ទំនុកតម្កើង 101:1-8
ទំនុកតម្កើង 101:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទូលបង្គំនឹងច្រៀងអំពីព្រះហឫទ័យសប្បុរស និងយុត្តិធម៌ ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងច្រៀងសរសើរព្រះអង្គ។ ទូលបង្គំនឹងប្រព្រឹត្តតាមផ្លូវទៀងត្រង់។ ឱ តើពេលណាទើបព្រះអង្គយាងមករកទូលបង្គំ? ទូលបង្គំនឹងប្រព្រឹត្តដោយចិត្តទៀងត្រង់ នៅក្នុងផ្ទះទូលបង្គំ ទូលបង្គំនឹងមិនតាំងអ្វីមួយដែលឥតប្រយោជន៍ នៅចំពោះភ្នែកទូលបង្គំឡើយ។ ទូលបង្គំស្អប់កិច្ចការរបស់អស់អ្នក ដែលងាកចេញពីព្រះ កិរិយាបែបនេះនឹងមិនជាប់ នៅក្នុងខ្លួនទូលបង្គំឡើយ។ ចិត្តវៀចវេរនឹងនៅឆ្ងាយពីទូលបង្គំ ទូលបង្គំនឹងមិនស្គាល់សេចក្ដីអាក្រក់ទេ។ ៙ អ្នកណាដែលមួលបង្កាច់ អ្នកជិតខាងខ្លួនដោយសម្ងាត់ ទូលបង្គំនឹងបំផ្លាញចេញ។ ហើយអ្នកណាដែលមានឫកខ្ពស់ និងចិត្តឆ្មើងឆ្មៃ ទូលបង្គំនឹងទ្រាំមិនបានឡើយ។ ៙ ទូលបង្គំនឹងមើលទៅមនុស្សស្មោះត្រង់ នៅក្នុងស្រុក ដោយសន្ដោស ដើម្បីឲ្យគេបានរស់នៅជាមួយទូលបង្គំ អ្នកណាដែលប្រព្រឹត្តតាមផ្លូវទៀងត្រង់ អ្នកនោះនឹងបម្រើទូលបង្គំ។ ៙ អ្នកណាដែលប្រព្រឹត្តដោយអំពើបោកបញ្ឆោត អ្នកនោះមិនអាចនៅក្នុងផ្ទះទូលបង្គំបានឡើយ អ្នកណាដែលនិយាយកុហក ក៏មិនអាចធន់នៅមុខទូលបង្គំបានដែរ។ ៙ រាល់ព្រឹក ទូលបង្គំនឹងបំផ្លាញ មនុស្សអាក្រក់ទាំងប៉ុន្មាននៅក្នុងស្រុក ដោយកាត់មនុស្សដែលប្រព្រឹត្ត អំពើទុច្ចរិតទាំងអស់ ចេញពីទីក្រុងរបស់ព្រះយេហូវ៉ា។
ទំនុកតម្កើង 101:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទូលបង្គំនឹងច្រៀងរៀបរាប់អំពី ព្រះហឫទ័យមេត្តាករុណា និងយុត្តិធម៌ ព្រះអម្ចាស់អើយ ទូលបង្គំនឹងស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ។ ទូលបង្គំនឹងយកចិត្តទុកដាក់ អំពីមាគ៌ាដ៏ទៀងត្រង់។ តើដល់ពេលណាទើបព្រះអង្គ យាងមករកទូលបង្គំ? ទូលបង្គំនឹងរស់នៅក្នុងគ្រួសាររបស់ទូលបង្គំ ដោយកាន់ចិត្តទៀងត្រង់។ ទូលបង្គំមិនពេញចិត្តនឹងអំពើអាក្រក់ ណាមួយជាដាច់ខាត ទូលបង្គំមិនចូលចិត្តនឹងអាកប្បកិរិយា របស់អស់អ្នកដែលក្បត់ព្រះអង្គឡើយ គឺទូលបង្គំមិនចង់ជាប់ពាក់ព័ន្ធ នឹងអាកប្បកិរិយាបែបនេះទេ។ ទូលបង្គំមិនទុកឲ្យមនុស្ស ដែលមានចិត្តវៀចវេរ ចូលជិតទូលបង្គំបានឡើយ ហើយទូលបង្គំក៏មិនទាក់ទងនឹងអ្វីៗ ដែលអាក្រក់ដែរ។ ទូលបង្គំនឹងបំបិទមាត់អស់អ្នកដែលនិយាយអាក្រក់ ពីក្រោយខ្នងបងប្អូនរបស់ខ្លួន ទូលបង្គំនឹងមិនយោគយល់ដល់អស់អ្នក ដែលវាយឫកខ្ពស់ ហើយមានចិត្តអួតបំប៉ោងនោះឡើយ។ ទូលបង្គំនឹងស្វែងរកអស់អ្នកដែលមានចិត្ត ស្មោះត្រង់នៅក្នុងស្រុក ដើម្បីរស់នៅជាមួយទូលបង្គំ ហើយនរណាដើរតាមមាគ៌ាទៀងត្រង់ ទូលបង្គំនឹងឲ្យគេធ្វើជាជំនិតរបស់ទូលបង្គំ។ រីឯមនុស្សបោកប្រាស់វិញ ទូលបង្គំមិនអនុញ្ញាត ឲ្យរស់នៅក្នុងផ្ទះទូលបង្គំឡើយ ហើយអ្នកនិយាយកុហក ក៏មិនអាចនៅជិតទូលបង្គំបានដែរ។ រាល់ព្រឹក ទូលបង្គំបំបិទមាត់មនុស្សអាក្រក់ ទាំងប៉ុន្មាននៅក្នុងស្រុក ទូលបង្គំដកពួកទុច្ចរិត ចេញពីទីក្រុងរបស់ព្រះអម្ចាស់។
ទំនុកតម្កើង 101:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទូលបង្គំនឹងច្រៀងពីសេចក្ដីសប្បុរស នឹងសេចក្ដីយុត្តិធម៌ ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងច្រៀងសរសើរទ្រង់ ទូលបង្គំនឹងប្រព្រឹត្តតាមផ្លូវគ្រប់លក្ខណ៍ដោយប្រាជ្ញា ឱកាលណាបានទ្រង់យាងមកឯទូលបង្គំ ទូលបង្គំនឹងប្រព្រឹត្តដោយចិត្តទៀងត្រង់នៅក្នុងផ្ទះទូលបង្គំ ទូលបង្គំនឹងមិនតាំងរបស់អាក្រក់អ្វី នៅចំពោះភ្នែកទូលបង្គំឡើយ ទូលបង្គំខ្ពើមកិច្ចការរបស់ពួកអ្នកដែលមិនទៀង កិច្ចការទាំងនោះនឹងមិនជាប់នៅក្នុងខ្លួនទូលបង្គំឡើយ ចិត្តវៀចកោងនឹងត្រូវថយចេញពីទូលបង្គំទៅ ទូលបង្គំមិនព្រមស្គាល់សេចក្ដីអាក្រក់ទេ ឯអ្នកណាដែលបង្កាច់អ្នកជិតខាងខ្លួនដោយសំងាត់ នោះទូលបង្គំនឹងបំផ្លាញចេញ ហើយអ្នកណាដែលមានឫកខ្ពស់ នឹងចិត្តឆ្មើងឆ្មៃ នោះទូលបង្គំនឹងទ្រាំមិនបានឡើយ ឯភ្នែកទូលបង្គំ នឹងនៅលើពួកអ្នកស្មោះត្រង់ក្នុងស្រុក ដើម្បីឲ្យគេបាននៅជាមួយនឹងទូលបង្គំវិញ អ្នកណាដែលប្រព្រឹត្តតាមផ្លូវទៀងត្រង់ អ្នកនោះឯងនឹងបំរើទូលបង្គំ ឯអ្នកណាដែលប្រព្រឹត្តដោយភូតភរ នោះនឹងនៅក្នុងផ្ទះទូលបង្គំមិនបាន អ្នកណាដែលពោលកុហកក៏មិនធន់នៅចំពោះមុខទូលបង្គំដែរ រាល់តែព្រឹកទូលបង្គំនឹងបំផ្លាញអស់ពួកមនុស្សអាក្រក់ ចេញពីស្រុកទៅ ដើម្បីនឹងកាត់កាល់អស់ទាំងមនុស្សដែលប្រព្រឹត្ត សេចក្ដីទុច្ចរិត ចេញពីទីក្រុងនៃព្រះយេហូវ៉ាបង់។