សុភាសិត 8:22-36

សុភាសិត 8:22-36 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ខ្ញុំ តាំង​ពី​ដើម​ដំបូង នៃ​កិច្ច​ការ​របស់ព្រះ‌អង្គ គឺ​មុន​អស់​ទាំង​កិច្ច‌ការ​របស់​ព្រះ‌អង្គ​ពី​បុរាណ ព្រះ‌អង្គ​បាន​សិត​យើង​តាំង​ពី​អស់‌កល្ប​រៀង​មក គឺ​ពី​កាល​នៅ​ដើម​ឡើយ មុន​ដែល​មាន​ផែនដី​ផង ក្នុង​គ្រា​មុន​ដែល​មាន​ទី​ជម្រៅ​ទឹក នោះ​យើង​បាន​កើត​ហើយ គឺ​កាល​មិន​ទាន់​មាន​រន្ធ​ទឹក​ណា ដែល​ហូរ​ចេញ​ជា​បរិបូរ​នៅ​ឡើយ មុន​ដែល​ភ្នំ​ធំទាំង‌ឡាយ​មាន​រូប​រាង មុន​ដែល​មាន​ភ្នំ​តូចៗ នោះ​ខ្ញុំ​បាន​កើត​មកហើយ កាលព្រះ‌អង្គ​មិន​ទាន់​បាន​បង្កើត​ផែន​ដី ព្រម​ទាំង​ស្រែ​ចម្ការ ឬ​ធូលី​ដី​មុន​ដំបូង​នៅ​ផែនដី​នៅ​ឡើយ​ផង។ កាល​ព្រះ‌អង្គ​ប្រតិ‌ស្ឋាន​ផ្ទៃ​មេឃ ខ្ញុំ​ក៏​នៅ​ទី​នោះ​ដែរ កាល​ព្រះ‌អង្គ​បាន​គូស​វង់​នៅ​លើ​ទី​ជម្រៅ​ទឹក ពេល​ព្រះ‌អង្គ​បាន​តាំង​ឲ្យ​មាន​ពពក​នៅ​ខាង​លើ និង​រន្ធ​ទឹក​ទាំង​ប៉ុន្មាន នៅ​ទី​ជម្រៅ​ឲ្យ​បាន​មាន​កម្លាំង ពេល​ព្រះ‌អង្គ​បាន​កំណត់​ព្រំ​ខណ្ឌ​នៃ​សមុទ្រ ដើម្បី​មិន​ឲ្យ​ទឹក​ឡើង​រំលង​បង្គាប់​ព្រះ‌អង្គ ពេល​ព្រះ‌អង្គ​បាន​កំណត់​រាង​ឫស​នៃ​ផែនដី នៅ​គ្រា​នោះ ខ្ញុំ​នៅ​ជិត​ព្រះ‌អង្គ​ដូច​ជា​មេ​ជាង ហើយ​ខ្ញុំ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យព្រះ‌អង្គ​រាល់​ថ្ងៃ ទាំង​មាន​សេចក្ដី​រីក‌រាយ នៅ​ចំពោះ​ព្រះ‌អង្គ​ជា‌និច្ច ក៏​មាន​សេចក្ដី​រីក‌រាយ​ចំពោះ​ផែនដី ទាំង​ដុំ​មូល​នៃ​ព្រះ‌អង្គ ហើយ​បាន​អំណរ ដោយ​នៅ​ជា‌មួយ​ពួក​មនុស្ស​លោក។ ដូច្នេះ កូន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​យើង​ឥឡូវ ដ្បិត​អ្នក​ណា​ដែល​រក្សា​អស់​ទាំង​ផ្លូវ​របស់​យើង នោះ​មាន​ពរ​ហើយ ចូរ​ស្តាប់​ដំបូ‌ន្មាន ហើយ​មាន​ប្រាជ្ញា​ចុះ កុំ​ឲ្យ​ប្រកែក​មិន​ព្រម​ទាំង​ទទួល​ឡើយ មាន​ពរ​ហើយ អ្នក​ណា​ដែល​ស្តាប់​យើង ដោយ​ចាំ​យាម​នៅ​មាត់​ទ្វារ​យើង​រាល់​ថ្ងៃ គឺ​ដែល​រង់​ចាំ​នៅ​ក្រប​ទ្វារ​ផ្ទះ​របស់​យើង ដ្បិត​អ្នក​ណា​ដែល​បាន​យើង នោះ​បាន​ជីវិត ក៏​នឹង​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌យេហូវ៉ា​ដែរ តែ​ឯ​អ្នក​ណា​ដែល​ធ្វើ​បាប​នឹង​យើង​នោះ ក៏​ប្រទូស្ត​ដល់​ព្រលឹង​ខ្លួន​ដែរ អស់​អ្នក​ណា​ដែល​ស្អប់​យើង នោះ​ឈ្មោះ​ថា​ស្រឡាញ់​សេចក្ដី​ស្លាប់​ហើយ។

ចែក​រំលែក
អាន សុភាសិត 8

សុភាសិត 8:22-36 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​បាន​បង្កើត​ខ្ញុំ​តាំង​ពី​ដើម​ដំបូង​បង្អស់ គឺ​មុន​អ្វីៗ​ដែល​ព្រះអង្គ​បង្កើត​មក​ទៅ​ទៀត។ ព្រះអង្គ​បាន​ចាក់​ប្រេង​តែង‌តាំង​ខ្ញុំ តាំង​ពី​អស់‌កល្ប​រៀង​មក គឺ​នៅ​គ្រា​ដំបូង​បង្អស់ មុន​កំណើត​ពិភព‌លោក​ទៅ​ទៀត។ កាល​ខ្ញុំ​កើត​មក មិន​ទាន់​មាន​ជម្រៅ​ទឹក ហើយ​ក៏​មិន​ទាន់​មាន​ប្រភព​ទឹក​ដែរ។ ព្រះអង្គ​បង្កើត​ខ្ញុំ​មក មុន​ព្រះអង្គ​ធ្វើ​ឲ្យ​ភ្នំ​ធំ​ភ្នំ​តូច​លេច​ឡើង។ ពេល​នោះ ព្រះអង្គ​មិន​ទាន់​បង្កើត​ផែនដី និង​លំហ​អាកាស​ទេ ហើយ​ក៏​មិន​ទាន់​បង្កើត​ធាតុ​ដើម​ផ្សេងៗ​ដែរ។ កាល​ព្រះ‌អម្ចាស់​លាត​សន្ធឹង​ផ្ទៃ​មេឃ និង​គូរ‌វាស​ជើង​មេឃ​ពី​លើ​មហា​សមុទ្រ ខ្ញុំ​ក៏​នៅ​ទី​នោះ​ដែរ។ កាល​ព្រះអង្គ​ដាក់​ពពក​នៅ​លើ​អាកាស ហើយ​កាល​ប្រភព​ទឹក​ផុស​ចេញ​យ៉ាង​ខ្លាំង ពី​ទី​ជម្រៅ កាល​ព្រះអង្គ​កំណត់​ព្រំ‌ដែន​សមុទ្រ ដើម្បី​ខណ្ឌ​ទឹក​កុំ​ឲ្យ​ហៀរ​ចេញ កាល​ព្រះអង្គ​ចាក់​គ្រឹះ​ផែនដី នៅ​គ្រា​នោះ ខ្ញុំ​ជា​មេ​ជាង​ជួយ​ធ្វើ​ការ​ព្រះអង្គ ហើយ​ខ្ញុំ​ធ្វើ​ឲ្យ​ព្រះអង្គ​មាន​អំណរ ជា​រៀង​រាល់​ថ្ងៃ។ ខ្ញុំ​កម្សាន្ត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ គ្រប់​ពេល​វេលា។ ខ្ញុំ​កម្សាន្ត​នៅ​លើ​ដី​ដែល​ព្រះអង្គ​បាន​បង្កើត ខ្ញុំ​មាន​អំណរ​នៅ​ក្នុង​ចំណោម​មនុស្ស​លោក។ ឥឡូវ​នេះ កូន​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ឪពុក អ្នក​ណា​ប្រតិបត្តិ​តាម​មាគ៌ា​របស់​ឪពុក អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល!។ ចូរ​ស្ដាប់​ដំបូន្មាន​របស់​ឪពុក ដោយ​ឥត​ធ្វេស‌ប្រហែស​ឡើយ នោះ​កូន​នឹង​ទៅ​ជា​អ្នក​មាន​ប្រាជ្ញា។ អ្នក​ណា​ស្ដាប់​ខ្ញុំ ហើយ​ឈរ​យាម​មាត់​ទ្វារ​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល។ អ្នក​ណា​រក​ខ្ញុំ​ឃើញ អ្នក​នោះ​មាន​ជីវិត ហើយ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​អ្នក​នោះ។ អ្នក​ណា​រក​ខ្ញុំ​មិន​ឃើញ អ្នក​នោះ​ធ្វើ​បាប​ខ្លួន​ឯង អ្នក​ណា​ស្អប់​ខ្ញុំ អ្នក​នោះ​ស្រឡាញ់​សេចក្ដី​ស្លាប់។

ចែក​រំលែក
អាន សុភាសិត 8

សុភាសិត 8:22-36 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​បាន​តាំង​អញ​ឡើង ជា​ដើម​ការ​នៃ​ទ្រង់ គឺ​មុន​អស់​ទាំង​កិច្ច‌ការ​របស់​ទ្រង់​ពី​បុរាណ ទ្រង់​បាន​សិត​អញ​តាំង​ពី​អស់‌កល្ប​រៀង​មក គឺ​ពី​កាល​នៅ​ដើម​ឡើយ មុន​ដែល​មាន​ផែនដី​ផង ក្នុង​គ្រា​មុន​ដែល​មាន​ទី​ជំរៅ​ទឹក នោះ​អញ​បាន​កើត​ហើយ គឺ​កាល​មិន​ទាន់​មាន​រន្ធ​ទឹក​ណា​ដែល​ហូរ​ចេញ​ជា​បរិបូរ​នៅ​ឡើយ មុន​ដែល​ភ្នំ​ទាំង‌ឡាយ​បាន​ហាប់​មាំ‌មួន​នៅ អញ​បាន​កើត​មក​មុន​អស់​ទាំង​ភ្នំ​តូច គឺ​ក្នុង​កាល​ដែល​ទ្រង់​មិន​ទាន់​បង្កើត​ដី ឬ​ស្រែ​ចំការ ឬ​ល្អង​ធូលី​មុន​ដំបូង​នៅ​ផែនដី​នៅ​ឡើយ​ផង ក្នុង​កាល​ដែល​ទ្រង់​ប្រតិ‌ស្ឋាន​ផ្ទៃ​មេឃ នោះ​អញ​បាន​នៅ​ឯ​ណោះ​ហើយ កាល​ទ្រង់​បាន​គូស​វង់​នៅ​លើ​ទី​ជំរៅ​ទឹក កាល​ទ្រង់​បាន​តាំង​ឲ្យ​មាន​ពពក​នៅ​ខាង​លើ នឹង​រន្ធ​ទឹក​ទាំង​ប៉ុន្មាន​នៅ​ទី​ជំរៅ​ឲ្យ​បាន​មាន​កំឡាំង កាល​ទ្រង់​បាន​កំណត់​ព្រំ‌ខណ្ឌ​នៃ​សមុទ្រ ដើម្បី​មិន​ឲ្យ​ទឹក​ឡើង​រំលង​បង្គាប់​ទ្រង់ កាល​ទ្រង់​បាន​កំណត់​រាង​ឫស​នៃ​ផែនដី នៅ​គ្រា​នោះ អញ​បាន​នៅ​ជិត​ទ្រង់​ដូច​ជា​មេ​ជាង ហើយ​អញ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ទ្រង់​រាល់ៗ​ថ្ងៃ ព្រម​ទាំង​មាន​សេចក្ដី​រីក‌រាយ​នៅ​ចំពោះ​ទ្រង់​ជានិច្ច ក៏​មាន​សេចក្ដី​រីក‌រាយ​ចំពោះ​ផែនដី​ទាំង​ដុំ​មូល​នៃ​ទ្រង់ ហើយ​បាន​សេចក្ដី​អំណរ ដោយ​នៅ​ជា​មួយ​នឹង​ពួក​មនុស្ស​លោក។ ដូច្នេះ កូន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​អញ​ឥឡូវ ដ្បិត​អ្នក​ណា​ដែល​រក្សា​អស់​ទាំង​ផ្លូវ​របស់​អញ នោះ​មាន​ពរ​ហើយ ចូរ​ស្តាប់​ដំបូន្មាន ហើយ​មាន​ប្រាជ្ញា​ចុះ កុំ​ឲ្យ​ប្រកែក​មិន​ព្រម​ទាំង​ទទួល​ឡើយ មាន​ពរ​ហើយ អ្នក​ណា​ដែល​ស្តាប់​អញ ដោយ​ចាំ​យាម​នៅ​មាត់​ទ្វារ​អញ​រាល់​ថ្ងៃ គឺ​ដែល​រង់‌ចាំ​នៅ​ក្រប​ទ្វារ​ផ្ទះ​របស់​អញ ដ្បិត​អ្នក​ណា​ដែល​បាន​អញ នោះ​បាន​ជីវិត ក៏​នឹង​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌យេហូវ៉ា​ដែរ តែ​ឯ​អ្នក​ណា​ដែល​ធ្វើ​បាប​នឹង​អញ នោះ​ក៏​ប្រទូស្ត​ដល់​ព្រលឹង​ខ្លួន​ដែរ អស់​អ្នក​ណា​ដែល​ស្អប់​អញ នោះ​ឈ្មោះ​ថា​ស្រឡាញ់​សេចក្ដី​ស្លាប់​ហើយ។

ចែក​រំលែក
អាន សុភាសិត 8