សុភាសិត 18:1-12

សុភាសិត 18:1-12 គខប

អ្នក​ណា​មិន​រវី‌រវល់​នឹង​អ្នក​ដទៃ អ្នក​នោះ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​បដិសេធ​យោបល់​ទាំង​ប៉ុន្មាន​របស់​អ្នក​ឯ​ទៀតៗ។ មនុស្ស​ខ្លៅ​មិន​ចូល​ចិត្ត​ការ​យល់​ដឹង​ទេ គឺ​គិត​តែ​ចង់​បញ្ចេញ​គំនិត​ខ្លួន​វិញ។ ការ​អាក្រក់​មាន​នៅ​ទី​ណា ការ​ប្រមាថ​ក៏​មាន​នៅ​ទី​នោះ ហើយ​ទី​ណា​មាន​ការ​មាក់‌ងាយ ទី​នោះ​ក៏​មាន​ការ​អាម៉ាស់​មុខ​ដែរ។ សម្ដី​របស់​មនុស្ស​មាន​ជម្រៅ​ដូច​បាត​សមុទ្រ ប្រភព​នៃ​ប្រាជ្ញា​ប្រៀប​ដូច​ជា​ទឹក​ជ្រោះ ដែល​ហូរ​ចេញ​មក​យ៉ាង​ខ្លាំង។ អត់‌ឱន​ឲ្យ​មនុស្ស​ពាល ហើយ​មិន​រក​យុត្តិធម៌​ឲ្យ​មនុស្ស​សុចរិត ជា​ការ​មិន​ល្អ​ទេ។ សម្ដី​របស់​មនុស្ស​ខ្លៅ​បណ្ដាល​ឲ្យ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា ពេល​ណា​អ្នក​នោះ​និយាយ​រមែង​ធ្វើ​ឲ្យ​មាន​ការ​វាយ‌តប់​គ្នា។ មាត់​របស់​មនុស្ស​ខ្លៅ​រមែង​ធ្វើ​ឲ្យ​ខ្លួន​វិនាស ហើយ​ពាក្យ​សម្ដី​របស់​អ្នក​នោះ ជា​អន្ទាក់​សម្រាប់​ដាក់​ខ្លួន​ឯង។ ពាក្យ​សម្ដី​របស់​មនុស្ស​អុជ‌អាល ប្រៀប​ដូច​ជា​ចំណី​យ៉ាង​ឆ្ងាញ់​ជាប់​ក្នុង​ចិត្ត។ អ្នក​ធ្វេស‌ប្រហែស​ក្នុង​ការ‌ងារ និង​អ្នក​បំផ្លាញ​ការ‌ងារ ជា​បងប្អូន​នឹង​គ្នា។ ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់​ជា​បន្ទាយ​ដ៏​រឹង‌មាំ ដែល​មនុស្ស​សុចរិត​រត់​មក​ជ្រក‌កោន ដើម្បី​ឲ្យ​បាន​សុខ។ រីឯ​អ្នក​មាន​វិញ គេ​ចាត់​ទុក​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន ជា​ទីក្រុង​មួយ ដែល​មាន​កំពែង​រឹង‌មាំ។ គេ​នឹក​ស្មាន​ថា សម្បត្តិ​នេះ​ជា​កំពែង​ការពារ​ខ្លួន​គេ​ឲ្យ​បាន​សុខ។ ចិត្ត​អំនួត​រមែង​នាំ​ឲ្យ​អន្តរាយ។ មុន​នឹង​ទទួល​សិរី‌រុងរឿង​តោង​ដាក់​ខ្លួន​ជា​មុន​សិន។