៀនតាមកិរិយារបស់សាសន៍ដទៃទាំងនោះវិញ ក៏គោរពប្រតិបត្តិដល់រូបព្រះរបស់សាសន៍ទាំងនោះដែរ ជាការដែលត្រឡប់ជាអន្ទាក់ដល់គេ អើ គេបានទាំងបូជាថ្វាយនូវកូនប្រុសកូនស្រីគេដល់ ពួកអារក្សផង ក៏កំចាយឈាមដែលគ្មានទោស គឺជាឈាមរបស់កូនប្រុសកូនស្រីគេ ដែលគេបូជាថ្វាយដល់អស់ទាំងរូបព្រះនៅស្រុកកាណាន ដូច្នេះ ស្រុកក៏ត្រឡប់ជាស្មោកគ្រោកដោយសារឈាម គឺយ៉ាងនោះដែលគេបានធ្វើឲ្យខ្លួនមានសៅហ្មង ដោយសារកិរិយារបស់គេ ព្រមទាំងប្រព្រឹត្តសេចក្ដីកំផិត ដោយអំពើរបស់គេផង។ ៙ ហេតុនោះបានជាសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា បានឆួលឡើងទាស់នឹងរាស្ត្រទ្រង់ ហើយទ្រង់ក៏ស្អប់ខ្ពើមពួកដែលជាមរដករបស់ទ្រង់វិញ ទ្រង់ប្រគល់គេទៅក្នុងកណ្តាប់ដៃនៃសាសន៍ដទៃ ហើយពួកអ្នកដែលស្អប់គេ បានគ្រប់គ្រងលើគេវិញ ពួកខ្មាំងសត្រូវបានសង្កត់សង្កិន ហើយគេត្រូវចុះចាញ់នៅក្រោមកណ្តាប់ដៃពួកសត្រូវនោះ ទ្រង់បានប្រោសគេឲ្យរួចជាច្រើនដងច្រើនគ្រា ប៉ុន្តែសេចក្ដីដំបូន្មានរបស់គេបានទាស់ទទឹងនឹងទ្រង់ ហើយគេត្រូវធ្លាក់ទៅជាទាបថោកក្នុងអំពើទុច្ចរិតរបស់គេ ទោះបើយ៉ាងនោះ គង់តែទ្រង់បានទតមើល សេចក្ដីវេទនារបស់គេ ក្នុងកាលដែលគេអំពាវនាវរកទ្រង់ដែរ ទ្រង់ក៏នឹកចាំពីសេចក្ដីសញ្ញារបស់ទ្រង់ចំពោះគេ ហើយបានប្រែគំនិតទៅ ដោយសេចក្ដីសប្បុរសដ៏បរិបូររបស់ទ្រង់ ទ្រង់បណ្តាលឲ្យពួកអ្នកដែលដឹកនាំគេទៅជាឈ្លើយ ត្រឡប់ជាមានសេចក្ដីអាណិតមេត្តាដល់គេវិញ។ ៙ ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំអើយ សូមជួយសង្គ្រោះយើងខ្ញុំផង សូមប្រមូលយើងខ្ញុំពីកណ្តាលពួកសាសន៍ដទៃមក ដើម្បីឲ្យយើងខ្ញុំបានលើកដំកើងព្រះនាមបរិសុទ្ធនៃទ្រង់ ព្រមទាំងយកការសរសើរដល់ទ្រង់ ទុកជាសេចក្ដីអំណររបស់យើងខ្ញុំផង។ ៙ សូមសរសើរដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ចាប់តាំងពីអស់កល្បរៀងទៅដល់អស់កល្បជានិច្ច ត្រូវឲ្យបណ្តាជនទាំងឡាយពោលថា អាម៉ែន ចូរលើកដំកើងព្រះយេហូវ៉ាចុះ។