ទំនុកតម្កើង 101:1-8

ទំនុកតម្កើង 101:1-8 គខប

ទូលបង្គំ​នឹង​ច្រៀង​រៀប​រាប់​អំពី ព្រះ‌ហឫទ័យ​មេត្តា‌ករុណា និង​យុត្តិធម៌ ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​នឹង​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ។ ទូលបង្គំ​នឹង​យក​ចិត្ត​ទុក​ដាក់ អំពី​មាគ៌ា​ដ៏​ទៀង​ត្រង់។ តើ​ដល់​ពេល​ណា​ទើប​ព្រះអង្គ យាង​មក​រក​ទូលបង្គំ? ទូលបង្គំ​នឹង​រស់​នៅ​ក្នុង​គ្រួសារ​របស់​ទូលបង្គំ ដោយ​កាន់​ចិត្ត​ទៀង​ត្រង់។ ទូលបង្គំ​មិន​ពេញ​ចិត្ត​នឹង​អំពើ​អាក្រក់ ណា​មួយ​ជា​ដាច់​ខាត ទូលបង្គំ​មិន​ចូល​ចិត្ត​នឹង​អាកប្ប‌កិរិយា របស់​អស់​អ្នក​ដែល​ក្បត់​ព្រះអង្គ​ឡើយ គឺ​ទូលបង្គំ​មិន​ចង់​ជាប់​ពាក់‌ព័ន្ធ នឹង​អាកប្ប‌កិរិយា​បែប​នេះ​ទេ។ ទូលបង្គំ​មិន​ទុក​ឲ្យ​មនុស្ស ដែល​មាន​ចិត្ត​វៀច‌វេរ ចូល​ជិត​ទូលបង្គំ​បាន​ឡើយ ហើយ​ទូលបង្គំ​ក៏​មិន​ទាក់ទង​នឹង​អ្វីៗ ដែល​អាក្រក់​ដែរ។ ទូលបង្គំ​នឹង​បំបិទ​មាត់​អស់​អ្នក​ដែល​និយាយ​អាក្រក់ ពី​ក្រោយ​ខ្នង​បងប្អូន​របស់​ខ្លួន ទូលបង្គំ​នឹង​មិន​យោគ‌យល់​ដល់​អស់​អ្នក ដែល​វាយ‌ឫក​ខ្ពស់ ហើយ​មាន​ចិត្ត​អួត​បំប៉ោង​នោះ​ឡើយ។ ទូលបង្គំ​នឹង​ស្វែង​រក​អស់​អ្នក​ដែល​មាន​ចិត្ត ស្មោះ​ត្រង់​នៅ​ក្នុង​ស្រុក ដើម្បី​រស់​នៅ​ជា​មួយ​ទូលបង្គំ ហើយ​នរណា​ដើរ​តាម​មាគ៌ា​ទៀង​ត្រង់ ទូលបង្គំ​នឹង​ឲ្យ​គេ​ធ្វើ​ជា​ជំនិត​របស់​ទូលបង្គំ។ រីឯ​មនុស្ស​បោក​ប្រាស់​វិញ ទូលបង្គំ​មិន​អនុញ្ញាត ឲ្យ​រស់​នៅ​ក្នុង​ផ្ទះ​ទូលបង្គំ​ឡើយ ហើយ​អ្នក​និយាយ​កុហក ក៏​មិន​អាច​នៅ​ជិត​ទូលបង្គំ​បាន​ដែរ។ រាល់​ព្រឹក ទូលបង្គំ​បំបិទ​មាត់​មនុស្ស​អាក្រក់ ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក ទូលបង្គំ​ដក​ពួក​ទុច្ចរិត ចេញ​ពី​ទីក្រុង​របស់​ព្រះ‌អម្ចាស់។