ជនគណនា 22:22-27
ជនគណនា 22:22-27 គខប
ពេលនោះ ព្រះជាម្ចាស់ទ្រង់ព្រះពិរោធយ៉ាងខ្លាំង ព្រោះលោកចេញដំណើរដូច្នេះ។ ទេវតា*របស់ព្រះអម្ចាស់ឈររាំងផ្លូវរបស់លោក ដើម្បីជំទាស់នឹងលោក។ លោកបាឡាមជិះលាញីរបស់លោក ហើយមានអ្នកបម្រើពីរនាក់រួមដំណើរជាមួយដែរ។ លាញីបានឃើញទេវតារបស់ព្រះអម្ចាស់ឈរនៅកណ្ដាលផ្លូវ ទាំងកាន់ដាវផង។ លាក៏ងាកចេញពីផ្លូវ ទៅដើរនៅក្នុងចម្ការ។ លោកបាឡាមវាយលាឲ្យមកដើរតាមផ្លូវវិញ។ ទេវតារបស់ព្រះអម្ចាស់ឈរនៅកណ្ដាលផ្លូវ ដែលមានចម្ការទំពាំងបាយជូរនៅសងខាង ហើយសងខាងផ្លូវមានរបង។ លាញីឃើញទេវតារបស់ព្រះអម្ចាស់ វាក៏ងាកទៅជិតរបង ធ្វើឲ្យជើងរបស់លោកបាឡាមគាបទៅនឹងរបង។ លោកបាឡាមក៏វាយវាសាជាថ្មី។ ទេវតារបស់ព្រះអម្ចាស់ទៅឆ្ងាយបន្តិច ត្រង់កន្លែងមានច្រកចង្អៀត ដែលពុំអាចវាងទៅស្ដាំ ឬទៅឆ្វេងឡើយ។ លាឃើញទេវតារបស់ព្រះអម្ចាស់ វាក៏ក្រាបចុះ ធ្វើឲ្យលោកបាឡាមខឹងជាខ្លាំង ហើយយកដំបងវាយលា។


