ទំនុកតម្កើង 105:1-11

ទំនុកតម្កើង 105:1-11 គខប

ចូរ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់ ចូរ​ប្រកាស​ព្រះ‌នាម​ព្រះអង្គ! ចូរ​ថ្លែង​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ ប្រាប់​ប្រជា‌ជាតិ​នានា! ចូរ​ច្រៀង​តម្កើង​ព្រះអង្គ ចូរ​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ! ចូរ​រៀប​រាប់​អំពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​ធ្វើ! ចូរ​ខ្ពស់​មុខ​ឡើង ព្រោះ​អ្នក​រាល់​គ្នា​ជា​ប្រជា‌ជន​របស់​ព្រះ​ដ៏វិសុទ្ធ! អស់​អ្នក​ស្វែង​រក​ព្រះ‌អម្ចាស់​អើយ ចូរ​សប្បាយ​ចិត្ត​ចុះ! ចូរ​ស្វែង​រក​ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ចេស្ដា ចូរ​ស្វែង​រក​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​ឥត​ឈប់‌ឈរ​ឡើយ! ចូរ​នឹក​ដល់​ការ​អស្ចារ្យ​ផ្សេងៗ​ដែល​ព្រះអង្គ​បាន​ធ្វើ ចូរ​នឹក​ដល់​ឫទ្ធិ‌បាដិហារិយ៍ និង ការ​ជំនុំ‌ជម្រះ​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​បាន​សម្រេច។ អ្នក​រាល់​គ្នា​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​លោក​យ៉ាកុប ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​អើយ មាន​តែ​ព្រះ‌អម្ចាស់​ទេ​ដែល​ជា​ព្រះ​របស់​យើង ព្រះអង្គ​គ្រប់‌គ្រង​លើ​ផែនដី​ទាំង​មូល។ ព្រះអង្គ​តែងតែ​នឹក​ដល់​សម្ពន្ធ‌មេត្រី របស់​ព្រះអង្គ​ជានិច្ច គឺ​ជា​ព្រះ‌បន្ទូល​ដែល​នៅ​ស្ថិត‌ស្ថេរ រហូត​ដល់​មួយ​ពាន់​តំណ ព្រះអង្គ​នឹក​ដល់​សម្ពន្ធ‌មេត្រី ដែល​ព្រះអង្គ​បាន​ចង​ជា​មួយ​លោក​អប្រាហាំ ព្រម​ទាំង​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា ជា​មួយ​លោក​អ៊ីសាក ព្រះអង្គ​បាន​បញ្ជាក់​សម្ពន្ធ‌មេត្រី​នេះ ជា​មួយ​លោក​យ៉ាកុប ទុក​ជា​សម្ពន្ធ‌មេត្រី​អស់‌កល្ប​ជានិច្ច ជា​មួយ​លោក​អ៊ីស្រា‌អែល។ គឺ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា: «យើង​នឹង​ប្រគល់​ស្រុក​កាណាន​ឲ្យ​អ្នក ទុក​ជា​ចំណែក​មត៌ក»។