ម៉ាថាយ 8:5-27

ម៉ាថាយ 8:5-27 គខប

នៅ​ពេល​ព្រះ‌យេស៊ូ​យាង​ចូល​ក្រុង​កាពើ‌ណិម មាន​នាយ​ទាហាន​រ៉ូម៉ាំង​ម្នាក់​ចូល​មក​គាល់​ព្រះអង្គ ទូល‌អង្វរ​ថា៖ «លោក​ម្ចាស់​អើយ! អ្នក​បម្រើ​របស់​ខ្ញុំ​ប្របាទ​ដេក​ស្ដូក‌ស្ដឹង​នៅ​ឯ​ផ្ទះ ទាំង​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​នឹង​ទៅ​មើល​គាត់​ឲ្យ​ជា»។ នាយ​ទាហាន​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់ ខ្ញុំ​ប្របាទ​មាន​ឋានៈ​ទន់‌ទាប​ណាស់ មិន​សម​នឹង​លោក​អញ្ជើញ​ចូល​ក្នុង​ផ្ទះ​ខ្ញុំ​ប្របាទ​ទេ សូម​លោក​មាន​ប្រសាសន៍​តែ​មួយ​ម៉ាត់​ប៉ុណ្ណោះ អ្នក​បម្រើ​របស់​ខ្ញុំ​ប្របាទ​នឹង​ជា​សះ‌ស្បើយ​មិន​ខាន។ ខ្ញុំ​ប្របាទ​ជា​អ្នក​នៅ​ក្រោម​បញ្ជា​គេ ហើយ​មាន​កូន​ទាហាន​នៅ​ក្រោម​បញ្ជា​ខ្ញុំ​ប្របាទ​ដែរ បើ​ខ្ញុំ​ប្របាទ​បញ្ជា​អ្នក​ណា​ម្នាក់​ឲ្យ​ទៅ គេ​នឹង​ទៅ បើ​ប្រាប់​ម្នាក់​ទៀត​ឲ្យ​មក គេ​នឹង​មក។ ពេល​ខ្ញុំ​ប្របាទ​ប្រាប់​អ្នក​បម្រើ​ឲ្យ​ធ្វើ​ការ​អ្វី​មួយ គេ​នឹង​ធ្វើ​តាម»។ កាល​ព្រះ‌យេស៊ូ​ទ្រង់​ព្រះ‌សណ្ដាប់​ដូច្នេះ​ហើយ ព្រះអង្គ​ស្ងើច​សរ‌សើរ​ណាស់ ក៏​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អស់​អ្នក​ដែល​ដើរ​តាម​ព្រះអង្គ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ខ្ញុំ​មិន​ដែល​ឃើញ​នរណា​មាន​ជំនឿ​បែប​នេះ នៅ​ស្រុក​អ៊ីស្រា‌អែល​ឡើយ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នឹង​មាន​មនុស្ស​ជា​ច្រើន​ពី​ទិស​ខាង​កើត និង​ទិស​ខាង​លិច មក​ចូល​រួម​ពិធី​ជប់‌លៀង ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ*​ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប។ រីឯ​អស់​អ្នក​ដែល​ត្រូវ​ចូល​ក្នុង​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់ បែរ​ជា​ដេញ​ឲ្យ​ទៅ​នៅ​ខាង​ក្រៅ​ក្នុង​ទី‌ងងឹត ជា​កន្លែង​ដែល​គេ​យំ​សោក ខឹង​សង្កៀត​ធ្មេញ»។ បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាយ​ទាហាន​រ៉ូម៉ាំង​ថា៖ «អញ្ជើញ​ត្រឡប់​ទៅ​វិញ​ទៅ សុំ​ឲ្យ​បាន​សម្រេច​តាម​ជំនឿ​របស់​លោក​ចុះ!»។ អ្នក​បម្រើ​ក៏​ជា​សះ‌ស្បើយ​នៅ​ពេល​នោះ។ បន្ទាប់​មក​ទៀត ព្រះ‌យេស៊ូ​យាង​ទៅ​ផ្ទះ​លោក​ពេត្រុស ទត​ឃើញ​ម្ដាយ​ក្មេក​របស់​គាត់​កំពុង​គ្រុន​សម្រាន្ដ​នៅ​លើ​គ្រែ។ ព្រះអង្គ​ពាល់​ដៃ​គាត់ គាត់​ក៏​បាត់​គ្រុន ហើយ​ក្រោក​ឡើង​បម្រើ​ព្រះអង្គ។ លុះ​ដល់​ល្ងាច គេ​នាំ​មនុស្ស​អារក្ស​ចូល​ជា​ច្រើន​នាក់​មក​រក​ព្រះអង្គ ព្រះអង្គ​ក៏​ដេញ​វិញ្ញាណ​ទាំង​នោះ ដោយ​មាន​ព្រះ‌បន្ទូល ហើយ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា​គ្រប់ៗ​គ្នា ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​តាម​រយៈ​ព្យាការី*​អេសាយ​ថា៖ «ព្រះអង្គ​បាន​ទទួល​យក​ភាព​ពិការ​របស់​យើង ហើយ​ព្រះអង្គ​ក៏​ទទួល​យក​ជំងឺ​របស់​យើង​ដែរ» ។ កាល​ព្រះ‌យេស៊ូ​ឃើញ​បណ្ដា‌ជន​ចោម‌រោម​ព្រះអង្គ ព្រះអង្គ​ក៏​បញ្ជា​ឲ្យ​គេ​ចេញ​ទូក​ទៅ​ត្រើយ​ម្ខាង។ ពេល​នោះ មាន​អាចារ្យ*​ម្នាក់​ចូល​មក​ជិត​ព្រះអង្គ ទូល​ថា៖ «លោក​គ្រូ! ខ្ញុំ​ប្របាទ​សុខ​ចិត្ត​ទៅ​តាម​លោក ទោះ​បី​លោក​អញ្ជើញ​ទៅ​ទី​ណា​ក៏​ដោយ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «សត្វ​កញ្ជ្រោង​មាន​រូង​របស់​វា បក្សា‌បក្សី​ក៏​មាន​សំបុក​របស់​វា​ដែរ រីឯ​បុត្រ​មនុស្ស​វិញ គ្មាន​ទី​ជម្រក​សម្រាក​សោះ​ឡើយ»។ មាន​សិស្ស​មួយ​រូប​ទៀត​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់ សូម​លោក​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ​ត្រឡប់​ទៅ​បញ្ចុះ​សព​ឪពុក​សិន»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ ទុក​ឲ្យ​មនុស្ស​ស្លាប់​បញ្ចុះ​សព​គ្នា​គេ​ចុះ»។ ព្រះ‌យេស៊ូ​យាង​ចុះ​ទូក ហើយ​ពួក​សិស្ស*​នាំ​គ្នា​ទៅ​ជា​មួយ​ព្រះអង្គ​ដែរ។ ពេល​នោះ មាន​ខ្យល់​ព្យុះ​បក់​បោក​មក​លើ​សមុទ្រ​យ៉ាង​ខ្លាំង បណ្ដាល​ឲ្យ​រលក​ជះ​មក​គ្រប​ពី​លើ​ទូក។ រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះអង្គ​ផ្ទំ​លក់។ ពួក​សិស្ស*​ចូល​ទៅ​ជិត ដាស់​ព្រះអង្គ​ថា៖ «លោក​ម្ចាស់​អើយ! សូម​ជួយ​ផង យើង​ស្លាប់​ឥឡូវ​ហើយ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភិត‌ភ័យ​ដូច្នេះ?»។ ព្រះអង្គ​ក្រោក​ឈរ​ឡើង មាន​ព្រះ‌បន្ទូល​គំរាម​ខ្យល់​ព្យុះ និង​សមុទ្រ ពេល​នោះ សមុទ្រ​ក៏​ស្ងប់‌ឈឹង។ ពួក​សិស្ស​នាំ​គ្នា​ស្ងើច​សរ‌សើរ ហើយ​ពោល​ថា៖ «តើ​លោក​នេះ​មាន​ឋានៈ​អ្វី​បាន​ជា​ខ្យល់​ព្យុះ និង​សមុទ្រ ស្ដាប់​បង្គាប់​លោក​ដូច្នេះ?»។