នេះជាសុភាសិតរបស់ព្រះបាទសាឡូម៉ូន ចងក្រងឡើងដោយមន្ត្រីរបស់ព្រះបាទហេសេគា ជាស្ដេចស្រុកយូដា។ សិរីរុងរឿងរបស់ព្រះជាម្ចាស់ស្ថិតនៅលើគម្រោងការដ៏លាក់កំបាំង រីឯសិរីរុងរឿងរបស់ស្ដេចស្ថិតនៅលើសុភនិច្ឆ័យ។ ផ្ទៃមេឃខ្ពស់យ៉ាងណា ផែនដីជ្រៅយ៉ាងណា ព្រះហឫទ័យរបស់ស្ដេចក៏ដូច្នោះដែរ គ្មាននរណាអាចយល់បានទេ។ បើជាងទងចង់សិតធ្វើវត្ថុសិល្បៈអ្វីមួយ តោងបន្សុទ្ធប្រាក់ជាមុនសិន។ បើស្ដេចចង់ពង្រឹងរាជសម្បត្តិដោយយុត្តិធម៌ តោងដកមនុស្សអាក្រក់ចេញឲ្យឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គជាមុនសិន។ កុំធ្វើព្រហើននៅចំពោះព្រះភ័ក្ត្រស្ដេច ហើយក៏កុំចង់បានកន្លែងរបស់អ្នកធំដែរ។ ប្រសិនបើគេប្រាប់អ្នកថា «សូមអញ្ជើញមកអង្គុយនៅទីនេះ» ប្រសើរជាងគេបំបាក់មុខអ្នកនៅចំពោះមុខអ្នកធំ។ កុំប្រញាប់យករឿងរ៉ាវអ្វីដែលអ្នកបានឃើញ ទៅប្ដឹងចៅក្រមឡើយ ដ្បិតប្រសិនបើចុងចោទទម្លាក់កំហុសមកលើអ្នកវិញ តើអ្នកដោះសាខ្លួនដូចម្ដេចបាន! បើមានទំនាស់ជាមួយអ្នកជិតខាង ចូរជជែកគ្នារកខុសត្រូវទៅ តែកុំបង្ហើបសេចក្ដីដែលអ្នកក្រៅបានខ្សឹបប្រាប់អ្នកឡើយ ក្រែងលោអ្នកនោះដឹងឮ គេដៀលអ្នក ហើយអ្នកត្រូវអាម៉ាស់ងើបមុខមិនរួច។ និយាយត្រូវតាមកាលៈទេសៈ មានតម្លៃដូចបន្តោងពេជ្រព្យួរជាប់នឹងខ្សែកមាស ឬប្រាក់។ យកចិត្តទុកដាក់ស្ដាប់ពាក្យស្ដីប្រដៅរបស់អ្នកប្រាជ្ញ ប្រៀបដូចជាមានចិញ្ចៀនមាស ឬខ្សែកធ្វើពីមាសសុទ្ធ។ អ្នកនាំសារស្មោះត្រង់រមែងធ្វើឲ្យម្ចាស់របស់ខ្លួនសប្បាយចិត្ត ដូចទឹកដ៏ត្រជាក់នៅរដូវប្រាំង។ អ្នកណាអួតពីទានដែលខ្លួនមិនបានធ្វើ អ្នកនោះប្រៀបដូចជាពពក និងខ្យល់ដែលមិនបង្អុរទឹកភ្លៀង។
អាន សុភាសិត 25
ស្ដាប់នូវ សុភាសិត 25
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សុភាសិត 25:1-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ