ទុតិយកថា ពាក្យ​លំនាំ

ពាក្យ​លំនាំ
ក្នុង​ព្រះ‌គម្ពីរ​បក​ប្រែ​មុន កណ្ឌ​គម្ពីរ​នេះ​មាន​ឈ្មោះ​ថា «ចោតិយ‌កថា»។ ដោយ​ប្រជា‌ជន​ភាគ​ច្រើន​មិន​ស្គាល់​ពាក្យ «ចោតិយ‌កថា»នេះ យើង​បាន​ដូរ​មក​ជា «ទុតិយ‌កថា» ដើម្បី​ឲ្យ​ត្រឹម​ត្រូវ​តាម​ភាសា​ខ្មែរ​ផង ហើយ​មាន​អត្ថ‌ន័យ​ចំ​នឹង​គម្ពីរ​ផង។ ពាក្យ «ទុតិយ‌កថា» មាន​ន័យ​ថា «កថា​ទី​ពីរ» ពោល​គឺ «កថា​ដែល​រំឭក​អំពី​គម្ពីរ‌វិន័យ​ឡើង​វិញ»។
ផ្នែក​ខាង​ចុង​នៃ​គម្ពីរ​«ជន‌គណនា»​មាន​បរិយាយ​អំពី​ជន‌ជាតិ​អ៊ីស្រា‌អែល​ចូល​ទៅ​ជិត​ដល់​ទឹក​ដី​សន្យា។ បន្ទាប់​មក ក្នុង​កណ្ឌ​គម្ពីរ​«ទុតិយ‌កថា»​មាន​ចែង​អំពី​សុន្ទរ‌កថា ដែល​លោក​ម៉ូសេ​បាន​ថ្លែង​ទៅ​កាន់​ប្រជា‌ជន​អ៊ីស្រា‌អែល (១.១–៤.៤៣, ៤.៤៤-២៨.៦៨ និង​២៨.៦៩-៣០.២០)។ ក្នុង​សុន្ទរ‌កថា​ទាំង​នោះ លោក​ម៉ូសេ​រំឭក​អំពី​ការ​អស្ចារ្យ​ដែល​ព្រះ‌ជាម្ចាស់​បាន​ធ្វើ ដើម្បី​សម្តែង​នូវ​ព្រះ‌ហឫទ័យ​ស្រឡាញ់​ដ៏​ស្មោះ‌ស្ម័គ្រ​ចំពោះ​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ។ ព្រះអង្គ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ពួក​គេ ព្រះអង្គ​ដឹក​នាំ​ពួក​គេ​អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ​ក្នុង​វាល​រហោ‌ស្ថាន ដោយ​ការពារ​ពួក​គេ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ហើយ​ប្រទាន​ក្រឹត្យ‌វិន័យ​ឲ្យ​ពួក​គេ​កាន់​តាម ដោយ​មាន​ព្រះ‌បន្ទូល​សន្យា​ជាប់​ជា​មួយ​ផង។
កណ្ឌ​គម្ពីរ​ទុតិយ‌កថា​មិន​ត្រឹម​តែ​រំឭក​ឡើង​វិញ​នូវ​ក្រឹត្យ‌វិន័យ ច្បាប់ និង​បញ្ញត្តិ​របស់​ព្រះ‌ជាម្ចាស់​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ‌វិន័យ​មុនៗ​ប៉ុណ្ណោះ​ទេ តែ​សុន្ទរ‌កថា​របស់​លោក​ម៉ូសេ​ដាស់‌តឿន​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​នឹក​ដល់​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌ជាម្ចាស់ ហើយ​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​រួម​រស់​ជា​មួយ​ព្រះអង្គ​យ៉ាង​ជិត​ស្និទ្ធ: «អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់! មាន​តែ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​យើង​មួយ​ព្រះអង្គ​គត់ ដែល​ពិត​ជា​ព្រះ‌អម្ចាស់។ អ្នក​ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី និង​អស់​ពី​កម្លាំង​កាយ» (៦.៤-៥)។
បួន​ចំពូក​ចុង​ក្រោយ​នៃ​កណ្ឌ​គម្ពីរ​នេះ​មាន​អត្ថ‌បទ​ពីរ ដែល​មាន​លក្ខណៈ​ជា​កំណាព្យ គឺ​ទំនុកតម្កើង របស់​លោក​ម៉ូសេ (ចំពូក ៣២) និង​ពរ​របស់​លោក​ម៉ូសេ​ចំពោះ​កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល (ចំពូក ៣៣) ហើយ​មាន​អត្ថ‌បទ​ពីរ​ទៀត ដែល​ជា​កំណត់​ហេតុ​អំពី​ការ​តែង‌តាំង​លោក​យ៉ូស្វេ ឲ្យ​ធ្វើ​ជា​អ្នក​ដឹក​នាំ​ជំនួស​លោក​ម៉ូសេ (ចំពូក ៣១) និង​មរណ‌ភាព​របស់​លោក​ម៉ូសេ (ចំពូក ៣៤)។
នៅ​ផ្នែក​កណ្ដាល​នៃ​«ទុតិយ‌កថា»​នេះ មាន​អត្ថ‌បទ​ឈ្មោះថា «គម្ពីរ‌វិន័យ» ដែល​ត្រូវ​គេ​រក​ឃើញ​ប្រហែល​ជា​នៅ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូសៀស (២ ពង្សាវតារក្សត្រ ២២) និង​ជា​ប្រភព​នៃ​ការ​កែ​ទម្រង់​សាសនា នៅ​ជំនាន់​នោះ។ អត្ថ‌បទ​នេះ​មាន​ឥទ្ធិ‌ពល​ទៅ​លើ​កណ្ឌ​ខ្លះ​ទៀត​នៃ​គម្ពីរ​សម្ពន្ធ‌មេត្រី​ចាស់ (ដូច​ជា​នៅ​ពង្សា‌វតារ‌ក្សត្រ, យេរេមា) និង​សម្ពន្ធ‌មេត្រី​ថ្មី (ដូច​ជា​នៅ​ម៉ាថាយ ៤.៤-៧, ម៉ាកុស ១២.៣២)។
កណ្ឌ​គម្ពីរ​ទុតិយ‌កថា​រំឭក​អ្នក​អាន​នៅ​ជំនាន់​ដើម និង​អ្នក​អាន​នា​បច្ចុប្បន្ន​កាល​ថា មនុស្ស​អាច​រក​សុភមង្គល​ដ៏​ពិត​ប្រាកដ​បាន តែ​នៅ​ពេល​ណា​គេ​ស្ដាប់​បង្គាប់​ព្រះ‌ជាម្ចាស់ ដោយ​ស្មោះ‌ស្ម័គ្រ​ប៉ុណ្ណោះ។

ទើបបានជ្រើសរើសហើយ៖

ទុតិយកថា ពាក្យ​លំនាំ: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល