ទំនុកតម្កើង 106:1-12

ទំនុកតម្កើង 106:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ហាលេលូយ៉ា ! ឱ​ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​ល្អ ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។ តើ​អ្នក​ណា​អាច​រៀប​រាប់​អំពី​ស្នាព្រះហស្ដ ដ៏​អស្ចារ្យរបស់ព្រះ‌យេហូវ៉ា ឬ​ប្រកាស​អំពីការ​ទាំង​ប៉ុន្មាន ដើម្បីសរសើរ​តម្កើង​ព្រះ‌អង្គ​បាន? មាន​ពរ​ហើយ អស់​អ្នក​ដែល​រក្សា​សេចក្ដី​យុត្តិ‌ធម៌ ជា​អ្នក​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត គ្រប់​ពេល​វេលា។ ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ពេល​ព្រះ‌អង្គ​សម្ដែង​ព្រះ‌ហឫ‌ទ័យ ប្រោស​ប្រណី​ដល់ប្រជា‌រាស្ត្រ​ព្រះ‌អង្គ សូម​នឹក​ចាំ​ពី​ទូល‌បង្គំផង! ពេល​ព្រះ‌អង្គ​សង្គ្រោះ​គេ សូម​ជួយ​ទូល‌បង្គំ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ឃើញ​ភាព​ចម្រុង​ចម្រើន របស់​ពួក​អ្នក​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស ហើយ​ឲ្យ​ទូល‌បង្គំ​បាន​សប្បាយ​រីក‌រាយ រួម​ជាមួយ​ជាតិ​សាសន៍របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ខ្ពស់​មុខ រួម​ជា​មួយ​មត៌ក​របស់​ព្រះ‌អង្គ។ ៙ ទាំង​យើង​ខ្ញុំ និង​បុព្វ‌បុរស​របស់​យើង​ខ្ញុំ បាន​ប្រព្រឹត្ត​អំពើ​បាប យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត គឺ​យើង​បានប្រព្រឹត្ត​អំពើ​អាក្រក់។ កាល​នៅ​ស្រុក​អេស៊ីព្ទ បុព្វ‌បុរស​របស់​យើង​ខ្ញុំ មិន​បាន​ពិចារណាអំពី​ការ​ដ៏​អស្ចារ្យ របស់​ព្រះ‌អង្គ​ទេ ក៏​មិន​បាន​នឹក​ចាំ​ពី​ព្រះ‌ហឫ‌ទ័យ​សប្បុរស ដ៏​បរិបូរ​របស់​ព្រះ‌អង្គ​ដែរ គឺ​គេ​បាន​បះ‌បោរ​នៅ​មាត់​សមុទ្រ គឺ​នៅ​សមុទ្រ​ក្រហម ។ ក៏ប៉ុន្ដែ ព្រះ‌អង្គ​បាន​សង្គ្រោះ​គេ ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ដើម្បី​ឲ្យ​គេ​ស្គាល់​ព្រះ‌ចេស្តា ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​បាន​បន្ទោស​សមុទ្រ​ក្រហម សមុទ្រ​នោះ​ក៏​រីង​ទៅ ហើយ​ព្រះ‌អង្គ​បាន​នាំ​គេ​ដើរ​កាត់​ទី​ជម្រៅ ដូច​ដើរ​កាត់​វាល​ខ្សាច់។ ព្រះ‌អង្គ​បាន​សង្គ្រោះ​គេ ពី​កណ្ដាប់​ដៃរបស់​ខ្មាំង​សត្រូវ ក៏​រំដោះ​គេ​ឲ្យ​រួច​ពី​អំណាចរបស់​ខ្មាំង​សត្រូវ។ ទឹក​សមុទ្រ​បាន​ហូរ​គ្រប​លើ​បច្ចា‌មិត្ត​របស់​គេ គ្មាន​សល់​អ្នក​ណា​ម្នាក់​ឡើយ។ ពេល​នោះ គេ​ក៏​ជឿ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ហើយ​នាំ​គ្នា​ច្រៀង​សរសើរ​តម្កើង​ព្រះ‌អង្គ។

ទំនុកតម្កើង 106:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ហាលេ‌លូយ៉ា! ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​សប្បុរស ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! តើ​នរណា​អាច​រៀប​រាប់​អំពី​ស្នា​ព្រះ‌ហស្ដ ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​បាន? តើ​នរណា​អាច​ថ្លែង​ពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដើម្បី​សរសើរ​តម្កើង​ព្រះអង្គ​បាន? អ្នក​ណា​ប្រព្រឹត្ត​ដោយ​យុត្តិធម៌ ហើយ​ប្រតិបត្តិ​តាម​សេចក្ដី​សុចរិត​គ្រប់​ពេល​វេលា អ្នក​នោះ​មាន​សុភមង្គល​ហើយ។ ឱ​ព្រះ‌អម្ចាស់​អើយ ពេល​ណា​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ នឹង​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ សូម​នឹក​ដល់​ទូលបង្គំ​ផង! ពេល​ណា​ព្រះអង្គ​សង្គ្រោះ​ពួក​គេ សូម​ជួយ​ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​ឃើញ​សុភមង្គល របស់​ប្រជា‌ជន​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស ឲ្យ​ទូលបង្គំ​មាន​អំណរ​រួម​ជា​មួយ ប្រជា‌ជាតិ​របស់​ព្រះអង្គ ហើយ​ឲ្យ​ទូលបង្គំ​បាន​ខ្ពស់​មុខ រួម​ជា​មួយ​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ។ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ដូច​បុព្វបុរស​របស់​យើង​ខ្ញុំ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស និង​ប្រព្រឹត្ត​អំពើ​អាក្រក់! កាល​នៅ​ស្រុក​អេស៊ីប បុព្វបុរស​របស់​យើង​ខ្ញុំ ពុំ​បាន​យល់​អំពី​ការ​អស្ចារ្យ​របស់​ព្រះអង្គ​ទេ ពួក​គេ​បំភ្លេច​កិច្ចការ​ជា​ច្រើន ដែល​ព្រះអង្គ​បាន​ធ្វើ​ចំពោះ​ពួក​គេ ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ពួក​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះអង្គ នៅ​ក្បែរ​សមុទ្រ​កក់។ ក៏​ប៉ុន្តែ ព្រះអង្គ​បាន​សង្គ្រោះ​ពួក​គេ ដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះអង្គ ដើម្បី​បង្ហាញ​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ។ ព្រះអង្គ​បាន​គំរាម​សមុទ្រ​កក់ សមុទ្រ​ក៏​រីង ព្រះអង្គ​បាន​ឲ្យ​គេ​ដើរ​កាត់​បាត​សមុទ្រ ដូច​ដើរ​នៅ​វាល​រហោ‌ស្ថាន។ ព្រះអង្គ​បាន​សង្គ្រោះ​ពួក​គេ​ឲ្យ​រួច ពី​កណ្ដាប់​ដៃ​របស់​អ្នក​ដែល​ស្អប់​ពួក​គេ ព្រះអង្គ​បាន​រំដោះ​ពួក​គេ​ពី​កណ្ដាប់​ដៃ របស់​ខ្មាំង​សត្រូវ។ ទឹក​សមុទ្រ​បាន​គ្រប​ពី​លើ​បច្ចា‌មិត្ត គ្មាន​នរណា​ម្នាក់​បាន​រួច​ជីវិត​សោះ​ឡើយ។ ពួក​បុព្វបុរស​ក៏​នាំ​គ្នា​ជឿ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ ហើយ​នាំ​គ្នា​ច្រៀង​សរសើរ​តម្កើង​ព្រះអង្គ។

ទំនុកតម្កើង 106:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ឱ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​ល្អ សេចក្ដី​សប្បុរស​នៃ​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជានិច្ច តើ​មាន​អ្នក​ណា​អាច​នឹង​ពណ៌នា​ពី​ការ​ខ្លាំង​ពូកែ​របស់ ព្រះ‌យេហូវ៉ា ឬ​សំដែង​ពី​សេចក្ដី​សរសើរ​របស់​ទ្រង់​ទាំង​អស់​បាន មាន​ពរ​ហើយ អស់​អ្នក​ដែល​រក្សា​សេចក្ដី​យុត្តិ‌ធម៌ ហើយ​អ្នក​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត គ្រប់​ពេល​គ្រប់​វេលា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​នឹក​ចាំនឹង​ប្រោស​ទូលបង្គំ ដោយ​សេចក្ដី​សប្បុរស ដែល​ទ្រង់​ផ្តល់​ដល់​រាស្ត្រ​ទ្រង់ ឱ​សូម​ប្រោស​ទូលបង្គំ ដោយ​សេចក្ដី​សង្រ្គោះ​នៃ​ទ្រង់​ផង ដើម្បី​ឲ្យ​ទូលបង្គំ​បាន​ឃើញ​សេចក្ដី​ចំរើន នៃ​ពួក​រើស​តាំង​របស់​ទ្រង់ ឲ្យ​ទូលបង្គំ​បាន​រីក‌រាយ ដោយ​សេចក្ដី​អំណ​នៃ​រាស្ត្រ​ទ្រង់ ហើយ​ឲ្យ​បាន​អរ​ព្រឺ‌ព្រួច ជា​មួយ​នឹង​មរដក​របស់​ទ្រង់។ ៙ យើង​ខ្ញុំ​រាល់​គ្នា​បាន​ធ្វើ​បាប ដូច​ជា​ពួក​ឰយុកោ​យើង​ខ្ញុំ​ដែរ ក៏​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ហើយ​ធ្វើ​ការ​អាក្រក់​ផង ពួក​ឰយុកោ​យើង​ខ្ញុំ​មិន​បាន​ពិចារណា​យល់ ពី​ការ​អស្ចារ្យ​របស់​ទ្រង់​នៅ​ស្រុក​អេស៊ីព្ទ​ទេ ក៏​មិន​បាន​នឹក​ចាំ​ពី​សេចក្ដី​សប្បុរស​ដ៏​បរិបូរ​របស់​ទ្រង់​ដែរ គេ​បាន​បះ‌បោរ​នៅ​ត្រង់​មាត់​សមុទ្រ​វិញ គឺ​ជា​សមុទ្រ​ក្រហម ទោះ​បើ​យ៉ាង​នោះ គង់​តែ​ទ្រង់​បាន​ជួយ​សង្គ្រោះ​គេ​ដែរ ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់ ដើម្បី​នឹង​ធ្វើ​ឲ្យ​ព្រះ‌ចេស្តា​ដ៏​ខ្លាំង​ពូកែ​របស់​ទ្រង់ បាន​ប្រាកដ​ច្បាស់ ទ្រង់​បាន​បង្គាប់​ដល់​សមុទ្រ​ក្រហម សមុទ្រ​នោះ​ក៏​រីង​ទៅ យ៉ាង​នោះ ទ្រង់​បាន​នាំ​គេ​ដើរ​កាត់​ទី​ជំរៅ ដូច​ជា​ដើរ​នៅ​ទី​គោក ទ្រង់​បាន​ជួយ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ស្អប់​គេ ក៏​លោះ​គេ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ទឹក​សមុទ្រ​បាន​ហូរ​គ្រប​លើ​ពួក​តតាំង​នឹង​គេ ឥត​មាន​នៅ​សល់​ដល់​មួយ​ឡើយ នោះ​ទើប​គេ​បាន​ជឿ​ព្រះ‌បន្ទូល​ទ្រង់ ហើយ​ច្រៀង​សរសើរ​ដល់​ទ្រង់។