អូបាឌា 1:8-16

អូបាឌា 1:8-16 គខប

ពិត​មែន​ហើយ នៅ​ថ្ងៃ​នោះ យើង​នឹង​បំបាត់ អ្នក​ប្រាជ្ញ​ឲ្យ​អស់​ពី​ស្រុក​អេដុម ហើយ​បំបាត់​អ្នក​ឈ្លាស‌វៃ​ឲ្យ​អស់​ពី​ភ្នំ​អេសាវ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ក្រុង​ថេម៉ាន​អើយ ទាហាន​ដ៏​អង់‌អាច​របស់​អ្នក នឹង​ភ័យ​ញ័រ​រន្ធត់ ខ្មាំង​សម្លាប់​រង្គាល​ទាហាន​ទាំង​ប៉ុន្មាន នៅ​ភ្នំ​នៃ​ស្រុក​អេសាវ​អស់​គ្មាន​សល់! អ្នក​នឹង​ត្រូវ​អាម៉ាស់ និង​វិនាស​រហូត ព្រោះ​តែ​អំពើ​ឃោរ‌ឃៅ​ដែល​អ្នក​បាន​ប្រព្រឹត្ត ចំពោះ​យ៉ាកុប ជា​ប្អូន​របស់​អ្នក។ នៅ​ថ្ងៃ​ដែល​ខ្មាំង​កៀរ​កង​កម្លាំង​របស់ អ៊ីស្រា‌អែល​ទៅ​ជា​ឈ្លើយ នៅ​ពេល​ដែល​សាសន៍​ដទៃ​ចូល​តាម​ទ្វារ ក្រុង​យេរូ‌សាឡឹម រឹប​អូស​យក​អ្វីៗ​ក្នុង​ទីក្រុង​ចាប់​ឆ្នោត​ចែក​គ្នា អ្នក​ក៏​នៅ​ទី​នោះ ហើយ​ប្រព្រឹត្ត​ដូច​ពួក​គេ​ដែរ។ នៅ​ថ្ងៃ​ដែល​ប្អូន​របស់​អ្នក​ត្រូវ​អន្តរាយ អ្នក​មិន​គួរ​ឈរ​មើល ទាំង​មាន​អំណរ​ដូច្នេះ​ទេ នៅ​ថ្ងៃ​ដែល​កូន​ចៅ​យូដា​វិនាស អ្នក​មិន​គួរ​អរ​សប្បាយ​ឡើយ នៅ​ថ្ងៃ​ដែល​គេ​រង​ទុក្ខ​វេទនា អ្នក​មិន​គួរ​ហា​មាត់​ជេរ​ប្រមាថ​ដូច្នេះ​សោះ! នៅ​ថ្ងៃ​ប្រជា‌រាស្ត្រ​របស់​យើង​ជួប​មហន្ត‌រាយ អ្នក​មិន​ត្រូវ​ចូល​ទៅ​ក្នុង​ក្រុង​របស់​គេ​ទេ។ នៅ​ថ្ងៃ​គេ​ជួប​មហន្ត‌រាយ អ្នក​មិន​ត្រូវ​ឈរ​មើល​ទាំង​មាន​អំណរ ដោយ​ឃើញ​គេ​រង​ទុក្ខ​វេទនា។ នៅ​ថ្ងៃ​គេ​ជួប​មហន្ត‌រាយ អ្នក​មិន​ត្រូវ​ឆ្លៀត​លួច​យក​ទ្រព្យ‌សម្បត្តិ របស់​គេ​ឡើយ។ អ្នក​មិន​ត្រូវ​ចាំ​ស្កាត់​នៅ​តាម​ផ្លូវ​បំបែក ដើម្បី​ប្រល័យ​ជីវិត​អ្នក​ដែល​រត់​គេច​ខ្លួន នៅ​ថ្ងៃ​គេ​ជួប​អាសន្ន អ្នក​មិន​ត្រូវ​ប្រគល់​អស់​អ្នក​ដែល​បាន​រួច​ជីវិត ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​ឡើយ!»។ ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​វិនិច្ឆ័យ​ទោស ប្រជា‌ជាតិ​ទាំង​អស់ ជិត​មក​ដល់​ហើយ ព្រះអង្គ​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក ដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​ដែរ។ អ្នក​នឹង​ទទួល​ទោស​តាម​អំពើ​អាក្រក់​របស់​ខ្លួន! «ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ អ៊ីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​បាន​ផឹក​ពី​ពែង​នៃ​ទុក្ខ​ទោស នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង​គ្រប់​គ្រាន់​ហើយ។ នៅ​ពេល​ខាង​មុខ ប្រជា‌ជាតិ​ទាំង​អស់ ក៏​នឹង​ផឹក​ពី​ពែង​នេះ​ឥត​ឈប់​ឡើយ ពួក​គេ​ផឹក​រហូត​ទាល់​តែ​ស្រវឹង ហើយ​វិនាស​សូន្យ​ទាំង​អស់​គ្នា។