ទំនុកតម្កើង 106:1-12

ទំនុកតម្កើង 106:1-12 គខប

ហាលេ‌លូយ៉ា! ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​សប្បុរស ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! តើ​នរណា​អាច​រៀប​រាប់​អំពី​ស្នា​ព្រះ‌ហស្ដ ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​បាន? តើ​នរណា​អាច​ថ្លែង​ពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដើម្បី​សរសើរ​តម្កើង​ព្រះអង្គ​បាន? អ្នក​ណា​ប្រព្រឹត្ត​ដោយ​យុត្តិធម៌ ហើយ​ប្រតិបត្តិ​តាម​សេចក្ដី​សុចរិត​គ្រប់​ពេល​វេលា អ្នក​នោះ​មាន​សុភមង្គល​ហើយ។ ឱ​ព្រះ‌អម្ចាស់​អើយ ពេល​ណា​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ នឹង​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ សូម​នឹក​ដល់​ទូលបង្គំ​ផង! ពេល​ណា​ព្រះអង្គ​សង្គ្រោះ​ពួក​គេ សូម​ជួយ​ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​ឃើញ​សុភមង្គល របស់​ប្រជា‌ជន​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស ឲ្យ​ទូលបង្គំ​មាន​អំណរ​រួម​ជា​មួយ ប្រជា‌ជាតិ​របស់​ព្រះអង្គ ហើយ​ឲ្យ​ទូលបង្គំ​បាន​ខ្ពស់​មុខ រួម​ជា​មួយ​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ។ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ដូច​បុព្វបុរស​របស់​យើង​ខ្ញុំ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស និង​ប្រព្រឹត្ត​អំពើ​អាក្រក់! កាល​នៅ​ស្រុក​អេស៊ីប បុព្វបុរស​របស់​យើង​ខ្ញុំ ពុំ​បាន​យល់​អំពី​ការ​អស្ចារ្យ​របស់​ព្រះអង្គ​ទេ ពួក​គេ​បំភ្លេច​កិច្ចការ​ជា​ច្រើន ដែល​ព្រះអង្គ​បាន​ធ្វើ​ចំពោះ​ពួក​គេ ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ពួក​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះអង្គ នៅ​ក្បែរ​សមុទ្រ​កក់។ ក៏​ប៉ុន្តែ ព្រះអង្គ​បាន​សង្គ្រោះ​ពួក​គេ ដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះអង្គ ដើម្បី​បង្ហាញ​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ។ ព្រះអង្គ​បាន​គំរាម​សមុទ្រ​កក់ សមុទ្រ​ក៏​រីង ព្រះអង្គ​បាន​ឲ្យ​គេ​ដើរ​កាត់​បាត​សមុទ្រ ដូច​ដើរ​នៅ​វាល​រហោ‌ស្ថាន។ ព្រះអង្គ​បាន​សង្គ្រោះ​ពួក​គេ​ឲ្យ​រួច ពី​កណ្ដាប់​ដៃ​របស់​អ្នក​ដែល​ស្អប់​ពួក​គេ ព្រះអង្គ​បាន​រំដោះ​ពួក​គេ​ពី​កណ្ដាប់​ដៃ របស់​ខ្មាំង​សត្រូវ។ ទឹក​សមុទ្រ​បាន​គ្រប​ពី​លើ​បច្ចា‌មិត្ត គ្មាន​នរណា​ម្នាក់​បាន​រួច​ជីវិត​សោះ​ឡើយ។ ពួក​បុព្វបុរស​ក៏​នាំ​គ្នា​ជឿ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ ហើយ​នាំ​គ្នា​ច្រៀង​សរសើរ​តម្កើង​ព្រះអង្គ។