ទំនុកតម្កើង 10:1-10

ទំនុកតម្កើង 10:1-10 គខប

ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​គង់​នៅ​ឆ្ងាយ​ម៉្លេះ? នៅ​ពេល​ទូលបង្គំ​មាន​អាសន្ន ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​សម្ងំ​ស្ងៀម​ដូច្នេះ? មនុស្ស​ពាល​នាំ​គ្នា​តាម​ធ្វើ​បាប​មនុស្ស​ទុគ៌ត ទាំង​ឥត​អៀន​ខ្មាស ពួក​គេ​ប្រើ​កល‌ល្បិច​ធ្វើ​ឲ្យ មនុស្ស​ទុគ៌ត​វិនាស។ មនុស្ស​ពាល​តែងតែ​និយាយ​អួត អំពី​ការ​លោភ‌លន់​របស់​ខ្លួន ហើយ​មនុស្ស​កេង‌ប្រវ័ញ្ច​នាំ​គ្នា​និយាយ​ចំអក និង​ប្រមាថ​ព្រះ‌អម្ចាស់។ មនុស្ស​ពាល​និយាយ​ទាំង​វាយ​ឫក​ខ្ពស់ ហើយ​មិន​រវី‌រវល់​នឹង​អ្វី​សោះ ព្រោះ​គេ​គិត​ថា គ្មាន​ព្រះ‌ជាម្ចាស់​ទេ! អ្វីៗ​ដែល​គេ​ធ្វើ​តែងតែ​ចម្រុង‌ចម្រើន​ជានិច្ច គេ​គិត​មិន​ដល់​សោះ​ថា ព្រះអង្គ​នឹង​វិនិច្ឆ័យ​ទោស​គេ​ដូច្នេះ គេ​ក៏​បន្ទាប​បន្ថោក​បច្ចា‌មិត្ត​របស់​ខ្លួន។ គេ​គិត​ក្នុង​ចិត្ត​ថា «អញ​នឹង​មិន​ត្រូវ​រង្គោះ‌រង្គើ ហើយ​អញ​ក៏​នឹង​មិន​ជួប​ប្រទះ ទុក្ខ​លំបាក​សោះ​ឡើយ»។ មាត់​របស់​គេ​ពោល​តែ​ពាក្យ​បណ្ដាសា ពាក្យ​បោក​បញ្ឆោត និង​ពាក្យ​មួល​បង្កាច់ ហើយ​ពាក្យ​អពមង្គល និង​ទុច្ចរិត​ស្ថិត​នៅ​លើ​ចុង​អណ្ដាត​គេ​ជានិច្ច។ គេ​តែង​ពួន​ស្ទាក់​នៅ​ក្បែរ​ភូមិ ហើយ​ប្រហារ​ជីវិត​ជន​ស្លូត​ត្រង់​ដោយ​សម្ងាត់ គេ​ចេះ​តែ​ឃ្លាំ​មើល​មនុស្ស​ទន់​ខ្សោយ។ គេ​ពួន​ដូច​សត្វ​សិង្ហ​សម្ងំ​នៅ​តាម​គុម្ពោត គេ​ពួន​ស្ទាក់​ចាំ​ចាប់​ជន​ទុគ៌ត គេ​ចាប់​ជន​ទុគ៌ត ដោយ​ទាក់‌ទាញ ឲ្យ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​ខ្លួន។ ជន​ទុគ៌ត​ក៏​ដួល ក្រាប​នៅ​ដី ហើយ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​ពាល។