ជនគណនា 10:11-36

ជនគណនា 10:11-36 គខប

នៅ​ឆ្នាំ​ទី​ពីរ ខែ​ទី​ពីរ ថ្ងៃ​ទី​ម្ភៃ ពពក*​បាន​អណ្ដែត​ឡើង​ពី​ព្រះ‌ពន្លា​នៃ​សន្ធិ‌សញ្ញា។ ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​នាំ​គ្នា​ចាក​ចេញ​ពី​វាល​រហោ‌ស្ថាន​ស៊ីណៃ តាម​លំដាប់‌លំដោយ ដែល​កំណត់​ទុក​ស្ដី​អំពី​ការ​ចេញ​ដំណើរ​នេះ។ ពពក​ឈប់​នៅ​វាល​រហោ‌ស្ថាន​ប៉ារ៉ាន។ ពួក​គេ​ចេញ​ដំណើរ​ជា​លើក​ទី​មួយ​នេះ តាម​បញ្ជា​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។ ទង់​សញ្ញា​នៃ​ជំរំ​យូដា​ចេញ​ដំណើរ​មុន​គេ​ជា​មួយ​កង‌ទ័ព​របស់​ខ្លួន ដែល​មាន​កង‌ពល​យូដា ដឹក​នាំ​ដោយ​លោក​ណាសូន ជា​កូន​របស់​លោក​អមីណា‌ដាប់ កង‌ពល​របស់​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ ដឹក​នាំ​ដោយ​លោក​នេថា‌នេល ជា​កូន​របស់​លោក​ស៊ូហារ និង​កង‌ពល​របស់​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន ដឹក​នាំ​ដោយ​លោក​អេលាប ជា​កូន​របស់​លោក​ហេឡូន។ គេ​បាន​រើ​ព្រះ‌ពន្លា ហើយ​កូន​ចៅ​គើសុន និង​កូន​ចៅ​ម៉្រារី នាំ​គ្នា​សែង​ព្រះ‌ពន្លា​នោះ​ចេញ​ដំណើរ​ទៅ។ បន្ទាប់​មក ទង់​សញ្ញា​នៃ​ជំរំ​រូបេន​ចេញ​ដំណើរ​ជា​មួយ​កង‌ទ័ព​របស់​ខ្លួន ដែល​មាន​កង‌ពល​រូបេន ដឹក​នាំ​ដោយ​លោក​អេលី‌ស៊ើរ ជា​កូន​របស់​លោក​សេដេ‌អ៊ើរ កង‌ពល​របស់​កុល‌សម្ព័ន្ធ​ស៊ីម្មាន ដឹក​នាំ​ដោយ​លោក​ស៊្លូ‌មាល ជា​កូន​របស់​លោក​ស៊ូរី‌សាដាយ និង​កង‌ពល​របស់​កុល‌សម្ព័ន្ធ​កាដ ដឹក​នាំ​ដោយ​លោក​អេលា‌សាប់ ជា​កូន​របស់​លោក​ដេអ៊ូ‌អែល។ បន្ទាប់​មក កូន​ចៅ​កេហាត់​ចេញ​ដំណើរ​ទៅ ទាំង​សែង​ទីសក្ការៈ​ទៅ​ជា​មួយ​ផង។ ពួក​លេវី​ឯ​ទៀតៗ​ត្រូវ​ដំឡើង​ព្រះ‌ពន្លា​មុន​ពួក​គេ​ទៅ​ដល់។ បន្ទាប់​មក​ទៀត ទង់​សញ្ញា​នៃ​ជំរំ​អេប្រាអ៊ីម​ចេញ​ដំណើរ​ជា​មួយ​កង‌ទ័ព​របស់​ខ្លួន ដែល​មាន​កង‌ពល​អេប្រាអ៊ីម ដឹក​នាំ​ដោយ​លោក​អេលី‌សាម៉ា ជា​កូន​របស់​លោក​អាំមី‌ហ៊ូដ កង‌ពល​របស់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ដឹក​នាំ​ដោយ​លោក​កាម៉ា‌លាល ជា​កូន​របស់​លោក​ផ្ដាស៊ើរ និង​កង‌ពល​របស់​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ដឹក​នាំ​ដោយ​លោក​អប៊ីដាន ជា​កូន​របស់​លោក​គីដា‌ហូនី។ ក្រោយ​គេ​បង្អស់ ទង់​សញ្ញា​នៃ​ជំរំ​ដាន់​ចេញ​ដំណើរ​ជា​មួយ​កង‌ទ័ព​របស់​ខ្លួន ដែល​មាន​កង‌ពល​ដាន់ ដឹក​នាំ​ដោយ​លោក​អហ៊ីយេ‌ស៊ើរ ជា​កូន​របស់​លោក​អាំមី‌សាដាយ កង‌ពល​របស់​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ ដឹក​នាំ​ដោយ​លោក​ប៉ាគី‌ហ៊ាល ជា​កូន​របស់​លោក​អូក្រាន និង​កង‌ពល​របស់​កុល‌សម្ព័ន្ធ​ណែប‌ថាលី ដឹក​នាំ​ដោយ​លោក​អហ៊ី‌រ៉ា ជា​កូន​របស់​លោក​អេណាន់។ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ចេញ​ដំណើរ​ជា​ក្បួន​ទ័ព​របស់​គេ តាម​លំដាប់‌លំដោយ​បែប​នេះ​ឯង។ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ហូបាប់ ជា​កូន​របស់​លោក​រេហួល ជន‌ជាតិ​ម៉ាឌាន ដែល​ត្រូវ​ជា​ឪពុក​ក្មេក​របស់​លោក​ថា៖ «ពួក​យើង​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទឹក​ដី ដែល​ព្រះ‌អម្ចាស់​សន្យា​ប្រទាន​ឲ្យ​ពួក​យើង។ ដូច្នេះ សូម​បង​អញ្ជើញ​ទៅ​ជា​មួយ​ពួក​យើង​ទៅ ពួក​យើង​នឹង​ផ្ដល់​ឲ្យ​បង​មាន​សុភមង្គល ដែល​ព្រះ‌អម្ចាស់​បាន​សន្យា​ប្រទាន​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល»។ លោក​ហូបាប់​តប​ថា៖ «ខ្ញុំ​មិន​ទៅ​ទេ គឺ​ខ្ញុំ​ទៅ​ស្រុក​របស់​ខ្ញុំ ជួប‌ជុំ​នឹង​ក្រុម​ញាតិ​របស់​ខ្ញុំ​វិញ»។ លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «សូម​កុំ​បោះ​បង់​ចោល​ពួក​យើង​ឡើយ ដ្បិត​បង​ស្គាល់​កន្លែង​ដែល​យើង​អាច​បោះ​ជំរំ​ក្នុង​វាល​រហោ‌ស្ថាន ហើយ​បង​នឹង​នាំ​ផ្លូវ​ពួក​យើង។ ប្រសិន​បើ​បង​ទៅ​ជា​មួយ​ពួក​យើង នោះ​ពួក​យើង​នឹង​ឲ្យ​បង​បាន​សប្បាយ​រួម​ជា​មួយ​ពួក​យើង នៅ​ពេល​ព្រះ‌អម្ចាស់​ប្រទាន​ព្រះ‌ពរ​មក​ពួក​យើង»។ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ចាក​ចេញ​ពី​ភ្នំ​របស់​ព្រះ‌អម្ចាស់ ធ្វើ​ដំណើរ​អស់​រយៈ​ពេល​បី​ថ្ងៃ។ ក្នុង​ពេល​ធ្វើ​ដំណើរ​បី​ថ្ងៃ​នោះ គេ​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​នៅ​ខាង​មុខ ដើម្បី​ស្វែង​រក​កន្លែង​ស្រួល​ឈប់​សម្រាក។ ពេល​ពួក​គេ​រើ​ជំរំ​ចេញ​ដំណើរ ពពក​របស់​ព្រះ‌អម្ចាស់​ស្ថិត​ពី​លើ​ពួក​គេ នៅ​ពេល​ថ្ងៃ។ ពេល​ហិប​របស់​ព្រះ‌អម្ចាស់​ចេញ​ដំណើរ លោក​ម៉ូសេ​បន្លឺ​សំឡេង​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​ក្រោក​ឡើង សូម​ឲ្យ​បច្ចា‌មិត្ត​របស់​ព្រះអង្គ​ត្រូវ​ខ្ចាត់‌ខ្ចាយ! សូម​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ព្រះអង្គ ត្រូវ​បាក់​ទ័ព​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ!»។ ពេល​គេ​ដាក់​ហិប​ចុះ លោក​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​យាង​មក​គង់​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​មាន​ចំនួន​យ៉ាង​ច្រើន​អនេក‌អនន្ត»។