សុភាសិត 18:1-12
សុភាសិត 18:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ្នកណាដែលគេចខ្លួនចេញពីអ្នកដទៃ អ្នកនោះគិតតែប្រយោជន៍ខ្លួនឯង អ្នកនោះមានចិត្តទាស់ប្រឆាំង នឹងអស់ទាំងយោបល់ដែលត្រឹមត្រូវ។ ចំណែកមនុស្សល្ងីល្ងើគេឥតមាន សេចក្ដីរីករាយក្នុងយោបល់ទេ គឺចូលចិត្តតែសម្ដែងគំនិត ក្នុងចិត្តខ្លួនឯងចេញវិញ។ កាលណាមនុស្សអាក្រក់មកដល់ សេចក្ដីមើលងាយមានជាប់តាមមកដែរ ហើយសេចក្ដីត្មះតិះដៀល ក៏រមែងមកជាមួយសេចក្ដីអាប់យសផង។ ពាក្យសម្ដីដែលចេញពីមាត់មនុស្ស ធៀបដូចជាទឹកជ្រៅ ហើយទីបញ្ចេញប្រាជ្ញាក៏ដូចជាជ្រោះទឹកហូរ។ ការដែលយោគយល់ដល់មនុស្សអាក្រក់ ហើយការបង្វែរសេចក្ដីយុត្តិធម៌ ក្នុងការវិនិច្ឆ័យ នោះមិនល្អទេ។ បបូរមាត់មនុស្សល្ងីល្ងើ តែងតែស៊កចូលក្នុងសេចក្ដីឈ្លោះប្រកែកគ្នា ហើយមាត់វាតឿនតែរំពាត់ទេ។ មាត់របស់មនុស្សល្ងីល្ងើ ជាហេតុនាំឲ្យខ្លួនត្រូវវិនាសទៅ ហើយបបូរមាត់ក៏ជាអន្ទាក់ដល់ព្រលឹងខ្លួនដែរ។ ពាក្យសម្ដីរបស់មនុស្សបេះបួយ ធៀបដូចជាម្ហូបយ៉ាងឆ្ងាញ់មួយម៉ាត់ ដែលបានចូលទៅក្នុងពោះ។ អ្នកណាដែលធ្វេសប្រហែសនឹងការរបស់ខ្លួន ឈ្មោះថាជាបងប្អូនជាមួយអ្នកដែលបំផ្លាញ។ ព្រះនាមព្រះយេហូវ៉ា ជាប៉មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្ដីសុខ។ ឯអ្នកមានវិញ ទ្រព្យសម្បត្តិរបស់គេជាទីក្រុងមាំមួន ហើយតាមគំនិតរបស់គេ ក៏យល់ថាជាកំផែងយ៉ាងខ្ពស់ដែរ។ មុននឹងត្រូវវិនាស ចិត្តរបស់មនុស្សកើតមានសេចក្ដីឆ្មើងឆ្មៃ ឯសេចក្ដីរាបសា រមែងតែនាំមុខកិត្តិយសវិញ។
សុភាសិត 18:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកណាមិនរវីរវល់នឹងអ្នកដទៃ អ្នកនោះគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ហើយបដិសេធយោបល់ទាំងប៉ុន្មានរបស់អ្នកឯទៀតៗ។ មនុស្សខ្លៅមិនចូលចិត្តការយល់ដឹងទេ គឺគិតតែចង់បញ្ចេញគំនិតខ្លួនវិញ។ ការអាក្រក់មាននៅទីណា ការប្រមាថក៏មាននៅទីនោះ ហើយទីណាមានការមាក់ងាយ ទីនោះក៏មានការអាម៉ាស់មុខដែរ។ សម្ដីរបស់មនុស្សមានជម្រៅដូចបាតសមុទ្រ ប្រភពនៃប្រាជ្ញាប្រៀបដូចជាទឹកជ្រោះ ដែលហូរចេញមកយ៉ាងខ្លាំង។ អត់ឱនឲ្យមនុស្សពាល ហើយមិនរកយុត្តិធម៌ឲ្យមនុស្សសុចរិត ជាការមិនល្អទេ។ សម្ដីរបស់មនុស្សខ្លៅបណ្ដាលឲ្យមានការឈ្លោះប្រកែកគ្នា ពេលណាអ្នកនោះនិយាយរមែងធ្វើឲ្យមានការវាយតប់គ្នា។ មាត់របស់មនុស្សខ្លៅរមែងធ្វើឲ្យខ្លួនវិនាស ហើយពាក្យសម្ដីរបស់អ្នកនោះ ជាអន្ទាក់សម្រាប់ដាក់ខ្លួនឯង។ ពាក្យសម្ដីរបស់មនុស្សអុជអាល ប្រៀបដូចជាចំណីយ៉ាងឆ្ងាញ់ជាប់ក្នុងចិត្ត។ អ្នកធ្វេសប្រហែសក្នុងការងារ និងអ្នកបំផ្លាញការងារ ជាបងប្អូននឹងគ្នា។ ព្រះនាមរបស់ព្រះអម្ចាស់ជាបន្ទាយដ៏រឹងមាំ ដែលមនុស្សសុចរិតរត់មកជ្រកកោន ដើម្បីឲ្យបានសុខ។ រីឯអ្នកមានវិញ គេចាត់ទុកទ្រព្យសម្បត្តិរបស់ខ្លួន ជាទីក្រុងមួយ ដែលមានកំពែងរឹងមាំ។ គេនឹកស្មានថា សម្បត្តិនេះជាកំពែងការពារខ្លួនគេឲ្យបានសុខ។ ចិត្តអំនួតរមែងនាំឲ្យអន្តរាយ។ មុននឹងទទួលសិរីរុងរឿងតោងដាក់ខ្លួនជាមុនសិន។
សុភាសិត 18:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ្នកណាដែលញែកខ្លួនចេញពីអ្នកដទៃ នោះជាអ្នករកបំពេញតែចិត្តខ្លួនឯងទេ ហើយក៏មានចិត្តគ្នាន់ក្នាញ់ទាស់នឹងអស់ទាំងសេចក្ដីដែលមានទំនង។ ចំណែកមនុស្សល្ងីល្ងើគេឥតមានសេចក្ដីរីករាយក្នុងយោបល់ទេ គឺចូលចិត្តតែនឹងសំដែងគំនិតក្នុងចិត្តខ្លួនឯងចេញវិញ។ កាលណាមនុស្សអាក្រក់មកដល់ នោះសេចក្ដីមើលងាយមានជាប់តាមមកដែរ ហើយសេចក្ដីត្មះតិះដៀលក៏រមែងមកជាមួយនឹងសេចក្ដីអាប់យសផង។ ពាក្យសំដីដែលចេញពីមាត់មនុស្ស ធៀបដូចជាទឹកជ្រៅ ហើយទីបញ្ចេញប្រាជ្ញាក៏ដូចជាជ្រោះទឹកហូរ។ ការដែលយោគយល់ដល់មនុស្សអាក្រក់ ហើយការបង្វែរសេចក្ដីយុត្តិធម៌ក្នុងការវិនិច្ឆ័យ នោះមិនល្អទេ។ បបូរមាត់មនុស្សល្ងីល្ងើ តែងតែស៊កចូលក្នុងសេចក្ដីឈ្លោះប្រកែកគ្នា ហើយមាត់វាតឿនតែរំពាត់ទេ។ មាត់របស់មនុស្សល្ងីល្ងើជាហេតុនាំឲ្យខ្លួនត្រូវវិនាសទៅ ហើយបបូរមាត់ក៏ជាអន្ទាក់ដល់ព្រលឹងខ្លួនដែរ។ ពាក្យសំដីរបស់មនុស្សបេះបួយ ធៀបដូចជាម្ហូបយ៉ាងឆ្ងាញ់១ម៉ាត់ ដែលលេបចុះទៅក្នុងពោះ។ អ្នកណាដែលធ្វេសប្រហែសនឹងការរបស់ខ្លួន នោះឈ្មោះថាជាបងប្អូននឹងអ្នកដែលបំផ្លាញ។ ព្រះនាមព្រះយេហូវ៉ាជាប៉មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្ដីសុខ។ ឯមនុស្សអ្នកមានវិញ ទ្រព្យសម្បត្តិរបស់គេជាទីក្រុងមាំមួន ហើយតាមគំនិតរបស់គេ ក៏យល់ថាជាកំផែងយ៉ាងខ្ពស់ដែរ។ មុននឹងត្រូវវិនាស នោះចិត្តរបស់មនុស្សកើតមានសេចក្ដីឆ្មើងឆ្មៃ ឯសេចក្ដីរាបសា នោះរមែងតែនាំមុខកិត្តិយសវិញ។