ជនគណនា 23:1-10

ជនគណនា 23:1-10 គខប

លោក​បាឡាម​ទូល​ព្រះ‌បាទ​បាឡាក់​ថា៖ «សូម​ព្រះ‌ករុណា​ឲ្យ​គេ​សង់​អាសនៈ​ប្រាំ‌ពីរ​នៅ​ទី​នេះ ហើយ​រៀបចំ​គោ​បា​ប្រាំ‌ពីរ និង​ចៀម​ឈ្មោល​ប្រាំ‌ពីរ ឲ្យ​ទូលបង្គំ​ផង»។ ព្រះ‌បាទ​បាឡាក់​ក៏​ធ្វើ​តាម​ពាក្យ​របស់​លោក​បាឡាម។ ព្រះ‌បាទ​បាឡាក់ និង​លោក​បាឡាម​បាន​ថ្វាយ​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ នៅ​លើ​អាសនៈ​នីមួយៗ។ លោក​បាឡាម​ទូល​ស្ដេច​ថា៖ «សូម​ព្រះ‌ករុណា​គង់​នៅ​ក្បែរ​តង្វាយ​ដុត​របស់​ព្រះ‌ករុណា​នេះ​ហើយ ទូលបង្គំ​នឹង​ចេញ​ទៅ​ឆ្ងាយ​បន្តិច ប្រហែល​ព្រះ‌អម្ចាស់​យាង​មក​ជួប​ទូលបង្គំ។ ពេល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ទូលបង្គំ​យ៉ាង​ណាៗ​នោះ ទូលបង្គំ​នឹង​នាំ​យក​មក​ទូល​ថ្វាយ​ព្រះ‌ករុណា»។ លោក​បាឡាម​ក៏​ឡើង​ទៅ​លើ​កំពូល​ភ្នំ។ ព្រះ‌ជាម្ចាស់​យាង​មក​ជួប​លោក​បាឡាម លោក​ក៏​ទូល​ព្រះអង្គ​ថា៖ «ទូលបង្គំ​បាន​ដំឡើង​អាសនៈ​ប្រាំ‌ពីរ ហើយ​នៅ​លើ​អាសនៈ​នីមួយៗ ទូលបង្គំ​បាន​ថ្វាយ​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ»។ ព្រះ‌អម្ចាស់​ក៏​ប្រាប់​លោក​បាឡាម​អំពី​សេចក្ដី​ដែល​លោក​ត្រូវ​ថ្លែង ហើយ​ឲ្យ​លោក​វិល​ទៅ​ជួប​ព្រះ‌បាទ​បាឡាក់​វិញ ដើម្បី​ថ្លែង​ព្រះ‌បន្ទូល​នេះ។ លោក​បាឡាម​ក៏​វិល​ទៅ​ជួប​ព្រះ‌បាទ​បាឡាក់ ដែល​ឈរ​នៅ​ក្បែរ​តង្វាយ​ដុត ដោយ​មាន​នាម៉ឺន​មន្ត្រី​ទាំង​អស់​នៃ​ជន‌ជាតិ​ម៉ូអាប់​ឈរ​ជា​មួយ​ផង។ លោក​បាឡាម​ក៏​ថ្លែង​ដូច​ត​ទៅ៖ «ព្រះ‌បាទ​បាឡាក់​ហៅ​ខ្ញុំ​មក​ពី​ស្រុក​អើរ៉ាម ស្ដេច​ស្រុក​ម៉ូអាប់​បាន​ហៅ​ខ្ញុំ​ចុះ​ពី​ភ្នំ​ទិស​បូព៌ា​ថា: ចូរ​មក​ដាក់​បណ្ដាសា​កូន​ចៅ​យ៉ាកុប! ចូរ​មក​ប្រទេច‌ផ្តាសា​កូន​ចៅ​អ៊ីស្រា‌អែល! តើ​ឲ្យ​ខ្ញុំ​ដាក់​បណ្ដាសា​អ្នក​ដែល ព្រះ‌ជាម្ចាស់​មិន​ដាក់​បណ្ដាសា​ដូច​ម្ដេច​កើត! តើ​ឲ្យ​ខ្ញុំ​ប្រទេច‌ផ្តាសា​អ្នក​ដែល ព្រះ‌អម្ចាស់​មិន​ប្រទេច‌ផ្តាសា​ដូច​ម្ដេច​បាន! ពី​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​ឃើញ​ពួក​គេ ពី​លើ​កំពូល​ភ្នំ​នេះ ខ្ញុំ​គយ‌គន់​មើល​ពួក​គេ ប្រជា‌ជន​នេះ​រស់​នៅ​ដាច់​ឡែក​ពី​អ្នក​ដទៃ ពួក​គេ​ដឹង​ខ្លួន​ថា ពួក​គេ​មិន​ដូច​ជាតិ​សាសន៍​ឯ​ទៀតៗ​ទេ។ តើ​នរណា​អាច​រាប់​កូន​ចៅ​យ៉ាកុប ដែល​មាន​ចំនួន​ច្រើន​ដូច​ធូលី​ដី តើ​នរណា​អាច​រាប់​ចំនួន​អ៊ីស្រា‌អែល ដ៏​ច្រើន​ឥត​គណនា​បាន? ស៊ូ​ឲ្យ​ខ្ញុំ​ស្លាប់​ដូច​មនុស្ស​សុចរិត​ទាំង​នេះ សូម​ឲ្យ​ជីវិត​ខ្ញុំ​ត្រូវ​បញ្ចប់​ដូច​ពួក​គេ​ដែរ!»។