ជនគណនា 33:1-49

ជនគណនា 33:1-49 គខប

កាល​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប តាម​របៀប​រៀប​រយ ក្រោម​ការ​ដឹក​នាំ​របស់​លោក​ម៉ូសេ និង​លោក​អើរ៉ុន ពួក​គេ​បាន​ឈប់​តាម​ដំណាក់​ផ្សេងៗ។ លោក​ម៉ូសេ​បាន​កត់‌ត្រា​ទុក​ពី​ដំណាក់​មួយ​ទៅ​ដំណាក់​មួយ ដែល​ពួក​គេ​ធ្វើ​ដំណើរ​តាម​ព្រះ‌បញ្ជា​របស់​ព្រះ‌អម្ចាស់។ ពួក​គេ​ឆ្លង​កាត់​ដំណាក់​ដូច​ត​ទៅ: ពួក​គេ​បាន​ចេញ​ដំណើរ​ពី​ក្រុង​រ៉ាម‌សេស នៅ​ថ្ងៃ​ទី​ដប់​ប្រាំ ខែ​ទី​មួយ។ ក្រោយ​ពិធី​បុណ្យ​ចម្លង*​មួយ​ថ្ងៃ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ចេញ​ពី​ស្រុក​អេស៊ីប​ដោយ​មាន​សេរី‌ភាព នៅ​ចំពោះ​មុខ​ជន‌ជាតិ​អេស៊ីប​ទាំង​អស់។ ពេល​នោះ ជន‌ជាតិ​អេស៊ីប​បញ្ចុះ​សព​កូន​ច្បង​ទាំង​អស់​របស់​ពួក​គេ ដែល​ព្រះ‌អម្ចាស់​ប្រហារ។ ធ្វើ​ដូច្នេះ ព្រះ‌អម្ចាស់​បាន​វិនិច្ឆ័យ​ទោស​ព្រះ​ទាំង‌ឡាយ​របស់​ជន‌ជាតិ​អេស៊ីប។ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ចាក​ចេញ​ពី​ក្រុង​រ៉ាម‌សេស​មក​បោះ​ជំរំ​នៅ​ស៊ូកូត។ ពួក​គេ​ចាក​ចេញ​ពី​ស៊ូកូត មក​បោះ​ជំរំ​នៅ​អេថាម ដែល​ស្ថិត​នៅ​ជាយ​វាល​រហោ‌ស្ថាន។ ពួក​គេ​ចាក​ចេញ​ពី​អេថាម វាង​ទៅ​ពីហា‌ហ៊ីរ៉ុត ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​បាលសេ‌ផុន ហើយ​បោះ​ជំរំ​នៅ​ក្បែរ​មីគ‌ដូល។ ពួក​គេ​ចាក​ចេញ​ពី​ពីហា‌ហ៊ីរ៉ុត ឆ្លង​កាត់​បាត​សមុទ្រ ឆ្ពោះ​ទៅ​កាន់​វាល​រហោ‌ស្ថាន ពួក​គេ​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​បី​ថ្ងៃ ក្នុង​វាល​រហោ‌ស្ថាន​អេថាម មក​បោះ​ជំរំ​នៅ​ម៉ារ៉ា។ ពួក​គេ​ចាក​ចេញ​ពី​ម៉ារ៉ា​មក​ដល់​អេលីម នៅ​អេលីម​នេះ​មាន​ប្រភព​ទឹក​ចំនួន​ដប់‌ពីរ និង​លម៉ើ​ចិត‌សិប​ដើម ពួក​គេ​ក៏​បោះ​ជំរំ​នៅ​ទី​នោះ។ ពួក​គេ​ចាក​ចេញ​ពី​អេលីម ទៅ​បោះ​ជំរំ​នៅ​ក្បែរ​សមុទ្រ​កក់។ ពួក​គេ​ចាក​ចេញ​ពី​សមុទ្រ​កក់ មក​បោះ​ជំរំ​នៅ​វាល​រហោ‌ស្ថាន​ស៊ីន។ ពួក​គេ​ចាក​ចេញ​ពី​វាល​រហោ‌ស្ថាន​ស៊ីន មក​បោះ​ជំរំ​នៅ​ដូបកា។ ពួក​គេ​ចាក​ចេញ​ពី​ដូបកា មក​បោះ​ជំរំ​នៅ​អាលូស។ ពួក​គេ​ចាក​ចេញ​ពី​អាលូស មក​បោះ​ជំរំ​នៅ​រេផិ‌ឌីម។ នៅ​កន្លែង​នោះ ប្រជា‌ជន​រក​ទឹក​ផឹក​ពុំ​បាន​ទេ។ ពួក​គេ​ចាក​ចេញ​ពី​រេផិ‌ឌីម មក​បោះ​ជំរំ​នៅ​វាល​រហោ‌ស្ថាន​ស៊ីណៃ។ ពួក​គេ​ចាក​ចេញ​ពី​វាល​រហោ‌ស្ថាន​ស៊ីណៃ មក​បោះ​ជំរំ​នៅ​គីប្រូត-‌ហាត់‌តាវ៉ា។ ពួក​គេ​ចាក​ចេញ​ពី​គីប្រូត-‌ហាត់‌តាវ៉ា មក​បោះ​ជំរំ​នៅ​ហាសិ‌រ៉ូត។ ពួក​គេ​ចាក​ចេញ​ពី​ហាសិ‌រ៉ូត មក​បោះ​ជំរំ​នៅ​រីតម៉ា។ ពួក​គេ​ចាក​ចេញ​ពី​រីតម៉ា មក​បោះ​ជំរំ​នៅ​រីម៉ូន-‌ពេរេស។ ពួក​គេ​ចាក​ចេញ​ពី​រីម៉ូន-‌ពេរេស មក​បោះ​ជំរំ​នៅ​លីបណា។ ពួក​គេ​ចាក​ចេញ​ពី​លីបណា មក​បោះ​ជំរំ​នៅ​រីសា។ ពួក​គេ​ចាក​ចេញ​ពី​រីសា មក​បោះ​ជំរំ​នៅ​កេហេ‌ឡាថា។ ពួក​គេ​ចាក​ចេញ​ពី​កេហេ‌ឡាថា មក​បោះ​ជំរំ​នៅ​ភ្នំ​សេភើរ។ ពួក​គេ​ចាក​ចេញ​ពី​ភ្នំ​សា‌ភើរ មក​បោះ​ជំរំ​នៅ​ហារ៉ា‌ដា។ ពួក​គេ​ចាក​ចេញ​ពី​ហារ៉ា‌ដា មក​បោះ​ជំរំ​នៅ​ម៉ាកហេ‌ឡូត។ ពួក​គេ​ចាក​ចេញ​ពី​ម៉ាកហេ‌ឡូត មក​បោះ​ជំរំ​នៅ​តាហាត់។ ពួក​គេ​ចាក​ចេញ​ពី​តាហាត់ មក​បោះ​ជំរំ​នៅ​តារ៉ាស។ ពួក​គេ​ចាក​ចេញ​ពី​តារ៉ាស មក​បោះ​ជំរំ​នៅ​មីតកា។ ពួក​គេ​ចាក​ចេញ​ពី​មីតកា មក​បោះ​ជំរំ​នៅ​ហាស្មូ‌ណា។ ពួក​គេ​ចាក​ចេញ​ពី​ហាស្មូ‌ណា មក​បោះ​ជំរំ​នៅ​ម៉ូសេ‌រ៉ូត។ ពួក​គេ​ចាក​ចេញ​ពី​ម៉ូសេ‌រ៉ូត មក​បោះ​ជំរំ​នៅ​បេនេ-‌យ៉ាកាន។ ពួក​គេ​ចាក​ចេញ​ពី​បេនេ-‌យ៉ាកាន មក​បោះ​ជំរំ​នៅ​ហោគីត‌កាត់។ ពួក​គេ​ចាក​ចេញ​ពី​ហា‌គីត‌កាត់ មក​បោះ​ជំរំ​នៅ​យ៉ុត‌បាថា។ ពួក​គេ​ចាក​ចេញ​ពី​យ៉ុត‌បាថា មក​បោះ​ជំរំ​នៅ​អាប្រូ‌ណា។ ពួក​គេ​ចាក​ចេញ​ពី​អាប្រូ‌ណា មក​បោះ​ជំរំ​នៅ​អេស៊ាន-‌គេប៊ើរ។ ពួក​គេ​ចាក​ចេញ​ពី​អេស៊ាន-‌គេប៊ើរ មក​បោះ​ជំរំ​នៅ​វាល​រហោ‌ស្ថាន​ស៊ីន គឺ​នៅ​កាដេស។ ពួក​គេ​ចាក​ចេញ​ពី​កាដេស មក​បោះ​ជំរំ​នៅ​ភ្នំ​ហោរ ដែល​នៅ​ជាយ​ដែន​ស្រុក​អេដុម។ លោក​បូជា‌ចារ្យ​អើរ៉ុន​បាន​ឡើង​ទៅ​លើ​ភ្នំ​ហោរ តាម​បង្គាប់​របស់​ព្រះ‌អម្ចាស់ ហើយ​លោក​ទទួល​មរណ‌ភាព​នៅ​ទី​នោះ ក្នុង​ឆ្នាំ​ទី​សែ‌សិប ក្រោយ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប នៅ​ថ្ងៃ​ទី​មួយ ខែ​ទី​ប្រាំ។ ពេល​លោក​អើរ៉ុន​ទទួល​មរណ‌ភាព​នៅ​លើ​ភ្នំ​ហោរ លោក​មាន​អាយុ​មួយ​រយ​ម្ភៃ​បី​ឆ្នាំ។ ស្ដេច​ក្រុង​អើរ៉ាត គឺ​ស្ដេច​ជន‌ជាតិ​កាណាន​ដែល​រស់​នៅ​តំបន់​ណេកិប ក្នុង​ស្រុក​កាណាន បាន​ឮ​ដំណឹង​ថា​ជន‌ជាតិ​អ៊ីស្រា‌អែល​មក​ដល់​តំបន់​នោះ។ ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ភ្នំ​ហោរ មក​បោះ​ជំរំ​នៅ​សាល់‌ម៉ូណា។ ពួក​គេ​ចាក​ចេញ​ពី​សាល់‌ម៉ូណា មក​បោះ​ជំរំ​នៅ​ពូណូន។ ពួក​គេ​ចាក​ចេញ​ពី​ពូណូន មក​បោះ​ជំរំ​នៅ​អូបូត។ ពួក​គេ​ចាក​ចេញ​ពី​អូបូត មក​បោះ​ជំរំ​នៅ​អ៊ីយេ-‌អាបា‌រីម ដែល​នៅ​ជាយ​ដែន​ស្រុក​ម៉ូអាប់។ ពួក​គេ​ចាក​ចេញ​ពី​អ៊ីយេ-‌អាបា‌រីម មក​បោះ​ជំរំ​នៅ​ឌីបូន-‌កាដ។ ពួក​គេ​ចាក​ចេញ​ពី​ឌីបូន-‌កាដ មក​បោះ​ជំរំ​នៅ​អាល់ម៉ូន-‌ឌីប្លា‌ថែម។ ពួក​គេ​ចាក​ចេញ​ពី​អាល់ម៉ូន-‌ឌីប្លា‌ថែម មក​បោះ​ជំរំ​នៅ​តំបន់​ភ្នំ​អាបា‌រីម ទល់​មុខ​នឹង​ក្រុង​នេបូរ។ ពួក​គេ​ចាក​ចេញ​ពី​តំបន់​ភ្នំ​អាបា‌រីម មក​បោះ​ជំរំ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ។ ពួក​គេ​បោះ​ជំរំ​ក្បែរ​ទន្លេ​យ័រដាន់ ចាប់​ពី​បេត-‌យេស៊ី‌ម៉ូត រហូត​ដល់​អេ‌បិល-‌ស៊ី‌ទីម នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់។