មីកា 3:1-12

មីកា 3:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​ក៏​និយាយ​ទៀត​ថា៖ ចូរ​ស្ដាប់ ឱ​ពួក​ប្រមុខ​នៃ​យ៉ាកុប និង​ពួក​គ្រប់‌គ្រង​លើ​វង្ស​អ៊ីស្រា‌អែល​អើយ តើ​មិន​គួរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ស្គាល់​សេចក្ដី​យុត្តិ‌ធម៌​ទេ​ឬ? អ្នក​រាល់​គ្នា​ដែល​ស្អប់​ការ​ល្អ ហើយ​ស្រឡាញ់​ការ​អាក្រក់​អើយ ជា​ពួក​អ្នក​ដែល​បក​ស្បែក​គេ ហើយ​បេះ​សាច់​ពី​ឆ្អឹង​គេ អ្នក​រាល់​គ្នា​ស៊ី​សាច់​របស់​ជន​ជាតិ​ខ្ញុំ ហើយ​ពន្លាត់​ស្បែក​ពី​ខ្លួន​គេ​ចេញ រួច​បំបាក់​ឆ្អឹង ហើយ​កាត់​គេ​ជា​ដុំៗ ដូច​ជា​កាប់​សាច់ រៀប​ដាក់​ក្នុង​ឆ្នាំង ក៏​ដូច​ជា​សាច់​នៅ​ក្នុង​ថ្លាង។ នៅ​គ្រា​នោះ គេ​នឹង​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា តែ​ព្រះ‌អង្គ​មិន​ព្រម​តប​ឡើយ ព្រះ‌អង្គ​នឹង​គេច​ព្រះ‌ភក្ត្រ​ចេញ​ពី​គេ ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពី​ពួក​ហោរា ដែល​នាំ​ឲ្យ​ជន​ជាតិ​វង្វេង ជា​ពួក​អ្នក​ដែល​ថ្លែងទំនាយ​ថា​មាន​សេចក្ដី​សុខ ក្នុង​កាល​ដែល​មាន​អ្វី​ទំពារ​ស៊ី តែ​គេ​នឹង​ធ្វើ​សង្គ្រាម​ទាស់​នឹង​អ្នក​ណា ដែល​មិន​ដាក់​អ្វី​ក្នុង​មាត់​គេ។ ដោយ​ហេតុ​នោះ នឹង​មាន​សុទ្ធ​តែ​យប់​ដល់​ឯង​រាល់​គ្នា ឯង​នឹង​មិន​ឃើញ​និមិត្ត​ណា​ទៀត ហើយ​មាន​សុទ្ធ​តែ​ងងឹត​ដល់​ឯង​រាល់​គ្នា ដើម្បី​មិន​ឲ្យ​ឯង​ថ្លែងទំនាយ​ឡើយ ព្រះ‌អាទិត្យ​នឹង​លិច​បាត់​ពី​ពួក​ហោរា​ទៅ ហើយ​ថ្ងៃ​នឹង​បាន​ងងឹត​សូន្យ​ដល់​គេ។ ពួក​អ្នក​មើល​ឆុត​នឹង​ត្រូវ​ខ្មាស ហើយ​ពួក​គ្រូ​ថ្លែងទំនាយ​នឹង​ទាល់​គំនិត គេ​នឹង​បិទ​ខ្ទប់​មាត់​ទាំង​អស់​គ្នា ដ្បិត​គ្មាន​ពាក្យ​តប​មក​ពី​ព្រះ​ឡើយ។ តែ​ចំណែក​ខ្ញុំ ខ្ញុំ​មាន​ពេញ​ជា​ព្រះ‌ចេស្តា ដោយ‌សារ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​សេចក្ដី​យុត្តិ‌ធម៌ និង​អំណាច ដើម្បី​នឹង​ថ្លែង​ប្រាប់​ឲ្យ​ពួក​យ៉ាកុប​ស្គាល់​អំពើ​រំលង ហើយ​ឲ្យ​អ៊ីស្រា‌អែល​ស្គាល់​អំពើ​បាប​របស់​ខ្លួន។ ឱ​ពួក​ប្រមុខ​នៃ​វង្ស​យ៉ាកុប និង​ពួក​គ្រប់‌គ្រង​លើ​វង្ស​អ៊ីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​ដែល​ខ្ពើម​សេចក្ដី​យុត្តិ‌ធម៌ ហើយ​ធ្វើ​ឲ្យ​សេចក្ដី​ត្រឹម‌ត្រូវ​ប្រែ‌ប្រួល ចូរ​ស្តាប់​សេចក្ដី​នេះ​ចុះ ឯង​រាល់​គ្នា​សង់​ក្រុង​ស៊ីយ៉ូន​ឡើង​ដោយ​ឈាម ហើយ​ក្រុង​យេរូ‌សាឡិម​ដោយ​សេចក្ដី​ទុច្ចរិត។ ពួក​កំពូល​លើ​គេ​តែង‌តែ​ជំនុំ‌ជម្រះ​ឲ្យ​បាន​រង្វាន់ ពួក​សង្ឃ​របស់​គេ​បង្រៀន​ឲ្យ​បាន​កម្រៃ ហើយ​ពួក​ហោរា​ក៏​ថ្លែងទំនាយ​ឲ្យ​បាន​ប្រាក់ ប៉ុន្តែ គេ​ពឹង​ផ្អែក​លើ​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​ថា "ព្រះ‌យេហូវ៉ា​គង់​នៅ​កណ្ដាល​យើង​រាល់​គ្នា​ទេ​តើ និង​គ្មាន​សេចក្ដី​អាក្រក់​ណា​កើត​ឡើង​ដល់​យើង​ឡើយ"។ ដូច្នេះ ក្រុង​ស៊ីយ៉ូន​នឹង​ត្រូវ​គេ​ភ្ជួរ​រាស់​ដូច​ជា​ស្រែ​ចម្ការ ដោយ​ព្រោះ​ឯង​រាល់​គ្នា ហើយ​ក្រុង​យេរូ‌សាឡិម​នឹង​ត្រឡប់​ជា​គំនរ ឯ​ភ្នំ​ជា​ទី​តាំង​ព្រះ‌វិហារ គឺ​ដូច​ជា​ទី​ខ្ពស់​នៅ​ព្រៃ​វិញ។

ចែក​រំលែក
អាន មីកា 3

មីកា 3:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពួក​មេ​ដឹក​នាំ​កូន​ចៅ​លោក​យ៉ាកុប និង​ពួក​អ្នក​គ្រប់‌គ្រង​លើ ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ សូម​ស្ដាប់​ពាក្យ​ខ្ញុំ! អ្នក​រាល់​គ្នា​ត្រូវ​តែ​ស្គាល់​ច្បាប់។ ប៉ុន្តែ អ្នក​រាល់​គ្នា​បែរ​ជា​ស្អប់​អំពើ​ល្អ ហើយ​ចូល​ចិត្ត​អំពើ​អាក្រក់​ទៅ​វិញ។ អ្នក​រាល់​គ្នា​កេង‌ប្រវ័ញ្ច​ប្រជា‌ជន រហូត​ដល់​បក​ស្បែក​គេ ហើយ​ពន្លះ​សាច់​គេ​រហូត​ដល់​ឆ្អឹង។ អ្នក​រាល់​គ្នា​ស៊ី​សាច់​ប្រជា‌ជន​របស់​ខ្ញុំ អ្នក​រាល់​គ្នា​បក​ស្បែក​គេ បំបាក់​ឆ្អឹង​គេ ហើយ​កាប់​គេ​ជា​ដុំៗ ដូច​សាច់​នៅ​ក្នុង​ថ្លាង។ អ្នក​រាល់​គ្នា​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ តែ​ព្រះអង្គ​មិន​ឆ្លើយ​តប​មក​វិញ​ឡើយ ពេល​នោះ ព្រះអង្គ​គេច​ព្រះ‌ភ័ក្ត្រ​ពី​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ស្ដី​អំពី​ពួក​ព្យាការី ដែល​នាំ​ប្រជា‌ជន​របស់​ខ្ញុំ​ឲ្យ​វង្វេង។ បើ​ប្រជា‌ជន​ឲ្យ​ពួក​គេ​បរិភោគ​ឆ្អែត ពួក​គេ​ទាយ​ថា មាន​សេចក្ដី​សុខ‌សាន្ត តែ​បើ​ប្រជា‌ជន​មិន​ឲ្យ​អ្វី​បរិភោគ​ទេ ពួក​គេ​ទាយ​ថា មាន​កើត​សង្គ្រាម។ ហេតុ​នេះ អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ និមិត្ត‌ហេតុ​អស្ចារ្យ​ទៀត​ហើយ ផ្ទុយ​ទៅ​វិញ មាន​តែ​យប់​ងងឹត អ្នក​រាល់​គ្នា​នឹង​លែង​ទស្សន៍‌ទាយ​ទៀត​ហើយ ផ្ទុយ​ទៅ​វិញ មាន​តែ​ភាព​អន្ធការ ភាព​ងងឹត​សូន្យ‌សុង​នឹង​គ្រប​ពី​លើ ព្យាការី​ទាំង​នោះ ដូច​ព្រះ‌អាទិត្យ​លិច​បាត់។ ពួក​គ្រូ​ទាយ​នឹង​ត្រូវ​បាក់​មុខ ពួក​ហោរា​នឹង​ត្រូវ​អាម៉ាស់ ពួក​គេ​នឹង​យក​ដៃ​បាំង​មុខ ដ្បិត​ព្រះ‌ជាម្ចាស់​មិន​អើពើ​នឹង​ពួក​គេ​ឡើយ។ ចំណែក​ឯ​ខ្ញុំ​វិញ ខ្ញុំ​ពោរ‌ពេញ​ដោយ​កម្លាំង មក​ពី​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់។ ព្រះអង្គ​ប្រទាន​ឲ្យ​ខ្ញុំ​ស្គាល់​យុត្តិធម៌ និង​មាន​ចិត្ត​ក្លា‌ហាន ដើម្បី​ប្រាប់​ពូជ‌ពង្ស​លោក​យ៉ាកុប ឲ្យ​ស្គាល់​អំពើ​ទុច្ចរិត​របស់​ខ្លួន ហើយ​ប្រាប់​ប្រជា‌ជន​អ៊ីស្រា‌អែល ឲ្យ​ស្គាល់​អំពើ​បាប​របស់​ខ្លួន។ នាម៉ឺន​មន្ត្រី​នៃ​កូន​ចៅ​លោក​យ៉ាកុប មេ​ដឹក​នាំ​នៃ​កូន​ចៅ​លោក​អ៊ីស្រា‌អែល​អើយ សូម​នាំ​គ្នា​ស្ដាប់! អស់​លោក​ស្អប់​យុត្តិធម៌ ហើយ​បង្ខូច​ច្បាប់។ អស់​លោក​សង់​ក្រុង​ស៊ីយ៉ូន ដោយ​បង្ហូរ​ឈាម​គេ ហើយ​សង់​ក្រុង​យេរូ‌សាឡឹម ដោយ​ជិះ‌ជាន់​សង្កត់‌សង្កិន​គេ។ ចៅ‌ក្រម​កាត់​ក្ដី ដោយ​ចង់​បាន​សំណូក បូជា‌ចារ្យ*​បង្រៀន​វិន័យ* ដោយ​ចង់​បាន​កម្រៃ ព្យាការី​ទស្សន៍‌ទាយ ដោយ​ចង់​បាន​ប្រាក់។ ពួក​គេ​យក​ព្រះ‌នាម​ព្រះ‌អម្ចាស់​មក​ប្រើ ទាំង​ពោល​ថា: “ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​យើង មហន្ត‌រាយ​មិន​កើត​មាន​ដល់​ពួក​យើង​ទេ”។ ហេតុ​នេះ ព្រោះ​តែ​អ្នក​រាល់​គ្នា ខ្មាំង​នឹង​ភ្ជួរ​រាស់​ក្រុង​ស៊ីយ៉ូន ដូច​ភ្ជួរ​ស្រែ ហើយ​ក្រុង​យេរូ‌សាឡឹម​នឹង​ក្លាយ​ទៅ​ជា គំនរ​បាក់​បែក រីឯ​ភ្នំ​ដែល​មាន​ព្រះ‌វិហារ​នឹង​ក្លាយ​ទៅ​ជា​ព្រៃ។

ចែក​រំលែក
អាន មីកា 3

មីកា 3:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​ក៏​ថា​ដូច្នេះ​ទៀត ឱ​ពួក​ជា​ប្រមុខ​នៃ​យ៉ាកុប នឹង​ពួក​គ្រប់‌គ្រង​លើ​វង្ស​អ៊ីស្រាអែល​អើយ ខ្ញុំ​សូម​ឲ្យ​អ្នក​រាល់​គ្នា​ស្តាប់​ខ្ញុំ​ចុះ តើ​មិន​គួរ​គប្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ស្គាល់​សេចក្ដី​យុត្តិ‌ធម៌​ទេ​ឬ អ្នក​រាល់​គ្នា​ដែល​ស្អប់​សេចក្ដី​ល្អ ហើយ​ស្រឡាញ់​សេចក្ដី​អាក្រក់​អើយ ជា​ពួក​អ្នក​ដែល​បក​ស្បែក​ពី​គេ​ចេញ ហើយ​បេះ​សាច់​ពី​ឆ្អឹង​គេ​ដែរ ក៏​ស៊ី​សាច់​របស់​ជន‌ជាតិ​ខ្ញុំ ហើយ​ពន្លាត់​ស្បែក​ពី​ខ្លួន​គេ​ចេញ រួច​បំបាក់​ឆ្អឹង ហើយ​កាត់​គេ​ជា​ដុំៗ ដូច​ជា​រៀប​ដាក់​ក្នុង​ឆ្នាំង ហើយ​ដូច​ជា​សាច់​ដែល​ដាក់​ចុះ​ក្នុង​ថ្លាង នៅ​គ្រា​នោះ គេ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា តែ​ទ្រង់​មិន​ព្រម​តប​ឡើយ អើ ទ្រង់​នឹង​គេច​ព្រះ‌ភក្ត្រ​ចេញ​ពី​គេ ឲ្យ​សម​តាម​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ប្រព្រឹត្ត។ ឯ​ពួក​ហោរា​ដែល​នាំ​ឲ្យ​ជន‌ជាតិ​ខ្ញុំ​វង្វេង​ចេញ ជា​ពួក​អ្នក​ដែល​ទាយ​ជា​សេចក្ដី​សុខ ក្នុង​កាល​ដែល​មាន​អ្វី​ទំពារ​ស៊ី តែ​បើ​អ្នក​ណា​មិន​ដាក់​អ្វី​ក្នុង​មាត់​គេ​ទេ នោះ​គេ​គិត​ទាំង​ច្បាំង​នឹង​អ្នក​នោះ​ផង ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ពី​ពួក​នោះ​ថា ដោយ​ហេតុ​នោះ នឹង​មាន​សុទ្ធ​តែ​យប់​ដល់​ឯង​រាល់​គ្នា ឯង​នឹង​មិន​ឃើញ​ការ​ជាក់​ស្តែង​ទៀត ហើយ​នឹង​មាន​សុទ្ធ​តែ​ងងឹត​ដល់​ឯង​រាល់​គ្នា ដើម្បី​មិន​ឲ្យ​ឯង​ទាយ​ឡើយ ព្រះ‌អាទិត្យ​នឹង​លិច​បាត់​ពី​ពួក​ហោរា​ទៅ ហើយ​ថ្ងៃ​នឹង​បាន​ងងឹត​សូន្យ​ដល់​គេ ពួក​អ្នក​មើល‌ឆុត​នឹង​ត្រូវ​ខ្មាស ហើយ​ពួក​គ្រូ​ទាយ​នឹង​ទាល់​គំនិត អើ គេ​នឹង​បិទ​ខ្ទប់​មាត់​ទាំង​អស់​គ្នា ដ្បិត​គ្មាន​ពាក្យ​តប​មក​ពី​ព្រះ​ឡើយ តែ​ចំណែក​ខ្ញុំ ខ្ញុំ​មាន​ពេញ​ជា​ព្រះ‌ចេស្តា ដោយ‌សារ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​សេចក្ដី​យុត្តិ‌ធម៌ នឹង​អំណាច ដើម្បី​នឹង​ថ្លែង​ប្រាប់​ឲ្យ​ពួក​យ៉ាកុប​ស្គាល់​អំពើ​រំលង ហើយ​ឲ្យ​អ៊ីស្រាអែល​ស្គាល់​អំពើ​បាប​របស់​ខ្លួន។ ឱ​ពួក​ជា​ប្រមុខ​នៃ​វង្ស​យ៉ាកុប នឹង​ពួក​គ្រប់‌គ្រង​លើ​វង្ស​អ៊ីស្រាអែល ជា​ពួក​អ្នក​ដែល​ខ្ពើម​សេចក្ដី​យុត្តិ‌ធម៌ ហើយ​ធ្វើ​ឲ្យ​សេចក្ដី​ត្រឹម‌ត្រូវ​ប្រែ‌ប្រួល​ទៅ​អើយ ចូរ​ស្តាប់​សេចក្ដី​នេះ​ចុះ ឯង​រាល់​គ្នា​សង់​ក្រុង​ស៊ីយ៉ូន​ឡើង​ដោយ​ឈាម ហើយ​ក្រុង​យេរូ‌សាឡិម​ដោយ​សេចក្ដី​ទុច្ចរិត ពួក​ជា​កំពូល​លើ​គេ តែង‌តែ​ជំនុំ‌ជំរះ​ឲ្យ​បាន​រង្វាន់ ពួក​សង្ឃ​របស់​គេ​បង្រៀន​ឲ្យ​បាន​កំរៃ ហើយ​ពួក​ហោរា​ក៏​ទាយ​ឲ្យ​បាន​ប្រាក់ ប៉ុន្តែគេ​ពឹង​ផ្អែក​លើ​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​កណ្តាល​យើង​រាល់​គ្នា​ទេ​តើ នឹង​គ្មាន​សេចក្ដី​អាក្រក់​ណា​កើត​ឡើង​ដល់​យើង​ឡើយ ដូច្នេះ ក្រុង​ស៊ីយ៉ូន​នឹង​ត្រូវ​គេ​ភ្ជួរ‌រាស់​ដូច​ជា​ស្រែ​ចំការ ដោយ​ព្រោះ​ឯង​រាល់​គ្នា ហើយ​ក្រុង​យេរូ‌សាឡិម​នឹង​ត្រឡប់​ជា​កង​គំនរ ឯ​ភ្នំ​ជា​ទី​តាំង​ព្រះ‌វិហារ នឹង​បាន​ដូច​ជា​ទី​ខ្ពស់​នៅ​ព្រៃ​វិញ។

ចែក​រំលែក
អាន មីកា 3