មីកា 3:1-12

មីកា 3:1-12 គខប

ពួក​មេ​ដឹក​នាំ​កូន​ចៅ​លោក​យ៉ាកុប និង​ពួក​អ្នក​គ្រប់‌គ្រង​លើ ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ សូម​ស្ដាប់​ពាក្យ​ខ្ញុំ! អ្នក​រាល់​គ្នា​ត្រូវ​តែ​ស្គាល់​ច្បាប់។ ប៉ុន្តែ អ្នក​រាល់​គ្នា​បែរ​ជា​ស្អប់​អំពើ​ល្អ ហើយ​ចូល​ចិត្ត​អំពើ​អាក្រក់​ទៅ​វិញ។ អ្នក​រាល់​គ្នា​កេង‌ប្រវ័ញ្ច​ប្រជា‌ជន រហូត​ដល់​បក​ស្បែក​គេ ហើយ​ពន្លះ​សាច់​គេ​រហូត​ដល់​ឆ្អឹង។ អ្នក​រាល់​គ្នា​ស៊ី​សាច់​ប្រជា‌ជន​របស់​ខ្ញុំ អ្នក​រាល់​គ្នា​បក​ស្បែក​គេ បំបាក់​ឆ្អឹង​គេ ហើយ​កាប់​គេ​ជា​ដុំៗ ដូច​សាច់​នៅ​ក្នុង​ថ្លាង។ អ្នក​រាល់​គ្នា​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ តែ​ព្រះអង្គ​មិន​ឆ្លើយ​តប​មក​វិញ​ឡើយ ពេល​នោះ ព្រះអង្គ​គេច​ព្រះ‌ភ័ក្ត្រ​ពី​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ស្ដី​អំពី​ពួក​ព្យាការី ដែល​នាំ​ប្រជា‌ជន​របស់​ខ្ញុំ​ឲ្យ​វង្វេង។ បើ​ប្រជា‌ជន​ឲ្យ​ពួក​គេ​បរិភោគ​ឆ្អែត ពួក​គេ​ទាយ​ថា មាន​សេចក្ដី​សុខ‌សាន្ត តែ​បើ​ប្រជា‌ជន​មិន​ឲ្យ​អ្វី​បរិភោគ​ទេ ពួក​គេ​ទាយ​ថា មាន​កើត​សង្គ្រាម។ ហេតុ​នេះ អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ និមិត្ត‌ហេតុ​អស្ចារ្យ​ទៀត​ហើយ ផ្ទុយ​ទៅ​វិញ មាន​តែ​យប់​ងងឹត អ្នក​រាល់​គ្នា​នឹង​លែង​ទស្សន៍‌ទាយ​ទៀត​ហើយ ផ្ទុយ​ទៅ​វិញ មាន​តែ​ភាព​អន្ធការ ភាព​ងងឹត​សូន្យ‌សុង​នឹង​គ្រប​ពី​លើ ព្យាការី​ទាំង​នោះ ដូច​ព្រះ‌អាទិត្យ​លិច​បាត់។ ពួក​គ្រូ​ទាយ​នឹង​ត្រូវ​បាក់​មុខ ពួក​ហោរា​នឹង​ត្រូវ​អាម៉ាស់ ពួក​គេ​នឹង​យក​ដៃ​បាំង​មុខ ដ្បិត​ព្រះ‌ជាម្ចាស់​មិន​អើពើ​នឹង​ពួក​គេ​ឡើយ។ ចំណែក​ឯ​ខ្ញុំ​វិញ ខ្ញុំ​ពោរ‌ពេញ​ដោយ​កម្លាំង មក​ពី​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់។ ព្រះអង្គ​ប្រទាន​ឲ្យ​ខ្ញុំ​ស្គាល់​យុត្តិធម៌ និង​មាន​ចិត្ត​ក្លា‌ហាន ដើម្បី​ប្រាប់​ពូជ‌ពង្ស​លោក​យ៉ាកុប ឲ្យ​ស្គាល់​អំពើ​ទុច្ចរិត​របស់​ខ្លួន ហើយ​ប្រាប់​ប្រជា‌ជន​អ៊ីស្រា‌អែល ឲ្យ​ស្គាល់​អំពើ​បាប​របស់​ខ្លួន។ នាម៉ឺន​មន្ត្រី​នៃ​កូន​ចៅ​លោក​យ៉ាកុប មេ​ដឹក​នាំ​នៃ​កូន​ចៅ​លោក​អ៊ីស្រា‌អែល​អើយ សូម​នាំ​គ្នា​ស្ដាប់! អស់​លោក​ស្អប់​យុត្តិធម៌ ហើយ​បង្ខូច​ច្បាប់។ អស់​លោក​សង់​ក្រុង​ស៊ីយ៉ូន ដោយ​បង្ហូរ​ឈាម​គេ ហើយ​សង់​ក្រុង​យេរូ‌សាឡឹម ដោយ​ជិះ‌ជាន់​សង្កត់‌សង្កិន​គេ។ ចៅ‌ក្រម​កាត់​ក្ដី ដោយ​ចង់​បាន​សំណូក បូជា‌ចារ្យ*​បង្រៀន​វិន័យ* ដោយ​ចង់​បាន​កម្រៃ ព្យាការី​ទស្សន៍‌ទាយ ដោយ​ចង់​បាន​ប្រាក់។ ពួក​គេ​យក​ព្រះ‌នាម​ព្រះ‌អម្ចាស់​មក​ប្រើ ទាំង​ពោល​ថា: “ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​យើង មហន្ត‌រាយ​មិន​កើត​មាន​ដល់​ពួក​យើង​ទេ”។ ហេតុ​នេះ ព្រោះ​តែ​អ្នក​រាល់​គ្នា ខ្មាំង​នឹង​ភ្ជួរ​រាស់​ក្រុង​ស៊ីយ៉ូន ដូច​ភ្ជួរ​ស្រែ ហើយ​ក្រុង​យេរូ‌សាឡឹម​នឹង​ក្លាយ​ទៅ​ជា គំនរ​បាក់​បែក រីឯ​ភ្នំ​ដែល​មាន​ព្រះ‌វិហារ​នឹង​ក្លាយ​ទៅ​ជា​ព្រៃ។