ម៉ាថាយ 8:5-27

ម៉ាថាយ 8:5-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​ព្រះ‌យេស៊ូវ​យាង​ចូល​ក្រុង​កាពើណិម មាន​មេ​ទ័ព​រ៉ូម​ម្នាក់​ចូល​មក​គាល់​ព្រះ‌អង្គ​ទាំង​ទូល​អង្វរ​ថា៖ «ព្រះ‌អម្ចាស់​អើយ! អ្នក​បម្រើ​របស់​ទូល‌បង្គំ ដេក​ស្លាប់​ដៃ​ស្លាប់​ជើង​នៅ​ឯ​ផ្ទះ វេទនា​ខ្លាំង​ណាស់»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​នឹង​ទៅ​ប្រោស​គាត់​ឲ្យ​ជា»។ មេ​ទ័ព​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​មិន​សម​នឹង​ទទួល​ព្រះ‌អង្គ​នៅ​ក្នុង​ផ្ទះ​ទូល‌បង្គំ​ទេ សូម​គ្រាន់​តែ​មាន​ព្រះ‌បន្ទូល​មួយ​ព្រះ‌ឱស្ឋ​ប៉ុណ្ណោះ នោះ​អ្នក​បម្រើ​របស់​ទូល‌បង្គំ​នឹង​បាន​ជា​ហើយ។ ដ្បិត​ទូល‌បង្គំ​ជា​មនុស្ស​នៅ​ក្រោម​បញ្ជា​គេ ហើយ​មាន​ទាហាន​នៅ​ក្រោម​បញ្ជា​ទូល‌បង្គំ បើ​ទូល‌បង្គំ​បញ្ជា​ទៅ​ម្នាក់​ថា "ទៅ" គេ​ក៏​ទៅ ហើយ​បញ្ជា​ទៅ​ម្នាក់​ទៀត​ថា "មក" គេ​ក៏​មក។ ពេល​ទូល‌បង្គំ​បញ្ជា​ទៅ​អ្នក​បម្រើ​របស់​ទូល‌បង្គំ​ថា "ធ្វើ​ការ​នេះ" នោះ​គេ​ក៏​ធ្វើ​តាម»។ កាល​ព្រះ‌យេស៊ូវ​ឮ​ដូច្នោះ ទ្រង់​មាន​សេចក្តី​អស្ចារ្យ ក៏​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អស់​អ្នក​ដែល​ដើរ​តាម​ព្រះ‌អង្គ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​មិន​ដែល​ឃើញ​អ្នក​ណា​មាន​ជំនឿ​ដូច្នេះ នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ឡើយ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នឹង​មាន​មនុស្ស​ជា​ច្រើន​ពី​ទិស​ខាង​កើត និង​ទិស​ខាង​លិច មក​អង្គុយ​បរិ‌ភោគ​ជា​មួយ​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប នៅ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌ ប៉ុន្តែ អស់​អ្នក​ដែល​ត្រូវ​ទទួល​ព្រះរាជ្យ បែរ​ជា​ត្រូវ​បោះ​ទៅ​ក្នុង​សេចក្តី​ងងឹត​ខាង​ក្រៅ ដែល​នៅ​ទី​នោះ​នឹង​យំ​សោក ហើយ​សង្កៀត​ធ្មេញ»។ បន្ទាប់​មក ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​មេ​ទ័ព​នោះ​ថា៖ «ទៅ​ចុះ ចូរ​ឲ្យ​បាន​សម្រេច​តាម​ជំនឿ​របស់​អ្នក​ចុះ»។ អ្នក​បម្រើ​នោះ​ក៏​បាន​ជា​នៅ​វេលា​នោះ​ឯង។ ពេល​ព្រះ‌យេស៊ូវ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ពេត្រុស ព្រះ‌អង្គ​ទត​ឃើញ​ម្តាយ​ក្មេក​របស់​គាត់​កំពុង​ដេក​គ្រុន​នៅ​លើ​គ្រែ។ ព្រះ‌អង្គ​ពាល់​ដៃ​របស់​គាត់ នោះ​គាត់​ក៏​បាត់​គ្រុន ហើយ​ក្រោក​ឡើង​បម្រើ​ព្រះ‌អង្គ។ នៅ​ល្ងាច​នោះ គេ​នាំ​មនុស្ស​ជា​ច្រើន ដែល​មាន​អារក្ស​ចូល​មក​រក​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ដេញ​វិញ្ញាណ​ទាំង​នោះ​ដោយ​ព្រះ‌បន្ទូល ហើយ​ប្រោស​អ្នក​ជំងឺ​ទាំង​អស់​ឲ្យ​បាន​ជា​គ្រប់​គ្នា។ ការ​នេះ​ត្រូវ​តែ​បាន​សម្រេច​តាម​សេចក្តី​ដែល​បាន​ថ្លែង​ទុក​មក តាម​រយៈ​ហោរា​អេសាយ​ថា៖ «ព្រះ‌អង្គ​បាន​ទទួល​យក​ភាព​ពិការ​របស់​យើង ហើយ​ក៏​ផ្ទុក​ជំងឺ​របស់​យើង​ដែរ» ។ កាល​ព្រះ‌យេស៊ូវ​ឃើញ​មហា​ជន​ច្រើន​កុះករ​នៅ​ជុំ‌វិញ​ព្រះ‌អង្គ ទ្រង់​ក៏​បញ្ជា​ឲ្យ​ឆ្លង​ទូក​ទៅ​ត្រើយ​ម្ខាង។ ពេល​នោះ មាន​អាចារ្យ​ម្នាក់​ចូល​មក​ជិត​ព្រះ‌អង្គ​ទូល​ថា៖ «លោក​គ្រូ! ខ្ញុំ​នឹង​ទៅ​តាម​លោក​ដែរ ទោះ​លោក​ទៅ​ទី​ណា​ក៏​ដោយ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «កញ្ជ្រោង​មាន​រូង​របស់​វា ហើយ​សត្វ​ហើរ​លើ​អាកាស ក៏​មាន​សម្បុក​របស់​វា​ដែរ តែ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ»។ មាន​សិស្ស​របស់​ព្រះ‌អង្គ​ម្នាក់​ទៀត​ទូល​ថា៖ «ព្រះ‌អម្ចាស់ សូម​អនុញ្ញាត​ឲ្យ​ទូល‌បង្គំ​ទៅ​កប់​ខ្មោច​ឪពុក​របស់​ទូល‌បង្គំ​សិន»។ ប៉ុន្តែ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា៖ «ចូរ​មក​តាម​ខ្ញុំ ហើយ​ទុក​ឲ្យ​មនុស្ស​ស្លាប់​កប់​ខ្មោច​គ្នា​គេ​ចុះ»។ កាល​ព្រះ‌អង្គ​យាង​ចុះ​ទូក ពួក​សិស្ស​ក៏​ទៅ​តាម​ព្រះ‌អង្គ។ ពេល​នោះ ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់​មក​លើ​សមុទ្រ​យ៉ាង​ខ្លាំង បណ្តាល​ឲ្យ​រលក​ឡើង​ជះ​មក​គ្រប​លើ​ទូក ប៉ុន្តែ ព្រះ‌អង្គ​ផ្ទំ​លក់។ ពេល​នោះ ពួក​សិស្ស​ចូល​ទៅ​ដាស់​ព្រះ‌អង្គ​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ! សូម​សង្គ្រោះ​ពួក​យើង​ផង! យើង​វិនាស​ឥឡូវ​ហើយ!» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភ័យ​ខ្លាច​ដូច្នេះ?» រួច​ព្រះ‌អង្គ​ក្រោក​ឈរ​ឡើង ហើយ​បន្ទោស​ខ្យល់ និង​សមុទ្រ នោះ​សមុទ្រ​ក៏​ស្ងប់​ឈឹង។ អ្នក​ទាំង​នោះ​មាន​សេចក្តី​អស្ចារ្យ ហើយ​ពោល​ថា៖ «តើ​លោក​នេះ​ជា​មនុស្ស​បែប​ណា​ហ្ន៎! ដែល​សូម្បី​តែ​ខ្យល់ និង​សមុទ្រ​ក៏​ស្តាប់​បង្គាប់​លោក​ដូច្នេះ?»

ចែក​រំលែក
អាន ម៉ាថាយ 8

ម៉ាថាយ 8:5-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ពេល​ព្រះ‌យេស៊ូ​យាង​ចូល​ក្រុង​កាពើ‌ណិម មាន​នាយ​ទាហាន​រ៉ូម៉ាំង​ម្នាក់​ចូល​មក​គាល់​ព្រះអង្គ ទូល‌អង្វរ​ថា៖ «លោក​ម្ចាស់​អើយ! អ្នក​បម្រើ​របស់​ខ្ញុំ​ប្របាទ​ដេក​ស្ដូក‌ស្ដឹង​នៅ​ឯ​ផ្ទះ ទាំង​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​នឹង​ទៅ​មើល​គាត់​ឲ្យ​ជា»។ នាយ​ទាហាន​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់ ខ្ញុំ​ប្របាទ​មាន​ឋានៈ​ទន់‌ទាប​ណាស់ មិន​សម​នឹង​លោក​អញ្ជើញ​ចូល​ក្នុង​ផ្ទះ​ខ្ញុំ​ប្របាទ​ទេ សូម​លោក​មាន​ប្រសាសន៍​តែ​មួយ​ម៉ាត់​ប៉ុណ្ណោះ អ្នក​បម្រើ​របស់​ខ្ញុំ​ប្របាទ​នឹង​ជា​សះ‌ស្បើយ​មិន​ខាន។ ខ្ញុំ​ប្របាទ​ជា​អ្នក​នៅ​ក្រោម​បញ្ជា​គេ ហើយ​មាន​កូន​ទាហាន​នៅ​ក្រោម​បញ្ជា​ខ្ញុំ​ប្របាទ​ដែរ បើ​ខ្ញុំ​ប្របាទ​បញ្ជា​អ្នក​ណា​ម្នាក់​ឲ្យ​ទៅ គេ​នឹង​ទៅ បើ​ប្រាប់​ម្នាក់​ទៀត​ឲ្យ​មក គេ​នឹង​មក។ ពេល​ខ្ញុំ​ប្របាទ​ប្រាប់​អ្នក​បម្រើ​ឲ្យ​ធ្វើ​ការ​អ្វី​មួយ គេ​នឹង​ធ្វើ​តាម»។ កាល​ព្រះ‌យេស៊ូ​ទ្រង់​ព្រះ‌សណ្ដាប់​ដូច្នេះ​ហើយ ព្រះអង្គ​ស្ងើច​សរ‌សើរ​ណាស់ ក៏​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អស់​អ្នក​ដែល​ដើរ​តាម​ព្រះអង្គ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ខ្ញុំ​មិន​ដែល​ឃើញ​នរណា​មាន​ជំនឿ​បែប​នេះ នៅ​ស្រុក​អ៊ីស្រា‌អែល​ឡើយ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នឹង​មាន​មនុស្ស​ជា​ច្រើន​ពី​ទិស​ខាង​កើត និង​ទិស​ខាង​លិច មក​ចូល​រួម​ពិធី​ជប់‌លៀង ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ*​ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប។ រីឯ​អស់​អ្នក​ដែល​ត្រូវ​ចូល​ក្នុង​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់ បែរ​ជា​ដេញ​ឲ្យ​ទៅ​នៅ​ខាង​ក្រៅ​ក្នុង​ទី‌ងងឹត ជា​កន្លែង​ដែល​គេ​យំ​សោក ខឹង​សង្កៀត​ធ្មេញ»។ បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាយ​ទាហាន​រ៉ូម៉ាំង​ថា៖ «អញ្ជើញ​ត្រឡប់​ទៅ​វិញ​ទៅ សុំ​ឲ្យ​បាន​សម្រេច​តាម​ជំនឿ​របស់​លោក​ចុះ!»។ អ្នក​បម្រើ​ក៏​ជា​សះ‌ស្បើយ​នៅ​ពេល​នោះ។ បន្ទាប់​មក​ទៀត ព្រះ‌យេស៊ូ​យាង​ទៅ​ផ្ទះ​លោក​ពេត្រុស ទត​ឃើញ​ម្ដាយ​ក្មេក​របស់​គាត់​កំពុង​គ្រុន​សម្រាន្ដ​នៅ​លើ​គ្រែ។ ព្រះអង្គ​ពាល់​ដៃ​គាត់ គាត់​ក៏​បាត់​គ្រុន ហើយ​ក្រោក​ឡើង​បម្រើ​ព្រះអង្គ។ លុះ​ដល់​ល្ងាច គេ​នាំ​មនុស្ស​អារក្ស​ចូល​ជា​ច្រើន​នាក់​មក​រក​ព្រះអង្គ ព្រះអង្គ​ក៏​ដេញ​វិញ្ញាណ​ទាំង​នោះ ដោយ​មាន​ព្រះ‌បន្ទូល ហើយ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា​គ្រប់ៗ​គ្នា ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​តាម​រយៈ​ព្យាការី*​អេសាយ​ថា៖ «ព្រះអង្គ​បាន​ទទួល​យក​ភាព​ពិការ​របស់​យើង ហើយ​ព្រះអង្គ​ក៏​ទទួល​យក​ជំងឺ​របស់​យើង​ដែរ» ។ កាល​ព្រះ‌យេស៊ូ​ឃើញ​បណ្ដា‌ជន​ចោម‌រោម​ព្រះអង្គ ព្រះអង្គ​ក៏​បញ្ជា​ឲ្យ​គេ​ចេញ​ទូក​ទៅ​ត្រើយ​ម្ខាង។ ពេល​នោះ មាន​អាចារ្យ*​ម្នាក់​ចូល​មក​ជិត​ព្រះអង្គ ទូល​ថា៖ «លោក​គ្រូ! ខ្ញុំ​ប្របាទ​សុខ​ចិត្ត​ទៅ​តាម​លោក ទោះ​បី​លោក​អញ្ជើញ​ទៅ​ទី​ណា​ក៏​ដោយ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «សត្វ​កញ្ជ្រោង​មាន​រូង​របស់​វា បក្សា‌បក្សី​ក៏​មាន​សំបុក​របស់​វា​ដែរ រីឯ​បុត្រ​មនុស្ស​វិញ គ្មាន​ទី​ជម្រក​សម្រាក​សោះ​ឡើយ»។ មាន​សិស្ស​មួយ​រូប​ទៀត​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់ សូម​លោក​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ​ត្រឡប់​ទៅ​បញ្ចុះ​សព​ឪពុក​សិន»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ ទុក​ឲ្យ​មនុស្ស​ស្លាប់​បញ្ចុះ​សព​គ្នា​គេ​ចុះ»។ ព្រះ‌យេស៊ូ​យាង​ចុះ​ទូក ហើយ​ពួក​សិស្ស*​នាំ​គ្នា​ទៅ​ជា​មួយ​ព្រះអង្គ​ដែរ។ ពេល​នោះ មាន​ខ្យល់​ព្យុះ​បក់​បោក​មក​លើ​សមុទ្រ​យ៉ាង​ខ្លាំង បណ្ដាល​ឲ្យ​រលក​ជះ​មក​គ្រប​ពី​លើ​ទូក។ រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះអង្គ​ផ្ទំ​លក់។ ពួក​សិស្ស*​ចូល​ទៅ​ជិត ដាស់​ព្រះអង្គ​ថា៖ «លោក​ម្ចាស់​អើយ! សូម​ជួយ​ផង យើង​ស្លាប់​ឥឡូវ​ហើយ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភិត‌ភ័យ​ដូច្នេះ?»។ ព្រះអង្គ​ក្រោក​ឈរ​ឡើង មាន​ព្រះ‌បន្ទូល​គំរាម​ខ្យល់​ព្យុះ និង​សមុទ្រ ពេល​នោះ សមុទ្រ​ក៏​ស្ងប់‌ឈឹង។ ពួក​សិស្ស​នាំ​គ្នា​ស្ងើច​សរ‌សើរ ហើយ​ពោល​ថា៖ «តើ​លោក​នេះ​មាន​ឋានៈ​អ្វី​បាន​ជា​ខ្យល់​ព្យុះ និង​សមុទ្រ ស្ដាប់​បង្គាប់​លោក​ដូច្នេះ?»។

ចែក​រំលែក
អាន ម៉ាថាយ 8

ម៉ាថាយ 8:5-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ព្រះ‌យេស៊ូវ ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ក្រុង​កាពើ‌ណិម​ហើយ នោះ​មេ​ទ័ព​ម្នាក់​មក​ឯ​ទ្រង់​ទូល​អង្វរ​ថា ព្រះ‌អម្ចាស់​អើយ បាវ​ទូលបង្គំ​វា​ស្លាប់​ដៃ​ស្លាប់​ជើង ដេក​នៅ​ផ្ទះ​វេទនា​ខ្លាំង​ណាស់ ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​តប​ថា ខ្ញុំ​នឹង​ទៅ​ប្រោស​ឲ្យ​ជា តែ​មេ​ទ័ព​ទូល​ប្រកែក​ថា ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​មិន​គួរ​នឹង​ទទួល​ទ្រង់​នៅ​ក្នុង​ផ្ទះ​ទូលបង្គំ​ទេ សូម​ទ្រង់​គ្រាន់​តែ​មាន​បន្ទូល​មួយ​ព្រះ‌ឱស្ឋ​មក​ប៉ុណ្ណោះ នោះ​បាវ​ទូលបង្គំ​នឹង​បាន​ជា​ហើយ ដ្បិត​ទូលបង្គំ​ជា​មនុស្ស​នៅ​ក្រោម​បង្គាប់​គេ​ដែរ ហើយ​មាន​ទាហាន​នៅ​ក្រោម​ឱវាទ​ទូលបង្គំ បើ​ទូលបង្គំ​ប្រាប់​ទៅ​ម្នាក់​ថា ទៅ នោះ​វា​ក៏​ទៅ ប្រាប់​ទៅ​ម្នាក់​ទៀត​ថា មក វា​ក៏​មក ហើយ​ប្រាប់​ទៅ​បាវ​ថា ធ្វើ​ការ​នេះ នោះ​វា​ក៏​ធ្វើ​តាម កាល​ព្រះ‌យេស៊ូវ​បាន​ឮ​ពាក្យ​នោះ​ហើយ ទ្រង់​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ព្រះ‌ហឫទ័យ រួច​មាន​បន្ទូល​ទៅ​ពួក​អ្នក​ដែល​តាម​ទ្រង់​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​មិន​ដែល​ឃើញ​សេចក្ដី​ជំនឿ​ជា​ខ្លាំង​ដល់​ម៉្លេះ​ទេ ទោះ​ទាំង​នៅ​ក្នុង​សាសន៍​អ៊ីស្រាអែល​ផង ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នឹង​មាន​មនុស្ស​ជា​ច្រើន ពី​ទិស​ខាង​កើត នឹង​ទិស​ខាង​លិច មក​អង្គុយ​ជា​មួយ​នឹង​លោក​អ័ប្រាហាំ លោក​អ៊ីសាក នឹង​លោក​យ៉ាកុប នៅ​ក្នុង​នគរ​ស្ថាន‌សួគ៌ តែ​អស់​ទាំង​មនុស្ស​របស់​នគរ​នោះ នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​សេចក្ដី​ងងឹត​ខាង​ក្រៅ​វិញ នៅ​ទី​នោះ​នឹង​មាន​យំ ហើយ​សង្កៀត​ធ្មេញ រួច​ទ្រង់​មាន​បន្ទូល​ទៅ​មេ​ទ័ព​នោះ​ថា ចូរ​ទៅ​ចុះ ឲ្យ​បាន​ដូច​សេចក្ដី​ជំនឿ​របស់​អ្នក​ចុះ បាវ​គាត់​ក៏​បាន​ជា​នៅ​វេលា​នោះ​ឯង។ លុះ​ព្រះ‌យេស៊ូវ ទ្រង់​យាង​ទៅ​ក្នុង​ផ្ទះ​របស់​ពេត្រុស​ហើយ នោះ​ឃើញ​ម្តាយ​ក្មេក​គាត់​កំពុង​តែ​ដេក​គ្រុន រួច​ទ្រង់​ពាល់​ដៃ​នាង នោះ​គ្រុន​ក៏​បាត់​ទៅ ហើយ​នាង​ក្រោក​ឡើង​បំរើ​ទ្រង់។ ដល់​ពេល​ព្រលប់ គេ​នាំ​មនុស្ស​ជា​ច្រើន ដែល​មាន​អារក្ស​ចូល​មក​ឯ​ទ្រង់ ហើយ​ទ្រង់​ក៏​ដេញ​អារក្ស​ដោយ‌សារ​ព្រះ‌បន្ទូល ឯ​អស់​អ្នក​ដែល​មាន​ជំងឺ​រោគា ទ្រង់​បាន​ប្រោស​ឲ្យ​ជា​គ្រប់​គ្នា​ដែរ ដើម្បី​ឲ្យ​បាន​សំរេច តាម​ទំនាយ​ដែល​ហោរា​អេសាយ បាន​ទាយ​ទុក​មក​ថា «ទ្រង់​បាន​ទទួល​អស់​ទាំង​រោគា ហើយ​ផ្ទុក​អស់​ទាំង​ជំងឺ​របស់​យើង​រាល់​គ្នា នៅ​លើ​ព្រះ‌អង្គ​ទ្រង់»។ កាល​ព្រះ‌យេស៊ូវ ទ្រង់​ឃើញ​ហ្វូង​មនុស្ស​កក‌កុញ​នៅ​ជុំ‌វិញ​ទ្រង់ នោះ​ទ្រង់​បង្គាប់​ឲ្យ​ឆ្លង​ទៅ​ឯ​ត្រើយ​ម្ខាង​ទៅ ខណ​នោះ មាន​អាចារ្យ​ម្នាក់​ចូល​មក​ទូល​ទ្រង់​ថា លោក​គ្រូ​អើយ ខ្ញុំ​នឹង​តាម​លោក​ទៅ​ដែរ ទោះ​បើ​លោក​ទៅ​ឯ​ណា​ក៏​ដោយ ព្រះ‌យេស៊ូវ​ទ្រង់​តប​ថា កញ្ជ្រោង​មាន​រូង​វា ហើយ​សត្វ​ហើរ​លើ​អាកាស ក៏​មាន​សំបុក តែ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ មាន​សិស្ស​ទ្រង់​ម្នាក់​ទៀត​ទូល​ថា ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​អនុញ្ញាត​ឲ្យ​ទូលបង្គំ បាន​ទៅ​កប់​ខ្មោច​ឪពុក​ទូលបង្គំ​សិន តែ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​អ្នក​នោះ​ថា ចូរ​មក​តាម​ខ្ញុំ​វិញ ទុក​ឲ្យ​ពួក​មនុស្ស​ស្លាប់​កប់​ខ្មោច​ពួក​គេ​ចុះ។ កាល​ទ្រង់​បាន​យាង​ចុះ​ទូក​ហើយ នោះ​ពួក​សិស្ស​ក៏​តាម​ទ្រង់​ទៅ ឯ​សមុទ្រ​ក៏​កំរើក​ឡើង​ជា​ខ្លាំង ដល់‌ម៉្លេះ​បាន​ជា​រលក​ឡើង​គ្រប​លើ​ទូក តែ​ទ្រង់​ផ្ទំ​លក់ ពួក​សិស្ស​ក៏​ចូល​ទៅ​តើន​ទ្រង់​ទូល​ថា ព្រះ‌អម្ចាស់​អើយ សូម​ជួយ​សង្គ្រោះ​ផង យើង​ខ្ញុំ​វិនាស​ហើយ ទ្រង់​មាន​បន្ទូល​ថា ឱ​ពួក​អ្នក​មាន​ជំនឿ​តិច​អើយ ហេតុ​អ្វី​បាន​ជា​ភ័យ​ដូច្នេះ រួច​ទ្រង់​ក្រោក​ឡើង កំហែង​ដល់​ខ្យល់​នឹង​សមុទ្រ នោះ​ក៏​ស្ងប់​ឈឹង​អស់​ទៅ អ្នក​ទាំង​នោះ​មាន​សេចក្ដី​អស្ចារ្យ ហើយ​និយាយ​គ្នា​ថា តើ​មនុស្ស​នេះ​បែប​យ៉ាង​ណា បាន​ជា​ទាំង​ខ្យល់ នឹង​សមុទ្រ​ក៏​ស្តាប់​បង្គាប់​លោក​ដូច្នេះ។

ចែក​រំលែក
អាន ម៉ាថាយ 8