ជនគណនា 36

36
ច្បាប់​ការពារ​ស្ត្រី​ដែល​រៀបការ​ជា​មួយ​អ្នក​ផ្សេង​ក្រៅ​ពី​កុល‌សម្ព័ន្ធ​របស់​ខ្លួន
1មេ​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​ផ្សេងៗ​នៃ​អំបូរ​កាឡាដ ជា​កូន​របស់​លោក​ម៉ាកៀរ ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ដែល​ត្រូវ​ជា​កូន​ចៅ​របស់​លោក​យ៉ូសែប នាំ​គ្នា​ចូល​មក​ជិត​លោក​ម៉ូសេ ជម្រាប​លោក​នៅ​ចំពោះ​មុខ​ពួក​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ និង​មេ​ដឹក​នាំ​អំបូរ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដូច​ត​ទៅ៖ 2 «ព្រះ‌អម្ចាស់​បាន​បញ្ជា​លោក​ម្ចាស់​ឲ្យ​ប្រគល់​ស្រុក​នេះ​ដល់​ជន‌ជាតិ​អ៊ីស្រា‌អែល ទុក​ជា​ចំណែក​មត៌ក ដោយ​ចាប់​ឆ្នោត។ លោក​ម្ចាស់​ក៏​បាន​ទទួល​បញ្ជា​ពី​ព្រះ‌អម្ចាស់ ដើម្បី​ប្រគល់​ទឹក​ដី​ជា​ចំណែក​របស់​លោក​ស្លូផិ‌ហាត ជា​បងប្អូន​របស់​យើង​ខ្ញុំ ទៅ​ឲ្យ​កូន​ស្រី​របស់​គាត់​ដែរ។ 3បើ​ពួក​នាង​រៀបការ​ជា​មួយ​កូន​ប្រុស​របស់​កុល‌សម្ព័ន្ធ​ណា​មួយ​ទៀត​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ទឹក​ដី​របស់​ពួក​នាង​មុខ​ជា​ត្រូវ​កាត់​ចេញ​ពី​ទឹក​ដី ដែល​ជា​ចំណែក​មត៌ក​នៃ​ដូនតា​របស់​យើង​ខ្ញុំ ហើយ​បាន​ទៅ​លើ​កុល‌សម្ព័ន្ធ​ប្ដី​របស់​នាង។ ដូច្នេះ ទំហំ​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​យើង​ខ្ញុំ ដោយ​ការ​ចាប់​ឆ្នោត​នោះ នឹង​ថយ​ចុះ។ 4លុះ​ដល់​ឆ្នាំ​មេត្តា​ករុណា សម្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល ទឹក​ដី​របស់​ពួក​នាង​នឹង​ត្រូវ​កាត់​ចេញ​ពី​ចំណែក​មត៌ក​កុល‌សម្ព័ន្ធ​ដូនតា​របស់​យើង​ខ្ញុំ យក​ទៅ​បញ្ចូល​ក្នុង​ទឹក​ដី​កុល‌សម្ព័ន្ធ​ប្ដី​របស់​នាង»។
5លោក​ម៉ូសេ​នាំ​យក​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក ទៅ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ៖ 6«កុល‌សម្ព័ន្ធ​ដែល​ជា​កូន​ចៅ​យ៉ូសែប​និយាយ​ត្រូវ​មែន។ ព្រះ‌អម្ចាស់​បង្គាប់​មក​កូន​ស្រី​របស់​លោក​ស្លូផិ‌ហាត​ថា: ពួក​នាង​អាច​រៀបការ​ជា​មួយ​នរណា​ក៏​បាន ឲ្យ​តែ​រៀបការ​នឹង​បុរស​ដែល​មក​ពី​អំបូរ​មួយ ក្នុង​កុល‌សម្ព័ន្ធ​របស់​ឪពុក​នាង។ 7ធ្វើ​ដូច្នេះ ទឹក​ដី​ជា​ចំណែក​មត៌ក​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មិន​ត្រូវ​ផ្ទេរ​ពី​កុល‌សម្ព័ន្ធ​មួយ​ទៅ​កុល‌សម្ព័ន្ធ​មួយ​ទៀត​ឡើយ តែ​ជន‌ជាតិ​អ៊ីស្រា‌អែល​ម្នាក់ៗ​ត្រូវ​រក្សា​ទឹក​ដី​ទុក នៅ​ក្នុង​កុល‌សម្ព័ន្ធ​របស់​ឪពុក​ខ្លួន។ 8កូន​ស្រី​ទាំង​អស់​ដែល​ទទួល​ចំណែក​មត៌ក ក្នុង​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ត្រូវ​រៀបការ​ជា​មួយ​បុរស​ដែល​មក​ពី​អំបូរ​មួយ​ក្នុង​កុល‌សម្ព័ន្ធ​របស់​ឪពុក​នាង ដើម្បី​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​នីមួយៗ​គ្រង​មត៌ក​ឪពុក​របស់​ខ្លួន។ 9ទឹក​ដី​ជា​ចំណែក​មត៌ក​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មិន​ត្រូវ​ផ្ទេរ​ពី​កុល‌សម្ព័ន្ធ​មួយ​ទៅ​កុល‌សម្ព័ន្ធ​មួយ​ទៀត​ឡើយ តែ​កុល‌សម្ព័ន្ធ​នីមួយៗ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ត្រូវ​រក្សា​ទឹក​ដី​ដែល​ជា​មត៌ក​របស់​ខ្លួន»។
10កូន​ស្រី​របស់​លោក​ស្លូផិ‌ហាត​ក៏​នាំ​គ្នា​ធ្វើ​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។ 11នាង​ម័សឡា ធើសា ហុក‌ឡា មីល‌កា និង​ណូហា បាន​រៀបការ​ជា​មួយ​បងប្អូន​ជី​ដូន​មួយ​របស់​ខ្លួន។ 12ពួក​គេ​បាន​រៀបការ​នឹង​បុរស​មក​ពី​អំបូរ​កូន​ចៅ​លោក​ម៉ាណា‌សេ ជា​កូន​របស់​លោក​យ៉ូសែប។ ដូច្នេះ ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​ពួក​គេ ស្ថិត​នៅ​ក្នុង​អំបូរ​នៃ​កុល‌សម្ព័ន្ធ​របស់​ឪពុក​នាង។
13នេះ​ជា​បទ‌បញ្ជា និង​វិន័យ​ផ្សេងៗ​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​ជន‌ជាតិ​អ៊ីស្រា‌អែល តាម​រយៈ​លោក​ម៉ូសេ នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ។

ទើបបានជ្រើសរើសហើយ៖

ជនគណនា 36: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ