ជនគណនា 10:11-36
ជនគណនា 10:11-36 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅឆ្នាំទីពីរ ខែទីពីរ ថ្ងៃទីម្ភៃ ពពកបានអណ្ដែតឡើងពីរោងឧបោសថនៃសេចក្ដីសញ្ញា។ ពេលនោះ កូនចៅអ៊ីស្រាអែលក៏ធ្វើដំណើរតាមដំណាក់ៗ ចេញពីទីរហោស្ថានស៊ីណាយ ហើយពពកក៏ឈប់នៅទីរហោស្ថានប៉ារ៉ាន។ គេចេញដំណើរជាលើកទីមួយ តាមបង្គាប់ព្រះយេហូវ៉ា ដោយសារលោកម៉ូសេ។ ទង់ជ័យនៃជំរំយូដាចេញដំណើរមុនគេ តាមអង្គភាពរបស់ខ្លួន ហើយណាសូន ជាកូនរបស់អ័មីណាដាប់ គ្រប់គ្រងលើអង្គភាពទាំងមូល។ នេថានេលជាកូនរបស់ស៊ូហារ គ្រប់គ្រងលើអង្គភាពនៃកុលសម្ព័ន្ធអ៊ីសាខារ ហើយអេលាបជាកូនរបស់ហេឡូន គ្រប់គ្រងលើអង្គភាពនៃកុលសម្ព័ន្ធសាប់យូឡូន។ ក្រោយពីបានរើរោងឧបោសថរួចហើយ កូនចៅគើសុន និងកូនចៅម្រ៉ារី ដែលជាអ្នកលីសែងរោងឧបោសថនោះ ក៏នាំគ្នាចេញដំណើរ។ បន្ទាប់មក ទង់ជ័យនៃជំរំរូបេននាំគ្នាចេញដំណើរ តាមអង្គភាពរបស់ខ្លួន ហើយអេលីស៊ើរជាកូនរបស់សេដេអ៊ើរ គ្រប់គ្រងលើអង្គភាពទាំងមូល។ ស៊្លូមាល ជាកូនរបស់ស៊ូរីសាដាយ គ្រប់គ្រងលើអង្គភាពនៃកុលសម្ព័ន្ធស៊ីម្មាន ហើយអេលាសាប់ជាកូនដេហ៊ូអែល គ្រប់គ្រងលើអង្គភាពនៃកុលសម្ព័ន្ធកាដ។ បន្ទាប់មក កូនចៅកេហាត់ចេញដំណើរ ទាំងលីសែងវត្ថុដ៏បរិសុទ្ធទៅជាមួយ ហើយអ្នកមុនក៏ដំឡើងរោងឧបោសថឲ្យទាន់ពេលគេទៅដល់។ បន្ទាប់មកទៀត ទង់ជ័យនៃជំរំអេប្រាអិមនាំគ្នាចេញដំណើរ តាមអង្គភាពរបស់ខ្លួន ហើយអេលីសាម៉ាជាកូនរបស់អាំមីហ៊ូត គ្រប់គ្រងលើអង្គភាពទាំងមូល។ កាម៉ាលាលជាកូនរបស់ផ្តាស៊ើរ គ្រប់គ្រងលើអង្គភាពនៃកុលសម្ព័ន្ធម៉ាណាសេ ហើយអ័ប៊ីដានជាកូនរបស់គីដាហូនី គ្រប់គ្រងលើអង្គភាពនៃកុលសម្ព័ន្ធបេនយ៉ាមីន។ បន្ទាប់មក ទង់ជ័យនៃជំរំដាន់នាំគ្នាចេញដំណើរ តាមអង្គភាពរបស់ខ្លួន បំពេញមុខងារជាទ័ពការពារជួរខាងក្រោយជំរំទាំងអស់ ហើយអ័ហ៊ីយេស៊ើរ ជាកូនរបស់អាំមីសាដាយ គ្រប់គ្រងលើអង្គភាពទាំងមូល។ ប៉ាគីហ៊ាល ជាកូនរបស់អូក្រាន គ្រប់គ្រងលើអង្គភាពនៃកុលសម្ព័ន្ធអេស៊ើរ ហើយអ័ហ៊ីរ៉ាជាកូនរបស់អេណាន់ គ្រប់គ្រងលើអង្គភាពនៃកុលសម្ព័ន្ធណែបថាលី។ កូនចៅអ៊ីស្រាអែលចេញដំណើរជាក្បួនទ័ព តាមអង្គភាពរបស់គេ តាមលំដាប់លំដោយបែបនេះឯង។ លោកម៉ូសេមានប្រសាសន៍ទៅកាន់ហូបាប់ ជាកូនរបស់រេហួល សាសន៍ម៉ាឌាន ដែលត្រូវជាឪពុកក្មេកលោកម៉ូសេថា៖ «ពួកយើងធ្វើដំណើរឆ្ពោះទៅកន្លែងដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលថា "យើងនឹងឲ្យស្រុកនេះដល់អ្នករាល់គ្នា"។ ដូច្នេះ សូមបងអញ្ជើញទៅជាមួយពួកយើងទៅ ពួកយើងនឹងប្រព្រឹត្តចំពោះបងយ៉ាងល្អ ដ្បិតព្រះយេហូវ៉ាបានសន្យាយ៉ាងល្អដល់សាសន៍អ៊ីស្រាអែល»។ ប៉ុន្តែ ហូបាប់តបថា៖ «ខ្ញុំមិនទៅទេ គឺខ្ញុំនឹងត្រឡប់ទៅស្រុករបស់ខ្ញុំ ទៅជួបជុំញាតិសន្តានរបស់ខ្ញុំវិញ»។ លោកម៉ូសេមានប្រសាសន៍ថា៖ «សូមកុំទៅចោលពួកយើងឡើយ ដ្បិតបងស្គាល់កន្លែងដែលយើងត្រូវបោះជំរំនៅក្នុងទីរហោស្ថាននេះ ហើយបងនឹងបានដូចជាភ្នែកដល់ពួកយើង។ ម្យ៉ាងទៀត ប្រសិនបើបងទៅជាមួយពួកយើង អ្វីៗល្អដែលព្រះយេហូវ៉ាប្រទានដល់ពួកយើង នោះពួកយើងក៏នឹងផ្ដល់ជូនបងយ៉ាងនោះដែរ»។ ដូច្នេះ គេក៏ចេញពីភ្នំរបស់ព្រះយេហូវ៉ា ធ្វើដំណើរអស់រយៈពេលបីថ្ងៃ ទាំងមានហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ានៅខាងមុខគេរយៈពេលបីថ្ងៃនោះ ដើម្បីរកកន្លែងឲ្យគេឈប់សម្រាក ពេលគេរើជំរំចេញដំណើរ ពពករបស់ព្រះយេហូវ៉ាស្ថិតនៅពីលើពួកគេ នៅពេលថ្ងៃ។ ពេលណាហិបសញ្ញាចេញដំណើរ លោកម៉ូសេបន្លឺសំឡេងថា៖ «ព្រះយេហូវ៉ាអើយ សូមក្រោកឡើង សូមឲ្យខ្មាំងសត្រូវរបស់ព្រះអង្គត្រូវខ្ចាត់ខ្ចាយ ហើយសូមឲ្យអស់អ្នកដែលស្អប់ព្រះអង្គ ត្រូវរត់ចេញនៅចំពោះព្រះអង្គ»។ ពេលណាហិបសញ្ញាឈប់សម្រាក លោកមានប្រសាសន៍ថា «ព្រះយេហូវ៉ាអើយ សូមយាងមកគង់ជាមួយពួកអ៊ីស្រាអែលទាំងសល់សែនវិញ»។
ជនគណនា 10:11-36 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅឆ្នាំទីពីរ ខែទីពីរ ថ្ងៃទីម្ភៃ ពពក*បានអណ្ដែតឡើងពីព្រះពន្លានៃសន្ធិសញ្ញា។ ជនជាតិអ៊ីស្រាអែលក៏នាំគ្នាចាកចេញពីវាលរហោស្ថានស៊ីណៃ តាមលំដាប់លំដោយ ដែលកំណត់ទុកស្ដីអំពីការចេញដំណើរនេះ។ ពពកឈប់នៅវាលរហោស្ថានប៉ារ៉ាន។ ពួកគេចេញដំណើរជាលើកទីមួយនេះ តាមបញ្ជាដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។ ទង់សញ្ញានៃជំរំយូដាចេញដំណើរមុនគេជាមួយកងទ័ពរបស់ខ្លួន ដែលមានកងពលយូដា ដឹកនាំដោយលោកណាសូន ជាកូនរបស់លោកអមីណាដាប់ កងពលរបស់កុលសម្ព័ន្ធអ៊ីសាខារ ដឹកនាំដោយលោកនេថានេល ជាកូនរបស់លោកស៊ូហារ និងកងពលរបស់កុលសម្ព័ន្ធសាប់យូឡូន ដឹកនាំដោយលោកអេលាប ជាកូនរបស់លោកហេឡូន។ គេបានរើព្រះពន្លា ហើយកូនចៅគើសុន និងកូនចៅម៉្រារី នាំគ្នាសែងព្រះពន្លានោះចេញដំណើរទៅ។ បន្ទាប់មក ទង់សញ្ញានៃជំរំរូបេនចេញដំណើរជាមួយកងទ័ពរបស់ខ្លួន ដែលមានកងពលរូបេន ដឹកនាំដោយលោកអេលីស៊ើរ ជាកូនរបស់លោកសេដេអ៊ើរ កងពលរបស់កុលសម្ព័ន្ធស៊ីម្មាន ដឹកនាំដោយលោកស៊្លូមាល ជាកូនរបស់លោកស៊ូរីសាដាយ និងកងពលរបស់កុលសម្ព័ន្ធកាដ ដឹកនាំដោយលោកអេលាសាប់ ជាកូនរបស់លោកដេអ៊ូអែល។ បន្ទាប់មក កូនចៅកេហាត់ចេញដំណើរទៅ ទាំងសែងទីសក្ការៈទៅជាមួយផង។ ពួកលេវីឯទៀតៗត្រូវដំឡើងព្រះពន្លាមុនពួកគេទៅដល់។ បន្ទាប់មកទៀត ទង់សញ្ញានៃជំរំអេប្រាអ៊ីមចេញដំណើរជាមួយកងទ័ពរបស់ខ្លួន ដែលមានកងពលអេប្រាអ៊ីម ដឹកនាំដោយលោកអេលីសាម៉ា ជាកូនរបស់លោកអាំមីហ៊ូដ កងពលរបស់កុលសម្ព័ន្ធម៉ាណាសេ ដឹកនាំដោយលោកកាម៉ាលាល ជាកូនរបស់លោកផ្ដាស៊ើរ និងកងពលរបស់កុលសម្ព័ន្ធបេនយ៉ាមីន ដឹកនាំដោយលោកអប៊ីដាន ជាកូនរបស់លោកគីដាហូនី។ ក្រោយគេបង្អស់ ទង់សញ្ញានៃជំរំដាន់ចេញដំណើរជាមួយកងទ័ពរបស់ខ្លួន ដែលមានកងពលដាន់ ដឹកនាំដោយលោកអហ៊ីយេស៊ើរ ជាកូនរបស់លោកអាំមីសាដាយ កងពលរបស់កុលសម្ព័ន្ធអេស៊ើរ ដឹកនាំដោយលោកប៉ាគីហ៊ាល ជាកូនរបស់លោកអូក្រាន និងកងពលរបស់កុលសម្ព័ន្ធណែបថាលី ដឹកនាំដោយលោកអហ៊ីរ៉ា ជាកូនរបស់លោកអេណាន់។ ជនជាតិអ៊ីស្រាអែលនាំគ្នាចេញដំណើរជាក្បួនទ័ពរបស់គេ តាមលំដាប់លំដោយបែបនេះឯង។ លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកហូបាប់ ជាកូនរបស់លោករេហួល ជនជាតិម៉ាឌាន ដែលត្រូវជាឪពុកក្មេករបស់លោកថា៖ «ពួកយើងចេញដំណើរឆ្ពោះទៅកាន់ទឹកដី ដែលព្រះអម្ចាស់សន្យាប្រទានឲ្យពួកយើង។ ដូច្នេះ សូមបងអញ្ជើញទៅជាមួយពួកយើងទៅ ពួកយើងនឹងផ្ដល់ឲ្យបងមានសុភមង្គល ដែលព្រះអម្ចាស់បានសន្យាប្រទានឲ្យជនជាតិអ៊ីស្រាអែល»។ លោកហូបាប់តបថា៖ «ខ្ញុំមិនទៅទេ គឺខ្ញុំទៅស្រុករបស់ខ្ញុំ ជួបជុំនឹងក្រុមញាតិរបស់ខ្ញុំវិញ»។ លោកម៉ូសេមានប្រសាសន៍ថា៖ «សូមកុំបោះបង់ចោលពួកយើងឡើយ ដ្បិតបងស្គាល់កន្លែងដែលយើងអាចបោះជំរំក្នុងវាលរហោស្ថាន ហើយបងនឹងនាំផ្លូវពួកយើង។ ប្រសិនបើបងទៅជាមួយពួកយើង នោះពួកយើងនឹងឲ្យបងបានសប្បាយរួមជាមួយពួកយើង នៅពេលព្រះអម្ចាស់ប្រទានព្រះពរមកពួកយើង»។ ជនជាតិអ៊ីស្រាអែលនាំគ្នាចាកចេញពីភ្នំរបស់ព្រះអម្ចាស់ ធ្វើដំណើរអស់រយៈពេលបីថ្ងៃ។ ក្នុងពេលធ្វើដំណើរបីថ្ងៃនោះ គេសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់នៅខាងមុខ ដើម្បីស្វែងរកកន្លែងស្រួលឈប់សម្រាក។ ពេលពួកគេរើជំរំចេញដំណើរ ពពករបស់ព្រះអម្ចាស់ស្ថិតពីលើពួកគេ នៅពេលថ្ងៃ។ ពេលហិបរបស់ព្រះអម្ចាស់ចេញដំណើរ លោកម៉ូសេបន្លឺសំឡេងថា៖ «ព្រះអម្ចាស់អើយ សូមក្រោកឡើង សូមឲ្យបច្ចាមិត្តរបស់ព្រះអង្គត្រូវខ្ចាត់ខ្ចាយ! សូមឲ្យអស់អ្នកដែលស្អប់ព្រះអង្គ ត្រូវបាក់ទ័ពនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ!»។ ពេលគេដាក់ហិបចុះ លោកមានប្រសាសន៍ថា៖ «ព្រះអម្ចាស់អើយ សូមយាងមកគង់ជាមួយជនជាតិអ៊ីស្រាអែល ដែលមានចំនួនយ៉ាងច្រើនអនេកអនន្ត»។
ជនគណនា 10:11-36 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដល់ថ្ងៃ២០ ខែពិសាខ ក្នុងឆ្នាំទី២ នោះពពកក៏ឡើងផុតពីរោងឧបោសថផងសេចក្ដីបន្ទាល់ រួចពួកកូនចៅអ៊ីស្រាអែលក៏ធ្វើដំណើរចេញពីទីរហោស្ថានស៊ីណាយ ដើរទៅតាមរបៀបដែលគេដើរមុនក្រោយ ហើយពពកក៏ឈប់នៅទីរហោស្ថានប៉ារ៉ាន នៅជាន់មុនដំបូងនោះ គេចេញដំណើរទៅតាមបង្គាប់ព្រះយេហូវ៉ា ដោយសារម៉ូសេ ឯទី១ នោះមានទង់ជ័យនៃទីដំឡើងត្រសាលរបស់ពួកកូនចៅយូដា នាំគ្នាចេញទៅតាមពួកកងគេ មានណាសូន ជាកូនអ័មីន៉ាដាប់ត្រួតលើពួកកងគេ ហើយនេថានេលជាកូនស៊ូហារ ត្រួតលើពួកកងរបស់ពូជអំបូរកូនចៅអ៊ីសាខារ នឹងអេលាប ជាកូនហេល៉ូន ត្រួតលើពួកកងនៃពូជអំបូរកូនចៅសាប់យូល៉ូន នោះបានរុះរោងឧបោសថ ហើយពួកកូនចៅគើសុន នឹងពួកកូនចៅម្រ៉ារី ក៏ចេញទៅទាំងលីសែងរោងនោះ បន្ទាប់មក មានទង់ជ័យរបស់ទីដំឡើងត្រសាលនៃពួកកូនចៅរូបេន នាំគ្នាចេញទៅតាមពួកកងគេ មានអេលីស៊ើរ ជាកូនសេដេអ៊ើរត្រួតលើពួកកងគេ ហើយស៊្លូមាលជាកូនស៊ូរីសាដាយត្រួតលើពួកកងរបស់ពូជអំបូរកូនចៅស៊ីម្មាន នឹងអេលាសាប់ ជាកូនដេហ៊ូអែល ត្រួតលើពួកកងរបស់ពូជអំបូរកូនចៅកាឌ់ រួចមក ពួកកេហាត់ក៏ចេញទៅទាំងលីសែងទីបរិសុទ្ធ ហើយពួកមុននោះក៏ដំឡើងរោងឧបោសថឲ្យទាន់គេមកដល់ រួចមានទង់ជ័យទីដំឡើងត្រសាលនៃពួកកូនចៅអេប្រាអិម នាំគ្នាចេញទៅ តាមពួកកងគេ មានអេលីសាម៉ា ជាកូនអាំមីហ៊ូត ត្រួតលើពួកកងគេ ហើយកាម៉ាលាល ជាកូនផ្តាស៊ើរ ត្រួតលើពួកកងរបស់ពូជអំបូរកូនចៅម៉ាន៉ាសេ នឹងអ័ប៊ីដាន ជាកូនគីដាហូនី ត្រួតលើពួកកងរបស់ពូជអំបូរកូនចៅបេនយ៉ាមីន រួចមានទង់ជ័យរបស់ទីដំឡើងត្រសាលនៃពួកកូនចៅដាន់ នាំគ្នាចេញទៅតាមពួកកងគេ មានអ័ហ៊ីយេស៊ើរ ជាកូនអាំមីសាដាយ ត្រួតលើពួកកងគេជាខាងក្រោយបង្អស់ ហើយប៉ាគីហ៊ាល ជាកូនអុក្រានត្រួតលើពួកកងរបស់ពូជអំបូរកូនចៅអេស៊ើរ នឹងអ័ហ៊ីរ៉ា ជាកូនអេណាន់ ត្រួតលើពួកកង របស់ពូជអំបូរកូនចៅណែបថាលី គឺយ៉ាងនេះហើយដែលពួកកូនចៅអ៊ីស្រាអែលតែងធ្វើដំណើរទៅ គេចេញដើរទៅតាមពួកកងគេរៀងខ្លួន។ រីឯម៉ូសេលោកជំរាបហូបាប់ កូនរេហួល សាសន៍ម៉ាឌាន ដែលជាឪពុកក្មេកលោកថា យើងខ្ញុំធ្វើដំណើរទៅឯកន្លែង ដែលព្រះយេហូវ៉ាបានមានបន្ទូលថា អញនឹងឲ្យស្រុកនេះដល់ឯងរាល់គ្នា ដូច្នេះ សូមអញ្ជើញទៅជាមួយនឹងយើងខ្ញុំចុះ នោះនឹងមានប្រយោជន៍ដល់លោកឪពុក ដ្បិតព្រះយេហូវ៉ាបានមានបន្ទូលសេចក្ដីយ៉ាងល្អ ពីដំណើរសាសន៍អ៊ីស្រាអែល តែលោកឆ្លើយថា អញមិនទៅទេ អញនឹងត្រឡប់ទៅឯស្រុកអញវិញ ដើម្បីនៅជាមួយនឹងញាតិសន្តានរបស់អញ តែម៉ូសេអង្វរថា សូមកុំឲ្យលោកឪពុកចោលយើងខ្ញុំឡើយ ដ្បិតលោកជាអ្នកស្គាល់អស់ទាំងទីកន្លែង ដែលយើងខ្ញុំត្រូវដំឡើងត្រសាល នៅក្នុងទីរហោស្ថាននេះ ដូច្នេះ លោកនឹងបានដូចជាភ្នែកដល់យើងខ្ញុំ បើសិនលោកអញ្ជើញទៅជាមួយនឹងយើងខ្ញុំ នោះការល្អអ្វីដែលព្រះយេហូវ៉ានឹងប្រោសដល់យើងខ្ញុំយ៉ាងណា នោះយើងខ្ញុំក៏ផ្តល់ជូនលោកយ៉ាងនោះដែរ។ គេក៏ចេញពីភ្នំនៃព្រះយេហូវ៉ា ធ្វើដំណើរទៅអស់៣ថ្ងៃ ហើយហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ក៏ទៅមុខគេទាំង៣ថ្ងៃនោះ ដើម្បីនឹងរកទីកន្លែងឲ្យគេឈប់សំរាក ក៏មានពពកនៃព្រះយេហូវ៉ានៅពីលើគេ នៅពេលថ្ងៃ ចាប់តាំងពីពេលដែលគេចេញដំណើរពីទីដំឡើងត្រសាលនោះទៅ រីឯវេលាណាដែលហឹបចេញទៅ នោះម៉ូសេតែងទូលថា ឱព្រះយេហូវ៉ាអើយ សូមក្រោកឈរឡើង ឲ្យពួកខ្មាំងសត្រូវទ្រង់ត្រូវខ្ចាត់ខ្ចាយទៅ ហើយឲ្យពួកអ្នកដែលស្អប់ទ្រង់ ត្រូវរត់នៅចំពោះទ្រង់ លុះវេលាដែលហឹបឈប់វិញ នោះលោកទូលថា ឱព្រះយេហូវ៉ាអើយ សូមត្រឡប់មកឯពួកអ៊ីស្រាអែលទាំងសល់សែនវិញ។