សុភាសិត 25:1-14
សុភាសិត 25:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះក៏ជាសុភាសិតរបស់ស្តេចសាឡូម៉ូនដែរ ជាសេចក្ដីដែលពួកស្មៀនរបស់ព្រះបាទហេសេគា ស្តេចសាសន៍យូដា បានចម្លងទុក។ សិរីរុងរឿងរបស់ព្រះស្ថិតនៅ ក្នុងគម្រោងការលាក់កំបាំង ប៉ុន្តែ សិរីរុងរឿងរបស់ពួកស្តេចវិញ គឺស្វែងយល់បាន។ ផ្ទៃមេឃខ្ពស់យ៉ាងណា ហើយផែនដីជ្រៅយ៉ាងណា ព្រះហឫទ័យរបស់ពួកស្តេច ក៏ស្ទង់មើលដល់យ៉ាងនោះដែរ។ ចូរដេញយកអាចម៍ប្រាក់ចេញ នោះនឹងមានគ្រឿងចេញពីពុម្ព មកសម្រាប់ជាងខាត់ ក៏ដកយកមនុស្សអាក្រក់ចេញពីចំពោះស្តេច នោះរាជ្យរបស់ព្រះអង្គនឹងបានតាំងនៅខ្ជាប់ខ្ជួន ក្នុងសេចក្ដីសុចរិត។ ឯងកុំបញ្ចើខ្លួននៅចំពោះស្តេចឡើយ ក៏កុំឈរនៅកន្លែងរបស់អ្នកធំដែរ ដ្បិតបើគេមកនិយាយនឹងអ្នកថា «អញ្ជើញឡើងមកណេះ» នោះល្អជាជាងត្រូវបន្ទាបនៅចំពោះអ្នកធំ ដែលភ្នែកអ្នកបានឃើញស្រាប់ហើយ។ កុំប្រញាប់នាំគេឡើងតុលាការ ក្រែងដល់ចុងបំផុត អ្នកជិតខាងធ្វើឲ្យអ្នកខ្មាសគេ នោះមិនដឹងធ្វើម្ដេចទៀត។ ចូរទៅជជែករឿងរបស់ឯង ចំពោះអ្នកជិតខាង ដោយមានតែគ្នាពីរនាក់ប៉ុណ្ណោះ កុំឲ្យបើកការសម្ងាត់របស់អ្នកដទៃឡើយ ក្រែងអ្នកដែលឮ គេធ្វើឲ្យឯងខ្មាសវិញ ហើយសេចក្ដីអាម៉ាស់របស់ឯង នឹងមិនចេះបាត់ឡើយ។ ពាក្យសម្ដីដែលនិយាយចំពេល នោះធៀបដូចជាផ្លែសារីមាស ឆ្លាក់ភ្ជាប់នឹងក្បាច់ប្រាក់។ អ្នកដែលចេះស្តីបន្ទោសដោយប្រាជ្ញា ដល់ត្រចៀកដែលព្រមស្តាប់តាម នោះធៀបដូចជាក្រវិលមាស និងគ្រឿងលម្អមាសសុទ្ធ។ អ្នកនាំសារស្មោះត្រង់ ប្រៀបដូចជាត្រជាក់នៃហិមៈនៅរដូវចម្រូត ដល់ពួកអ្នកដែលចាត់ប្រើ ដ្បិតអ្នកនោះលំហើយព្រលឹងរបស់ចៅហ្វាយខ្លួន។ អ្នកណាដែលអួត ដោយពាក្យកំភូត ពីទានដែលខ្លួនឲ្យ នោះទុកដូចជាពពក និងខ្យល់ដែលឥតមានភ្លៀង។
សុភាសិត 25:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាសុភាសិតរបស់ព្រះបាទសាឡូម៉ូន ចងក្រងឡើងដោយមន្ត្រីរបស់ព្រះបាទហេសេគា ជាស្ដេចស្រុកយូដា។ សិរីរុងរឿងរបស់ព្រះជាម្ចាស់ស្ថិតនៅលើគម្រោងការដ៏លាក់កំបាំង រីឯសិរីរុងរឿងរបស់ស្ដេចស្ថិតនៅលើសុភនិច្ឆ័យ។ ផ្ទៃមេឃខ្ពស់យ៉ាងណា ផែនដីជ្រៅយ៉ាងណា ព្រះហឫទ័យរបស់ស្ដេចក៏ដូច្នោះដែរ គ្មាននរណាអាចយល់បានទេ។ បើជាងទងចង់សិតធ្វើវត្ថុសិល្បៈអ្វីមួយ តោងបន្សុទ្ធប្រាក់ជាមុនសិន។ បើស្ដេចចង់ពង្រឹងរាជសម្បត្តិដោយយុត្តិធម៌ តោងដកមនុស្សអាក្រក់ចេញឲ្យឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គជាមុនសិន។ កុំធ្វើព្រហើននៅចំពោះព្រះភ័ក្ត្រស្ដេច ហើយក៏កុំចង់បានកន្លែងរបស់អ្នកធំដែរ។ ប្រសិនបើគេប្រាប់អ្នកថា «សូមអញ្ជើញមកអង្គុយនៅទីនេះ» ប្រសើរជាងគេបំបាក់មុខអ្នកនៅចំពោះមុខអ្នកធំ។ កុំប្រញាប់យករឿងរ៉ាវអ្វីដែលអ្នកបានឃើញ ទៅប្ដឹងចៅក្រមឡើយ ដ្បិតប្រសិនបើចុងចោទទម្លាក់កំហុសមកលើអ្នកវិញ តើអ្នកដោះសាខ្លួនដូចម្ដេចបាន! បើមានទំនាស់ជាមួយអ្នកជិតខាង ចូរជជែកគ្នារកខុសត្រូវទៅ តែកុំបង្ហើបសេចក្ដីដែលអ្នកក្រៅបានខ្សឹបប្រាប់អ្នកឡើយ ក្រែងលោអ្នកនោះដឹងឮ គេដៀលអ្នក ហើយអ្នកត្រូវអាម៉ាស់ងើបមុខមិនរួច។ និយាយត្រូវតាមកាលៈទេសៈ មានតម្លៃដូចបន្តោងពេជ្រព្យួរជាប់នឹងខ្សែកមាស ឬប្រាក់។ យកចិត្តទុកដាក់ស្ដាប់ពាក្យស្ដីប្រដៅរបស់អ្នកប្រាជ្ញ ប្រៀបដូចជាមានចិញ្ចៀនមាស ឬខ្សែកធ្វើពីមាសសុទ្ធ។ អ្នកនាំសារស្មោះត្រង់រមែងធ្វើឲ្យម្ចាស់របស់ខ្លួនសប្បាយចិត្ត ដូចទឹកដ៏ត្រជាក់នៅរដូវប្រាំង។ អ្នកណាអួតពីទានដែលខ្លួនមិនបានធ្វើ អ្នកនោះប្រៀបដូចជាពពក និងខ្យល់ដែលមិនបង្អុរទឹកភ្លៀង។
សុភាសិត 25:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះក៏ជាសុភាសិតរបស់ស្តេចសាឡូម៉ូនដែរ ជាសេចក្ដីដែលពួកស្មៀនរបស់ហេសេគា ស្តេចសាសន៍យូដា បានចម្លងទុក។ ការដែលលាក់បំបាំងន័យសេចក្ដី នោះជាទីគាប់ព្រះហឫទ័យដល់ព្រះ តែពួកស្តេចវិញ ទ្រង់សព្វព្រះទ័យនឹងស្វែងរកឲ្យយល់ ផ្ទៃមេឃខ្ពស់យ៉ាងណា ហើយផែនដីជ្រៅយ៉ាងណា ព្រះទ័យនៃស្តេចក៏ស្ទង់មើលដល់យ៉ាងនោះដែរ ចូរដេញយកអាចម៍ប្រាក់ចេញ នោះនឹងមានគ្រឿងចេញពីពុម្ពមកសំរាប់ជាងខាត់ ក៏ដកយកមនុស្សអាក្រក់ចេញពីចំពោះស្តេច នោះរាជ្យទ្រង់នឹងបានតាំងនៅខ្ជាប់ខ្ជួនក្នុងសេចក្ដីសុចរិត។ កុំឲ្យឯងបញ្ចើខ្លួននៅចំពោះស្តេចឡើយ ក៏កុំឲ្យឈរនៅទីរបស់អ្នកធំដែរ ដ្បិតបើគេមកនិយាយនឹងឯងថា អញ្ជើញឡើងមកឯណេះ នោះល្អជាជាងត្រូវបន្ទាបនៅចំពោះអ្នកធំ ដែលភ្នែកឯងបានឃើញហើយនោះវិញ។ កុំឲ្យឯងរហ័សនឹងចេញទៅតនឹងគេឡើយ ក្រែងដល់ចុងបំផុត កាលណាអ្នកជិតខាងបានធ្វើឲ្យឯងខ្មាសហើយ នោះឯងមិនដឹងធ្វើអ្វីទៀតទេ ចូរទៅជជែករឿងរបស់ឯង ចំពោះអ្នកជិតខាង ដោយមានតែគ្នា២នាក់ប៉ុណ្ណោះ កុំឲ្យបើកការសំងាត់របស់អ្នកដទៃឡើយ ក្រែងអ្នកដែលឮគេធ្វើឲ្យឯងខ្មាសវិញ ហើយសេចក្ដីអាម៉ាស់របស់ឯងនឹងមិនចេះបាត់ឡើយ។ ពាក្យសំដីដែលនិយាយចំពេល នោះធៀបដូចជាផ្លែសារីមាសធ្លាក់ភ្ជាប់នឹងក្បាច់ប្រាក់ អ្នកដែលចេះស្តីបន្ទោសដោយប្រាជ្ញា នោះក៏ដូចជាក្រវិលមាស នឹងគ្រឿងលំអមាសសុទ្ធ ដល់ត្រចៀកដែលព្រមស្តាប់តាមដែរ អ្នកនាំសារដែលស្មោះត្រង់ នោះប្រៀបដូចជាត្រជាក់នៃហិមៈនៅរដូវចំរូត ដល់ពួកអ្នកដែលចាត់ប្រើ ដ្បិតអ្នកនោះលំហើយព្រលឹងរបស់ចៅហ្វាយខ្លួន។ អ្នកណាដែលអួត ដោយពាក្យកំភូត ពីទានដែលខ្លួនឲ្យ នោះទុកដូចជាពពក ហើយនឹងខ្យល់ដែលឥតមានភ្លៀង។