សុភាសិត 14:19-35
សុភាសិត 14:19-35 គខប
មនុស្សអាក្រក់មុខជាឱនកាយ គោរពមនុស្សល្អ ហើយឈរចាំនៅមាត់ទ្វារផ្ទះរបស់មនុស្សសុចរិត។ អ្នកក្រីក្រតែងតែមានគេស្អប់ សូម្បីតែអ្នកជិតដិតក៏មិនរាប់អានដែរ រីឯអ្នកមានវិញ សម្បូណ៌អ្នករាប់អានណាស់។ អ្នកណាមើលងាយអ្នកដទៃ អ្នកនោះជាមនុស្សបាប រីឯអ្នកដែលមានចិត្តមេត្តាដល់ជនក្រីក្រ នឹងមានសុភមង្គល។ អស់អ្នកដែលមានបំណងអាក្រក់តែងតែត្រូវវង្វេង រីឯអ្នកដែលមានបំណងល្អរមែងមានចិត្តសប្បុរស និងស្មោះត្រង់។ អ្នកណាធ្វើការ អ្នកនោះតែងតែទទួលប្រាក់ចិញ្ចឹមជីវិត រីឯអ្នកដែលពូកែព្រោកប្រាជ្ញរមែងធ្លាក់ខ្លួនក្រ។ សម្បត្តិស្ដុកស្ដម្ភជារង្វាន់របស់មនុស្សមានប្រាជ្ញា រីឯមនុស្សល្ងង់ខ្លៅនៅតែល្ងង់ខ្លៅដដែល។ សាក្សីដែលគេទុកចិត្តតែងតែជួយសង្គ្រោះជីវិតមនុស្សច្រើន រីឯអ្នកដែលស្រដីចេញនូវពាក្យកុហករមែងនាំឲ្យវិនាស។ អ្នកណាគោរពកោតខ្លាចព្រះអម្ចាស់ អ្នកនោះមានទីបង្អែកដ៏រឹងមាំ ហើយព្រះអង្គធ្វើជាជម្រកដល់កូនចៅរបស់គេ។ ការគោរពកោតខ្លាចព្រះអម្ចាស់ជាប្រភពនៃជីវិត ហើយការពារខ្លួនឲ្យរួចផុតពីអន្ទាក់របស់សេចក្ដីស្លាប់។ ព្រះមហាក្សត្របានរុងរឿងដោយសារមានប្រជារាស្ត្រ តែបើប្រជារាស្ត្រចុះអន់ថយ ស្ដេចក៏អស់អំណាចដែរ។ អ្នកណាចេះអត់ធ្មត់ អ្នកនោះមានប្រាជ្ញាវាងវៃ រីឯអ្នកដែលរហ័សខឹង រមែងបង្ហាញនូវភាពលេលារបស់ខ្លួន។ ចិត្តស្ងប់តែងតែធ្វើឲ្យមានសុខភាពល្អ រីឯចិត្តច្រណែននិន្ទា ប្រៀបដូចជាមហារីកនៅក្នុងឆ្អឹង។ អ្នកណាសង្កត់សង្កិនជនក្រីក្រ អ្នកនោះប្រមាថព្រះជាម្ចាស់ដែលបានបង្កើតពួកគេ អ្នកណាជួយជនក្រីក្រ អ្នកនោះលើកតម្កើងព្រះអង្គវិញ។ មនុស្សអាក្រក់តែងតែទទួលបរាជ័យ ដោយសារអំពើអាក្រក់របស់ខ្លួន រីឯមនុស្សសុចរិត ទោះបីក្នុងពេលស្លាប់ក្ដី ក៏នៅតែមានទីពឹងជានិច្ច។ មនុស្សចេះគិតពិចារណាតែងតែមានប្រាជ្ញា រីឯមនុស្សខ្លៅមិនដែលមានប្រាជ្ញាទេ។ សេចក្ដីសុចរិតតែងតែលើកតម្កើងប្រជាជាតិមួយ រីឯអំពើបាបរមែងធ្វើឲ្យជាតិសាសន៍ទាំងឡាយត្រូវអាម៉ាស់មុខ។ ព្រះមហាក្សត្រតែងតែសព្វព្រះហឫទ័យនឹងមន្ត្រីណាដែលមានសុភនិច្ឆ័យ តែទ្រង់ខ្ញាល់នឹងមន្ត្រីដែលបង្កភាពអាម៉ាស់។

