សុភាសិត 29:5-27
សុភាសិត 29:5-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ្នកណាដែលបញ្ចើចដល់អ្នកជិតខាង នោះឈ្មោះថា ដាក់លប់សម្រាប់ចាប់ជើងគេទេ។ មានអន្ទាក់នៅក្នុងអំពើរំលងរបស់មនុស្សអាក្រក់ តែមនុស្សសុចរិតច្រៀងដោយអរសប្បាយវិញ។ មនុស្សសុចរិតរមែងពិចារណា យល់ហេតុនៃមនុស្សទាល់ក្រ តែមនុស្សអាក្រក់គ្មានយោបល់យល់បានទេ។ មនុស្សចំអកមើលងាយ គេអុចអាលឲ្យទីក្រុងឆេះឡើង តែមនុស្សមានប្រាជ្ញា គេបង្វែរបណ្តេញសេចក្ដីក្រោធចេញវិញ។ បើអ្នកមានប្រាជ្ញា គេកើតមានរឿងនឹងមនុស្សចម្កួត ទោះបើអ្នកនោះខឹង ឬសើចក្តី គង់តែឥតមានសេចក្ដីសុខវិញឡើយ។ ពួកមនុស្សដែលកម្ចាយឈាម នោះរមែងតែស្អប់ដល់មនុស្សត្រឹមត្រូវ តែមនុស្សទៀងត្រង់រកជួយសង្គ្រោះ ព្រលឹងអ្នកនោះវិញ។ ពួកល្ងីល្ងើសម្ដែងចេញ អស់ទាំងកំហឹងរបស់ខ្លួន តែមនុស្សមានប្រាជ្ញាគេទប់ចិត្ត ហើយរម្ងាប់ចេញវិញ។ បើអ្នកគ្រប់គ្រងតែងស្តាប់តាមពាក្យភូតភរ នោះពួកអ្នកបម្រើរបស់គេ ក៏ជាមនុស្សអាក្រក់ដែរ។ មនុស្សទាល់ក្រ និងមនុស្សដែលសង្កត់សង្កិន គេតែងតែប្រទះគ្នា តែគឺព្រះយេហូវ៉ា ដែលបំភ្លឺភ្នែករបស់អ្នកទាំងពីរនោះ។ ឯស្តេចណាដែលវិនិច្ឆ័យក្តី របស់មនុស្សទាល់ក្រដោយឥតមន្ទិល បល្ល័ង្ករាជ្យរបស់ស្តេចនោះ នឹងបានតាំងឲ្យជាប់ជាដរាប។ រំពាត់ និងសេចក្ដីប្រៀនប្រដៅ រមែងឲ្យកើតមានប្រាជ្ញា តែកូនណាដែលបណ្តោយឲ្យប្រព្រឹត្តតាមអំពើចិត្ត នោះតែងធ្វើឲ្យម្តាយមានសេចក្ដីខ្មាសវិញ។ កាលណាមនុស្សអាក្រក់ចម្រើនជាច្រើនឡើង នោះអំពើរំលងច្បាប់ក៏ចម្រើនឡើងដែរ ប៉ុន្តែ ពួកសុចរិតនឹងឃើញគ្រា ដែលគេដួលចុះទៅវិញ។ ចូរស្តីប្រដៅកូនអ្នកចុះ ទោះគេនឹងឲ្យអ្នកបានសម្រាកចិត្ត គេនឹងឲ្យអ្នកមានចិត្តរីករាយផង។ គ្រាណាដែលឥតមានការបើកសម្ដែង នោះបណ្ដាជនរមែងលែងទប់ចិត្ត តែអ្នកណាដែលប្រព្រឹត្តតាមបញ្ញត្តិច្បាប់ នោះសប្បាយហើយ។ ខ្ញុំកំដរនឹងរាងចាល ដោយសារតែពាក្យបន្ទោសមិនបាន ដ្បិតទោះបើគេស្តាប់បាន គង់តែមិនយកចិត្តទុកដាក់ឡើយ។ អ្នកដែលឃើញមនុស្សរហ័សនឹងបញ្ចេញសម្ដីឬ មានសេចក្ដីសង្ឃឹម ចំពោះមនុស្សល្ងីល្ងើ ជាជាងអ្នកនោះទៅទៀត។ អ្នកណាដែលចិញ្ចឹមបាវបម្រើដោយថ្នម តាំងពីតូចមក នោះដល់ជាន់ក្រោយ នឹងបានអ្នកនោះដូចជាកូនវិញ។ មនុស្សមួម៉ៅរមែងអុចអាល ឲ្យកើតមានសេចក្ដីទាស់ទែងគ្នា ហើយមនុស្សមានចិត្តក្រោធ នោះរំលងច្បាប់ជាច្រើន។ ចិត្តឆ្មើងឆ្មៃរបស់មនុស្ស នឹងនាំឲ្យទាបថោកទៅ តែអ្នកណាដែលមានចិត្តសុភាព នោះនឹងបានកិត្តិសព្ទវិញ។ អ្នកណាដែលចូលដៃជាមួយចោរ នោះឈ្មោះថាស្អប់ដល់ព្រលឹងខ្លួន វាឮគេដាក់បណ្ដាសាដល់ខ្លួន ប៉ុន្តែ មិនហ៊ានពោលតបឡើយ។ ការដែលខ្លាចមនុស្ស នាំឲ្យជាប់អន្ទាក់ តែអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ា នោះនឹងបានសេចក្ដីសុខ។ មានមនុស្សជាច្រើនដែលស្វែងរក ឲ្យបានប្រកបដោយគុណនៃអ្នកគ្រប់គ្រង តែសេចក្ដីវិនិច្ឆ័យដល់មនុស្ស នោះស្រេចនៅព្រះយេហូវ៉ា។ ឯមនុស្សទុច្ចរិត គេជាទីស្អប់ខ្ពើមដល់ពួកសុចរិត ហើយអ្នកណាដែលប្រព្រឹត្តដោយទៀងត្រង់ នោះ ក៏ជាទីស្អប់ខ្ពើមដល់មនុស្សអាក្រក់ដែរ។
សុភាសិត 29:5-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកណាបញ្ជោរអ្នកជិតខាង អ្នកនោះដូចជាដាក់អន្ទាក់ខ្លួនឯង។ មនុស្សអាក្រក់រមែងធ្លាក់ទៅក្នុងអន្ទាក់របស់ខ្លួន រីឯមនុស្សសុចរិតតែងតែមានអំណរសប្បាយយ៉ាងខ្លាំង។ មនុស្សសុចរិតតែងតែយល់អំពីសិទ្ធិរបស់ជនក្រីក្រ រីឯមនុស្សទុច្ចរិតវិញ មិនយល់អំពីសិទ្ធិទាំងនេះទេ។ មនុស្សចំអកឡកឡឺយរមែងបង្កឲ្យមានចលាចលពេញទីក្រុង រីឯមនុស្សមានប្រាជ្ញា តែងតែធ្វើឲ្យចលាចលនោះស្ងប់ទៅវិញ។ ប្រសិនបើមនុស្សមានប្រាជ្ញាឡើងក្ដីជាមួយមនុស្សល្ងង់ខ្លៅ ទោះបីគាត់ខឹង ឬសើចក្ដី ក៏គាត់មិនបានស្ងប់ចិត្តដែរ។ ពួកឃាតកររមែងស្អប់មនុស្សទៀងត្រង់ រីឯមនុស្សសុចរិតតែងតែចូលចិត្តមនុស្សទៀងត្រង់នោះវិញ។ មនុស្សល្ងង់ខ្លៅរមែងបញ្ចេញកំហឹងរបស់ខ្លួនឲ្យគេឃើញ រីឯមនុស្សមានប្រាជ្ញាតែងតែចេះទប់កំហឹង។ កាលណាចៅហ្វាយចូលចិត្តស្ដាប់ពាក្យភូតភរ កូនចៅនឹងក្លាយទៅជាមនុស្សអាក្រក់ទាំងអស់គ្នា។ អ្នកទុគ៌ត និងអ្នកជិះជាន់គេ ជាមនុស្សដូចគ្នា ដ្បិតព្រះអម្ចាស់ប្រទានឲ្យអ្នកទាំងពីរមើលឃើញពន្លឺថ្ងៃ។ ស្ដេចដែលវិនិច្ឆ័យទោសប្រជារាស្ត្រក្រីក្រ ដោយយុត្តិធម៌ រមែងពង្រឹងអំណាចរហូតតទៅ។ ការវាយប្រដៅ និងការស្ដីបន្ទោស រមែងធ្វើឲ្យមនុស្សមានប្រាជ្ញា រីឯក្មេងដែលគេបណ្ដោយឲ្យធ្វើអ្វីតាមចិត្ត តែងតែបំបាក់មុខម្ដាយ។ កាលណាមនុស្សអាក្រក់មានអំណាចកាន់តែច្រើនយ៉ាងណា អំពើអាក្រក់ក៏កើនឡើងកាន់តែច្រើនយ៉ាងនោះដែរ ប៉ុន្តែ មនុស្សសុចរិតនឹងឃើញពួកគេអន្តរាយ។ ចូរវាយប្រដៅកូន នោះវានឹងមិនធ្វើឲ្យអ្នកព្រួយបារម្ភអ្វីឡើយ ផ្ទុយទៅវិញ វានឹងធ្វើឲ្យអ្នកសប្បាយចិត្ត។ ពេលណាគ្មាននិមិត្តហេតុដ៏អស្ចារ្យពីព្រះជាម្ចាស់ទេ ប្រជាជននឹងជ្រួលច្របល់ រីឯអ្នកដែលប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអង្គ ពិតជាមានសុភមង្គល។ គេមិនអាចប្រដៅខ្ញុំបម្រើនឹងពាក្យសម្ដីបានទេ ដ្បិតទោះបីវាយល់ក្ដី ក៏វាមិនធ្វើតាមដែរ។ ប្រសិនបើអ្នកឃើញនរណាម្នាក់និយាយមិនចេះគិត តោងដឹងថា យើងអាចទុកចិត្តលើមនុស្សខ្លៅជាងទុកចិត្តអ្នកនោះ។ បើអ្នកទម្រើសខ្ញុំបម្រើខ្លាំងពេក កាលវានៅពីក្មេង ថ្ងៃក្រោយវា នឹងមិនស្ដាប់បង្គាប់អ្នកឡើយ។ មនុស្សឆាប់ខឹងរមែងបង្កជម្លោះ រីឯអ្នកដែលមានចិត្តកំរោល រមែងប្រព្រឹត្តអំពើបាបផ្ទួនៗគ្នា។ អំនួតរបស់មនុស្សរមែងធ្វើឲ្យគេបាក់មុខ រីឯអ្នកដែលចិត្តសុភាពរាបសា តែងតែទទួលកិត្តិយស។ អ្នកណាសមគំនិតជាមួយចោរ អ្នកនោះស្អប់ខ្លួនឯងព្រោះគេដឹងថា ខ្លួនត្រូវបណ្ដាសា តែមិនហ៊ានធ្វើជាសាក្សីទេ។ ភ័យខ្លាចមនុស្ស រមែងធ្វើឲ្យខ្លួនជាប់អន្ទាក់ រីឯអ្នកដែលផ្ញើជីវិតលើព្រះអម្ចាស់តែងតែបានសេចក្ដីសុខ។ មនុស្សជាច្រើនចង់ផ្គាប់ចិត្តចៅហ្វាយ ប៉ុន្តែ មានតែព្រះអម្ចាស់ទេ ដែលរកយុត្តិធម៌ឲ្យមនុស្សគ្រប់ៗរូប។ មនុស្សសុចរិតមិនចូលចិត្តនឹងមនុស្សទុច្ចរិតទេ រីឯមនុស្សអាក្រក់ក៏មិនចូលចិត្តនឹងមនុស្សទៀងត្រង់ដែរ។
សុភាសិត 29:5-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ្នកណាដែលបញ្ចើចដល់អ្នកជិតខាង នោះឈ្មោះថា ដាក់លប់សំរាប់ចាប់ជើងគេទេ។ មានអន្ទាក់ នៅក្នុងអំពើរំលងរបស់មនុស្សអាក្រក់ តែមនុស្សសុចរិតគេច្រៀងដោយអរសប្បាយវិញ។ មនុស្សសុចរិតរមែងពិចារណាយល់ហេតុនៃមនុស្សទាល់ក្រ តែមនុស្សអាក្រក់គ្មានយោបល់យល់បានទេ។ មនុស្សចំអកមើលងាយ គេអុចអាលឲ្យទីក្រុងឆេះឡើង តែមនុស្សមានប្រាជ្ញា គេបង្វែរបណ្តេញសេចក្ដីក្រោធចេញវិញ។ បើអ្នកមានប្រាជ្ញា គេកើតមានរឿងនឹងមនុស្សចំកួត ទោះបើអ្នកនោះខឹង ឬសើចក្តី គង់តែឥតមានសេចក្ដីសុខវិញឡើយ។ ពួកមនុស្សដែលកំចាយឈាម នោះរមែងតែស្អប់ដល់មនុស្សត្រឹមត្រូវ តែមនុស្សទៀងត្រង់រកជួយសង្គ្រោះព្រលឹងអ្នកនោះវិញ។ ពួកល្ងីល្ងើ សំដែងចេញអស់ទាំងកំហឹងរបស់ខ្លួន តែមនុស្សមានប្រាជ្ញាគេទប់ចិត្ត ហើយរំងាប់ចេញវិញ។ បើអ្នកគ្រប់គ្រងតែងស្តាប់តាមពាក្យភូតភរ នោះពួកអ្នកបំរើរបស់គេក៏ជាមនុស្សអាក្រក់ដែរ។ មនុស្សទាល់ក្រ នឹងមនុស្សដែលសង្កត់សង្កិន គេតែងតែប្រទះគ្នា តែគឺព្រះយេហូវ៉ា ដែលបំភ្លឺភ្នែករបស់អ្នកទាំង២នោះ។ ឯស្តេចណាដែលវិនិច្ឆ័យក្តីរបស់មនុស្សទាល់ក្រដោយឥតមន្ទិល បល្ល័ង្ករាជ្យរបស់ស្តេចនោះនឹងបានតាំងឲ្យជាប់ជាដរាប។ រំពាត់ នឹងសេចក្ដីប្រៀនប្រដៅ រមែងឲ្យកើតមានប្រាជ្ញា តែកូនណាដែលបណ្តោយឲ្យប្រព្រឹត្តតាមអំពើចិត្ត នោះតែងធ្វើឲ្យម្តាយមានសេចក្ដីខ្មាសវិញ។ កាលណាមនុស្សអាក្រក់ចំរើនជាច្រើនឡើង នោះសេចក្ដីរំលងច្បាប់ក៏ចំរើនឡើងដែរ ប៉ុន្តែពួកសុចរិតនឹងឃើញគ្រាដែលគេដួលចុះទៅវិញ។ ចូរស្តីប្រដៅកូនឯងចុះ នោះវានឹងឲ្យឯងបានសំរាកចិត្ត អើ វានឹងឲ្យឯងមានចិត្តរីករាយផង។ គ្រាណាដែលឥតមានការបើកសំដែង នោះបណ្តាជនរមែងលែងទប់ចិត្ត តែអ្នកណាដែលប្រព្រឹត្តតាមបញ្ញត្តច្បាប់ នោះសប្បាយហើយ។ ខ្ញុំកំដរនឹងរាងចាល ដោយសារតែពាក្យបន្ទោសមិនបាន ដ្បិតទោះបើវាស្តាប់បាន គង់តែមិនយកចិត្តទុកដាក់ឡើយ។ ឯងដែលឃើញមនុស្សរហ័សនឹងបញ្ចេញសំដីឬមានសេចក្ដីសង្ឃឹម ចំពោះមនុស្សល្ងីល្ងើ ជាជាងអ្នកនោះទៅទៀត។ អ្នកណាដែលចិញ្ចឹមបាវបំរើដោយថ្នម តាំងពីតូចមក នោះដល់ជាន់ក្រោយនឹងបានអ្នកនោះដូចជាកូនវិញ។ មនុស្សមួម៉ៅរមែងអុចអាល ឲ្យកើតមានសេចក្ដីទាស់ទែងគ្នា ហើយមនុស្សមានចិត្តក្រោធ នោះរំលងច្បាប់ជាច្រើន។ ចិត្តឆ្មើងឆ្មៃរបស់មនុស្ស នឹងនាំឲ្យទាបថោកទៅ តែអ្នកណាដែលមានចិត្តសុភាពរាបទាប នោះនឹងបានកិត្តិសព្ទវិញ។ អ្នកណាដែលចូលដៃនឹងចោរ នោះឈ្មោះថាស្អប់ដល់ព្រលឹងខ្លួន វាឮគេដាក់បណ្តាសាដល់ខ្លួន ប៉ុន្តែមិនពោលតបឡើយ។ ការដែលខ្លាចចំពោះមនុស្ស នោះនាំឲ្យជាប់អន្ទាក់ តែអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ាពិត នោះនឹងបានសុខវិញ។ មានមនុស្សជាច្រើនដែលស្វែងរក ឲ្យបានប្រកបដោយគុណនៃអ្នកគ្រប់គ្រង តែសេចក្ដីវិនិច្ឆ័យដល់មនុស្សនោះស្រេចនៅព្រះយេហូវ៉ាវិញ។ ឯមនុស្សទុច្ចរិត គេជាទីស្អប់ខ្ពើមដល់ពួកសុចរិត ហើយអ្នកណាដែលប្រព្រឹត្តដោយទៀងត្រង់ នោះក៏ជាទីស្អប់ខ្ពើមដល់មនុស្សអាក្រក់ដែរ។