អូបាឌា 1:8-16

អូបាឌា 1:8-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា "យើង​នឹង​បំផ្លាញ​ពួក​អ្នក​ប្រាជ្ញ​ឲ្យ​អស់​ពី​ស្រុក​អេដុម ហើយអ្នក​ចេះ​ដឹង​ឲ្យ​អស់​ពី​ស្រុក​ភ្នំ​របស់​អេសាវ"។ ឱ​ថេម៉ាន​អើយ មនុស្ស​ខ្លាំង​ពូកែ របស់​អ្នក​នឹង​ត្រូវ​ស្រយុត​ចិត្ត ដើម្បី​ឲ្យ​គ្រប់​គ្នា​ត្រូវ​កាត់​ចេញ​ពី​ភ្នំ​របស់​អេសាវ ដោយ​សម្លាប់រង្គាល។ សេចក្ដី​អាម៉ាស់​ខ្មាស​នឹង​គ្រប​លើ​អ្នក ហើយ​អ្នក​នឹង​ត្រូវ​កាត់​ចេញ​ជា​រៀង‌រហូត ព្រោះ​តែ​អំពើ​ឃោរ​ឃៅ​ដែល​អ្នក​បាន​ប្រព្រឹត្ត ចំពោះ​យ៉ាកុប ជា​‌ប្អូន​របស់​អ្នក។ នៅ​ថ្ងៃ​ដែល​អ្នក​បាន​ឈរ​មើល នៅ​ថ្ងៃ​ដែល​ពួក​ប្រទេសក្រៅ​បាន​ចាប់​យក ទ្រព្យ​សម្បត្តិ​របស់​គេ​ទៅ ហើយ​ពួក​សាសន៍​ដទៃ​ចូល​ទៅ​ក្នុង​ទ្វារ​ក្រុង​របស់​គេ រួច​ចាប់​ឆ្នោត​យក​ក្រុង​យេរូ‌សាឡិម នោះ​អ្នក​ក៏​ដូច​ជា​ពួក​គេ​ណា​មួយ​ដែរ។ ប៉ុន្តែ អ្នក​មិន​គួរ​ឈរ​មើល​‌ប្អូន​របស់​អ្នក ទាំង​ត្រេក​អរ នៅ​ថ្ងៃ​ដែល​គេ​ជួបទុក្ខ​វេទនា​ឡើយ ក៏​មិន​គួរ​មាន​ចិត្ត​រីក‌រាយ​នឹង​ប្រជា‌ជន​យូដា នៅ​ថ្ងៃ​ដែល​គេ​ត្រូវ​បំផ្លាញ​នោះ​ដែរ អ្នក​មិន​គួរ​អួត​ខ្លួន​នៅ​ថ្ងៃ​ដែល​គេ​មាន​ទុក្ខ​លំបាក​ឡើយ។ នៅ​ថ្ងៃ​ដែល​ប្រជា‌រាស្ត្រ​របស់​យើង​ជួប​មហន្តរាយ អ្នក​មិន​គួរ​ចូល​ទៅ​ក្នុង​ទ្វារ​ក្រុង​របស់​គេ​ទេ។ នៅ​ថ្ងៃ​ដែល​យូដា​ជួប​មហ​ន្តរាយ អ្នក​មិន​គួរ​នាំ​គ្នា​ឈរ​មើល​ទាំង​ត្រេក​អរ នឹង​គេ​រង​ទុក្ខ​ឡើយ។ នៅ​ថ្ងៃ​ដែល​គេ​ជួប​មហន្តរាយ អ្នក​មិន​គួរ​ឆ្លៀត​លួច​យក​ព្រទ្យ‌សម្បត្តិ របស់​គេ​ដូច្នេះ​សោះ។ អ្នក​មិន​គួរ​ឈរ​ស្កាត់​នៅ​ត្រង់​ផ្លូវ​បំបែក ដើម្បី​សម្លាប់​អ្នក​ដែល​រត់​គេច​ខ្លួន ក៏​មិន​គួរ​ប្រគល់​អ្នក​ដែល​នៅ​មាន​ជីវិត​រស់ ក្នុង​ថ្ងៃ​ទុក្ខ​លំបាក​ឡើយ។ ដ្បិត​ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា​នៅ​ជិត​បង្កើយ ទាស់​នឹង​អស់​ទាំង​សាសន៍ អ្នក​បាន​ប្រព្រឹត្ត​យ៉ាង​ណា ព្រះក៏​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​យ៉ាង​នោះ​ដែរ អំពើ​ដែល​អ្នក​បាន​ប្រព្រឹត្ត នោះ​នឹង​ធ្លាក់​មក​លើ​ក្បាល​អ្នក​វិញ។ ដ្បិត​ដែល​អ្នក​បាន​ផឹក​នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​យើង​ជា​យ៉ាង​ណា អស់​ទាំង​សាសន៍​នៅ​ជុំ​វិញ​អ្នក​ក៏​នឹង​ផឹក​យ៉ាង​នោះ​ដែរ គេ​នឹង​ផឹក ហើយ​គេ​នឹង​លេប​ចូល​ទៅ រួច​គេ​នឹងបាន​ដូច​ជា​សាសន៍​ដែល​មិន​ធ្លាប់​មាន។

ចែក​រំលែក
អាន អូបាឌា 1

អូបាឌា 1:8-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពិត​មែន​ហើយ នៅ​ថ្ងៃ​នោះ យើង​នឹង​បំបាត់ អ្នក​ប្រាជ្ញ​ឲ្យ​អស់​ពី​ស្រុក​អេដុម ហើយ​បំបាត់​អ្នក​ឈ្លាស‌វៃ​ឲ្យ​អស់​ពី​ភ្នំ​អេសាវ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ក្រុង​ថេម៉ាន​អើយ ទាហាន​ដ៏​អង់‌អាច​របស់​អ្នក នឹង​ភ័យ​ញ័រ​រន្ធត់ ខ្មាំង​សម្លាប់​រង្គាល​ទាហាន​ទាំង​ប៉ុន្មាន នៅ​ភ្នំ​នៃ​ស្រុក​អេសាវ​អស់​គ្មាន​សល់! អ្នក​នឹង​ត្រូវ​អាម៉ាស់ និង​វិនាស​រហូត ព្រោះ​តែ​អំពើ​ឃោរ‌ឃៅ​ដែល​អ្នក​បាន​ប្រព្រឹត្ត ចំពោះ​យ៉ាកុប ជា​ប្អូន​របស់​អ្នក។ នៅ​ថ្ងៃ​ដែល​ខ្មាំង​កៀរ​កង​កម្លាំង​របស់ អ៊ីស្រា‌អែល​ទៅ​ជា​ឈ្លើយ នៅ​ពេល​ដែល​សាសន៍​ដទៃ​ចូល​តាម​ទ្វារ ក្រុង​យេរូ‌សាឡឹម រឹប​អូស​យក​អ្វីៗ​ក្នុង​ទីក្រុង​ចាប់​ឆ្នោត​ចែក​គ្នា អ្នក​ក៏​នៅ​ទី​នោះ ហើយ​ប្រព្រឹត្ត​ដូច​ពួក​គេ​ដែរ។ នៅ​ថ្ងៃ​ដែល​ប្អូន​របស់​អ្នក​ត្រូវ​អន្តរាយ អ្នក​មិន​គួរ​ឈរ​មើល ទាំង​មាន​អំណរ​ដូច្នេះ​ទេ នៅ​ថ្ងៃ​ដែល​កូន​ចៅ​យូដា​វិនាស អ្នក​មិន​គួរ​អរ​សប្បាយ​ឡើយ នៅ​ថ្ងៃ​ដែល​គេ​រង​ទុក្ខ​វេទនា អ្នក​មិន​គួរ​ហា​មាត់​ជេរ​ប្រមាថ​ដូច្នេះ​សោះ! នៅ​ថ្ងៃ​ប្រជា‌រាស្ត្រ​របស់​យើង​ជួប​មហន្ត‌រាយ អ្នក​មិន​ត្រូវ​ចូល​ទៅ​ក្នុង​ក្រុង​របស់​គេ​ទេ។ នៅ​ថ្ងៃ​គេ​ជួប​មហន្ត‌រាយ អ្នក​មិន​ត្រូវ​ឈរ​មើល​ទាំង​មាន​អំណរ ដោយ​ឃើញ​គេ​រង​ទុក្ខ​វេទនា។ នៅ​ថ្ងៃ​គេ​ជួប​មហន្ត‌រាយ អ្នក​មិន​ត្រូវ​ឆ្លៀត​លួច​យក​ទ្រព្យ‌សម្បត្តិ របស់​គេ​ឡើយ។ អ្នក​មិន​ត្រូវ​ចាំ​ស្កាត់​នៅ​តាម​ផ្លូវ​បំបែក ដើម្បី​ប្រល័យ​ជីវិត​អ្នក​ដែល​រត់​គេច​ខ្លួន នៅ​ថ្ងៃ​គេ​ជួប​អាសន្ន អ្នក​មិន​ត្រូវ​ប្រគល់​អស់​អ្នក​ដែល​បាន​រួច​ជីវិត ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​ឡើយ!»។ ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​វិនិច្ឆ័យ​ទោស ប្រជា‌ជាតិ​ទាំង​អស់ ជិត​មក​ដល់​ហើយ ព្រះអង្គ​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក ដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​ដែរ។ អ្នក​នឹង​ទទួល​ទោស​តាម​អំពើ​អាក្រក់​របស់​ខ្លួន! «ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ អ៊ីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​បាន​ផឹក​ពី​ពែង​នៃ​ទុក្ខ​ទោស នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង​គ្រប់​គ្រាន់​ហើយ។ នៅ​ពេល​ខាង​មុខ ប្រជា‌ជាតិ​ទាំង​អស់ ក៏​នឹង​ផឹក​ពី​ពែង​នេះ​ឥត​ឈប់​ឡើយ ពួក​គេ​ផឹក​រហូត​ទាល់​តែ​ស្រវឹង ហើយ​វិនាស​សូន្យ​ទាំង​អស់​គ្នា។

ចែក​រំលែក
អាន អូបាឌា 1

អូបាឌា 1:8-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា នៅ​ថ្ងៃ​នោះ តើ​មិន​ត្រូវ​ឲ្យ​អញ​បំផ្លាញ​ពួក​អ្នក​ប្រាជ្ញ ចេញ​ពី​ស្រុក​អេដំម​បង់ ហើយ​ទាំង​យោបល់​ពី​ស្រុក​ភ្នំ​របស់​អេសាវ​ផង​ទេ​ឬ​អី ឯ​ពួក​មនុស្ស​ខ្លាំង​ពូកែ​របស់​ឯង ឱ​ថេម៉ាន​អើយ គេ​នឹង​ត្រូវ​ស្រយុត​ចិត្ត ដើម្បី​ឲ្យ​គ្រប់​គ្នា​បាន​កាត់​ចេញ​ពី​ស្រុក​ភ្នំ​របស់​អេសាវ ដោយ​ការ​ប្រហារ​ជីវិត​យ៉ាង​សំបើម។ សេចក្ដី​អាម៉ាស់​ខ្មាស​នឹង​គ្រប​លើ​ឯង ឯង​នឹង​ត្រូវ​កាត់​ចេញ​ជា​រៀង‌រាប​ដរាប ដោយ​ព្រោះ​ការ​ច្រឡោត​ដែល​ឯង​បាន​ប្រព្រឹត្ត​នឹង​ពួក​យ៉ាកុប ជា​បង​ប្អូន​ឯង នៅ​ថ្ងៃ​នោះ ដែល​ឯង​បាន​ឈរ​មើល ក្នុង​កាល​ដែល​ពួក​អ្នក​ដទៃ​បាន​ចាប់​យក​កំឡាំង​របស់​គេ​ទៅ ហើយ​មាន​សាសន៍​ដទៃ​លុក​ចូល​ទៅ​ក្នុង​ទ្វារ​ក្រុង​របស់​គេ បោះ​ឆ្នោត​ចាប់​យក​ក្រុង​យេរូ‌សាឡិម នោះ​ឯង​ក៏​ដូច​ជា​ពួក​គេ​ណា​មួយ​ដែរ ប៉ុន្តែមិន​ត្រូវ​ឲ្យ​នឹក​ឃើញ ពី​ថ្ងៃ​របស់​បង​ប្អូន​ឯង ជា​ថ្ងៃ​ដែល​គេ​ត្រូវ​អន្តរាយ ដោយ​មាន​ចិត្ត​រីក‌រាយ​ពី​ដំណើរ​ពួក​កូន​ចៅ​យូដា ក្នុង​កាល​ដែល​គេ​ត្រូវ​បំផ្លាញ​នោះ​ឡើយ ក៏​មិន​ត្រូវ​មាន​សំដី​ធំ នៅ​ថ្ងៃ​ទុក្ខ​លំបាក​របស់​គេ​ដែរ នៅ​ថ្ងៃ​ដែល​រាស្ត្រ​អញ​ត្រូវ​អន្តរាយ នោះ​មិន​ត្រូវ​ឲ្យ​ឯង​លុក​ចូល​ទៅ​ក្នុង​ទ្វារ​ក្រុង​របស់​គេ​ទេ អើ កុំ​ឲ្យ​គន់​មើល​សេចក្ដី​វេទនា​របស់​គេ ក្នុង​ថ្ងៃ​ដែល​គេ​ត្រូវ​អន្តរាយ ឬ​លូក​ដៃ​ទៅ​ពាល់‌ប៉ះ​នឹង​ទ្រព្យ​សម្បត្តិ​របស់​គេ ក្នុង​ថ្ងៃ​ដែល​គេ​ត្រូវ​អន្តរាយ​នោះ​ឡើយ ក៏​មិន​ត្រូវ​ឈរ​រារាំង​នៅ​ត្រង់​ផ្លូវ​ខ្វែង ដើម្បី​កាត់​ពួក​គេ​ណា​ដែល​រត់​រួច​បង់ ឬ​ប្រគល់​ពួក​គេ ដែល​នៅ​សល់​ក្នុង​ថ្ងៃ​ទុក្ខ​លំបាក​នោះ​ឡើយ។ ដ្បិត​ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា ជិត​នឹង​មក​លើ​អស់​ទាំង​សាសន៍​ហើយ នោះ​ដែល​ឯង​បាន​ប្រព្រឹត្ត​យ៉ាង​ណា ក៏​នឹង​មាន​គេ​ប្រព្រឹត្ត​នឹង​ឯង​យ៉ាង​នោះ​ដែរ គឺ​អំពើ​ដែល​ឯង​ប្រព្រឹត្ត​នោះ នឹង​ធ្លាក់​មក​លើ​ក្បាល​ឯង​វិញ ដ្បិត​ដែល​ឯង​បាន​ផឹក​នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​អញ​ជា​យ៉ាង​ណា នោះ​អស់​ទាំង​សាសន៍​ដទៃ​នឹង​ផឹក​យ៉ាង​នោះ​ជានិច្ច​ដែរ អើ គេ​នឹង​ផឹក ហើយ​លេប​ចុះ​ទៅ រួច​នឹង​ត្រឡប់​ដូច​ជា​មិន​ដែល​កើត​មក​វិញ។

ចែក​រំលែក
អាន អូបាឌា 1