សុភាសិត 29:5-27

សុភាសិត 29:5-27 គខប

អ្នក​ណា​បញ្ជោរ​អ្នក​ជិត​ខាង អ្នក​នោះ​ដូច​ជា​ដាក់​អន្ទាក់​ខ្លួន​ឯង។ មនុស្ស​អាក្រក់​រមែង​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​ខ្លួន រីឯ​មនុស្ស​សុចរិត​តែងតែ​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។ មនុស្ស​សុចរិត​តែងតែ​យល់​អំពី​សិទ្ធិ​របស់​ជន​ក្រីក្រ រីឯ​មនុស្ស​ទុច្ចរិត​វិញ មិន​យល់​អំពី​សិទ្ធិ​ទាំង​នេះ​ទេ។ មនុស្ស​ចំអក​ឡក‌ឡឺយ​រមែង​បង្ក​ឲ្យ​មាន​ចលាចល​ពេញ​ទីក្រុង រីឯ​មនុស្ស​មាន​ប្រាជ្ញា តែងតែ​ធ្វើ​ឲ្យ​ចលាចល​នោះ​ស្ងប់​ទៅ​វិញ។ ប្រសិន​បើ​មនុស្ស​មាន​ប្រាជ្ញា​ឡើង​ក្ដី​ជា​មួយ​មនុស្ស​ល្ងង់​ខ្លៅ ទោះ​បី​គាត់​ខឹង ឬ​សើច​ក្ដី ក៏​គាត់​មិន​បាន​ស្ងប់​ចិត្ត​ដែរ។ ពួក​ឃាតករ​រមែង​ស្អប់​មនុស្ស​ទៀង‌ត្រង់ រីឯ​មនុស្ស​សុចរិត​តែងតែ​ចូល​ចិត្ត​មនុស្ស​ទៀង‌ត្រង់​នោះ​វិញ។ មនុស្ស​ល្ងង់​ខ្លៅ​រមែង​បញ្ចេញ​កំហឹង​របស់​ខ្លួន​ឲ្យ​គេ​ឃើញ រីឯ​មនុស្ស​មាន​ប្រាជ្ញា​តែងតែ​ចេះ​ទប់​កំហឹង។ កាល​ណា​ចៅហ្វាយ​ចូល​ចិត្ត​ស្ដាប់​ពាក្យ​ភូត‌ភរ កូន​ចៅ​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​អាក្រក់​ទាំង​អស់​គ្នា។ អ្នក​ទុគ៌ត និង​អ្នក​ជិះ‌ជាន់​គេ ជា​មនុស្ស​ដូច​គ្នា ដ្បិត​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​អ្នក​ទាំង​ពីរ​មើល​ឃើញ​ពន្លឺ​ថ្ងៃ។ ស្ដេច​ដែល​វិនិច្ឆ័យ​ទោស​ប្រជា‌រាស្ត្រ​ក្រីក្រ ដោយ​យុត្តិធម៌ រមែង​ពង្រឹង​អំណាច​រហូត​ត​ទៅ។ ការ​វាយ​ប្រដៅ និង​ការ​ស្ដី​បន្ទោស រមែង​ធ្វើ​ឲ្យ​មនុស្ស​មាន​ប្រាជ្ញា រីឯ​ក្មេង​ដែល​គេ​បណ្ដោយ​ឲ្យ​ធ្វើ​អ្វី​តាម​ចិត្ត តែងតែ​បំបាក់​មុខ​ម្ដាយ។ កាល​ណា​មនុស្ស​អាក្រក់​មាន​អំណាច​កាន់​តែ​ច្រើន​យ៉ាង​ណា អំពើ​អាក្រក់​ក៏​កើន​ឡើង​កាន់​តែ​ច្រើន​យ៉ាង​នោះ​ដែរ ប៉ុន្តែ មនុស្ស​សុចរិត​នឹង​ឃើញ​ពួក​គេ​អន្តរាយ។ ចូរ​វាយ​ប្រដៅ​កូន នោះ​វា​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​ព្រួយ​បារម្ភ​អ្វី​ឡើយ ផ្ទុយ​ទៅ​វិញ វា​នឹង​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត។ ពេល​ណា​គ្មាន​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ​ពី​ព្រះ‌ជាម្ចាស់​ទេ ប្រជា‌ជន​នឹង​ជ្រួល‌ច្របល់ រីឯ​អ្នក​ដែល​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ ពិត​ជា​មាន​សុភមង្គល។ គេ​មិន​អាច​ប្រដៅ​ខ្ញុំ​បម្រើ​នឹង​ពាក្យ​សម្ដី​បាន​ទេ ដ្បិត​ទោះ​បី​វា​យល់​ក្ដី ក៏​វា​មិន​ធ្វើ​តាម​ដែរ។ ប្រសិន​បើ​អ្នក​ឃើញ​នរណា​ម្នាក់​និយាយ​មិន​ចេះ​គិត តោង​ដឹង​ថា យើង​អាច​ទុក​ចិត្ត​លើ​មនុស្ស​ខ្លៅ​ជាង​ទុក​ចិត្ត​អ្នក​នោះ។ បើ​អ្នក​ទម្រើស​ខ្ញុំ​បម្រើ​ខ្លាំង​ពេក កាល​វា​នៅ​ពី​ក្មេង ថ្ងៃ​ក្រោយ​វា នឹង​មិន​ស្ដាប់​បង្គាប់​អ្នក​ឡើយ។ មនុស្ស​ឆាប់​ខឹង​រមែង​បង្ក​ជម្លោះ រីឯ​អ្នក​ដែល​មាន​ចិត្ត​កំរោល រមែង​ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា។ អំនួត​របស់​មនុស្ស​រមែង​ធ្វើ​ឲ្យ​គេ​បាក់​មុខ រីឯ​អ្នក​ដែល​ចិត្ត​សុភាព​រាប‌សា តែងតែ​ទទួល​កិត្តិយស។ អ្នក​ណា​សម​គំនិត​ជា​មួយ​ចោរ អ្នក​នោះ​ស្អប់​ខ្លួន​ឯង​ព្រោះ​គេ​ដឹង​ថា ខ្លួន​ត្រូវ​បណ្ដាសា តែ​មិន​ហ៊ាន​ធ្វើ​ជា​សាក្សី​ទេ។ ភ័យ​ខ្លាច​មនុស្ស រមែង​ធ្វើ​ឲ្យ​ខ្លួន​ជាប់​អន្ទាក់ រីឯ​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់​តែងតែ​បាន​សេចក្ដី​សុខ។ មនុស្ស​ជា​ច្រើន​ចង់​ផ្គាប់​ចិត្ត​ចៅហ្វាយ ប៉ុន្តែ មាន​តែ​ព្រះ‌អម្ចាស់​ទេ ដែល​រក​យុត្តិធម៌​ឲ្យ​មនុស្ស​គ្រប់ៗ​រូប។ មនុស្ស​សុចរិត​មិន​ចូល​ចិត្ត​នឹង​មនុស្ស​ទុច្ចរិត​ទេ រីឯ​មនុស្ស​អាក្រក់​ក៏​មិន​ចូល​ចិត្ត​នឹង​មនុស្ស​ទៀង‌ត្រង់​ដែរ។