ទំនុកតម្កើង 105:1-11
ទំនុកតម្កើង 105:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱចូរអរព្រះគុណដល់ព្រះយេហូវ៉ា ចូរអំពាវនាវរកព្រះនាមព្រះអង្គ ចូរថ្លែងប្រាប់ពីស្នាព្រះហស្ដរបស់ព្រះអង្គ នៅកណ្ដាលជាតិសាសន៍ទាំងប៉ុន្មានចុះ! ចូរច្រៀងថ្វាយព្រះអង្គ ចូរច្រៀងសរសើរតម្កើងព្រះអង្គ ចូររៀបរាប់ពីការអស្ចារ្យទាំងប៉ុន្មានរបស់ព្រះអង្គ! ចូរខ្ពស់មុខនឹងព្រះនាមដ៏បរិសុទ្ធរបស់ព្រះអង្គចុះ ចូរឲ្យចិត្តនៃអស់អ្នកដែលស្វែងរកព្រះយេហូវ៉ា រីករាយឡើង! ចូរស្វែងរកព្រះយេហូវ៉ា និងឫទ្ធានុភាពរបស់ព្រះអង្គ ចូរស្វែងរកព្រះវត្តមានរបស់ព្រះអង្គ ឥតឈប់ឈរ! ចូរនឹកចាំពីស្នាព្រះហស្ដដ៏អស្ចារ្យ ដែលព្រះអង្គបានធ្វើ ពីការអស្ចារ្យ និងការជំនុំជម្រះ ដែលព្រះអង្គបានសម្រេច ឱពូជពង្សរបស់លោកអ័ប្រាហាំ ជាអ្នកបម្រើរបស់ព្រះអង្គ គឺកូនចៅរបស់លោកយ៉ាកុប ជាពួកអ្នកដែលព្រះអង្គបានជ្រើសរើសអើយ! ៙ ព្រះអង្គជាព្រះនៃយើង ព្រះនាមជាព្រះយេហូវ៉ា ការជំនុំជម្រះរបស់ព្រះអង្គ ស្ថិតនៅលើផែនដីទាំងមូល។ ព្រះអង្គនឹកចាំពីសេចក្ដីសញ្ញា របស់ព្រះអង្គជានិច្ច គឺជាព្រះបន្ទូលដែលព្រះអង្គបានបង្គាប់ ដល់មនុស្សមួយពាន់តំណ ជាសេចក្ដីសញ្ញាដែលព្រះអង្គ បានតាំងជាមួយលោកអ័ប្រាហាំ ជាសេចក្ដីសន្យាដែលព្រះអង្គ បានស្បថជាមួយលោកអ៊ីសាក ហើយព្រះអង្គក៏បានបញ្ជាក់ ជាមួយលោកយ៉ាកុបទុកជាច្បាប់ គឺជាមួយលោកអ៊ីស្រាអែល ទុកជាសេចក្ដីសញ្ញាអស់កល្បជានិច្ច ដោយមានព្រះបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកកាណានឲ្យអ្នក ទុកជាចំណែកមត៌ករបស់អ្នក»។
ទំនុកតម្កើង 105:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរនាំគ្នាលើកតម្កើងព្រះអម្ចាស់ ចូរប្រកាសព្រះនាមព្រះអង្គ! ចូរថ្លែងអំពីស្នាព្រះហស្ដរបស់ព្រះអង្គ ប្រាប់ប្រជាជាតិនានា! ចូរច្រៀងតម្កើងព្រះអង្គ ចូរស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ! ចូររៀបរាប់អំពីការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើ! ចូរខ្ពស់មុខឡើង ព្រោះអ្នករាល់គ្នាជាប្រជាជនរបស់ព្រះដ៏វិសុទ្ធ! អស់អ្នកស្វែងរកព្រះអម្ចាស់អើយ ចូរសប្បាយចិត្តចុះ! ចូរស្វែងរកព្រះអម្ចាស់ប្រកបដោយព្រះចេស្ដា ចូរស្វែងរកព្រះភ័ក្ត្រព្រះអង្គឥតឈប់ឈរឡើយ! ចូរនឹកដល់ការអស្ចារ្យផ្សេងៗដែលព្រះអង្គបានធ្វើ ចូរនឹកដល់ឫទ្ធិបាដិហារិយ៍ និង ការជំនុំជម្រះទាំងប៉ុន្មានដែលព្រះអង្គបានសម្រេច។ អ្នករាល់គ្នាជាពូជពង្សរបស់លោកអប្រាហាំ ដែលជាអ្នកបម្រើរបស់ព្រះអង្គ អ្នករាល់គ្នាជាកូនចៅរបស់លោកយ៉ាកុប ដែលព្រះអង្គបានជ្រើសរើសអើយ មានតែព្រះអម្ចាស់ទេដែលជាព្រះរបស់យើង ព្រះអង្គគ្រប់គ្រងលើផែនដីទាំងមូល។ ព្រះអង្គតែងតែនឹកដល់សម្ពន្ធមេត្រី របស់ព្រះអង្គជានិច្ច គឺជាព្រះបន្ទូលដែលនៅស្ថិតស្ថេរ រហូតដល់មួយពាន់តំណ ព្រះអង្គនឹកដល់សម្ពន្ធមេត្រី ដែលព្រះអង្គបានចងជាមួយលោកអប្រាហាំ ព្រមទាំងព្រះបន្ទូលដែលព្រះអង្គបានសន្យា ជាមួយលោកអ៊ីសាក ព្រះអង្គបានបញ្ជាក់សម្ពន្ធមេត្រីនេះ ជាមួយលោកយ៉ាកុប ទុកជាសម្ពន្ធមេត្រីអស់កល្បជានិច្ច ជាមួយលោកអ៊ីស្រាអែល។ គឺព្រះអង្គមានព្រះបន្ទូលថា: «យើងនឹងប្រគល់ស្រុកកាណានឲ្យអ្នក ទុកជាចំណែកមត៌ក»។
ទំនុកតម្កើង 105:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱសូមអរព្រះគុណដល់ព្រះយេហូវ៉ា ហើយអំពាវនាវដល់ព្រះនាមទ្រង់ ចូរសំដែងពីអស់ទាំងការរបស់ទ្រង់ នៅកណ្តាលសាសន៍ទាំងប៉ុន្មាន ចូរច្រៀងថ្វាយទ្រង់ ចូរច្រៀងសរសើរដល់ទ្រង់ចុះ ឲ្យគិតរំពឹងពីអស់ទាំងការអស្ចារ្យរបស់ទ្រង់ ចូរយកព្រះនាមបរិសុទ្ធរបស់ទ្រង់ជាទីអំណរព្រឺព្រួចចុះ ត្រូវឲ្យអស់អ្នកដែលស្វែងរកព្រះយេហូវ៉ា មានចិត្តរីករាយឡើង ចូររកព្រះយេហូវ៉ា នឹងព្រះចេស្តារបស់ទ្រង់ ចូររកព្រះភក្ត្រទ្រង់ជានិច្ច ត្រូវឲ្យនឹកចាំពីការអស្ចារ្យដែលទ្រង់បានធ្វើ ហើយពីការចំឡែក នឹងបញ្ញត្តទាំងប៉ុន្មាន ដែលចេញពីព្រះឱស្ឋទ្រង់មក ឱពូជពង្សនៃអ័ប្រាហាំ ជាអ្នកបំរើទ្រង់ គឺអស់ទាំងកូនចៅរបស់យ៉ាកុប ជាពួកអ្នករើសតាំងរបស់ទ្រង់អើយ ទ្រង់ជាព្រះនៃយើងខ្ញុំ ព្រះនាមជាព្រះយេហូវ៉ា ឯបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់ក៏នៅពេញពាសលើផែនដី ទ្រង់បាននឹកចាំពីសេចក្ដីសញ្ញាទ្រង់ជានិច្ច គឺជាព្រះបន្ទូលដែលទ្រង់បានបង្គាប់ដល់មនុស្សទាំងពាន់ដំណ ជាសេចក្ដីសញ្ញាដែលទ្រង់បានតាំងនឹងអ័ប្រាហាំ នឹងសម្បថដែលទ្រង់បានស្បថនឹងអ៊ីសាកផង ក៏បានតាំងសេចក្ដីនោះដល់យ៉ាកុបទុកជាច្បាប់ គឺដល់អ៊ីស្រាអែល សំរាប់ជាសេចក្ដីសញ្ញា ដ៏នៅអស់កល្បជានិច្ច ដោយបន្ទូលថា អញនឹងឲ្យស្រុកកាណានដល់ឯង ទុកជាចំណែកមរដករបស់ឯង