ទំនុកតម្កើង 10:1-10
ទំនុកតម្កើង 10:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាព្រះអង្គគង់នៅឆ្ងាយម៉្លេះ? ហេតុអ្វីបានជាព្រះអង្គពួនអង្គទ្រង់ នៅគ្រាដែលមាន ទុក្ខលំបាកដូច្នេះ? មនុស្សអាក្រក់បៀតបៀន មនុស្សក្រីក្រទាំងព្រហើន សូមឲ្យគេជាប់នៅក្នុងឧបាយ ដែលគេបង្កើតនោះទៅ។ ដ្បិតមនុស្សអាក្រក់តែងអួតពីបំណងចិត្ត ដែលខ្លួនប្រាថ្នា ឯមនុស្សលោភលន់ គេជេរប្រមាថ ហើយបោះបង់ព្រះយេហូវ៉ា។ មនុស្សអាក្រក់និយាយទាំងវាយឫកខ្ពស់ថា "ព្រះមិនរវីរវល់អ្វីឡើយ" ឯអស់ទាំងគំនិតរបស់គេតែងគិតថា "គ្មានព្រះណាទេ"។ ផ្លូវរបស់គេសុទ្ធតែចម្រើនឡើងជានិច្ច ការជំនុំជម្រះរបស់ព្រះអង្គនៅខ្ពស់ ហួសពីភ្នែករបស់គេ គេបូញមាត់ឡកឡឺយដាក់បច្ចាមិត្តរបស់គេ។ គេនឹកក្នុងចិត្តថា «អញនឹងមិនត្រូវរង្គើឡើយ អញមិនជួបទុក្ខលំបាក ជារៀងរហូតគ្រប់ជំនាន់តទៅ»។ មាត់គេពេញដោយពាក្យជេរប្រមាថ ពាក្យបោកបញ្ឆោត និងពាក្យកំណាច នៅក្រោមអណ្ដាតគេមានពាក្យអពមង្គល និងទុច្ចរិត។ គេអង្គុយពួនស្ទាក់នៅតាមភូមិ នៅកន្លែងស្ងាត់កំបាំង គេសម្លាប់មនុស្សស្លូតត្រង់ ភ្នែកគេតាមឃ្លាំមើលមនុស្សទុគ៌ត គេពួនចាំនៅទីសម្ងាត់ ដូចសិង្ហសម្ងំនៅក្នុងរូង គេលបចាំចាប់មនុស្សក្រីក្រ គេចាប់មនុស្សក្រីក្រ ដោយទាញគេមកក្នុងមងរបស់ខ្លួន។ មនុស្សទុគ៌តត្រូវខ្ទេចខ្ទី ហើយលិចលង់ ក៏ដួលទៅក្នុងអំណាចរបស់គេ។
ទំនុកតម្កើង 10:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គគង់នៅឆ្ងាយម៉្លេះ? នៅពេលទូលបង្គំមានអាសន្ន ហេតុអ្វីបានជាព្រះអង្គសម្ងំស្ងៀមដូច្នេះ? មនុស្សពាលនាំគ្នាតាមធ្វើបាបមនុស្សទុគ៌ត ទាំងឥតអៀនខ្មាស ពួកគេប្រើកលល្បិចធ្វើឲ្យ មនុស្សទុគ៌តវិនាស។ មនុស្សពាលតែងតែនិយាយអួត អំពីការលោភលន់របស់ខ្លួន ហើយមនុស្សកេងប្រវ័ញ្ចនាំគ្នានិយាយចំអក និងប្រមាថព្រះអម្ចាស់។ មនុស្សពាលនិយាយទាំងវាយឫកខ្ពស់ ហើយមិនរវីរវល់នឹងអ្វីសោះ ព្រោះគេគិតថា គ្មានព្រះជាម្ចាស់ទេ! អ្វីៗដែលគេធ្វើតែងតែចម្រុងចម្រើនជានិច្ច គេគិតមិនដល់សោះថា ព្រះអង្គនឹងវិនិច្ឆ័យទោសគេដូច្នេះ គេក៏បន្ទាបបន្ថោកបច្ចាមិត្តរបស់ខ្លួន។ គេគិតក្នុងចិត្តថា «អញនឹងមិនត្រូវរង្គោះរង្គើ ហើយអញក៏នឹងមិនជួបប្រទះ ទុក្ខលំបាកសោះឡើយ»។ មាត់របស់គេពោលតែពាក្យបណ្ដាសា ពាក្យបោកបញ្ឆោត និងពាក្យមួលបង្កាច់ ហើយពាក្យអពមង្គល និងទុច្ចរិតស្ថិតនៅលើចុងអណ្ដាតគេជានិច្ច។ គេតែងពួនស្ទាក់នៅក្បែរភូមិ ហើយប្រហារជីវិតជនស្លូតត្រង់ដោយសម្ងាត់ គេចេះតែឃ្លាំមើលមនុស្សទន់ខ្សោយ។ គេពួនដូចសត្វសិង្ហសម្ងំនៅតាមគុម្ពោត គេពួនស្ទាក់ចាំចាប់ជនទុគ៌ត គេចាប់ជនទុគ៌ត ដោយទាក់ទាញ ឲ្យធ្លាក់ទៅក្នុងអន្ទាក់របស់ខ្លួន។ ជនទុគ៌តក៏ដួល ក្រាបនៅដី ហើយធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សពាល។
ទំនុកតម្កើង 10:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាទ្រង់គង់នៅឆ្ងាយម៉្លេះ ហេតុអ្វីបានជាទ្រង់ពួនព្រះអង្គ នៅគ្រាដែលមានសេចក្ដី ទុក្ខលំបាកដូច្នេះ មនុស្សអាក្រក់ គេបៀតបៀនដល់មនុស្សក្រីក្រ ដោយសេចក្ដីឆ្មើងឆ្មៃ សូមឲ្យគេជាប់នៅក្នុងឧបាយ ដែលគេបង្កើតនោះ ដ្បិតមនុស្សអាក្រក់ គេអួតពីបំណងក្នុងចិត្តគេ ឯមនុស្សលោភ ក៏លះបង់ព្រះយេហូវ៉ា អើ គេមើលងាយដល់ទ្រង់ផង មនុស្សអាក្រក់ពោលដោយឫកអំនួតរបស់ខ្លួនគេ ថា ព្រះទ្រង់នឹងមិនធ្វើទោសទេ ឯអស់ទាំងគំនិតរបស់គេ នោះតែងគិតថា គ្មានព្រះណាសោះ អស់ទាំងផ្លូវរបស់គេសុទ្ធតែលំបាកជាដរាប ឯអស់ទាំងច្បាប់របស់ទ្រង់ នោះខ្ពស់ហួសពីភ្នែកគេ គេក៏បូញមាត់ឡកឡឺយឲ្យពួកអ្នកដែលតតាំងនឹងគេ គេនឹកក្នុងចិត្តថា អញនឹងមិនត្រូវរង្គើឡើយ ក៏មិនត្រូវអន្តរាយ ដរាបដល់អស់ទាំងដំណមនុស្សតទៅ មាត់គេពេញដោយពាក្យជេរប្រមាថ ព្រមទាំងសេចក្ដីបញ្ឆោត នឹងសេចក្ដីកំណាចផង នៅក្រោមអណ្តាតគេមានសុទ្ធតែកិច្ចកល នឹងសេចក្ដីទុច្ចរិត គេអង្គុយនៅអស់ទាំងទីលបចាំនៃភូមិទាំងប៉ុន្មាន នៅត្រង់កន្លែងស្ងាត់កំបាំង នោះគេសំឡាប់មនុស្ស ជាមនុស្សដែលឥតមានទោស ភ្នែកគេរំពៃមើលមនុស្សទុគ៌ត គេឈ្លបលបនៅទីសំងាត់ ដូចជាសិង្ហនៅក្នុងរូង គេលបចាំចាប់មនុស្សក្រីក្រ ក៏ចាប់មនុស្សក្រនោះ ក្នុងកាលដែលទាញគេមកក្នុងមង គេបំព្រួញខ្លួន ហើយឱនចុះ នោះមនុស្សទុគ៌តធ្លាក់ទៅក្នុងអំណាចគេ