ម៉ាកុស 13:1-8

ម៉ាកុស 13:1-8 គខប

ពេល​ព្រះ‌យេស៊ូ​យាង​ចេញ​ពី​ព្រះ‌វិហារ*​ទៅ មាន​សិស្ស*​ម្នាក់​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌គ្រូ សូម​មើល​ថ្ម​នុ៎ះ​ស្អាត​ណាស់! វិមាន​ទាំង​នេះ​ល្អ​វិសេស‌វិសាល​បំផុត»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​សិស្ស​នោះ​វិញ​ថា៖ «ថ្ងៃ​ក្រោយ វិមាន​ដ៏​ស្កឹម‌ស្កៃ​ដែល​អ្នក​ឃើញ​នេះ នឹង​ត្រូវ​រលំ​បាក់​បែក​អស់ លែង​មាន​ថ្ម​ត្រួត​ពី​លើ​ថ្ម​ទៀត​ហើយ»។ ព្រះអង្គ​គង់​នៅ​លើ​ភ្នំ​ដើម​អូលីវ​ទល់​មុខ​ព្រះ‌វិហារ*។ លោក​ពេត្រុស លោក​យ៉ាកុប លោក​យ៉ូហាន និង​លោក​អនទ្រេ ទូល​សួរ​ព្រះអង្គ​ដាច់​ឡែក​ពី​គេ​ថា៖ «សូម​ព្រះ‌គ្រូ​ប្រាប់​ឲ្យ​យើង​ខ្ញុំ​ដឹង​ផង ហេតុ‌ការណ៍​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? តើ​មាន​អ្វី​ជា​សម្គាល់​ឲ្យ​យើង​ខ្ញុំ​ដឹង​ថា ព្រឹត្តិ‌ការណ៍​ទាំង​នេះ​នឹង​ដល់​ទី​បញ្ចប់?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ប្រុង​ប្រយ័ត្ន កុំ​បណ្ដោយ​នរណា​មក​បញ្ឆោត​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង​ឡើយ ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​ឈ្មោះ​ខ្ញុំ​មក​ប្រើ ដោយ​ពោល​ថា៖ “ខ្ញុំ​នេះ​ហើយ​ជា​ព្រះ‌គ្រិស្ត*!”។ គេ​នឹង​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង។ កាល​ណា​អ្នក​រាល់​គ្នា​ឮ​គេ​និយាយ​អំពី​សង្គ្រាម និង​ឮ​ដំណឹង​ថា​មាន​សង្គ្រាម​ផ្ទុះ​ឡើង មិន​ត្រូវ​ជ្រួល‌ច្របល់​ឡើយ ដ្បិត​ហេតុ‌ការណ៍​ទាំង​នេះ​ត្រូវ​តែ​កើត​ឡើង ប៉ុន្តែ មិន​ទាន់​ដល់​អវសាន‌កាល​នៃ​ពិភព​លោក​នៅ​ឡើយ​ទេ។ ប្រជា‌ជាតិ​មួយ​នឹង​ធ្វើ​សង្គ្រាម​តទល់​នឹង​ប្រជា‌ជាតិ​មួយ​ទៀត ប្រទេស​មួយ​តទល់​នឹង​ប្រទេស​មួយ​ទៀត ។ នៅ​កន្លែង​ខ្លះ​នឹង​មាន​រញ្ជួយ​ផែនដី ព្រម​ទាំង​មាន​កើត​ទុរ្ភិក្ស​ផង។ ហេតុ‌ការណ៍​ទាំង​នេះ​ប្រៀប​បាន​នឹង​ការ​ឈឺ​ចាប់​ដើម​ដំបូង​របស់​ស្ត្រី ដែល​ហៀប​នឹង​សម្រាល​កូន។