ម៉ាកុស 13:1-8
ម៉ាកុស 13:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលព្រះយេស៊ូវយាងចេញពីព្រះវិហារ សិស្សព្រះអង្គម្នាក់ទូលព្រះអង្គថា៖ «លោកគ្រូ មើលហ្ន៎ ថ្ម និងអាគារទាំងនេះល្អៗណាស់!» ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «តើអ្នកឃើញអាគារធំៗទាំងនេះឬទេ? នឹងគ្មានថ្មណាមួយនៅត្រួតលើគ្នាទៀតឡើយ ទាំងអស់នឹងត្រូវទម្លាក់ចុះ»។ កាលព្រះអង្គគង់លើភ្នំដើមអូលីវ ទល់មុខព្រះវិហារ នោះពេត្រុស យ៉ាកុប យ៉ូហាន និងអនទ្រេ ទូលសួរព្រះអង្គដោយឡែកថា៖ «សូមប្រាប់យើងខ្ញុំផង តើការនេះនឹងកើតឡើងនៅពេលណា? តើនឹងមានទីសម្គាល់អ្វីឲ្យដឹងពីការទាំងអស់នេះ ដែលបម្រុងនឹងបានសម្រេច?» ព្រះយេស៊ូវចាប់ផ្ដើមមានព្រះបន្ទូលទៅគេថា៖ «ចូរប្រយ័ត្ន ក្រែងអ្នកណានាំអ្នករាល់គ្នាឲ្យវង្វេង ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំមកនិយាយថា "គឺខ្ញុំនេះហើយ" ហើយគេនឹងនាំមនុស្សជាច្រើនឲ្យវង្វេង។ កាលណាអ្នករាល់គ្នាឮអំពីសង្គ្រាម និងដំណឹងអំពីសង្គ្រាម មិនត្រូវច្រួលច្របល់ឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើង តែពុំទាន់ដល់ចុងបំផុតនៅឡើយទេ។ ដ្បិតសាសន៍មួយនឹងលើកគ្នាទាស់នឹងសាសន៍មួយ នគរមួយទាស់នឹងនគរមួយ ។ នឹងមានរញ្ជួយផែនដីនៅកន្លែងផ្សេងៗ ព្រមទាំងមានអំណត់កើតឡើងផង។ ការនេះប្រៀបបាននឹងការចាប់ផ្ដើមរបស់ស្ត្រីដែលឈឺចាប់ហៀបនឹងសម្រាលកូន»។
ម៉ាកុស 13:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលព្រះយេស៊ូយាងចេញពីព្រះវិហារ*ទៅ មានសិស្ស*ម្នាក់ទូលព្រះអង្គថា៖ «ព្រះគ្រូ សូមមើលថ្មនុ៎ះស្អាតណាស់! វិមានទាំងនេះល្អវិសេសវិសាលបំផុត»។ ព្រះយេស៊ូមានព្រះបន្ទូលទៅសិស្សនោះវិញថា៖ «ថ្ងៃក្រោយ វិមានដ៏ស្កឹមស្កៃដែលអ្នកឃើញនេះ នឹងត្រូវរលំបាក់បែកអស់ លែងមានថ្មត្រួតពីលើថ្មទៀតហើយ»។ ព្រះអង្គគង់នៅលើភ្នំដើមអូលីវទល់មុខព្រះវិហារ*។ លោកពេត្រុស លោកយ៉ាកុប លោកយ៉ូហាន និងលោកអនទ្រេ ទូលសួរព្រះអង្គដាច់ឡែកពីគេថា៖ «សូមព្រះគ្រូប្រាប់ឲ្យយើងខ្ញុំដឹងផង ហេតុការណ៍ទាំងនេះនឹងកើតឡើងនៅពេលណា? តើមានអ្វីជាសម្គាល់ឲ្យយើងខ្ញុំដឹងថា ព្រឹត្តិការណ៍ទាំងនេះនឹងដល់ទីបញ្ចប់?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ចូរប្រុងប្រយ័ត្ន កុំបណ្ដោយនរណាមកបញ្ឆោតអ្នករាល់គ្នាឲ្យវង្វេងឡើយ ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំមកប្រើ ដោយពោលថា៖ “ខ្ញុំនេះហើយជាព្រះគ្រិស្ត*!”។ គេនឹងនាំមនុស្សជាច្រើនឲ្យវង្វេង។ កាលណាអ្នករាល់គ្នាឮគេនិយាយអំពីសង្គ្រាម និងឮដំណឹងថាមានសង្គ្រាមផ្ទុះឡើង មិនត្រូវជ្រួលច្របល់ឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើង ប៉ុន្តែ មិនទាន់ដល់អវសានកាលនៃពិភពលោកនៅឡើយទេ។ ប្រជាជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេសមួយទៀត ។ នៅកន្លែងខ្លះនឹងមានរញ្ជួយផែនដី ព្រមទាំងមានកើតទុរ្ភិក្សផង។ ហេតុការណ៍ទាំងនេះប្រៀបបាននឹងការឈឺចាប់ដើមដំបូងរបស់ស្ត្រី ដែលហៀបនឹងសម្រាលកូន។
ម៉ាកុស 13:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលកំពុងតែចេញពីព្រះវិហារមក នោះពួកសិស្សទ្រង់ម្នាក់ទូលថា លោកគ្រូ មើលន៏ ថ្ម ហើយនឹងមន្ទីរល្អណាស់ហ្ន៎ ព្រះយេស៊ូវមានបន្ទូលឆ្លើយថា តើឃើញមន្ទីរធំទាំងនេះឬទេ បន្តិចទៀត នឹងគ្មានថ្មនៅត្រួតលើថ្ម ដែលមិនត្រូវទំលាក់ចុះនោះទេ រួចកាលទ្រង់គង់លើភ្នំដើមអូលីវ ទល់មុខនឹងព្រះវិហារ នោះពេត្រុស យ៉ាកុប យ៉ូហាន នឹងអនទ្រេ គេមកទូលសួរទ្រង់ដោយឡែកថា សូមប្រាប់យើងខ្ញុំ តើកាលណាបានការទាំងនេះនឹងមកដល់ តើមានទីសំគាល់ណាឲ្យដឹង ក្នុងកាលដែលការទាំងនេះជិតកើតមក ព្រះយេស៊ូវចាប់តាំងមានបន្ទូលឆ្លើយទៅគេថា ចូរប្រយ័ត ក្រែងអ្នកណានាំអ្នករាល់គ្នាឲ្យវង្វេង ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំមកនិយាយថា គឺខ្ញុំនេះហើយ គេក៏នឹងនាំមនុស្សជាច្រើនឲ្យវង្វេងផង កាលណាអ្នករាល់គ្នាឮនិយាយពីចំបាំង ហើយពីសូរចំបាំង នោះកុំឲ្យអ្នករាល់គ្នាមានចិត្តថប់បារម្ភឡើយ ដ្បិតការទាំងនោះត្រូវតែមកដល់ តែពុំទាន់ដល់ចុងបំផុតនៅឡើយទេ ពីព្រោះសាសន៍១នឹងលើកគ្នាទាស់នឹងសាសន៍១ នគរ១ទាស់នឹងនគរ១ ក៏នឹងមានកក្រើកដីនៅកន្លែងផ្សេងៗ ហើយនឹងមានអំណត់ នឹងចលាចលកើតឡើង នេះជាដើមចមនៃសេចក្ដីទុក្ខវេទនាទេ