សុភាសិត 8:22-36

សុភាសិត 8:22-36 គខប

ព្រះ‌អម្ចាស់​បាន​បង្កើត​ខ្ញុំ​តាំង​ពី​ដើម​ដំបូង​បង្អស់ គឺ​មុន​អ្វីៗ​ដែល​ព្រះអង្គ​បង្កើត​មក​ទៅ​ទៀត។ ព្រះអង្គ​បាន​ចាក់​ប្រេង​តែង‌តាំង​ខ្ញុំ តាំង​ពី​អស់‌កល្ប​រៀង​មក គឺ​នៅ​គ្រា​ដំបូង​បង្អស់ មុន​កំណើត​ពិភព‌លោក​ទៅ​ទៀត។ កាល​ខ្ញុំ​កើត​មក មិន​ទាន់​មាន​ជម្រៅ​ទឹក ហើយ​ក៏​មិន​ទាន់​មាន​ប្រភព​ទឹក​ដែរ។ ព្រះអង្គ​បង្កើត​ខ្ញុំ​មក មុន​ព្រះអង្គ​ធ្វើ​ឲ្យ​ភ្នំ​ធំ​ភ្នំ​តូច​លេច​ឡើង។ ពេល​នោះ ព្រះអង្គ​មិន​ទាន់​បង្កើត​ផែនដី និង​លំហ​អាកាស​ទេ ហើយ​ក៏​មិន​ទាន់​បង្កើត​ធាតុ​ដើម​ផ្សេងៗ​ដែរ។ កាល​ព្រះ‌អម្ចាស់​លាត​សន្ធឹង​ផ្ទៃ​មេឃ និង​គូរ‌វាស​ជើង​មេឃ​ពី​លើ​មហា​សមុទ្រ ខ្ញុំ​ក៏​នៅ​ទី​នោះ​ដែរ។ កាល​ព្រះអង្គ​ដាក់​ពពក​នៅ​លើ​អាកាស ហើយ​កាល​ប្រភព​ទឹក​ផុស​ចេញ​យ៉ាង​ខ្លាំង ពី​ទី​ជម្រៅ កាល​ព្រះអង្គ​កំណត់​ព្រំ‌ដែន​សមុទ្រ ដើម្បី​ខណ្ឌ​ទឹក​កុំ​ឲ្យ​ហៀរ​ចេញ កាល​ព្រះអង្គ​ចាក់​គ្រឹះ​ផែនដី នៅ​គ្រា​នោះ ខ្ញុំ​ជា​មេ​ជាង​ជួយ​ធ្វើ​ការ​ព្រះអង្គ ហើយ​ខ្ញុំ​ធ្វើ​ឲ្យ​ព្រះអង្គ​មាន​អំណរ ជា​រៀង​រាល់​ថ្ងៃ។ ខ្ញុំ​កម្សាន្ត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ គ្រប់​ពេល​វេលា។ ខ្ញុំ​កម្សាន្ត​នៅ​លើ​ដី​ដែល​ព្រះអង្គ​បាន​បង្កើត ខ្ញុំ​មាន​អំណរ​នៅ​ក្នុង​ចំណោម​មនុស្ស​លោក។ ឥឡូវ​នេះ កូន​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ឪពុក អ្នក​ណា​ប្រតិបត្តិ​តាម​មាគ៌ា​របស់​ឪពុក អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល!។ ចូរ​ស្ដាប់​ដំបូន្មាន​របស់​ឪពុក ដោយ​ឥត​ធ្វេស‌ប្រហែស​ឡើយ នោះ​កូន​នឹង​ទៅ​ជា​អ្នក​មាន​ប្រាជ្ញា។ អ្នក​ណា​ស្ដាប់​ខ្ញុំ ហើយ​ឈរ​យាម​មាត់​ទ្វារ​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល។ អ្នក​ណា​រក​ខ្ញុំ​ឃើញ អ្នក​នោះ​មាន​ជីវិត ហើយ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​អ្នក​នោះ។ អ្នក​ណា​រក​ខ្ញុំ​មិន​ឃើញ អ្នក​នោះ​ធ្វើ​បាប​ខ្លួន​ឯង អ្នក​ណា​ស្អប់​ខ្ញុំ អ្នក​នោះ​ស្រឡាញ់​សេចក្ដី​ស្លាប់។