សុភាសិត 27:5-10

សុភាសិត 27:5-10 គខប

រិះគន់​ដោយ​ចំហ​ប្រសើរ​ជាង​លាក់​សេចក្ដី​ស្រឡាញ់។ ពាក្យ​ស្ដី​បន្ទោស​របស់​មិត្ត​សម្លាញ់ ផុស​ចេញ​ពី​ចិត្ត​ភក្ដី‌ភាព រីឯ​ពាក្យ​ស្និទ្ធ‌ស្នាល​របស់​សត្រូវ ផុស​ចេញ​ពី​ចិត្ត​បោក​បញ្ឆោត។ អ្នក​ឆ្អែត​ឃើញ​ទឹក​ឃ្មុំ​ក៏​ណាយ​ដែរ រីឯ​អ្នក​ឃ្លាន អ្វីៗ​ដែល​ល្វីង​ជូរ​ចត់​ក៏​ផ្អែម​ដែរ។ មនុស្ស​វង្វេង​ឆ្ងាយ​ពី​ស្រុក​កំណើត ប្រៀប​ដូច​ជា​សត្វ​ចាប​ហើរ​វង្វេង​សំបុក។ ប្រេង​ក្រអូប និង​ទឹក​អប់ រមែង​ធ្វើ​ឲ្យ​ចិត្ត​រីក‌រាយ រីឯ​យោបល់​របស់​មិត្ត​សម្លាញ់​ដ៏​ស្លូត‌បូត​រឹង‌រឹត​តែ​ប្រសើរ​លើស​នេះ​ទៅ​ទៀត។ កុំ​បោះ‌បង់​មិត្ត​របស់​អ្នក ឬ​មិត្ត​របស់​ឪពុក​អ្នក​ចោល​ឡើយ។ នៅ​ថ្ងៃ​មាន​អាសន្ន កុំ​រត់​ទៅ​ពឹង​បងប្អូន​បង្កើត របស់​អ្នក​ឲ្យ​សោះ ដ្បិត​អ្នក​ជិត​ខាង​ដែល​ស្និទ្ធ‌ស្នាល​ប្រសើរ​ជាង​បងប្អូន​បង្កើត​ដែល​នៅ​ឆ្ងាយ​ទៅ​ទៀត។